ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្មែរ​ក្រៅ​ប្រទេស​ហៅ​ការបោះឆ្នោត​ថា​ជា​ការសម្លាប់​លទ្ធិប្រជាធិបតេយ្យ​


ពលរដ្ឋខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (យូ សុធារី/VOA)
ពលរដ្ឋខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (យូ សុធារី/VOA)

ក្រុមបាតុករ​ជាច្រើន​រយ​នាក់​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ចំពីមុខ​វិមាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សៅរ៍​នេះ​ បាន​ចាត់ទុក​ថា​ ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែកក្កដា​ គឺ​ជា​«ការសម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ‍»​ និង​«ការបោះឆ្នោត​ក្លែងក្លាយ‍»។

ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សកម្ម​ជន​សិទ្ធិ​មនុស្សនៅ​ទូទាំង​ពិភពលោក​កំពុង​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា​រយៈពេល​ពីរថ្ងៃ​ ដើម្បីប្រឆាំង​នឹង​ការបោះឆ្នោត​ជាតិ​ដោយ​ទទូច​សុំ​ពលរដ្ឋ​កម្ពុជាកុំ​ឱ្យចេញ​ទៅ​បោះឆ្នោត​ និង​ទាមទារ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​កុំ​ទទួលស្គាល់​លទ្ធផល​ឆ្នោត​នេះ។​

នៅ​សហរដ្ឋ​អាមេរិក​បាតុកម្ម​រៀបចំ​ឡើង​នៅថ្ងៃទី​២៨​ និង២៩​ ខែកក្កដា ​ដោយ​ត្រូវបានរៀបចំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ រដ្ឋ​ញូវយ៉ក ​រដ្ឋវ៉ាស៊ីនតោនស្តេត ​និង​រដ្ឋកាលីហ្វញ៉ា​ ហើយ​បាតុកម្ម​នៅ​ប្រទេស​កាណាដា ​មាន​នៅ​ទីក្រុង​ម៉ុងរ៉េអាល់។

ក្រុមបាតុករ​ជាច្រើន​រយ​នាក់​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ចំពីមុខ​វិមាន​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សៅរ៍​នេះ​ បាន​ចាត់ទុក​ថា​ ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែកក្កដា​ គឺ​ជា​«ការសម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ‍»​ និង​«ការបោះឆ្នោត​ក្លែងក្លាយ‍»។

លោក​ អេង ឆៃអ៊ាង ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖​

«ថ្ងៃទី​២៩​ ខែកក្កដា​នេះ​ លោក ហ៊ុន សែន​ បាន​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​មួយ​ ដើម្បី​សម្លាប់​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។ អីចឹង​បងប្អូន​ខ្មែរ​យើង​រស់នៅ​សហរដ្ឋ​អាមេរិក​ រស់នៅកាណាដា​ រស់នៅ​អូស្រ្តាលី ​រស់នៅ​ញ៉ូសេឡែន​ រស់នៅ​បណ្តា​ប្រទេស​អឺរ៉ុប​ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅ​ប្រទេស​ជប៉ុន​ គឺ​យើង​អត់​ទទួល​យក​ការ​បោះឆ្នោត​ក្លែង​ក្លាយ​នេះ​ទេ​។ យើង​ប្រមូលផ្តុំ​គ្នា​ដើម្បី​សម្តែង​មតិ​ប្រឆាំង​នឹង​ការបោះឆ្នោត​ក្លែងក្លាយ‍»។

នេះ​គឺជា​ការ​ជំរុញ​ចុងក្រោយ​មួយ​របស់​អតីត​គណបក្ស​ប្រឆាំង បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​យុទ្ធនាការការទូត​នៅ​ឆាក​អន្តរជាតិ​ជាច្រើន​ខែ​ ក្រោយពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨នាក់​ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥ឆ្នាំ។

លោក​ អេង ឆៃអ៊ាង​ ស្នើសុំ​ឱ្យ​ពលរដ្ឋ​កុំ​ចេញ​ទៅបោះឆ្នោត​ ដើម្បី​រួមគ្នា​មិនផ្តល់ភាព​ស្របច្បាប់​ដល់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ដែល​គេ​រំពឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នឹង​ឈ្នះឆ្នោត​ជាថ្មី​ម្តង​ទៀត​នៅ​អាណត្តិ​ទី​៦​នេះ​ ដោយសារ​តែ​គ្មាន​គូប្រជែង​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។

លោក​ អេង ឆៃ​អ៊ាង​ បាន​បន្ថែម​ថា៖

«បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ យើង​ត្រូវ​តែ​រួមគ្នា​ដើម្បី​ដកអំណាច​គាត់​នៅថ្ងៃទី​២៩​ ខែកក្កដា​នេះ​ គឺ​យើង​រក្សា​ម្រាមដៃ​ស្អាត​ដេកផ្ទះ​មិន​ទៅ​បោះឆ្នោត‍»។

​មាន​គណបក្ស​នយោបាយចំនួន​២០ ​ចូលរួមប្រកួត​ប្រជែងគ្នា ​ដើម្បី​ដណ្តើម​អាសនៈ​សភា​ចំនួន​១២៥​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រកាស​នៅថ្ងៃ​បិទបញ្ចប់​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​អ្នកដែល​មិន​ទៅបោះឆ្នោត​ទេ​ ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​លោក​ថា​ ពួកគេ​នឹង​«សោកស្តាយ‍»​និ ង​ចោទសួរ​ថា​ តើ​ពួកគេ​អាចរស់នៅ​មូលដ្ឋាន​ជាមួយ​នឹង​ពលរដ្ឋ​ដទៃ​យ៉ាងម៉េច​នឹង​កើត។

លោក​ ឡោ ឡាយសូ ​អ្នករៀបចំ​បាតុកម្ម​នៅ​ទីក្រុង​ Sacramento ​រដ្ឋកាលីហ្វញ៉ា​ បាន​ស្នើពលរដ្ឋ​កម្ពុជា​កុំ​ចាញ់​សម្លុត​នានា​៖

«សូម​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ខ្លាច​នូវ​ការគាប​សង្កត់​ ព្រោះ​ការគាប​សង្កត់​ទាំងអស់​នោះ​ ជា​អំពើ​ខុសច្បាប់​រដ្ឋ​ទេ​ មិនមែន​ត្រឹមត្រូវ​ទេ​។ ដូច្នេះ​យើង​ជា​ម្ចាស់​ឆ្នោត​ យើង​ត្រូវ​តែ​ហ៊ាន​សម្រេច​ថា​ តើ​យើង​ត្រូវ​តែ​ធ្វើ​ពហិការ​ចូលរួម​ចំណែក​ជាមួយ​បងប្អូន​ខ្មែរ​ទាំងអស់​ពាស​ពេញ​ពិភព​លោក​ទាំងក្នុង​ និងក្រៅ​ចូលរួម​ជាមួយ​អន្តរជាតិ​ទៀត​ផង​ ពីព្រោះ​អន្តរជាតិ​គេ​គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងស្រុង​ ហើយ​គេ​កំពុង​តែ​យក​ឈ្មោះ​មួយ​ចំនួន​មក​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដើម្បី​កាត់​ទោស​អ្នក​ណា​ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​អ្នកណា​ដែល​រំលោភសិទ្ធិ​ពលរដ្ឋ​ខ្មែរ​។ អ្នកណា​ដែល​ប្រឡាក់​ឈាម​ពលរដ្ឋ​ខ្មែរ​ទាំងនោះ‍»។

នៅ​សហគមន៍​អឺរ៉ុប​ ក្បួន​បាតុកម្ម​បានរៀបចំឡើង​នៅ​ប្រទេស​បារាំង ​អាល្លឺម៉ង់ និង​ប្រទេស​ស្វីស។

លោក​ ថៃ មករា​ អ្នករៀបចំ​បាតុកម្ម​នៅមុខ​ទីស្នាក់ការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​ធ្វើ​នៅ​ទីនេះ​ ដើម្បី​ស្នើសុំ​ទៅដល់​អង្គការ​សហ​ប្រជាជាតិ​រួមទាំង​ប្រទេស​ហត្ថលេខី​នៃ​ប្រទេស​ទាំង​១៨​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ​កុំ​ឱ្យ​ទទួល​ស្គាល់​ការបោះឆ្នោត​ក្លែង​ក្លាយ​ ការបោះឆ្នោត​បន្លែ​បន្លំ​របស់​លោក​ ហ៊ុន សែន​ ដែល​គាត់​កំពុងតែ​រៀបចំ​ ដែល​យើង​ហៅ​ថា​ជា​បុណ្យ​បញ្ចុះសព​ប្រជាធិបតេយ្យ។ ដូច្នេះ​ យើង​ទាម​ទារ​សុំ​ឱ្យ​ប្រទេស​ទាំងនោះ ​កុំ​ទទួលស្គាល់​រដ្ឋាភិបាល​ណា​ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​ក្លែង​ក្លាយ​នេះ‍»។

ពលរដ្ឋខ្មែរនៅទីក្រុង Geneva បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (រូបថតផ្តល់ឲ្យ)
ពលរដ្ឋខ្មែរនៅទីក្រុង Geneva បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (រូបថតផ្តល់ឲ្យ)

សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ បាន​ដកខ្លួន​ចេញ​ពី​ការគាំទ្រ​ការបោះឆ្នោត​លើកនេះ​ ហើយ​សហគមន៍​អឺរ៉ុប​កំពុងតែ​ពិនិត្យ​មើល​ឋានៈ​អនុគ្រោះពន្ធ​ «រាល់មុខ​ទំនិញ​លើកលែង​តែ​អាវុធ‍» ​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​ ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សា​រ​របស់​ខ្លួន​ ដោយសារ​លក្ខខណ្ឌ​ក្នុងការ​ទទួល​បាន​ឋានៈ​នេះ​មានភ្ជាប់​នឹង​ការគោរព​សិទ្ធិ​មនុស្ស។ ប្រទេស​ជប៉ុន​បាន​ប្រកាស​កាលពីថ្ងៃពុធ​ថា​ នឹង​មិន​បញ្ជូន​អ្នកសង្កេតការណ៍ទៅចូលរួម​ក្នុងការបោះឆ្នោត​នៅ​កម្ពុជា​ទេ។ ​ការសម្រេចចិត្តនេះ​ធ្វើឡើង​ បន្ទាប់​ពី​ជប៉ុន​បាន​ពិចារណា​សព្វ​ជ្រុង​ជ្រោយពី​ស្ថានការណ៍​នៅ​កម្ពុជា។ ​

រីឯ​នៅ​សហរដ្ឋ​អាមេរិក​ អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តី​ព្រាង​ច្បាប់​ថ្មីមួយ​លេខ​៥៧៥៤​ ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​ណា​ដែល​បានចូលរួម​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្នុង​ចំណោម​នេះ​មាន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​កូន​ប្រុស​ម្នាក់​និង​ស្រីម្នាក់​ព្រមទាំង​កូនប្រសារ​និង​ក្មួយ​ប្រសារ​ផងដែរ៕

XS
SM
MD
LG