ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក Barack Obama នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ក្រិក


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​សាព័ត៌មាននៅក្នុងបន្ទប់​ Brady press សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៦។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​សាព័ត៌មាននៅក្នុងបន្ទប់​ Brady press សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​១៤ វិច្ឆិកា ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama នឹង​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច ពេល​លោក​ជួប​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ក្រិក​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​បរទេស​លើក​ចុង​ក្រោយ​នៅ​ក្នុង​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី។

ក្រុម​មន្ត្រី​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រំពឹង​ថា លោក Obama និង​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក Alexis Tsipras នឹង​ពិភាក្សា​អំពី​តម្រូវការ​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​បន្ត​ទៅ​មុខ​ទៀត ហើយ​ក៏​ទទួល​ស្គាល់​ផង​ដែរ​នូវ​ការ​លះបង់​របស់​ប្រជាពលរដ្ឋ​ក្រិក ដែល​បាន​ធ្វើ​កន្លង​មក​ដើម្បី​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​អន្តរជាតិ។

លោក​ប្រធានាធិបតី Barack Obama នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​ក្រិក។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​នោះ លោក​ត្រូវ​គេ​រំពឹង​ថា នឹង​លើក​ឡើង​ពី​បញ្ហា​ដែល​នៅ​សេសសល់ ដើម្បី​ដោះស្រាយ​ការ​ការ​ប្រឈម​នានា​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ក្រិក ក៏​ដូចជា​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ ដោយ​ធ្វើ​ការ​គាំទ្រ​នូវ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ស្មើ​ភាព និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​វិសមភាព​នានា។

លោក Ben Rhodes ដែល​ជា​ទីប្រឹក្សា​រង​ទទួល​បន្ទុក​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា លោក​រំពឹង​ថា ប្រធានបទ​ទាក់ទង​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump នឹង​ក្លាយ​ជា​ប្រធានបទ​ចម្បង​នៃ​កិច្ច​ពិភាក្សា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Obama លើក​នេះ។ លោក Obama ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​ប៉េរូ​ផង​ដែរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Markel នឹង​ទទួល​ស្វាគមន៍​លោក Obama នៅ​ក្នុង​ជំនួប​រវាង​អ្នក​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ លោក Ben Rhodes បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​ពីរ ដោយ​លោក​បាន​និយាយ​ថា លោកស្រី Markel «គឺ​ជា​ដៃគូ​ដ៏​ជិតស្និទ្ធ​បំផុត​របស់​លោក​ប្រធានាធិបតី Obama នៅ​ក្នុង​រយៈពេល​ពេញ​មួយ​អាណត្តិ​របស់​លោក​ធ្វើ​ជា​ប្រធានាធិបតី»៕

XS
SM
MD
LG