ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍​រក​ឃើញ​ថា​ទេសចរ​ចង់​ឃើញ​ការ​ការពារ​កុមារ​ក្នុង​វិស័យ​ទេសចរណ៍

  • គង់ សុឋានរិទ្ធ

ស្ត្រី​ខ្មែរ​ម្នាក់​ធ្វើ​ម៉ាស្សារ​ឲ្យ​ទេសចរ​មួយ​រូប​នៅ​ឆ្នេរ​ខ្សាច់​ក្រុង​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៦។
ទេសចរ​បរទេស​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ចង់​ឲ្យ​មាន​ការ​ពង្រឹង​សុវត្ថិភាព​បន្ថែម​ទៀត​ពី​ការ​កេង​ប្រវ័ញ្ច​នានា​លើ​កុមារ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​ទេសចរណ៍។

នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​ World ​Vision។​ ការ​ស្រាវជ្រាវ​នេះ​ស្ថិត​ក្នុង​កម្មវិធី​នៃ​គម្រោង​កុមារភាព​ផ្នែក​បង្ការ​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​អូស្រា្តលី។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ពុធ​ទី​៦​ខែ​វិច្ឆិកា​នេះ​ អង្គការ​ទស្សនៈ​ពិភព​លោក​រក​ឃើញ​ថា​អ្នក​ទេសចរ​ដែល​បាន​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ ឡាវ ​ថៃ​និង​ប្រទេស​វៀតណាម​មាន​ចំនួន​៣៦​លាន​នាក់​នៅ​ឆ្នាំ​២០១២​ហើយ​ពួក​គេ​ «ប្រាថ្នា​ចង់​ឃើញ​ប្រតិបត្តិករ​ក្នុង​ផ្នែក​វិស័យ​ទេសចរណ៍​ពង្រឹង​សកម្មភាព​បន្ថែម​ទៀត​ដើម្បី​ការពារ​កុមារ​ពី​ការ​កេងប្រវ័ញ្ច»។

អង្គការ​ទស្សនៈ​ពិភព​លោក​បាន​ធ្វើ​ការសម្ភាសន៍​ជាមួយ​ទេសចរ​បរទេស​២៧០​នាក់​មក​ពី​ប្រទេស​ចំនួន​៣៩។ ទេសចរ​ទាំង​នោះ​បាន​អះអាង​ថា​ពួក​គេ ​«បាន​ឃើញ​កុមារ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ស្ថិត​ក្នុង​ភាព​ងាយ​រងគ្រោះ» ហើយ​ពួក​គេ​មាន​អារម្មណ៍​ «សោកសៅ​ ព្រួយបារម្ភ​និង​ខកចិត្ត»​ ចំពោះ​ស្ថានភាព​បែប​នេះ។

លោកស្រី​អាទី ​កាពួរ (Harti Kapoor) ​ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​សម្រាប់​កម្មវិធី​ការពារ​កុមារ​និង​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ខាង​លើ​នេះ​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​ថា​ដោយសារ​តែ​មាន​កំណើន​ទេសចរណ៍​បរទេស​ចូល​ក្នុង​តំបន់ ​កុមារ​ដែល​កំពុងធ្វើ​ការ​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ប្រឈម​នឹង​ការ​រង​គ្រោះ​ជា​ច្រើន​ដូចជា​ការ​ធ្វើ​អាជីវកម្ម​និង​ការ​រំលោភ​ផ្លូវ​ភេទ​ជាដើម​ហើយ​កុមារ​ទាំង​នេះ​ធ្វើ​ការ​រហូត​ដល់​ម៉ោង​១​ ឬ​ម៉ោ​ង២​ភ្លឺ​ក៏​មាន។

លោក​ស្រី បន្ថែម​ថា៖ «នៅ​ពេល​ដែល​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា ​ថៃ ​វៀតណាម​ និង​ឡាវ ​ពួក​គេ​បាន​ឃើញ​កុមារ​នៅ​តាម​ដង​ផ្លូវ។ ​ពួក​គេ​ឃើញ​កុមារ​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ​ដូច​ជា​ពួក​គេ​សុំទាន​នៅ​តាម​ផ្លូវ​ លក់​សៀវភៅ​ លក់​អ្វីៗ​នៅ​តាម​ផ្លូវ ​លក់​ផ្កា លក់​ស្ករ​កៅស៊ូ​ ជួន​កាល​ពួក​គេ​ស្ថិត​នៅ​យប់​ជ្រៅ​មែន​ទែន»។

ការ​បង្ហាញ​របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​ (World Vision)​ នៅ​ថ្ងៃ​នេះ​គឺ​ចំ​ទិវា​ពិភពលោក​ស្តីពី​ការ​ឆ្លើយ​តប​ក្នុង​វិស័យ​ទេសចរណ៍។

លោកស្រី​អាទី ​កាពួរ ​មាន​ប្រសាសន៍​ថា​ទេសចរ​ជាច្រើន​ដែល​ត្រូវ​បាន​សម្ភាសន៍​បាន​និយាយ​ពី​ប្រទេស​ក​ម្ពុជា​ហើយ​ពួកគេ​បាន​រំលឹក​ដល់​បទពិសោធន៍​របស់ពួកគេ​នៅពេល​ដែលពួកគេ​មក​កំសាន្ត​នៅ​ប្រទេស​កម្ពុជា។

«ដោយសារ​វិស័យ​ទេសចរណ៍​កាន់​តែ​សំខាន់​ទៅៗ​សម្រាប់​ប្រទេស​កម្ពុជា។​ គ្រាន់​តែ​ឆ្នាំ​កន្លង​ទៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ទេសចរ​ចំនួន​៣,៦លាន​នាក់​ហើយ​ចំនួន​នេះ​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ។ វា​ជា​ឱកាស​អស្ចារ្យ​សម្រាប់​ប្រទេស​កម្ពុជា។ ​អ្វី​ដែល​យើង​កំពុង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​នោះ​គឺ​នៅ​ពេល​ដែល​ទេសចរ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ឬ​មក​កាន់​ប្រទេស​ក្នុង​តំបន់​ពួក​គេ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​កុមារ​ហើយ​ពួក​គេ​ពិត​ជា​ចង់​ដឹង​អំពី​ព័ត៌មាន​ស្តីពី​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍។ នៅ​ពេល​ដែល​ពួក​គេ​កាន់​តែ​ទ​ទួល​បាន​ព័ត៌មាន​ពី​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​កាន់​តែ​ច្រើន​ ពួក​គេ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​កាន់​តែ​ប្រសើរ។ យើង​បាន​រក​ឃើញ​ថា​ ប្រសិន​បើ​ទេសចរ​ទទួល​បាន​ព័ត៌មាន​ពី​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេចរណ៍​ពួក​គេ​ទំនង​ជា​មិន​ឲ្យ​លុយ​ដល់​កុមារ​សុំ​ទាន​ទេ​ប៉ុន្តែ​នឹង​ផ្តល់​លុយ​ថែម​ទៀត​ដល់​អង្គការ​នៅ​ក្នុង​ស្រុក​ដែល​កំពុង​តែ​ជួយ​កុមារ​ដើម្បី​ឲ្យ​ពួក​គេ​ទៅ​សាលារៀន​ និង​ដើម្បី​ឲ្យ​ពួក​គេ​ស្ថិត​នៅ​ជួប​ជុំ​គ្រួសារ»។

ស៊ីម ​សុជាតា ​អាយុ​១៣​ឆ្នាំ​កំពុង​លក់​គ្រាប់​ពោត​និង​សណ្តែក​នៅ​មុខ​ព្រះ​បរមរាជវាំង​ ក្រុង​ភ្នំពេញ​សម្រាប់​ទេសចរ​ទិញ​បាច​ឲ្យ​សត្វ​ព្រាប​ជា​ចំណី។​ នាង​ទើប​តែ​រៀន​ថ្នាក់​ទី​បួនប៉ុណ្ណោះ​ខណៈ​ដែល​នាង​ប្រកប​មុខ​របរ​នេះ​ចាប់​តាំង​ពី​អាយុ​៩​ឆ្នាំ​ម្ល៉េះ។ ប្អូនស្រី​បញ្ជាក់​ថា៖ «ចង់​ឲ្យ​គេ​ថែ​រក្សា​ក្មេង​ដើម្បី​កុំ​ឲ្យ​គេ​ធ្វើ​បាប»។

លោក​ហោ ​សារុន ​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍និង​ជា​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍។​លោក​មានប្រសាសន៍​ថា​រដ្ឋា​ភិបាល​បាន​បង្កើត​គណៈកម្មការ​នេះ​ដើម្បី​ជួយ​ការពារ​កុមារ​ពី​គ្រោះ​ថ្នាក់​នានា។

«គណៈកម្មការ​នេះគឺ​ដើម្បី​កិច្ច​ការ​ពារ​កុមារ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយ​យើង​បាន​សហ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​រៀបចំ​ធ្វើ​ជាការ​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ទេសចរ​ផ្លូវ​ភេទ​លើ​កុមារ​ក្នុង​លំហូរ​ទេសចរ​ដែល​បន្ត​កើន​ឡើង ​គឺ​យើង​រៀបចំ​ជា​លក្ខណៈ​បណ្តុះ​បណ្តាល»។

នៅ​ប្រទេស​កម្ពុជា​ជារឿយៗ​គេ​ឃើញ​មាន​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ជន​បរទេស​ទាក់ទង​នឹង​ការ​រួម​ភេទ​ជាមួយ​កុមារ។

នៅ​ឆ្នាំ​២០១២​ជន​សង្ស័យ​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​ដែល​ក្នុង​នោះ​មាន​ទាក់​ទង​ជាមួយ​កុមារ​ផង​ដែរ​ត្រូវ​ចាប់​ខ្លួន​ចំនួន​១៦៥​នាក់។​ នេះ​បើ​យោង​តាម​លោក​ហោ ​សារុន៕
XS
SM
MD
LG