ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន​ H&M​ សាកល្បង​គម្រោង​ដំឡើង​ប្រាក់​បៀវត្សរ៍​កម្មករ

  • ហេង ​រស្មី

កម្មការិនី​ខ្មែរ​ប្រកាស​​ទាម​ទារ​​លក្ខខណ្ឌ​​ការងារ​​និង​ប្រាក់ខែ​សមរម្យ។
ក្រុមហ៊ុន​H & Mរបស់​ប្រទេស​ស៊ុយអែត​ដែល​អ្នកបញ្ជា​ទិញ​សម្លៀក​បំពាក់​ដ៏ធំ​លំដាប់​ទី​២​របស់​ពិភព​លោក​បាន​ជំរុញឱ្យប្រទេស​កម្ពុជា​បង្កើន​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់ឱ្យបាន​ប្រសើរ​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​តែ​ប្រជុំពិភាក្សា​អំពី​ការ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ។​

ក្រុម​ហ៊ុន​ឯកជន​មួយ​នេះ​បាន​សន្យា​ថា​ខ្លួន​នឹង​ជួយ​គាំទ្រ​ដល់​រោង​ចក្រ​ចំនួន​២​នៅ​ប្រទេស​បង់​ក្លាដេស​និង​រោង​ចក្រ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យបាន​ប្រាក់​ឈ្នួល​សមរម្យ​ដោយ​យុត្តិ​ធម៌ចាប់​ពី​ឆ្នាំ​២០១៤​នេះ​តទៅ។

​ក្រុម​ហ៊ុន​ H& M​ដែល​មាន​ហាង​លក់​សម្លៀក​បំពាក់​ប្រមាណ​ជាង​២០០​នៅ​ប្រទេស​អង់គ្លេស​ នឹង​ពង្រីក​កម្មវិធី​ដើម្បី​គ្រប​ដណ្តប់​រោងចក្រ​ឱ្យដល់​៧៥០​រោង​ចក្រ​សម្រាប់​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​ឱ្យខ្លួន​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៨។​

មាន​រោង​ចក្រ​យ៉ាង​តិច​ប្រមាណ​ជាង​៥០​ក្នុង​ចំណោម​រោង​ចក្រ​ប្រមាណ​៤៥៤​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​ហ៊ុន​H&M​បាន​បញ្ជា​ទិញ​សម្លៀក​បំពាក់​និង​នាំ​ចេញ​ទៅ​លក់​នៅ​ឯក្រៅ​ប្រទេស។​

លោក​ស្រី​ Anna Eriksson​ មន្ត្រី​ផ្នែក​ទំនាក់​ទំនង​និង​ព័ត៌មាន​នៃក្រុម​ហ៊ុន​H&M​បាន​ប្រាប់​VOA​តាម​រយៈ​សារអេឡិក​ត្រូនិក​ឬ​អ៊ីម៉ែល​មក​ថា​នៅក្នុង​រោងចក្រ​គំរូ​ដែល​ក្រុមហ៊ុន​ H & M​ គ្រោង​នឹង​ចាប់​ផ្តើម​សាកល្បង​នោះ​យើង​នឹង​វាស់ស្ទង់ ​ពី ​មូលដ្ឋាន​ អំពី​របៀប​នៃ​ប្រាក់ ឈ្នួល ​ត្រូវបានកំណត់​ នូវ​ រចនាសម្ព័ន្ធ​ ប្រាក់ឈ្នួល ​មួយ​នៅនឹង​កន្លែង។

អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា​កម្មវិធី​នេះ​ នឹង​ត្រូវបាន​ វាយតម្លៃ​នៅ ​ពាក់​កណ្តាល​ ឆ្នាំ​ 2014 ​ក្នុង​គោល​ បំណង ​ដើម្បី​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ។

លោក​ស្រី​និយាយថា​ ​គម្រោង​នេះ​នឹង​អាច​ឈាន​ដល់​រោងចក្រ​កាត់ដេរ​សរុប ចំនួន​១១.០០០​រោងចក្រ​ហើយ​យើងចង់​មើល​ឃើញ ​លទ្ធផល​តាម​រយៈ​គម្រោង​ទាំង​នេះ។ ​

លោក​ ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្វាគមន៍​គម្រោង​របស់​ក្រុម​ហ៊ុន​ H &M ។​

លោក​បាន​បញ្ជាក់ថា​ក្រុម​ហ៊ុន​H&M​បាន​សន្យា​ជាមួយ​សហជីព​តាំង​ពី​ឆ្នាំ​២០១០​ថា​ឱ្យមាន​ប្រាក់​បៀវត្សរ៍​សម​រម្យ​ដល់​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​ក៏​ប៉ុន្តែ​សំដៅ​រោងចក្រ​សហគ្រាស​ណា​ដែល ​ដេរ​ទំនិញ​ឱ្យH&M ​តែប៉ុណ្ណោះ។​

លោក​និយាយ​ថា៖​«​ការ​សន្យា​របស់​H&M​គឺ​ត្រឹម​ត្រូវ​ពីព្រោះ​H&M​អត់​ចង់​ឃើញ​កម្មករ​ដួល​សន្លប់​ អត់​ចង់​ឃើញ​កម្មករ​តវ៉ា​ដោយ​ការ​បង្ក្រាប​យ៉ាង​ឈឺចាប់​ពី​អាជ្ញាធរ​ពី​ប៉ូលិស​ទាហាន​ទេ»។​

ប្រទេស​កម្ពុជា​មាន​កម្មករ​កម្មការិនី​កាត់ដេរ​ចំនួន​ជាង​៤៥​ម៉ឺន​នាក់។​

លោក​ ខែន លូ​ អគ្គលេខា​ធិការ​នៃ​សមាគម​កាត់​ដេរ​កម្ពុជា​បាន​បញ្ជាក់​ថា​គម្រោង​សាក​ល្បង​របស់​ក្រុម​ហ៊ុនH&M​ដើម្បី​ដំឡើង​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​ជាការ​ល្អប្រសើរ​មួយ។​

លោក​និយាយ​ថា៖​«​ល្អតើ!​ពីព្រោះ​យើង​បាន​ផ្តល់​ព័ត៌មាន​យូរ​ហើយ​ថា​លទ្ធភាព​ឡើង​ប្រាក់​ខែ​កម្មករ​មិន​មែន​នៅ​លើ​រោង​ចក្រ​ទេ​នៅ​លើ​អ្នក​បញ្ជាទិញ​ទាំង​អស់»។​

លោក​ខែន លូ​បានឱ្យដឹង​ទៀត​ថា​ប្រសិន​ណា​បើ​អ្នក​បញ្ជាទិញ​ប្រកាស​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ដំឡើង​ប្រាក់​ខែ​ដល់​ក្រុម​កម្មករ​នៅ​ប្រទេស​កម្ពុជា​នោះ​ពួកគេ​អាច​ធ្វើ​ទៅបាន។​

ឧស្សាហកម្ម​សម្លៀក​បំពាក់​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​ រហ័ស​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ។​ សព្វ​ថ្ងៃ​នេះ​ឧស្សាហកម្ម​សម្លៀក​បំពាក់​ជា​អ្នក​នាំ​ចូល​រូបីយ​បណ្ណ​បរទេស​ ដ៏​ច្រើន​បំផុត​សម្រាប់​កម្ពុជា។​

លោក​ ថោង​ សុភ័ណ្ឌ​ កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​នៃ​រោង​ចក្រ​Cambo Co Top ​មាន​ទីតាំង​នៅ​សង្កាត់​ពោធិ៍សែនជ័យ​បាន​បញ្ជាក់​ថា​លោក​មិន​សូវ​មាន​ជំនឿ​និង​គម្រោង​ដំឡើង​ប្រាក់​ខែដល់​កម្មករ​របស់​ក្រុម​ហ៊ុនឯកជន​ទេ។​

លោក​និយាយ​ថា៖«សង្ឃឹម​និង​ជឿជាក់​ខ្លះដែរ​តែមិន​ពេញ​ទំហឹង​ទេ​បង​ពីព្រោះអ្វី​ស្រុក​ខ្មែរ​យើង​ដឹង​ស្រាប់​ហើយ​ការ​ដំឡើង​ប្រាក់​ខែ​ទំរាំ​បាន​មួយ​ដុល្លារ​ពីរ​ដុល្លារ​បី​ដុល្លារ​គឺ​ពិបាក​បំផុត»។​

លោក​ អ៊ុំ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ពុធ​នេះ​ថា​លោក​អ៊ិត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​បានជួប​ជាមួយ​អ្នក​បញ្ជា​ទិញ​មួយ​ចំនួន​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​H&M​ផង​ដែរ។​ លោក​បានឱ្យដឹង​ថា​រដ្ឋាភិបាល​កំពុង​រៀប​ចំ​យន្តការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​ក្រុម​កម្មករ​ហើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG