ក្នុងខណៈពេលដែល ហៃទីបន្តរាប់ចំនួនមនុស្សស្លាប់ និងការខូចខាតដែលបណ្តាលមកពីព្យុះ Matthew នោះ ក្រុមវេជ្ជបណ្ឌិត និងក្រុមមន្ត្រីសុខភាពសាធារណៈកំពុងធ្វើការព្រមានពីការគំរាមកំហែងនៃជំងឺអាសន្នរោគដែលត្រូវតែដោះស្រាយជាបន្ទាន់។
ទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក ពិសេសនៅក្នុងឧបទ្វីបភាគនិរតីដែលរងគ្រោះខ្លាំង បានបំពុលទឹកស្អាតដែលកំពុងតែមានតិចតួចស្រាប់ ដែលកង្វះខាតទឹកស្អាតនេះបង្កើនហានិភ័យនៃគ្រោះអាសន្នរោគកាន់តែខ្លាំងជាងមុន។ ការខ្វះជាតិទឹកក្នុងខ្លួនដែលបណ្តាលមកពីគ្រោះអាសន្នរោគនោះអាចសម្លាប់កុមារក្នុងរយៈពេលឆាប់រហ័សត្រឹម៦ម៉ោងប៉ុណ្ណោះ។
លោក Unni Krishnan នៃអង្គការ Save the Children បានថ្លែងថា៖ «អ្វីដែលសំខាន់នោះគឺថា ការប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគគឺជាការប្រណាំងប្រជែងនឹងពេលវេលា។ វាអាចសម្លាប់ជីវិតយ៉ាងឆាប់រហ័ស ហើយពួកយើងត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់»។ លោក Krishnan ធ្វើការនៅក្នុងប្រទេសហៃទីរយៈពេល១០ឆ្នាំមកហើយ ដោយលោកបានធ្វើដំណើរទៅកន្លែងណាក៏ដោយដែលត្រូវការលោកបំផុត។ បច្ចុប្បន្ននេះលោកកំពុងធ្វើការនៅក្នុងទីក្រុង Les Cayes ដែលរងគ្រោះធ្ងន់ធ្ងរបំផុតកាលពីសប្តាហ៍មុនដោយសារតែព្យុះ Matthew។
លោកបានប្រាប់ VOA ថា៖ «នៅពេលដែលអ្នកធ្វើដំណើរមកកាន់កន្លែងដែលរងគ្រោះដោយសារតែព្យុះនោះ អ្នកនឹងដឹងថាស្ថានភាពនៅទីនោះយ៉ាប់យ៉ឺនដល់កម្រិតណា។ ទិដ្ឋភាពនោះគឺជាអ្វីដែលអ្នកមិនអាចពណ៌នាតាមរយៈពាក្យសម្តី ឬរូបភាពនោះទេ»៕