រដ្ឋាភិបាលកម្ពុជានៅសប្ដាហ៍នេះ បានប្រកាសផ្ដល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួង ស្ថាប័ន ដើម្បីរើសមន្ត្រីក្របខណ្ឌថ្មី និងមន្ត្រីជាប់កិច្ចសន្យាជាច្រើនម៉ឺននាក់សម្រាប់ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសដែល VOA បានទទួល។
សេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈចេញកាលពីថ្ងៃព្រហស្បតិ៍ សរសេរថា៖ «រាជរដ្ឋាភិបាលបានយល់ព្រមផ្ដល់គោលការណ៍ជ្រើសរើសក្របខណ្ឌមន្ត្រីថ្មី ដែលក្នុងនោះមន្ត្រីក្របខណ្ឌស៊ីវិលមានចំនួន៥,៩៩៦ កន្លែងមន្ត្រីជាប់កិច្ចសន្យាជិត២ម៉ឺននាក់ ដើម្បីបំពេញមុខងារសាធារណៈនានានៅតាមស្ថាប័នរបស់រដ្ឋាភិបាល»។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈបានប្រាប់ VOA តាមទូរសព្ទថារាជរដ្ឋាភិបាលតែងតែជ្រើសរើសមន្ត្រីរាជការថ្មីជារៀងរាល់ឆ្នាំទាំងមន្ត្រីក្របខណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា ទៅតាមចំនួនមន្ត្រីដែលចូលនិវត្តន៍និងតម្រូវការបន្ថែម។
លោកបាននិយាយថា៖
«បាទ! ឆ្នាំកន្លងមក យើងរើសដូចគ្នាហ្នឹង គោលការណ៍ជាការសម្រេចរបស់រដ្ឋាភិបាលគឺយើងរើសផ្អែកលើចំនួនចូលនិវត្តន៍។ មានន័យថាចូលនិវត្តន៍ប៉ុន្មាន យើងរើសប៉ុណ្ណឹង»។
លោកបានបន្ថែមថាឆ្នាំនេះ មានមន្ត្រីក្របខណ្ឌដែលត្រូវចូលនិវត្តន៍ជិត៤,០០០នាក់ ប៉ុន្តែវិស័យសុខាភិបាលនិងវិស័យអប់រំត្រូវការមន្ត្រីបន្ថែមដើម្បីឆ្លើយតបនឹងចំនួនប្រជាជនដែលកំពុងកើនឡើង។
លោកបានបន្តថា៖
«យើងឃើញសេវាហ្នឹងវាកើន វារីកណាស់ដោយសារចំនួនប្រជាជនរបស់យើងកើនឡើងរហូត មានអត្រាកំណើន ជាប្រទេសក្មេង អ៊ីចឹង។ យើងត្រូវការសេវាអប់រំនិងសេវាសុខាភិបាលហ្នឹងបន្ថែមទៀត។ អ៊ីចឹង អ្នកទាំងអស់គ្នាហ្នឹងនឹងទៅជួយការងារនៅក្នុងវិស័យហ្នឹង ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតបាទ»។
សម្រាប់ក្របខណ្ឌឆ្នាំ២០១៩ នេះ ក្រសួងសុខាភិបាលត្រូវការជ្រើសរើសមន្ត្រីក្របខណ្ឌបន្ថែមចំនួន១,៣០០កន្លែង និង៣,៦០០កន្លែងសម្រាប់ក្រសួងអប់រំ យុវជននិងកីឡា ហើយមន្ត្រីរាជការដែលកំពុងបម្រើការងារសព្វថ្ងៃមានចំនួនសរុបជាង២០ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា។
ប៉ុន្តែ ការរើសមន្ត្រីក្នុងលក្ខណៈច្រើនបែបនេះ មានទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន។នេះបើយោងតាមលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
លោកបាននិយាយថា ចំណុចវិជ្ជមាននោះគឺយុវជនដែលមានសមត្ថភាពអាចមានឱកាសបម្រើការងាររដ្ឋាភិបាល និងទទួលបានបទពិសោធន៍ការងារបន្ថែម។
លោក ព្រាប កុល បានបន្ថែមថា៖
«ហើយចំណុចអវិជ្ជមានគឺបើសិនជាមិនមានតម្រូវការជាក់ស្ដែង មិនមានតម្រូវការនៅក្នុងការបំពេញការងារ ដែលទាមទារឲ្យមានចំនួនមន្ត្រីថែមហើយយើងរើសចូល វាអាចជាការកើននូវចំណាយថវិកាជាតិ»។
ទោះយ៉ាងណា លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈច្រានចោលក្ដីបារម្ភនេះ ដោយលោកអះអាងថា ការរើសមន្ត្រីរាជការដើម្បីបម្រើការងារនេះ មិនមានប៉ះពាល់ដល់ថវិកាជាតិឡើយ។
ទិន្នន័យចុះផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យដឹងថាសម្រាប់ឆ្នាំ២០១៩នេះរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកាជាតិសរុបចំនួន ២៥លានលានរៀលស្មើនឹងជាង៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះចំណាយសម្រាប់បុគ្គលិករួមទាំងមន្ត្រីក្របខណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា ត្រូវបានគ្រោងចំនួនជាង៧លានលានរៀលស្មើនឹងជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕