អភិបាលរដ្ឋ MinnesotaលោកTim Walz បានទទួលយកការតែងតាំងរបស់គណបក្សលោកជាបេក្ខជនអនុប្រធានាធិបតីកាលពីយប់ថ្ងៃពុធ ដោយប្រើសុន្ទរកថានៅសន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យរបស់លោកដើម្បីថ្លែងអំណរគុណដល់មនុស្សដែលនៅពេញអង្គសន្និបាតចំពោះ«ការនាំការសប្បាយរីករាយ»ដល់ការបោះឆ្នោតដែលប្រែប្រួលចំណាប់អារម្មណ៍ដោយសារការដំឡើងលោកស្រីអនុប្រធានាធិបតី Kamala Harrisជាបេក្ខជនប្រធានាធិបតី។
លោក Walzបាននិយាយថា៖«យើងនៅទីនេះនៅយប់នេះដើម្បីហេតុផលដ៏ល្អមួយ សាមញ្ញមួយគឺយើងស្រឡាញ់ប្រទេសនេះ។ លោកបាននិយាយនៅពេលដែលប្រតិភូរាប់ពាន់នាក់បានលើកបដាពណ៍ក្រហមនិងខៀវដែលមានន័យថា«គ្រូបង្ហាត់កីឡា Walz»។
លោកWalzបានពណ៌នាការធំដឹងក្តីរបស់លោកនៅក្នុងរដ្ឋNebraska និងការបង្រៀននិងការហ្វឹកហាត់កីឡាបាល់Footballនៅក្នុងរដ្ឋ Minnesotaហើយបានប្រាប់ហ្វូងមនុស្សថា៖«សូមអរគុណចំពោះការនាំការសប្បាយរីករាយដល់ការប្រយុទ្ធនេះ»។
នៅពេលដែលលោក Walz និយាយអំពីការមានផ្ទៃពោះកូនស្រីលោកឈ្មោះ Hope នាងបានធ្វើដៃជារៀងបេះដូងហើយបានដាក់នៅលើទ្រូងនាង។ កូនប្រុសរបស់លោកឈ្មោះ Gus បានយំនៅពេលឪពុករបស់ខ្លួននិយាយហើយបានស្រែកថា«នេះជាឪពុករបស់ខ្ញុំ»។
ពួកប្រជាធិបតេយ្យបានប្រមូលផ្តុំគ្នានៅឯមជ្ឈមណ្ឌលUnited Center នៅក្រុងឈីកា ហ្គោដោយក្តីសង្ឃឹមលើសន្ទុះរបស់លោកស្រី Harris ដែលទទួលបានចាប់តាំងពីបានទទួលចំណាត់ថ្នាក់លើគេបង្អស់ជាបេក្ខជនប្រធានាធិបតីរបស់គណបក្សកាលពីខែមុនមក។ ពួកគេចង់ធ្វើឱ្យពួកប្រជាធិបតេយ្យមានភាពក្លៀវក្លាតាមអ្វីដែលបានកើតមានឡើងបន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចុះចេញពីការប្រកួតប្រជែងខណៈដែលធ្វើការបញ្ជាក់ឱ្យកាន់តែច្បាស់ដល់ពួកអ្នកគាំទ្រថាពួកគេប្រឈមនឹងការប្រយុទ្ធដ៏ខ្លាំងក្លាមួយជាមួយអតីតប្រធានាធិបតីលោក Donald Trump៕
វេទិកាបញ្ចេញមតិ