ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ថ្នាំកម្ចាត់មេរោគ​HIV​មាន​ប្រសិទ្ធភាព​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​វីរុស​នៃ​ជំងឺ​អេដស៍


ឱសថ​ anti-retroviral​ ​សម្រាប់ទប់ស្កាត់​មេរោគ​HIVនៃជំងឺអេដស៍។

ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​បានប្រកាស​ថា​ ថ្នាំកម្ចាត់​មេរោគ​ HIV ​មាន​ប្រសិទ្ធភាព​ខ្លាំង​ សម្រាប់​ការពារ​មនុស្ស​ដែល​កំពុង​លេប​ថ្នាំ​ការពារ​ ហើយ​មិនបាន​ទទួលឆ្លង​មេរោគ។​ ក្រុម​អ្នកជំនាញ​និយាយ​ថា​ឱសថ​ anti-retroviral​ ឥឡូវនេះ​ទំនង​ដូចជា​យក​ទៅប្រើ​ជា​អាវុធ​មួយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ទប់ស្កាត់​មេរោគ​ HIV។

អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ពីរក្រុម​ បាន​ពិនិត្យ​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​នៃ​ការ​ទប់ស្កាត់​មេរោគ​ HIV​មួយ​មាន​ឈ្មោះ​ថា​ PrEP​ ឬ​ការ​បង្ការរោគ​ទុក​ជាមុន​ នៅក្នុង​ឱសថ​ប្រឆាំង​ជំងឺ​អេដស៍​ ដែល​គេ​ផ្តល់​ជូន​មនុស្ស​មិន​ទាន់​ឆ្លង​ជំងឺអេដស៍​លេប​ ដើម្បី​ចង់ដឹង​ថាតើ​ថ្នាំ​ទាំងនោះ​មាន​ប្រសិទ្ធភាព​ការពារ​ជំងឺ​ខ្លះ​ឬទេ។

ក្រុមធំ​នៃ​ការសិក្សា​ទាំងពីរ​ មាន​ការ​ចូលរួម​នៃ​គូស្រករ​ជាង​បួន​ពាន់​ប្រាំពីរ​រយ​គូ​ នៅ​ក្នុង​ប្រទេស​Kenya​ និង​ Uganda​ ដែល​ជា​គូស្រករ​មាន​ផ្ទុក​មេរោគ​HIV​ តែ​ភាគី​ម្ខាង។

ភាគី​ម្ខាងទៀត​ដែល​គ្មាន​មេរោគ​HIV​ត្រូវបាន​កំណត់​ដាក់ឲ្យ​លេប​រាល់​ថ្ងៃ​ នូវ​ថ្នាំ​ tenofovir​ ផ្សំ​ជាមួយ​ថ្នាំ​ emtricitibine។​ ក្រុម​ទីបី​នៅក្នុង​ការសិក្សា​នោះ​ត្រូវបាន​ឲ្យ​លេបថ្នាំ​ placebo​ គឺជា​គ្រាប់ថ្នាំ​ដែល​ធ្វើ​ពីម្សៅ​បន្លំ​អ្នក​ដែល​មក​ចូលរួម​ឲ្យគិត​ថា​ជា​ថ្នាំ​មែនទែន។

លោក​ Jared​ Baeten​ ជា​ប្រធានរួម​នៃ​ការសិក្សា​នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាង​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ​អន្តរជាតិ​របស់​សាកល​វិទ្យាល័យ​ Washington​ នៅ​ទីក្រុង​Seattle​ ដែល​ត្រូវ​ត្រួតពិនិត្យ​ដោយ​ក្រុម​អ្នកជំនាញ​ឯករាជ្យ​មួយ​ក្រុម​ដែល​ពិនិត្យ​ដំណើរការ​សាកល្បង​ សុវត្ថិភាព​និង​ប្រសិទ្ធភាព​ ជាមួយ​ការ​ប្រុងប្រយ័ត្ន​ចំពោះ​វិធានការ​ទប់ស្កាត់​មេរោគ​HIV។​ លោក​ Baeten​ និយាយ​ថា​ទិន្នន័យ​សុវត្តិភាព​និង​ក្រុម​តាមដាន​បាន​បញ្ចប់​ការសិក្សា​ PrEP​ យ៉ាងរហ័ស។

«នៅ​ឯ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០១០​ គណៈកម្មការ​ទិន្នន័យ​សុវត្ថិភាព​និង​ត្រួតពិនិត្យ​បានប្រាប់​យើងថា​ ពួកគេ​បាន​ពិនិត្យ​ដោយ​ហ្មត់ចត់​ឡើងវិញ​នូវ​ទិន្នន័យ​និង​លទ្ធផល​ ដែល​មាន​គុណប្រយោជន៍​ដ៏​លើសលប់។​ជាចម្លើយ ​ពួកគេ​បាន​និយាយ​ថា​ លទ្ធផល​ទាំងឡាយ​គួរតែ​បាន​រាយការណ៍​ដោយ​បើកចំហរ​ ហើយ​ថ្នាំ​ placebo​ គួរតែ​បាន​បញ្ឈប់​ឲ្យ​ប្រើ​តទៅទៀត​ ពីព្រោះ​ការពិសោធន៍​បាន​បង្ហាញ​យ៉ាង​ច្បាស់លាស់​ណាស់​ថា​ ការ​ឲ្យថ្នាំ​តាម​កម្មវិធី​ PrEP​ មាន​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​ទប់ស្កាត់​ការឆ្លង​មេរោគ​HIV»។

មនុស្ស​៧៨​នាក់​ បាន​ឆ្លង​មេរោគ​នៅក្នុង​អំឡុង​នៃ​កម្មវិធី​សិក្សា​នោះ​ - មាន​១៨​នាក់​នៅក្នុង​ក្រុម​ដែល​លេបថ្នាំ​tenofovir​ ១៣នាក់​នៅក្នុង​ក្រុម​ប្រើ​ថ្នាំ​ tenofovir​ ផ្សំ​ជាមួយ​ថ្នាំ​ emtricitibine​ និង​៤៧នាក់​នៅក្នុង​ក្រុម​លេបថ្នាំ​ placebo។​ បើ​និយាយ​ម្យ៉ាងទៀត​ គឺថា​មាន​ការឆ្លង​មេរោគ​HIV​ ចំនួន​តិចជាង​៦២​ភាគរយ​ នៅក្នុង​ក្រុម​លេបថ្នាំ tenofovir​ និង​តិចជាង​៧៣​ភាគរយ​ នៅក្នុង​ក្រុម​ប្រើ​ថ្នាំ​ tenofovir​ ផ្សំ​ជាមួយ​ថ្នាំ​emtricitibine​ បើ​ប្រៀបធៀប​ទៅនឹង​ក្រុម​ដែល​លេបថ្នាំ​ placebo។

មាន​លទ្ធផល​ស្រដៀងគ្នា​នៅក្នុង​ការសាកល្បង​លើក​ទី២​ ដែល​មាន​ឈ្មោះ​ថា​TDF2​ ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈម​ណ្ឌល​សរអា​ សម្រាប់​ការ​ត្រួតពិនិត្យ​ជំងឺ​ឆ្លង​នៅក្នុង​ទីក្រុង​ Atlanta​ រដ្ឋGeorgia​ ហើយ​និង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅក្នុង​ប្រទេស​ Botswana។

នៅក្នុង​ក្រុមមួយ​នៃ​ពួក​អ្នក​រួមប្រតិព័ទ្ធ​ភេទ​ផ្ទុយគ្នា​ដែលមាន​បុរស​និង​ស្ត្រី​ចំនួន​១,២០០​នាក់​ ឃើញថា​មានការ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​មេរោគ​ជិត​៦៣​ភាគរយ​នៅក្នុង​ចំណោម​មនុស្ស​ដែលបាន​លេបថ្នាំ​tenofovir​ ប្រៀបធៀប​ទៅ​អ្នក​ដែល​លេបថ្នាំ​placebo។​ ការកាត់​បន្ថយ​គ្រោះថ្នាក់​នោះ​មាន​ចំនួន​ខ្ពស់​ជាង​ជិត​ដល់​ទៅ​៧៨​ភាគរយ​ នៅក្នុង​ចំណោម​ក្រុម​អ្នក​ចូលរួម​ដែល​បាន​លេបថ្នាំ​ទៀងទាត់។

លោក​ John Brooks​ ជា​អ្នកជំនាញ​ខាង​ត្រួតពិនិត្យ​ជំងឺឆ្លង​ម្នាក់​ដែល​បាន​ចូលរួម​ជាមួយ​ការសិក្សា​ឈ្មោះ​ TDF2 ។​ លោក​ Brooks​ និយាយ​ថា​ បាន​ទទួល​លទ្ធផលល្អ​ខ្លាំងណាស់​ ហើយ​លោក​គិតថា​ ឱសថ​ anti-retroviral​ ឥឡូវនេះ​ក្លាយ​ជា​អាវុធ​សំខាន់​ថ្មី​មួយ​នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​HIV។

ប៉ុន្តែ​លោក​ Brooks​ និយាយថា​យុទ្ធសាស្ត្រ​ទប់ស្កាត់​មេរោគ​HIV​ដែល​ហៅថា​ PrEP​ មិន​ទំនង​ក្លាយ​ជា​យុទ្ធសាស្ត្រ​តែ​មួយ​គត់​ សម្រាប់​ដោះស្រាយ​មេរោគ​HIV​ដែល​រាលដាល​ និង​ការទប់ស្កាត់​ការឆ្លង​ទេ។​ ទោះជា​យ៉ាងនេះ​ក្តី​ លោក​និយាយ​ថា​ ថ្នាំtenofovir​ ជាថ្នាំ​មាន​សុវត្ថិភាព​និង​គួរឲ្យ​ជឿ​ទុកចិត្ត​បាន។

«ទំរាំ​ដល់ពេល​ដែល​យើងមាន​ការយល់ដឹង​ប្រសើរ​ ថាតើ​ឱសថ​នេះ​មាន​ប្រសិទ្ធភាព​នៅ​ក្រៅ​បន្ទប់​ពិសោធន៍​ព្យាបាល​ដូចម្តេច​ខ្លះ​ គឺ​ដូចជា​ឆាប់បន្តិច​ដើម្បី​ផ្តល់​យោបល់​ថា​ ប្រើ​ឱសថ​តែម្យ៉ាង​ អាច​ទប់ស្កាត់​មេរោគ​HIV​បាននោះ។​ ជាការ​សំខាន់​ ដែល​មនុស្ស​នៅបន្ត​ធ្វើ​កិច្ចការ​ដដែល​ទាំងអស់​ ដែល​ពួកគេ​គួរតែ​ធ្វើជា​ប្រក្រតី​ ដើម្បី​ការពារ​ការឆ្លង​មេរោគ​HIV​ ពីព្រោះ​នៅក្នុង​ការសិក្សា​ទាំងពីរ​នោះ​ កិច្ចការ​ទាំងឡាយ​ត្រូវ​បាន​អនុវត្ត​ដែរ»។

ក្រុម​អ្នកចូលរួម​នៅក្នុង​ការសិក្សា​ទាំងពីរ​បានទទួល​ការណែនាំ​អំពី​សុវត្ថិភាព​នៃ​ការ​រួមភេទ​យ៉ាង​ល្អិតល្អន់​ ធ្វើ​តេសន៍HIV​ជាប្រក្រតី​ និង​ចែក​ស្រោម​អនាម័យ​ក៏​ដូចគ្នា​នឹង​ការព្យាបាល​ជំងឺឆ្លង​កាមរោគ​ផ្សេងៗ​ទៀត​ដែរ។

លទ្ធផល​នៃ​ការ​សាកពិសោធន៍​កម្មវិធី​ PrEP​ ទាំងពីរ​ ទំនង​ដូចជា​ប្រធានបទ​មាន​ប្រយោជន៍​សម្រាប់​កិច្ចប្រជុំ​នៃ​សន្និសិទ​សង្គម​ជំងឺ​អេដស៍​អន្តរជាតិ​(នៃសមុដ្ឋាន​រោគ​HIV/AIDS)​ ការព្យាបាល​និង​ការការពារ​ ដែលនឹង​ធ្វើឡើង​នៅដើម​សប្តាហ៍​ក្រោយ​នៅក្នុង​ទីក្រុង​រ៉ូម។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG