ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​រារាំង​ក្រុម​យុវជន​មិន​ឲ្យ​ចាក់​ផ្សាយ​វីដេអូ​អំពី​ការ​ស្លាប់​លោក​កែម​​ ឡី


ក្រុម​អាជ្ញាធរ​បាន​ចុះ​ចាប់​យុវជន​នៃសមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​មិនឲ្យ​បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារនិយាយ​ពី​ការ​បាញ់សម្លាប់​លោកកែម ឡីកាល​ពី​ថ្ងៃអាទិត្យ​ ទី​១២​ មីនា ២០១៧។ (រូបផ្តល់ឲ្យ)

លោក​ មួង​ សូនី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ ប្រាប់ VOA ថា ​លោក​មិន​មាន​គោលបំណង​បង្ក​ភាព​អនាធិបតេយ្យ​ដោយ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​បង្ហាញ​ពី​ការ​បាញ់​សម្លាប់​លោក​ កែម​​ ឡី ​នោះ​ទេ។​ លោក​អះអាង​ថា​​ អាជ្ញាធរ​ទំនង​ជា​​ព្រួយ​បារម្ភ​អំពី​ការ​ខាតបង់​ប្រយោជន៍​នយោបាយ​ ដូច្នេះ​ពួកគេ​ខិត​ខំ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ខ្លី​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍន៍​សង្គម​នៅ​កម្ពុជា​ ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បន្ត​បង្កើន​ការ​គាប​សង្កត់​សិទ្ធិ​ប្រមូល​ផ្តុំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ បន្ទាប់​ពី​យុវជន​ចំនួន​បួននាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ដើម្បី​សួរ​នាំ​ អំពី​ការបញ្ចាំង​ភាព​យន្ត​ឯកសារ​ស្តី​ពី​ការ​ស្លាប់​របស់​លោក​ កែម ឡី។​

​អាជ្ញាធរ​នៅ​ក្នុង​ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​យុវជន​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ (Khmer Student Intelligent League Association)​ ចំនួន​បួន​រូប​កាលពី​ថ្ងៃ​អាទិត្យ​ នៅ​មុន​ពេល​ពួក​គេ​ត្រៀម​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាតខ្លី​ ផលិត​ដោយ​សារព័ត៌មាន​អន្តរជាតិ ​Al Jazeera ​ ដែល​មាន​រយៈពេល​ជាង​ ២០​នាទី​ បង្ហាញ​ពី​ការ​ធ្វើ​ឃាត​លោក​ កែម​ ឡី​ អ្នក​វិភាគ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន​ ​នៅ​កណ្តាល​រាជធានី។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ អាជ្ញាធរ​នឹង​មិន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ជួបជុំ​គ្នាក្នុង​ប្រទេស​នោះ​ទេ។ ហើយ​ការ​បង្ក្រាប​លើ​ក្រុម​យុវជន​មិន​ឲ្យ​បញ្ចាំង​ខ្សែ​រឿង​ឯកសារ ​ដែល​មាន​ភាពរសើប​ដល់​រដ្ឋាភិបាល​នេះ​ បាន​បង្ហាញ​ថា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​កំពុង​បន្ត​ស្ថិត​ក្នុង​គំនាបមួយដដែល។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា ​រឿង​ធូរ​មិន​ធូរ​ទេ។​ គេ​អាច​នឹង​បន្ត​ទៅ​ទៀត​ពីព្រោះ​ឥឡូវ​ធ្វើ​អី​គេ​ទាមទារ​ឲ្យ​សូម​ការ​ អនុញ្ញាត​ពី​សាលា​ក្រុង។​ វា​ខុស​អំពី​ផ្លូវ​ច្បាប់។តាម​ពិត​ទៅ​បើ​យើង​បញ្ចាំង​នៅ​ក្នុង​ទី​ស្នាក់ការ​នៅ​ក្នុង​អី​វា​មិន​បាច់​ត្រូវ​ជូន​ដំណឹង​ មិន​បាច់​ត្រូវ​សូម​ច្បាប់​ទេ។ វា​ទាល់​តែ​ពី​សាធារណៈ​ឬ​ក៏​តាម​អា​កន្លែង​ឯកជន​ដែល​ជា​សាធារណៈ​អី​ អា​ហ្នឹង​បាន​វា​អាច»។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចការ​អភិវឌ្ឍ​សង្គមប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​ ពុំ​មាន​គោលការណ៍​បើក​ចំហ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ដោយ​សេរី​នោះ​ឡើយ។​ លោក​ថា​ ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​យុវជន​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​ ជា​ការ​បន្ត​ធ្វើ​ឲ្យ​ខូច​មុខ​មាត់​របស់​ខ្លួន​បន្ថែម​ទៀត។ លោក​បញ្ជាក់​បន្ថែម​ថា​ រាជ​រដ្ឋាភិបាលនៅ​បន្ត​ភ័យខ្លាច​ចំពោះការ​ផ្ទុះ​ឡើង​បដិវត្តន៍​ពណ៌​ ដែល​នាំ​ឲ្យ​អាជ្ញាធរ​រារាំង​រាល់​សកម្មភាព​នានា​ ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្សោយ​របស់​រាជរដ្ឋាភិបាល។​

«គាត់​ធ្លាប់​និយាយ​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​ទៅ​លើ​ការ​កើត​មាន​លើ​បដិវត្តន៍​ពណ៌។ អញ្ចឹង​បដិវត្តន៍​ពណ៌ វា​កើត​ឡើង​ពី​រឿង​បន្តិចៗ​ អញ្ចឹង​ទៅ​បាន​ជា​គេ​ខំ​កាល​ណា​មាន​រឿង​អី​មួយ​….គេ​ប្រញ៉ាប់​ធ្វើ​ការ​ហាមឃាត់​បង្ក្រាប​អី​ឲ្យ​ហើយ​អញ្ចឹង​ទៅ»។

ឯកសារ​៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)
ឯកសារ​៖ លោក​បណ្ឌិត មាស នី អ្នកស្រាវជ្រាវ​ខាង​ការអភិវឌ្ឍ​សង្គម នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA នៅ​រាជធានី​ភ្នំពេញ ក្នុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)

លោក​បាន​ប្រាប់ ​VOA ​បន្ថែម​ថា៖

«តាម​ពិត​ នៅ​ក្នុង​ច្បាប់​មែនទែន ​បើ​ប្រជុំ​ត្រឹម​២០​ទៅ​៣០​នាក់​ ហើយ​បញ្ចាំង​រឿង​មួយ​ដែល​គេ​បាន​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក​អស់​ទៅ​ហើយ​ហ្នឹង ​វា​មិន​មាន​រឿង​អី​ដែល​ត្រូវ​ទៅ​ហាមឃាត់​ទេ។ ហើយ​បើ​ថា ​ហាមឃាត់​ក៏​វា​មិន​មាន​ប្រសិទ្ធភាព​ទេ។ រឿង​អស់​ហ្នឹង​វា​បាន​បែក​ធ្លាយ​ទៅ​សាធារណជន​គ្រប់​ច្រកល្ហក​អស់​ហើយ​ហ្នឹង»។

អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​ ខ្សែ​ភាពយន្ត​ដែល​ផលិត​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ Al Jazeera ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កាតា (Qatar)​ ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​អស់​រយៈ​ជាង​មួយ​ខែ​មក​ហើយ​ ដោយ​ពុំ​មាន​ប្រតិកម្ម​ពី​ភាគី​ពាក់ព័ន្ធ​ណា​មួយនោះ​ឡើយ។ ដូច្នេះ លោក​យល់​ឃើញ​ថា​ រដ្ឋាភិបាល​នឹង​មិន​ចំណេញ​អ្វី​ពី​ការ​រារាំង​លើ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ពាក់ព័ន្ធ​នឹង​កិច្ច​ស៊ើប​អង្កេត​ទៅ​លើ​ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ នេះ​ឡើយ។

មន្ត្រី​ប៉ូលិស​មួយ​រូប​ ដែល​បាន​អះអាង​ថា​ ខ្លួន​ធ្វើ​ការ​ក្រោម​បញ្ជា​របស់​លោក​ ទៀង​ ចន្ទសារ​ អធិការ​នគរបាល​ខណ្ឌ​ឬស្សីកែវ​ បាន​ការពារ​ការ​បង្រ្កាប​របស់​អាជ្ញាធរ​ទៅ​លើ​យុវជន​ដែល​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ផលិត​ដោយ​បណ្តាញ​ផ្សព្វផ្សាយ Al Jazeera ​នោះ។ លោក​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មិន​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ក្រុម​យុវជន​ទាំង​នោះ​ឡើយ។ លោក​បន្ថែម​ អាជ្ញាធរ​គ្រាន់​តែ​ណែនាំ​ យុវជន​ទាំង​នោះ​មិន​ឲ្យ​បង្ក​ភាព​អនាធិបតេយ្យ​ប៉ុណ្ណោះ។​

«ករណី​នេះ​មិន​មែន​ជា​ការ​ចាប់​ខ្លួន​ មិន​មែន​ជា​ការ​ឃាត់​ខ្លួន​ទេ។​ ក្រុម​យុវជន​ហ្នឹង​គាត់​បាន​ធ្វើ​ការ​បញ្ចាំង​ភាព​អនាធិបតេយ្យ។ អញ្ចឹង​ទៅ​ គឺ​អាជ្ញាធរ​ ហើយ​និង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើ​ការណែនាំ​ ឈាន​ដល់​ការ​អប់រំ​ ហើយ​ឲ្យ​វិល​ត្រឡប់​មកមាន​សេរីភាព​ដូច​ធម្មតា​ អត់​មាន​ការ​ឃាត់ខ្លួន​អី​ណ៎ា​ ពីជម្រាប​គាត់​គឺ​អញ្ជើញ​ឲ្យ​គាត់​ទៅ​ដោយ​ស្ម័គ​ចិត្ត»។​

​VOA​ ព្យា​យាម​លើក​សំណួរ​បន្ថែម​ ពាក់ព័ន្ធ​នឹង​ការហាម​ឃាត់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​នេះ​ តែ​មន្ត្រី​ប៉ូលិស​ដែល​បដិសេធ​មិន​ផ្តល់​ឈ្មោះ​រូបនេះ​ បាន​ដាក់​ទូរស័ព្ទចុះ។​

លោក​ មួង​ សូនី​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវ័ន្ត​ខ្មែរ​ ប្រាប់ VOA ថា ​លោក​មិន​មាន​គោលបំណង​បង្ក​ភាព​អនាធិបតេយ្យ​ដោយ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​បង្ហាញ​ពី​ការ​បាញ់​សម្លាប់​លោក​ កែម ឡី ​នោះ​ទេ។​ លោក​អះអាង​ថា អាជ្ញាធរ​ទំនង​ជាព្រួយ​បារម្ភ​អំពី​ការ​ខាតបង់​ប្រយោជន៍​នយោបាយ​ ដូច្នេះ​ពួកគេ​ខិត​ខំ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ខ្លី​នេះ។

លោក​ មួង​ សូនី បញ្ជាក់​ថា៖

​«រឿង​ហ្នឹង​បើ​ខ្ញុំ​មើល​ទៅ​ទិដ្ឋភាព​នយោបាយ​ច្រើន​ជាង។ ទី​មួយ​គឺ​ថា​ គឺ​គេ​ហៅ​ថា​ នយោបាយ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ។ ខ្ញុំ​ឃើញ​ថា​ ​រឿង​នេះ​ វា​បាន​កើត​ច្រើន​មក​ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ ស្អី​ក៏​ច្បាប់ៗ។ ហើយ​ទំនង​ តាម​ពិត​ទៅ​វា​អត់​មាន​ច្បាប់​អី​សុំ​ឲ្យ​ទេ​ វា​អត់​មាន​ទេ​ នៅ​ក្នុង​មាត្រា​ណា​ ច្បាប់​ណា វា​អត់​មាន​ ដូច​ខ្ញុំ​សួរ​គាត់​ ក៏​គាត់​អត់​មាន​និយាយ​រឿង​ហ្នឹង​ គាត់​អត់​ឆ្លើយ​ហ្មង។​ អញ្ចឹង​វា​អត់​ខុស​ច្បាប់។​ អញ្ចឹង​វា​ទាក់​ទង​នឹង​ទិដ្ឋភាព​នយោបាយ»។

ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី​របស់​បណ្តាញ​ផ្សព្វផ្សាយ​ Al Jazeera ​អ្នក​យក​ព័ត៌មាន​នៃ​បណ្តាញ​ព័ត៌មាន​ដ៏​ធំ​មួយ​នេះ​ បាន​ខិតខំ​ជីក​កកាយ​រក​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​ប្រហារ​លោក​ កែម​ ឡី​ តាម ​រយៈ​ការ​ចុះ​សម្ភាសន៍​ផ្ទាល់​ភរិយា​របស់​លោក​ កែម​ ឡី​ គឺ​អ្នកស្រី​ ប៊ូ​ រចនា​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ និង​អ្នក​ស្គាល់​ជន​សង្ស័យ​ជា​ឃាតករ​ ដែល​អះ​អាង​ថា​ ឈ្មោះ​ ​ជួប​ ​សម្លាប់។

យ៉ាង​ណា​ក៏​ដោយ​ គេ​មិន​អាច​ទាញ​ការ​សន្និដា្ឋន​បាន​ថា​ នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​ស្លាប់​របស់​លោក​ កែម​ ឡី ​ពី​ឯកសារ​ភាពយន្ត​នោះ​ទេ។​ ឯកសារ​ខ្លី​នេះ​បាន​បង្ហាញ​ការ​បកស្រាយ​ផ្ទុយ ​គ្នា​របស់​ភាគី​រដ្ឋាភិបាល​ និង​ភាគី​ជន​រងគ្រោះ​ ក្នុង​ការ​បំភ្លឺ​ភស្តុតាង​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក​ កែម ​ឡី។ ខ្សែ​ភាពយន្ត​ឯកសារ​នេះ​ ត្រូវ​គេ​ជឿ​ថា​ បាន​ទិតៀន​ខ្លាំង​ទៅ ​លើ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ ចំពោះ​ឃាតកម្ម​លើ​លោក​ កែម​ ឡី។​ ​

លោក​ កែម ​ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​ក្នុង​ហាង​ទំនិញ​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច​ (Caltex) ក្នុង​ខណ្ឌ​ចំការមន​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ឆ្នាំ​២០១៦។​ ការ​ស្លាប់​របស់​លោក​កើត​មាន​ឡើង​ ក្រោយពី​លោក​បាន​ផ្តល់​សេចក្តី​អធិប្បាយ​ដល់​អ្នក​សារព័ត៌មាន​អំពី​របាយការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន ​ដោយ​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អាមេរិក។​

ឯកសារ​៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
ឯកសារ​៖ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

ខ្សែ​ភាពយន្ត​ឯកសារ​ពីរ​ផ្សេង​ទៀត​ ដែលអាជ្ញាធរ​មិន​ពេញ​ចិត្ត​ក្នុង​ការ​ដាក់​ឲ្យ​បញ្ចាំង​ជា​សាធារណៈ​នោះ​ រួម​មាន​ រឿង​«នរណា​សម្លាប់ ​ជា វិជ្ជា?» និង​រឿង​ «ខ្ញុំ​ ជា​ ឈុត​ វុទ្ធី »។ អ្នក​ទាំង​ពីរ​គឺ​ជា​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ និង​ការពារ​បរិស្ថាន​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ពេល​កន្លង​មក។​ រហូត​មកដល់​ពេល​នេះ​ គ្មាន​ឃាតករ​ពិតប្រាកដ​ណាមួយ​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស​នោះ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​អ្នក​ទាំង​នេះ៕

XS
SM
MD
LG