ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​ថ្ងៃ​ទៀត


មេដឹកនាំបក្សប្រឆាំងនៅប្រទេសវ៉េណេស៊ុយអេឡាលោក Juan Guaido ដើរជាមួយ​ក្រុម​អ្នកគាំទ្រ​លោក នៅ​ក្រុង​ការ៉ាកាស កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។

លោក Guaido បាន​បញ្ជាក់​ថា ការ​តវ៉ា​ប្រឆាំង​នឹង​លោក Maduro ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ពិភពលោក ហើយ​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​របស់​លោក Maduro បន្ត​ទៀត។

លោក Juan Guaido ប្រធាន​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេស៊ុយអេឡា និង​ជា​អ្នក​ប្រកាស​អះអាង​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវ​ទ្រង់ទ្រាយ​ធំ​មួយ​ថ្ងៃ​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី Nicolas Maduro ឲ្យ​ចុះ​ចេញ​ពី​តំណែង។

លោក Guaido បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការ​អះអាង​របស់​លោក Maduro ដែល​ថា​ លោក Maduro ខ្លួន​ឯង​នៅ​មាន​ការ​គោរព និង​គាំទ្រ​ពី​យោធា​វ៉េណេស៊ុយអេឡា​គឺ​ជា​ រឿង​មិន​ត្រឹមត្រូវ។

លោក Guaido បាន​បញ្ជាក់​ថា ការ​តវ៉ា​ប្រឆាំង​នឹង​លោក Maduro ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ពិភពលោក ហើយ​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ដាក់​សម្ពាធ​លើ​របប​ដឹកនាំ​របស់​លោក Maduro បន្ត​ទៀត។

លោក Maduro បាន​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​និយាយ​ថា គណបក្ស​ប្រឆាំង​កំពុង​ព្យាយាម​ឲ្យ​មាន​ការ​ទទួល​ស្គាល់​នូវ «រដ្ឋាភិបាល​មិន​ស្រប​ច្បាប់‍» មួយ ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូឡុំប៊ី។ លោក​បាន​បន្ថែម​ថា ប្រទេស​វេណេហ្ស៊ុយអេឡា​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​ឈ្លានពាន​គ្រប់​រូបភាព​ទាំង​អស់។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​គំរាម​ប្រទេស​គុយបា​ថា​ នឹង​ទទួល​រង​នូវ «ការ​ហាម​ឃាត់​ពេញ​ទំហឹង‍» និង «ការ​ដាក់​ទណ្ឌកម្ម​កម្រិត​ខ្ពស់​បំផុត‍» ប្រសិនបើ​ប្រទេស​នេះ​មិន​ឈប់​ផ្ដល់​ការ​គាំទ្រ​ភ្លាមៗ​ទាំង​ផ្នែក​យោធា និង​ផ្នែក​ផ្សេងៗ​ទៀត​ដល់​ប្រទេស​វ៉េណេស៊ុយអេឡា។

ភ្លាមៗ​បន្ទាប់​លោក Trump បាន​បញ្ជាក់​ដូច្នេះ​នៅ​លើ Twitter មក រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បញ្ជាក់​ថា លោក Maduro បាន​ត្រៀម​ខ្លួន​គេច​ចេញ​ពី​ប្រទេស​វេណេហ្ស៊ុយអេឡា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ប៉ុន្តែ​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​ចាកចេញ៕

XS
SM
MD
LG