ស្ថាប័នសារព័ត៌មានដ៏លេចធ្លោចំនួនពីររបស់ហៃទី បានច្រានចោលការស្នើសុំរបស់អាជ្ញាធរក្នុងការចែករំលែកខ្សែអាត់វីដេអូ ដែលបានថតអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកន្លងទៅ។
សមាគមអ្នកសារព័ត៌មានហៃទី (AJH) និងសមាគមព័ត៌មានជាតិហៃទី (ANMH) ថ្លែងនៅចុងខែតុលានេះថា ពួកគេចាត់ទុកសំណើដែលចេញកាលពីថ្ងៃអាទិត្យ ដោយស្មាក្ដីក្នុងស្រុកផតអូព្រីន (Port-au-Prince)គឺ លោកClame Ocmane Danenus ថា ជាការរំលោភសេរីភាពសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។
សំណើនោះ បានស្នើឱ្យស្ថានីយទូរទស្សន៍នានា ផ្ញើខ្សែវីដេអូថតចម្លង ដែលពួកគេបានថតអំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនិងអំពើហិង្សានានាទៅឱ្យអាជ្ញាធរ។
អ្នកសារព័ត៌មានហៃទីជាច្រើន យល់ថាសំណើនេះគឺ ស្មើនឹងការស្នើឱ្យពួកគេធ្វើចារកិច្ច តាមដានប្រជាជនដូចគ្នា។
លោក Frantz Duval ប្រធានសមាគមព័ត៌មានជាតិ បានសរសេរតំណាងឱ្យសមាគមនេះក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅយ៉ាងដូច្នេះថា៖
«គ្មានប្រព័ន្ធផ្សព្វផ្សាយឬសមាជិកនៃសមាគមឬអ្នកសារព័ត៌មានរូបណា ដែលគោរពខ្លួនឯង ត្រូវទៅបម្រើការឱ្យប៉ូលិស ឬជាធ្វើអ្នករាយការណ៍ឱ្យស្ថាប័នយុត្តិធម៌នោះទេ»។
លោក Jacque Desrosiers អគ្គលេខាធិការនៃសមាគមអ្នកសារព័ត៌មានហៃទី (AJH) បានជំរុញឱ្យអ្នកសារព័ត៌មានទំាងអស់ «ប្រឆាំងនឹងការព្យាយាមបិទមាត់សារព័ត៌មានដូចនេះ»។
លោក Daneus ថ្លែងប្រាប់ VOA ថា នេះគឺជា ការយល់ច្រឡំមួយ។ ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ លោក បានបញ្ជាក់ថា លោកបានចេញសំណើមួយមិនមែនជាការបញ្ជានោះទេ សម្រាប់ការប្រមូលព័ត៌មានដែលអាចជួយអាជ្ញាធរហៃទីក្នុងការស៊ើបអង្កេតនានា។ លោកថ្លែងថា រូបភាពវីដេអូទាំងនោះនឹងអាចប្រើប្រាស់ដើម្បីជាភស្តុតាងបន្ថែមតែប៉ុណ្ណោះ។
លោក Daneus ក៏បានប្រាប់ VOA ទៀតថា លោកក៏មានគោលបំណងពិភាក្សាសំណើរបស់លោកនេះ ជាមួយនឹងម្ចាស់ និងអ្នកតំណាងសារព័ត៌មាននានាផងដែរ។
រដ្ឋធម្មនុញ្ញរបស់ប្រទេសហៃទី ក៏បានការពារ អ្នកសារព័ត៌មានពីការបញ្ចេញប្រភពរបស់ខ្លួន។
ប្រែសម្រួលដោយលោកនៅ វណ្ណារិន