ក្រុម Hamas នៃប៉ាឡេស្ទីននិយាយថាពួកគេបានសម្រេចកិច្ចព្រមព្រៀងមួយជាមួយក្រុម Fatah ដែលជាគូប្រជែងអំពីការផ្សះផ្សាខាងនយោបាយ។
លោក Ismail Haniyeh មេដឹកនាំពួក Hamas បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះចែងថាភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងមួយនៅក្រោយកិច្ចចរចាគ្នាពីរថ្ងៃនៅក្នុងក្រុង Le Caire នៅក្រោមអ្វីដែលលោកហៅថាការឧបត្ថម្ភផ្ចុងផ្តើម «ដោយសប្បុរស» របស់ប្រទេសអេហ្ស៊ីប។ លោក Haniyeh បាននិយាយថាសេចក្តីល្អិតល្អន់នៃកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសនៅពេលបន្ទាប់មកទៀតនៅថ្ងៃនេះនៅក្នុងរដ្ឋធានីនៃប្រទេសអេហ្ស៊ីប។
អ្នកនាំពាក្យម្នាក់របស់ក្រុម Fatah បានបញ្ជាក់ថាមានសេចក្តីប្រកាសនេះមាននៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានបារាំង Agence France Presse។
កិច្ចព្រមព្រៀងនេះមានឡើងក្រោយសេចក្តីសម្រេចមួយកាលពីខែមុនដោយក្រុមជនសកម្មប្រយុទ្ធ Hamas បានអនុញ្ញាតឱ្យចលនា Fatah របស់លោកប្រធានាធិបតី Palestine Mahmoud Abbas ត្រួតត្រាជាថ្មីលើតំបន់ Gaza។
ពួក Hamas បានគ្រប់គ្រងតំបន់ Gaza និងអ្នកស្រុកពីរលាននាក់នៃតំបន់នោះចាប់តាំងពីឆ្នាំ២០០៧មកនៅពេលដែលពួកគេបានប្រយុទ្ធក្នុងសង្គ្រាមស៊ីវិលខ្លីមួយជាមួយពួក Fatah។ ភាគីទាងពីរបានយល់ព្រមបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយកាលពីឆ្នាំ២០១៤ ក៏ប៉ុន្តែពួក Hamas នៅតែត្រួតត្រាតំបន់ Gaza ជាមួយអង្គការរដ្ឋបាលរបស់ពួកគេ។
ប្រទេសអ៊ីស្រាអែល បានរាំងខ្ទប់តំបន់ Gaza មួយទសវត្សរ៍ហើយព្រំដែននៃតំបន់នេះជាមួយប្រទេសអេហ្ស៊ីបក៏នៅតែបិទដោយភាគច្រើនកាលពីប៉ុន្មានឆ្នាំថ្មីៗនេះដែលបានបណ្តាលឱ្យសេដ្ឋកិច្ច Gaza មានភាពច្របូកច្របល់៕