ភ្នំពេញ៖ សហគមន៍ព្រៃឈើមួយដែលដឹកនាំដោយព្រះសង្ឃព្រះពុទ្ធសាសនាក្នុងខេត្តឧត្តរមានជ័យ បានទទួលពានរង្វាន់ពីអង្គការអភិរក្សជីវចម្រុះអន្តរជាតិមួយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍នោះក្នុងការការពារជីវចម្រុះ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងសហគមន៍។
សហគមន៍ព្រៃឈើមួយឈ្មោះថា «សង្ឈសហគមន៍រុក្ខាវ័ន» ដែលដឹកនាំដោយព្រះសង្ឃនៅក្នុងវត្តសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានក្លាយជាជ័យលាភីរង្វាន់Equator Prize ប្រចាំឆ្នាំ២០១០របស់គម្រោងអភិរក្សជីវចម្រុះមួយឈ្មោះថា Equator Initiative ដែលជាគម្រោងពហុដៃគូមួយនៅក្នុងអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិUNDP មានមូលដ្ឋាននៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នេះបើយោងតាមការប្រកាសឲ្យដឹងរបស់អង្គការនេះ កាលពីពេលថ្មីៗនេះ។
«សង្ឃសហគម៍រុក្ខាវ័ន» ដែលជាសហគមន៍ព្រៃឈើដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា មានផ្ទៃដីទំហំជាង១ម៉ឺន៨ពាន់ហិកតា និងជាជម្រកពពួកសត្វដែលរងការគំរាមកំហែងជាច្រើនប្រភេទ ដូចជាទោច គោព្រៃ និងខ្លារខិនជាដើម។ សហគមន៍ព្រៃឈើនេះត្រូវបានបង្កើតឡើងដោយព្រះសង្ឃនៅឆ្នាំ២០០២ ដើម្បីទប់ស្កាត់ការកាប់ឈើខុសច្បាប់និងការបរបាញ់សត្វព្រៃទាំងនេះ។
សូមបញ្ជាក់ថា រង្វាន់ Equator Prize គឺជារង្វាន់ដែលគេផ្តល់ឲ្យរៀងរាល់២ឆ្នាំម្តងដល់សហគមន៍ឆ្នើមចំនួន២៥ទូទាំងពិភពលោក ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ទាំងនោះ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់សហគមន៍តាមរយៈការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ជីវចម្រុះប្រកបដោយនិរន្តរភាព។
ក្នុងចំណោមសហគមន៍ឆ្នើមទាំង២៥នោះ សហគមន៍ចំនួន៥ត្រូវបានជ្រើសរើសចុងក្រោយ សម្រាប់ការទទួលស្គាល់ដ៏ពិសេសនិងរង្វាន់ជាទឹកប្រាក់សរុបចំនួន ២ ម៉ឺនដុល្លារអាមេរិក។
ព្រះភិក្ខុប៊ុន សាលួត ព្រះប្រធានសហគមន៍ព្រៃឈើដែលទទួលពានរង្វាន់ Equator Prize និងទឹកប្រាក់២ម៉ឺនដុល្លារនេះ បានមានសង្ឃដីកាថា ការផ្តល់រង្វាន់ដល់សហគមន៍ព្រៃឈើរបស់ព្រះអង្គ គឺជាសារមួយដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជាដើម្បីឲ្យពួកគេព្យាយាមចូលរួមចំណែកថែរក្សានិងការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀតនៅក្នុងប្រទេស។
«រង្វាន់នេះសម្រាប់ឲ្យបងប្អូនយើង ឲ្យសហគមន៍ទាំងអស់ និងរាជរដ្ឋាភិបាលសប្បាយចិត្ត ដោយឃើញថា ថ្វីដៃខ្មែរយើងបានរួមចំណែកការពារព្រៃឈើ និងអភិរក្សសត្វព្រៃនេះ ហើយដែលបានទទួលរង្វាន់នេះ។ អាត្មាគិតថា ពួកគាត់នឹងមានទឹកចិត្ត និងចូលរួមចំណែកតទៅទៀត»។
ព្រៃឈើក្នុងប្រទេសកម្ពុជាដែលគេដឹងថា ធ្លាប់គ្រប់ដណ្តប់លើផ្ទៃប្រទេសប្រមាណ៧០%នោះ ត្រូវរងការកាប់បំផ្លាញយ៉ាងហិនហោចនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
កាលពីខែមិថុនាឆ្នាំ២០០៧ អង្គការការពារបរិស្ថានអន្តរជាតិមួយឈ្មោះ Global Witness បានចេញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនមួយឈ្មោះថា «ខ្សែស្រឡាយអ្នកលួចជាតិ» ដោយបានភ្ជាប់ការហិនហោចព្រៃឈើនៅក្នុងប្រទេសកម្ពុជាទៅនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយរួមទាំងសាច់ញាតិនិងមន្រ្តីស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីមួយចំនួនផងដែរ។
នៅក្នុងពេលថ្មីៗនេះ សកម្មភាពកាប់ឈើខុសច្បាប់ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ថា ហាក់ចាប់ផ្តើមរើបឡើងវិញជាបណ្តើរៗហើយ បើទោះជាសកម្មភាពល្មើសច្បាប់នេះមានសភាពស្ងប់ស្ងាត់មួយរយៈ ក្រោយពីការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនក្នុងការបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ។
ព្រះភិក្ខុប៊ុន សាលួត ព្រះប្រធាន«សង្ឃសហគមន៍រុក្ខាវ័ន» មានសង្ឃដីកាថា ការដែលសហគមន៍ព្រៃឈើរបស់ព្រះអង្គបានទទួលរង្វាន់ Equator Prize សម្រាប់ឆ្នាំ២០១០នេះ គឺដោយសារតែមានការចូលរួមពីព្រះសង្ឃ និងប្រជាសហគមន៍ទាំងមូលក្នុងការរួមគ្នាការពារនិងអភិរក្សព្រៃឈើ និងសត្វព្រៃ តាមរយៈការចុះល្បាតនៅក្នុងព្រៃផ្ទាល់ ដោយទាំងព្រះសង្ឃទាំងគ្រហស្ថ ដើម្បីទប់ស្កាត់និងបង្រ្កាបការបរបាញ់សត្វនិងកាប់បំផ្លាញព្រៃសហគមន៍ដោយខុសច្បាប់។
«អាត្មាចុះធ្វើសកម្មភាពជាក់ស្តែងចាប់បទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនល្មើសជាក់ស្តែង ដូចថា បទល្មើសអារឈើអញ្ចឹង។ អាត្មាក៏បញ្ជូនឲ្យសមត្ថកិច្ចជំនាញ ឲ្យធ្វើសំណុំរឿងទៅតាមផ្លូវច្បាប់ ហើយបើអ្នកបាញ់សត្វ អាត្មាចាប់ខ្លួនបានក៏ បញ្ជូនទៅរដ្ឋបាលព្រៃឈើដើម្បីធ្វើសំណុំរឿងទៅតុលាការ ដើម្បីឲ្យតុលាការផ្តន្ទាទោសតាមច្បាប់»។
ចាប់តាំងពី«សង្ឃសហគមន៍រុក្ខាវ័ន» បានទទួលសិទ្ធិជាសហគមន៍ព្រៃឈើស្របច្បាប់នៅក្នុងឆ្នាំ២០០៨មក សកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងសហគមន៍បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារការបង្កើតវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពមួយចំនួន ដូចជាការល្បាតដោយស្ម័គ្រចិត្ត ការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងការបំបួសដើមឈើទៅតាមជំនឿសាសនាជាដើម នេះបើយោងតាមEquator Initiative។
លោកស្រី Eileen de Ravin នាយកគ្រប់គ្រងគម្រោង Equator Initiative មានប្រសាសន៍នៅក្នុងលិខិតរបស់លោកស្រីផ្ញើជូនភិក្ខុប៊ុន សាលួត ប្រធានសហគមន៍ព្រៃឈើនេះ ដែលVOA ទទួលបានកាលពីសប្តាហ៍មុនថា សហគមន៍ព្រៃឈើនេះបានបង្ហាញនូវភាពឆ្លាតវៃនៅក្នុងការធ្វើកិច្ចការងារក្នុងមូលដ្ឋាន។
ព្រះភិក្ខុប៊ុន សាលួតមានសង្ឃដីកាថា ដើម្បីការពារធនធានធម្មជាតិ ដូចជាព្រៃឈើ សត្វព្រៃនិងជីវចម្រុះផ្សេងៗនេះ ឲ្យនៅគង់វង្សតទៅមុខទៀត គឺទាមទារឲ្យប្រជាពលរដ្ឋដាក់ប្រយោជន៍ជាតិនិងប្រយោជន៍រួមឲ្យខ្ពស់ជាងប្រយោជន៍ផ្ទាល់ខ្លួន។
«បើគេហាមឃាត់ហើយ យើងនៅតែចង់បាន ចង់តែបំផ្លាញវា ចង់តែសម្លាប់សត្វយកសាច់មកបរិភោគ អានោះនឹងមានបញ្ហា។ បើថា យើងយល់ យើងស្រឡាញ់ជីវិតគេដូចជីវិតយើង។ បើយើងអត់ព្រៃឈើ យើងមិនអាចទ្រទ្រង់បានទេ។ ដូចសព្វថ្ងៃ ញោមឃើញស្រាប់ហើយ ដោយសារតែអស់ព្រៃឈើនេះហើយ បានជាអាកាសធាតុវាប្រែប្រួល។ វាក្តៅ វាភ្លៀង វាព្យុះ វាធ្វើឲ្យភ្នំភ្លើងកាន់តែផ្ទុះឡើង»។
សូមបញ្ជាក់ថា ព្រះភិក្ខុប៊ុន សាលួតនឹងនិមន្តទៅកាន់ទីក្រុងញូយ៉ក នៅថ្ងៃច័ន្ទនេះ ដើម្បីទទួលរង្វាន់Equator Prize ក្នុងពិធីប្រគល់រង្វាន់នេះ ដែលគេនឹងប្រារព្ធធ្វើនៅទីក្រុងនោះ នៅថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១០នេះ៕