មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងវិស័យកីឡាក្រិកបានលាលែងពីតំណែងដោយសារតែការចោទប្រកាន់ថា លោកបានបំពានផ្លូវភេទលើកីឡាការិនី Sofia Bekatorou ដែលជាជើងឯកប្រណាំងទូកក្តោងអូឡាំពិក។ ការចោទប្រកាន់នេះបានធ្វើឱ្យមានការស៊ើបអង្កេតបន្ទាន់មួយ ដែលបានធ្វើឱ្យជនរងគ្រោះផ្សេងទៀតចេញមុខនិយាយអំពីការបំពានផ្លូវភេទស្រដៀងគ្នានេះដែរ។ ប៉ុន្តែការកាត់ទោសលើជនល្មើសដែលត្រូវបានគេចោទប្រកាន់ប្រហែលជាមិនអាចទៅរួចនោះទេ ដោយសារតែច្បាប់មិនមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋក្រិកបានចាត់ទុកកីឡាការិនី Bekatorou ថាជាអ្នកហ៊ានចេញមុខនិយាយបកស្រាយអំពីការបំពានផ្លូវភេទលើរូបអ្នកស្រី។ រយៈពេល២៣ឆ្នាំក្រោយពីការចោទប្រកាន់ថាមានការរំលោភសេពសន្ថវៈកើតឡើងនៅក្នុងការប្រកួតជម្រុះដើម្បីទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០០០ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឥឡូវនេះអ្នកស្រី Bekatorou និយាយថា អ្នកស្រីចង់ឱ្យស្ត្រីដែលជាជនរងគ្រោះកាន់តែច្រើនចេញនិយាយអំពីរឿងនេះ។
អ្នកស្រី Bekatorou និយាយថា៖ «សារដែលខ្ញុំទទួលបានភាគច្រើនជាសារវិជ្ជមាន និងគាំទ្រ។ ខ្ញុំដឹងថា មានជនរងគ្រោះច្រើនជាងនេះនៅក្នុងវិស័យកីឡា ហើយខ្ញុំកំពុងអំពាវនាវឱ្យពួកគេទាំងអស់ចេញមុខនិយាយអំពីរឿងនេះ»។
ក្នុងនាមជាម្ចាស់មេដាយមាសម្នាក់នៅក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០០៤នៅក្នុងប្រទេសកំណើតរបស់ខ្លួន អ្នកស្រី Bekatorou បាននិយាយពីការរំលោភសេពសន្ថវៈនៅក្នុងសន្និសីទកាសែតតាមអ៊ីនធឺណិតមួយដែលរៀបចំដោយក្រសួងកីឡាក្រិកកាលពីដើមខែមករា។ អ្នកស្រីបានបដិសេធមិនព្រមនិយាយឈ្មោះរបស់មន្ត្រីនោះទេនៅពេលនោះ ប៉ុន្តែនៅពេលរដ្ឋអាជ្ញាមូលដ្ឋានម្នាក់បានកោះហៅអ្នកស្រីនៅក្នុងការស៊ើបអង្កេតបន្ទាន់មួយ អ្នកស្រីបានលាតត្រដាងអត្តសញ្ញាណរបស់ជននោះថា ឈ្មោះ Aristides Adamopoulos ដែលជាសមាជិកជាន់ខ្ពស់នៃសហព័ន្ធកីឡាប្រណាំងទូកក្តោងក្រិកនៅពេលនោះ។ លោកក៏ជាមន្ត្រីមូលដ្ឋានម្នាក់របស់គណបក្សប្រជាធិបតេយ្យថ្មី ដែលជាគណបក្សកាន់អំណាចផងដែរ។
អ្នកស្រី Bekatorou បានបង្ហាញខ្លួននៅចំពោះមុខរដ្ឋអាជ្ញាម្តងទៀតកាលពីពេលថ្មីៗនេះដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែម ចំពោះការចោទប្រកាន់ ដែលលោក Adamopoulos មិនបានបដិសេធនោះទេ។ លោក Adamopoulos បានជំរុញឱ្យសាធារណជនចៀសវាងធ្វើអ្វីដែលលោកហៅថា ការសម្រេចចិត្តភ្លាមៗដោយមិនមានការពិចារណាដិតដល់។
លោកAndonis Dimitrakopoulos ដែលជាប្រធានសហព័ន្ធកីឡាបាននិយាយថា លោកបានជំរុញឱ្យលោក Adamopoulos លាលែងពីតំណែងដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។ លោក Dimitrakopoulos បាននិយាយថា អង្គភាពកីឡានេះមិនបានដឹងពីការបំពានផ្លូវភេទដែលត្រូវបានចោទប្រកាន់នោះទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត អង្គភាពនឹងជួយបញ្ឈប់រឿងអាស្រូវទាំងមូលប្រសិនបើលោក Adamopoulos បានស្នើសុំការគាំទ្រពីសហព័ន្ធ។ អ្នកស្រី Bekatorou និយាយថា ការលើកឡើងបែបនេះធ្វើឱ្យអ្នកស្រីតក់ស្លុត។
អ្នកស្រី Bekatorou ថ្លែងថា៖ «ការណ៍ដែលសហព័ន្ធកីឡាឆ្លើយតបរបៀបនេះចំពោះការចោទប្រកាន់ធ្ងន់ធ្ងរបែបនេះ គឺជារឿងគួរឱ្យសោកស្តាយណាស់»។
ចាប់តាំងពីពេលនោះមក អត្តពលិកល្បីៗចំនួន២រូបផ្សេងទៀតបានលើកឡើងពីការបំពានផ្លូវភេទស្រដៀងគ្នានេះ ដែលរួមមានកីឡាការិនី Mania Bikoff ជើងឯកបាល់ទះក្នុងទឹកថ្នាក់ជាតិ ដែលបានចោទប្រកាន់វេជ្ជបណ្ឌិតប្រចាំក្រុមរបស់អ្នកស្រីថាបានបៀតបៀនផ្លូវភេទលើអ្នកស្រីកាលពីប៉ុន្មានទសវត្សរ៍មុន។ វេជ្ជបណ្ឌិត ដែលមិនត្រូវបានគេបង្ហាញឈ្មោះនោះ មិនបានឆ្លើយតបចំពោះការចោទប្រកាន់នេះទេ។
អ្នកស្រី Mania Bikoff បាននិយាយថា៖ «ខ្ញុំបានទៅជួបពេទ្យដើម្បីទទួលការព្យាបាលស្មា តែលោកវេជ្ជបណ្ឌិតបែរជាសុំឱ្យខ្ញុំស្រាតខោរបស់ខ្ញុំទៅវិញ។ គាត់មិនបានធ្វើអ្វីខ្ញុំនោះទេ ប៉ុន្តែគាត់អង្គុយមើលរាងកាយអាក្រាតរបស់ខ្ញុំ»។
គណៈកម្មាធិការអូឡាំពិកក្រិកក៏បានបើកការស៊ើបអង្កេតមួយផងដែរ។
សម្រាប់សង្គមដែលមានការបិទបាំងខ្លាំង និងតូចដូចជាប្រទេសក្រិក ការបង្ហាញព័ត៌មានជាសាធារណៈបែបនេះមិនមែនជារឿងទូទៅនោះទេ បើទោះបីជាចលនាទាមទារសមភាពសិទ្ធិស្ត្រី (#MeToo) បានរីករាលដាលនៅក្នុងគ្រប់ប្រទេសទូទាំងសាកលលោកក៏ដោយ។
ប៉ុន្តែទោះបីជាចាប់ផ្តើមមានការផ្លាស់ប្តូរតិចតួចនៅក្នុងទស្សនៈវប្បធម៌របស់ប្រទេសនេះក្តី ក៏អ្នកជំនាញព្រមានថា ច្បាប់មិនទាន់បំពេញចន្លោះប្រហោងនេះបានទេ។
ជនល្មើសរំលោភសេពសន្ថវៈនៅក្នុងប្រទេសក្រិកអាចប្រឈមមុខនឹងការជាប់ពន្ធនាការពី៥ទៅ២០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ អាជ្ញាយុកាលនៃការប្តឹងបានហួសទៅហើយនៅក្នុងករណីរបស់លោក Adamopoulos។
អ្នកជំនាញច្បាប់ដែល VOA បានទាក់ទងទៅ និយាយថា ច្បាប់ពាក់ព័ន្ធគួរតែត្រូវបានកែប្រែនៅពេលនេះ ដើម្បីអនុញ្ញាតឱ្យរយៈពេលអាជ្ញាយុកាលប្តឹងនៅមានប្រសិទ្ធភាព នៅពេលដែលជនរងគ្រោះដូចជាអ្នកស្រី Bekatorou ចេញមុខរាយការណ៍ពីបទល្មើសនេះ៕