ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភព​លោក​ថា ការ​សម្អាត​ដៃ​អាច​គ្រប់គ្រង​ការ​ចម្លងមេរោគ​និង​សង្គ្រោះ​ជីវិត​ជា​ច្រើន


រូបឯកសារ៖ បុគ្គលិកសាលារៀនម្នាក់ដែលមានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ កំពុងជួយសិស្សម្នាក់លាងសម្អាតដៃ នៅសាលាបឋមសិក្សា Malamani នៅតំបន់ Chirongui នៃកោះ Mayotte កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។
រូបឯកសារ៖ បុគ្គលិកសាលារៀនម្នាក់ដែលមានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ កំពុងជួយសិស្សម្នាក់លាងសម្អាតដៃ នៅសាលាបឋមសិក្សា Malamani នៅតំបន់ Chirongui នៃកោះ Mayotte កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។

ជំងឺកូវីដ១៩​ បាន​ពង្រីកសារៈ​សំខាន់​នៃ​ការ​លាង​សម្អាត​ដៃ​កាន់តែ​ខ្លាំងឡើង។

អ្នកស្រី​ Benedetta Allegranzi ដែល​ជា​នាយកផ្នែក​គ្រប់គ្រងនិង​បង្ការការ​ឆ្លង​ជំងឺ​នៃអង្គការ​សុខភាព​ពិភពលោក WHO ​បាន​និយាយ​ថា ​ទង្វើ​ដ៏សាមញ្ញ​នេះ​អាច​បង្ការ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​ នៅពេលដែល​យើង​ប្រើ​វា​នៅ​ក្នុង​កញ្ចប់​វិធានការ​សុខភាព​សាធារណៈ​ទូលំទូលាយ។​

អ្នកស្រី Allegranzi ថ្លែងថា៖​ «អនាម័យ​ដៃ​ដ៏មាន​ប្រសិទ្ធភាព​ ក៏អាច​បង្កា​រការ​ចម្លង​នានា​ដែល​យើង​ត្រូវការ​នៅ​ក្នុង​ការ​ថែទាំ​សុខភាព​ការ​រីករាលដាល​នៃ​ភាពស៊ាំ​នឹង​ថ្នាំ និង​ការគំរាមកំហែង​សុខភាព​ថ្មីៗ។ អនាម័យ​ដៃ​គឺ​ជា​សកម្មភាព​សាមញ្ញ​មួយ​ដែល​មាន​តួនាទី​សំខាន់​មួយ ​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​ថែទាំ​មាន​គុណភាព​ និង​ដល់​កិច្ច​ខិតខំប្រឹងប្រែង​របស់​សង្គម​ទាំង​មូល ​ដើម្បី​បង្កា​រការ​រាតត្បាត​នៃ​ជំងឺឆ្លង​និង​សង្គ្រោះ​ជីវិត​មនុស្ស​»។

ការ​ស្ទង់​មតិ​របស់​អង្គការ​សុខភាព​ពិភពលោក​មួយ ​នៅ​ក្នុងប្រទេស​ចំនួន​ ៨៨ ​បាន​រកឃើញថា ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​មធ្យម​ មាន​ការ​វិវត្ត​ទាប​ខ្លាំង ​ធៀប​នឹង​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ការ​អនុវត្ត​អនាម័យ​ដៃ​និង​កម្មវិធី​បង្ការ​ជំងឺឆ្លង។

របាយការណ៍​នេះ​បាន​កត់សម្គាល់​ពី​មន្ទីរ​ថែទាំ​សុខភាព​មួយ​ក្នុង​ចំណោម​បួន​ នៅ​ក្នុង​ប្រទេស​ក្រីក្រជាង​ មិន​មាន​សេវាទឹក​ប្រើប្រាស់ ​ហើយ​មួយ​ក្នុង​ចំណោម​បួន ​មិនមាន​សម្ភារៈ​រក្សា​អនាម័យ​ដៃ​គ្រប់​គ្រាន់។

អ្នក​ស្រី​ Allegranzi និយាយ​ថា ​ប្រទេស​ក្រីក្រ​ជាង​ខ្វះ​ថវិកា​សម្រាប់​ទ្រទ្រង់ហេដ្ឋារចនា​សម្ព័ន្ធដែល​កំពុង​ចុះ​ខ្សោយក្នុង​ការថែទាំ​សុខភាព។ អ្នក​ស្រី​បាន​កត់ស​ម្គាល់​ថា ជាលទ្ធផល​ប្រទេស​ភាគច្រើនមិនមាន​ឧបករណ៍​គ្រប់គ្រាន់​ ដើម្បីកាត់​បន្ថយ​ការ​ឆ្លង​ជំងឺដែល​អាចប៉ះពាល់​ដល់​ជីវិត។

អ្នកស្រី ​Allegranzi ថ្លែង​ថា៖ «ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​ចំណូល​ទាប​និង​មធ្យម​មួយ​ចំនួន ​មាន​តែ​ ១​ ក្នុង​ចំណោម​ ១០ ​ប្រទេស​ប៉ុណ្ណោះ មាន​បុគ្គលិក​ដែល​អនុវត្ត​អនាម័យ​ដៃ​ត្រឹមត្រូវ ​នៅពេល​កំពុង​ថែទាំ​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ងាយ​ឆ្លង​មេរោគ​ខ្ពស់ ​ក្នុងអគារថែ​ទាំ​អ្នក​ជំងឺ​ធ្ងន់ធ្ងរ។​ នៅ​ក្នុង​ប្រទេស​ចំណូល​ខ្ពស់ ការ​អនុវត្តអនាម័យ​ដៃ​មិន​ងាយ​នឹង​លើស​ពី​ ៦០ ​ឬ ​៧០ ភាគរយ​ទេ»។

អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​រៀង​រាល់​ឆ្នាំ​ថា ​ជំងឺឆ្លងពេល​កំពុង​ព្យាបាល​សុខភាព​បាន​ប៉ះពាល់​ដល់​អ្នក​ជំងឺ​និង​បុគ្គលិក​សុខាភិបាល​រាប់​លាន​នាក់។ អឺរ៉ុប​បាន​រាយការណ៍​ពី​ការ​ឆ្លង​ជិត ​៩ លាន​នាក់​រៀងរាល់​ឆ្នាំ។ ទីភ្នាក់​ងារ​អង្គការ​សហប្រជា​ជាតិ​និយាយ​ថា ​យុទ្ធសាស្ត្រ​នៃ​ការ​ថែរក្សា​អនាម័យ​ដៃ​ដែល​ចំណាយ​ទាប​និង​មានប្រសិទ្ធិភាព​ខ្ពស់អាច​ធ្វើ​បាន ​ហើយ​អាច​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ​ទាំង​នេះ​បាន​ពាក់​កណ្តាល៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG