ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស៖ អភិបាល​ក្រុង​បាវិត ឈូក​ បណ្ឌិត គឺ​ជា​ជន​សង្ស័យ​បាញ់​កម្មករ


កម្មការនី​ម្នាក់​ដេកលើគ្រែ​ក្នុង​មន្ទីរពេទ្យ​ដោយ​មាន​ស្នាមរបួស​គ្រាប់កាំភ្លើង​នៅលើខ្នង។
កម្មការនី​ម្នាក់​ដេកលើគ្រែ​ក្នុង​មន្ទីរពេទ្យ​ដោយ​មាន​ស្នាមរបួស​គ្រាប់កាំភ្លើង​នៅលើខ្នង។

លោក ​ស ​ខេង ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ជន​ជាប់​សង្ស័យ​ក្នុង​ការ​បាញ់​កម្មករ​រោងចក្រ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ​កាល​ពី​១១​ថ្ងៃ​មុន ​គឺ​ជា​អភិបាល​ក្រុង​បាវិត​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ ឈូក​ បណ្ឌិត។

លោក ​ស ​ខេង ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​ពី​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការ​ការពារ​កុមារ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ។​ លោក​បាន​ឆ្លើយ​បញ្ជាក់​ក្រោយ​ពី​អ្នក​កាសែត​សួរ​សង្កត់​ទៅ​លើ​អត្តសញ្ញាណ​របស់​ជន​សង្ស័យ។

«ហ្នឹង​ហើយ (គាត់) ជា​ជន​សង្ស័យ»។

កាល​ពី​ថ្ងៃទី២០ ​ខែកុម្ភៈ ​មាន​កម្មករ-កម្មការិនី​នៃ​រោងចក្រ​ផលិត​ស្បែក​នៅ​ជើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ចំនួន​ប្រមាណ​ ១.០០០​នាក់​ មក​ពី​រោងចក្រ​ចំនួន​បី​ផ្សេងៗ​គ្នា​បាន​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​និង​ការគោរព​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​សមរម្យ។ ហើយ​នៅ​ពេល​នោះ​មាន​ការ​ប៉ះទង្គិច ​ជាមួយ​នឹង​សន្តិសុខ​ក្រុមហ៊ុន ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។​ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ មាន​បុរស​ម្នាក់​បាន​ចុះ​ពី​លើ​រថយន្ដ ​ហើយ​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ចំនួន​បី​នាក់​រងរបួស​ធ្ងន់។ ​ក្រោយ​មក​ទៀត​ ត្រូវ​គេ​ជឿ​ថា​ ខ្មាន់​កាំភ្លើង​នោះ​ គឺ​ជា​អភិបាល​ក្រុង​បាវិត ​លោក ​ឈូក ​បណ្ឌិត។

នេះ​គឺ​ជា​ការបង្ហាញ​អត្តសញ្ញាណ​ជន​ជាប់​សង្ស័យ​ជា​សាធារណៈ​ ជា​លើក​ដំបូង​របស់​មន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បន្ទាប់​ពី​មាន​ការទទូច​និង​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​យក​មក​កាត់ទោស។

លោក​ឧត្តមសេនីយ៍ ​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ដែរ​ថា ​ប៉ូលិស​បាន​បញ្ជូន​របាយការណ៍​សង្ខេប​ស្ដីពី​ការជាប់​ពាក់ព័ន្ធ​ជន​សង្ស័យ​ខាង​លើ​ទៅ​ឲ្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ។ ​ហើយ​ប៉ូលិស​កំពុង​រង់ចាំ​ការ​អនុវត្ត​នីតិវិធី​ច្បាប់​យ៉ាង​ណា​ពី​តុលាការ​ជាន់​ទាប​នៅ​ឡើយ។

លោក​ចៅក្រម ​ប៉ិច ​ឈឿត ​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង​ដោយ​គ្មាន​ការ​ឆ្លើយតប។ ​ដោយឡែក​លោក​ ហែម ​សាបាន ​ស្នងការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បញ្ជាក់​ថា ​ជន​ជាប់សង្ស័យ​មិន​ទាន់​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

មិន​អាច​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក​ឈូក ​បណ្ឌិត ​បាន​ទេ​នៅ​ក្នុង​ពេល​នេះ។

ទាំង​លោក​ជា ​មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទាំង​លោក​ អំ ​សំអាត​ ប្រធាន​គ្រប់គ្រង​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ ​បញ្ជាក់​ថា ​ជន​រងគ្រោះ​ទាំង​បី​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ឡើយ។

លោក ​អំ ​សំអាត ​ស្វាគមន៍​ការ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ពី​សំណាក់​រដ្ឋាភិបាល​នៅ​ក្នុង​ករណី​នេះ​ក៏ប៉ុន្ដែ​លោក​សោកស្ដាយ​ថា ​ជនសង្ស័យ​រូប​នោះ​គួរ​តែ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ​ នៅ​ក្នុង​បទល្មើស​ជាក់​ស្ដែង។

«បើ​ជា​ជន​តូចតាច​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​អ្វី​យើង​គិត​ថា ​គេ​នឹង​ចាប់​ខ្លួន​តាំង​ពី​បាញ់​ហើយ​ភ្លាម​ជា​បទ​ល្មើស​ជាក់ស្ដែង​ម៉្លេះ។ ​នេះ​ប្រហែល​ជា​ជន​សង្ស័យ​មាន​ឋានៈ ​និង​មាន​ខ្នង​បាន​ជា​គេ​ពន្យា​ ហើយ​ធ្វើ​តាម​នីតិវិធី​រហូត​មក​ទល់​ឥឡូវ​នេះ»។

ជាមួយ​គ្នា​នេះ ​លោក​ អំ ​សំអាត ​ជឿ​ថា ​ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​អាច​នឹង​ប្រព្រឹត្ត​លឿន​ ប្រសិន​បើ​មាន​ការ​ដាក់​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​ដូច​ករណី​ក្រុម​សន្ដិសុខ​បាញ់រះ​លើ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​នៅ​ក្នុង​ពេល​ថ្មី​ៗ​ កន្លង​ទៅ​នេះ៕

XS
SM
MD
LG