រាជធានីភ្នំពេញ៖ ផលចំណេញពីផ្នែកវិស័យវប្បធម៌មានកម្រិតទាបយ៉ាងខ្លាំង។ នេះបើយោងតាមរបាយការណ៍នៃក្រុមអ្នកស្រាវជ្រាវរបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិហៅកាត់ថាយូណេស្កូ។
កញ្ញាម៉ុស្លី ស្តែនឡាហ្ស៍ (Molly Steinlage) អ្នកប្រឹក្សាអភិវឌ្ឍន៍ប្រចាំអង្គការយូណេស្កូបានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីសូចនាករវប្បធម៌ដើម្បីការអភិវឌ្ឍដែលរៀបចំដោយអង្គការយូណេស្កូនៅថ្ងៃពុធនេះថាចំណូលវិភាគទានផលចំណេញដល់ផលិតផលដុលសរុបឬGDPពីផ្នែកសារមន្ទីរនិងរមណីយដ្ឋានមានត្រឹមតែ១,៥៣ភាគរយតែប៉ុណ្ណោះ។
«យើងបានឃើញថាតួលេខផ្លូវការមានតែមួយលានដុល្លារអាមេរិកទេក្នុងរយៈពេលចុងក្រោយបំផុត
នេះគឺនៅឆ្នាំ២០១១»។
ប៉ុន្តែអ្នកស្រាវជ្រាវជាតិបែលហ្ស៊ីកដដែលបញ្ជាក់ថារបាយការណ៍នេះមិនរាប់បញ្ចូលចំណូលពីការទស្សនាប្រាសាទអង្គរវត្តនិងចំណូលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះទេ។
នាងបង្ហាញថាចំណូលពីការលក់សំបុត្រដល់ទេសចរបរទេសសម្រាប់ចូលទស្សនាប្រាសាទអង្គរវត្តមានចំនួន៣៣លានដុល្លារអាមេរិក។
កញ្ញាម៉ុល្លី ស្តែនឡាហ្ស៍ បញ្ជាក់បន្ថែមថាតួលេខនេះត្រូវបានប្រមូលពីរបាយការណ៍នានានៃស្ថាប័នផ្លូវការរបស់រដ្ឋហើយទិន្នន័យនេះបង្ហាញភាពខ្សោយយ៉ាងខ្លាំងនៃការទទួលផលពីវិស័យវប្បធម៌។
មន្ត្រីអង្គការយូណេស្កូដដែលបន្ថែមថាប្រាក់ចំណេញនេះមានកម្រិតទាបជាងប្រទេសបូសនៀ ប្រទេសតូចមួយនៅទ្វីបអឺរ៉ុបដែលផលចំណេញពីវិស័យវប្បធម៌មានចំនួន៥,៧២ភាគរយនៃGDP និងតិចជាងប្រទេសអេក្វាឌ័រនៅទ្វីបអាមេរិកខាងត្បូងដែលមាន៤,៧៦ភាគរយនៃGDP។ ប៉ុន្តែផលចំណេញនៃវិស័យវប្បធម៌កម្ពុជាស្មើគ្នាជាមួយប្រទេសហ្គាណាដែលស្ថិតនៅទ្វីបអាហ្វ្រិកខាងលិច។
ក្រុមអ្នកស្រាវជ្រាវរបស់អង្គការយូណេស្កូរៀបរាប់ថាចំនួនអ្នកមានការងារធ្វើក្នុងវិស័យវប្បធម៌នៅកម្ពុជាមានចំនួន០,៥ភាគរយនៃចំនួនអ្នកមានការងារធ្វើសរុប។
កញ្ញាម៉ុល្លី ស្តែនឡាហ្ស៍ ផ្តល់យោបល់ថារដ្ឋាភិបាលកម្ពុជាគួរតែបង្កើតថវិកាជាតិច្រើនជាងនេះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កម្មវិធីវប្បធម៌។
នាងលើកឡើងថាប្រទេសកម្ពុជាពឹងផ្អែកច្រើនលើជនបរទេសដែលជាហានិភ័យមួយសម្រាប់វិស័យនេះ។ ជាក់ស្តែងដូចជាវិស័យទេសចរណ៍កម្ពុជាផ្តេកផ្តួលលើអ្នកប្រើប្រាស់មកពីក្រៅប្រទេសគឺមិនមែនដៅយកទីផ្សារក្នុងស្រុកនោះទេ។
«ផ្នែកវប្បធម៌មិនមែនមានតែផ្នែកបេតិកភណ្ឌមួយមុខទេប៉ុន្តែវាបូករួមទាំងតន្ត្រី វិទ្យុ ទូរទស្សន៍ ការបោះពុម្ពផ្សាយ ផលិតកម្មគ្រឿងអលង្កា ផលិតកម្មផ្នែកវាយនភណ្ឌ។ បើយើងចង់អភិវឌ្ឍវិស័យវប្បធម៌នេះ យើងអាចពិចារណាលើទីផ្សារក្នុងស្រុកផងដែរដោយមិនចាំបាច់ពឹងផ្អែកតែលើការវិនិយោគរបស់បរទេស។ដូចជាពលរដ្ឋកម្ពុជាចង់ទស្សនាភាពយន្តខ្មែរវាអាចជាទីផ្សារក្នុងស្រុកសម្រាប់សេវាវប្បធម៌»។
ដោយឡែកកញ្ញា អេឡេណា គូស៊ីម៉ាណូ ទីប្រឹក្សាម្នាក់ទៀតរបស់អង្គការយូណេស្កូ រកឃើញថាប្រព័ន្ធអប់រំកម្ពុជាបានខកខានក្នុងការបង្កើតវិជ្ជាជីវៈសម្រាប់ទីផ្សារវប្បធម៌។
យ៉ាងណាក៏ដោយលោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិយាយថាការរកឃើញរបស់អង្គការយូណេស្កូមិនសមស្របជាមួយនឹងតួលេខផ្លូវការខាងរដ្ឋាភិបាលហើយបានស្នើឲ្យអង្គការយូណេស្កូពិចារណាលើរបាយការណ៍របស់ខ្លួនឡើងវិញ៕