លោកនាយករដ្ឋមន្ត្រី Saad Hariri នៃប្រទេសលីបង់បាននិយាយនៅថ្ងៃពុធនេះថា លោកផ្អាកការលាលែងចេញពីតំណែងរបស់លោកតាមសំណើសុំរបស់លោកប្រធានាធិបតី Michel Aoun។
ថ្លែងទៅកាន់ពួកអ្នកកាសែតនៅក្នុងក្រុងបេរូត នៅក្រោយពិធីដង្ហែក្បួនព្យុហយាត្រាមួយដើម្បីប្រារព្ធទិវាឯករាជ្យនៃប្រទេសលីបង់ លោក Hariri បានមានប្រសាសន៍ថា ការពន្យាពេលការលាលែងចេញពីតំណែងរបស់លោកមានន័យថា ជាការផ្តល់ពេលវេលាថែមទៀតសម្រាប់ឱ្យមានការពិភាក្សាថែមទៀតជាមួយលោកប្រធានាធិបតី។
លោក Hariri បាននាំឱ្យមានវិបត្តិនយោបាយមួយកាលពីពេលដើមខែនេះ នៅពេលលោកបានប្រកាសពីប្រទេសអារ៉ាប៊ីសាអូឌីត ថា លោកលាលែងចេញពីតំណែង ហើយបន្ទាប់មកលោកបានឋិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនាំឱ្យមានការនិយាយស្មានៗថា លោកប្រហែលបានត្រូវឃាត់ខ្លួននៅទីនោះ។
លោកប្រធានាធិបតី Aoun បានមានប្រសាសន៍ថាលោកនឹងមិនទទួលយកការលាលែងចេញពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីទេ រហូតដល់ពេលណាលោកបាននិយាយដោយផ្ទាល់ជាមួយលោក Hariri។ នៅក្រោយលោកបានឈប់សំចតនៅក្នុងប្រទេសបារាំងនិងប្រទេសអេហ្ស៊ីប មក លោក Hariri ក៏បានធ្វើដំណើរត្រឡប់មកកាន់ប្រទេសលីបង់វិញកាលពីយប់ថ្ងៃអង្គារ។
នៅក្នុងសុន្ទរកថាលាលែងចេញពីតំណែងរបស់លោក លោក Hariri បានបរិហាររិះគន់ប្រទេសអ៊ីរ៉ង់និងពួក Hezbollah ថាបានធ្វើឱ្យមានការបែកបាក់គ្នារវាងពួករដ្ឋអារ៉ាប់ ហើយថាលោកភ័យខ្លាចអំពីការធ្វើឃាតផងដែរ។ ឪពុករបស់លោកគឺលោកអតីតនាយករដ្ឋមន្ត្រី Rafik Hariri បានត្រូវធ្វើឃាតនៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០០៥៕