ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា ការ​ដួល​រលំ​របប​លោក Assad នៅ​ស៊ីរី​ជា «យុត្តិធម៌​សារវន្ត»


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ស៊ីរី​បាន​ប្រកាស​ថា​ពួកគេ​បាន​បណ្តេញចេញ​លោក Bashar al-Assad របស់​ស៊ីរី នៅ​ឯសេតវិមាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ស៊ីរី​បាន​ប្រកាស​ថា​ពួកគេ​បាន​បណ្តេញចេញ​លោក Bashar al-Assad របស់​ស៊ីរី នៅ​ឯសេតវិមាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា​ការ​ដួល​រលំ​ភ្លាមៗ​របស់​រដ្ឋាភិបាល​ស៊ីរី​ក្រោម​ការ​ដឹកនាំ​របស់​លោក Bashar Assad គឺ​ជា «យុត្តិធម៌​សារវន្ត» តែ​ថា​វា​ក៏​ជា «គ្រា​មិន​ប្រាកដប្រជា» សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​ដែរ។

លោក Biden បាន​ថ្លែង​នៅ​សេតវិមាន​ថា ការ​ដួលរលំ​របប​គ្រប់គ្រង​បែប​កណ្តាប់​ដៃ​ដែក​រាប់​ទសវត្សរ៍​របស់​គ្រួសារ​ត្រកូល Assad គឺ​ជា «ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​មួយ​ជំនាន់​សម្រាប់​ប្រជាជន​ស៊ីរី​បង្កើត​ជោគ​វាសនា​ដោយ​ខ្លួនឯង»។

លោក Biden ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក្នុង​ពេល ២ ឆ្នាំ​ចុងក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​ក្រុម​និង​ប្រទេស​ដែល​គាំទ្រ​របប​ដឹកនាំ​នៅ​ស៊ីរី ដែល​នោះ​គឺ​រុស្ស៊ី អ៊ីរ៉ង់ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា (Hezbollah) នៅ​លីបង់​ដែល​មាន​អ៊ីរ៉ង់​នៅ​ពីក្រោយ។ ការ​ចុះខ្សោយ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​និង​ប្រទេស​ទាំងនោះ​លែង​អាច​ការពារ​រដ្ឋាភិបាល​លោក Assad បាន​តទៅ​ទៀត។

ក្រោយ​ជួប​ជាមួយ​ក្រុម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​នៅ​សេតវិមាន​មក លោក Biden បាន​ថ្លែង​ថា៖ «វិធីសាស្ត្រ​របស់​យើង​បាន​ធ្វើ​ឲ្យ​ប្តូរ​តុល្យភាព​អំណាច​នៅ​មជ្ឈិម​បូព៌ា»។

ក្រុម​ប្រឆាំង​នៅ​ស៊ីវី​ដែល​បាន​ទម្លាក់​លោក Assad គឺ​ដឹកនាំ​ដោយ​ក្រុម Hayat Tahrir al-Sham។ រដ្ឋបាល​លោក Biden បាន​ចាត់ទុក​ក្រុម​នេះ​ថា​ជា​អង្គការ​ភេរវកម្ម​និង​ថា​ក្រុម​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់កៃដា (al-Qaida) ទោះបីជា​ក្រុម Hayat Tahrir al-Sham នេះ​ថា​ខ្លួន​បាន​ផ្តាច់​ចំណង​ទាក់ទង​ជាមួយ​ក្រុម​អាល់កៃដា​ហើយ​ក៏ដោយ។

លោក Biden ថ្លែង​ថា៖ «យើង​នឹង​នៅតែ​ប្រយ័ត្ន​ប្រយែង។ ជា​ការពិត ក្រុម​ឧទ្ទាម​ខ្លះ​ដែល​ផ្តួលរំលំ​លោក Assad មាន​កំណត់​ត្រា​ខ្មៅ​ងងឹត​ខាង​ភេរវកម្ម​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស»។

លោក Biden បាន​បន្ថែម​ថា៖ «ឥឡូវ [ក្រុម​នេះ] និយាយ​រឿង​ត្រឹមត្រូវ តែ​ពេល​ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ​ធំ​ជាង​នេះ យើង​នឹង​វាយតម្លៃ​មិន​ត្រឹមតែ​ពាក្យ​សម្តី​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​សកម្មភាព​របស់​ពួកគេ​ផងដែរ»៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP។

XS
SM
MD
LG