ក្រុមមន្ត្រីកម្ពុជាថ្លែងនៅសប្តាហ៍នេះថា ការតវ៉ានៅប្រទេសថៃដែលរីកធំជាងពេលណាៗទាំងអស់ គិតចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ មកនោះ មិនអាចកើតឡើងនៅកម្ពុជានោះទេ ហើយកម្ពុជាក៏មិនលូកដៃចូលកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃដែរ។
ការតវ៉ាទ្រង់ទ្រាយធំដំបូងនៅប្រទេសថៃបានចាប់ផ្តើម តាំងពីថ្ងៃទី ១៨ ខែកក្កដា ហើយបានបន្តកើតមានស្ទើររាល់ថ្ងៃ ដោយក្រុមបាតុករដែលភាគច្រើនជាសិស្សនិងនិស្សិត មានគោលបំណងទាញយកមកវិញនូវប្រព័ន្ធប្រជាធិបតេយ្យ ខណៈប្រទេសថៃនៅពេលនេះត្រូវរដ្ឋាភិបាលដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងក្នុងស្ថានភាពមានអាសន្ន ក្នុងពេលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្រោយរដ្ឋប្រហារយោធានៅឆ្នាំ ២០១៤ ប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ដែលជាឧត្តមសេនីយ៍យោធាចូលនិវត្តន៍មួយរូប។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា កម្ពុជាមិនជ្រៀតជ្រែកអធិបតេយ្យភាពរបស់ប្រទេស ក្នុងក្របខណ្ឌសមាគមអាស៊ាននោះទេ។
«យើងនៅអាស៊ាន យើងមិនលូកដៃកិច្ចការផ្ទៃក្នុងរបស់ប្រទេសផងគ្នាទេ»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា ស្ថានការណ៍នៅប្រទេសថៃស្ថិតក្នុងបរិបទផ្សេងគ្នាពីកម្ពុជា។
«ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាប្រកាន់ភ្ជាប់នូវគោលការណ៍អធិបតេយ្យភាពនិងគោលការណ៍នីតិរដ្ឋបានន័យថា យើងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេ ហើយក៏មិនអនុញ្ញាតឲ្យប្រទេសដទៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើងដែរ។ ហើយយើងប្រកាន់ភ្ជាប់នូវការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ គឺបានន័យថា ឲ្យតែអ្នកណាដែលបំពានច្បាប់ ទោះបីប្រឆាំងមិនប្រឆាំងក៏ដោយ គឺឲ្យតែមានមូលដ្ឋានច្បាស់លាស់ បង្កើតបានទៅជាបទល្មើស អាហ្នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់»។
លោក ជិន ម៉ាលីន ដែលជាអ្នកនាំពាក្យក្រសួងយុត្តិធម៌និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ និយាយថា មានក្រុមដែលមាននិន្នាការប្រឆាំងមួយចំនួន ក្នុងប្រទេសកម្ពុជាតែងតែចង់បង្កចលនាតវ៉ាក្នុងប្រទេស តាមរយៈការញុះញង់។
«ចំណែកឯការញុះញង់បំផុសបំផុលឲ្យអ្នកនៅខាងក្នុងធ្វើសកម្មភាពប្រឆាំងបះបោរ ពីសំណាក់ក្រុមប្រឆាំង និងអង្គការចាត់តាំងខុសច្បាប់នៅក្រៅស្រុកហ្នឹង ប្រហែលជាមិនមានឥទ្ធិពលអីទេ ពីព្រោះប្រជាពលរដ្ឋភាគច្រើន គឺគេបានដឹងពីល្បិចកិច្ចកល់របស់ពួកអស់ហ្នឹងហើយ ហើយគេអាចទទួលយកបាននូវសន្តិភាពនិងការអភិវឌ្ឍ ដែលគេកំពុងតែមាននៅពេលបច្ចុប្បន្ន»។
នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមយុវជនសកម្មជននិងសាច់ញាតិនៃមន្ត្រីគណបក្សសង្គ្រោះជាតិតែងតែចេញមកតវ៉ាក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងអតីតសកម្មជនគណបក្សជំទាស់យ៉ាងតិច ១៥ នាក់ ដែលកំពុងជាប់ឃុំ។ ហើយចុងក្រោយ គឺទាមទារឲ្យមានការដោះលែងមេដឹកនាំសហជីពដ៏មានប្រជាប្រិយភាពមួយរូបគឺលោក រ៉ុង ឈុន ដែលត្រូវបានចាប់ដាក់ក្នុងពន្ធនាគារ ទាក់ទងនឹងការរិះគន់បញ្ហាព្រំដែន។
នៅឯក្រៅប្រទេសឯណោះ លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងបានប្រកាសជាញឹកញាប់ឲ្យពលរដ្ឋកម្មករនិងយោធាក្រោកបះបោរប្រឆាំងរដ្ឋាភិបាលកម្ពុជា។ លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង និងក្រុមមន្ត្រីរបស់លោកជាច្រើនទៀត បានចោទថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើពុករលួយ។
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សកាន់អំណាចនៅកម្ពុជា មិនជឿថា ព្រឹត្តការណ៍នៅប្រទេសថៃអាចផុសឡើងនៅកម្ពុជាទេ ដោយហេតុថា សម្តីញុះញង់របស់មេដឹកនាំបក្សជំទាស់គឺលោក សម រង្ស៊ី ពីក្រៅប្រទេសលែងប្រៃដូចមុនហើយ។
«វាអត់ផ្លូវទេរឿងហ្នុងនោះ ពីព្រោះទណ្ឌិតហ្នឹងបំផុសពីក្រៅ...មកខ្លួនឯងមិនហ៊ានចូលមក។ បំផុសញុះញង់ដុតកំហឹងអ្នកនៅក្នុងស្រុក ឲ្យងើបបះបោរ ហើយមិនមែនត្រឹមតែដុតកំហឹងប្រជាជនទូទៅទេ ដុតកំហឹងទីមួយកងទ័ពឲ្យបែរកាណុងមកប្រឆាំងរាជរដ្ឋាភិបាល។ ទីពីរបំផុសកំហឹងកម្មករនិយោជិត ដែលកំពុងបាត់បង់ការងារមួយចំនួនហ្នឹង ឲ្យងើបបះបោរ។ សួរថាតាំងពីហ្នុងមកហើយ ជាពិសេសតាំងពីកើតកូវីដមកហើយ ដែលរោងចក្រមួយចំនួនបិទ ហើយកម្មករមួយចំនួនអត់ការងារធ្វើហ្នឹង តើកម្មករងើបបះបោរប៉ុន្មានហើយ? អត់មានទេ!»
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបន្ថែមថា ពលរដ្ឋកម្ពុជាក៏ពេញចិត្តនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយលោកបកស្រាយថា ប្រជាពលរដ្ឋខ្មែរជាង ៨០ ភាគរយ បានចេញទៅបោះឆ្នោតកាលពីឆ្នាំ ២០១៨ ដោយមិនខ្វល់អំពីការអំពាវនាវរបស់លោក សម រង្ស៊ី មិនឲ្យទៅបោះឆ្នោតនោះទេ។
នៅប្រទេសថៃបាតុកម្មដំបូងបានចាប់ផ្តើម កាលពីដើមឆ្នាំនេះ បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃរំលាយគណបក្សអនាគតថ្មី កាលពីថ្ងៃទី២១ ខែកុម្ភៈ និងបានហាមឃាត់មិនឲ្យមេដឹកនាំរបស់គណបក្សនេះ គឺលោក Thanathorn Juangroongruangki ធ្វើនយោបាយ រយៈពេល ១០ ឆ្នាំ។
គណបក្សអនាគតថ្មីនេះទទួលបានការគាំទ្រច្រើនលំដាប់ទីបី ក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០១៩ ដែលភាគច្រើនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង។ ទោះជាយ៉ាងណាក្ដី បាតុកម្មនានាត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅពេលមានការរាតត្បាតជំងឺកូវីដ១៩។ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បាតុកម្មបានបន្តធ្វើឡើងដោយមានការចូលរួមពីអ្នកតវ៉ាជាច្រើននាក់ ដែលមិនធ្លាប់ចូលរួមការប្រមូលផ្តុំតវ៉ាខាងនយោបាយ។
បើតាមកាសែត The New York Times របស់សហរដ្ឋអាមេរិក មានបាតុករចំនួនប្រមាណ ១ម៉ឺននាក់ ដែលភាគច្រើនជាអ្នកចូលរួមដំបូងក្នុងការប្រមូលផ្តុំខាងនយោបាយនោះ បានមកជួបជុំគ្នានៅក្នុងទីក្រុងបាងកកដើម្បីទាមទារ «ការផ្លាស់ប្តូរ» នៅក្នុងប្រទេសដែលយោធាបានប្រើឥទ្ធិពលសព្វាវុធរបស់ខ្លួន មកចាត់ចែងនយោបាយ ជាជាងការប្រើប្រាស់ហិបឆ្នោត។ កាសែតនេះបានដកស្រង់សម្តីរបស់សិស្សអាយុ ១៥ ឆ្នាំមួយរូប ដែលច្រៀងនៅលើឆាក តាមលំនាំបទកុមារមួយថា៖ «ពួកយើងមិនស្អប់ប្រទេសយើងទេ ប៉ុន្តែពួកយើងស្អប់លោក Prayuth Chan-ocha។ យើងមិនចង់បានរបបផ្តាច់ការទេ»។
បាតុកម្មមិនបានកើតឡើងតែនៅក្នុងទីក្រុងបាងកកទេ តែវាបានរីករាលដាលនៅទូទាំងប្រទេសថៃដែលស្តេចរបស់ប្រទេសនេះ មិនអាចនរណារិះគន់បានឡើយ។ រហូតមកទល់ពេលនេះ អ្នកដឹកនាំនិងចូលរួមបាតុកម្មយ៉ាងតិច ៥ នាក់ត្រូវបានចាប់ខ្លួន តែមានមួយចំនួនត្រូវបានដោះលែងវិញ។ ហើយមានអ្នកតវ៉ាប្រមាណ ៣០ នាក់ទៀតកំពុងប្រឈមការចាប់ខ្លួន។
នៅកម្ពុជាវិញ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ ត្រូវបានរំលាយនៅឆ្នាំ ២០១៧ពោលគឺនៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ ក្រោមការចោទប្រកាន់ថា រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ការរំលាយនេះធ្វើឡើង ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា។
លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ មានប្រសាសន៍ថា ការតវ៉ានៅប្រទេសថៃបានកើតឡើង ដោយសារការយល់ដឹងរបស់ពលរដ្ឋថៃមានកម្រិតខ្ពស់ ជាងពលរដ្ឋកម្ពុជា។ លោកបន្តថា បាតុករថៃមិនបានរងសម្ពាធខាងនយោបាយ និងផ្លូវតុលាការទេ ពោលគឺបាតុករត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់ថៃ ប៉ុន្តែក្រុមបាតុករមិនអាចប្រមាថព្រះមហាក្សត្របានឡើយ។
«អ៊ីចឹងហើយការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋថៃហ្នឹង គឺជាការធ្វើបាតុកម្មស្របច្បាប់មួយ ដែលទាំងប្រជាពលរដ្ឋនិស្សិតបញ្ញវន្ត ឬគណបក្សនយោបាយហ្នឹង គេងើបធ្វើបាតុកម្មអហិង្សា ប៉ុន្តែហាមប៉ះពាល់សិទ្ធិរបស់ព្រះមហាក្សត្រ។ អ៊ីចឹងគឺថា សម្ពាធនយោបាយមិនអាចដាក់សម្ពាធទៅប្រជាពលរដ្ឋរបស់ប្រទេសថៃទេ ដោយសារការចេះដឹងរបស់ប្រជាពលរដ្ឋគេ»។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ ស(Human Rights Watch) ប្រចាំនៅតំបន់អាស៊ីពន្យល់ថា អ្នកតវ៉ានៅប្រទេសថៃចង់ឲ្យបញ្ចប់ការយាយី និងការរំលោភសិទ្ធិមនុស្ស ហើយពួកគេក៏ចង់បានការបោះឆ្នោតថ្មីមួយ និងរដ្ឋធម្មនុញ្ញថ្មីមួយ ដែលជំនួសរដ្ឋធម្មនុញ្ញដែលរដ្ឋាភិបាលយោធាបានពង្រាងឡើង។
លោកបន្តថា ក្រុមអ្នកតវ៉ាមួយចំនួនក៏កំពុងអំពាវនាវឲ្យពិនិត្យឡើងវិញតួនាទីរបស់អង្គព្រះមហាក្សត្រ ក្នុងប្រព័ន្ធនយោបាយថៃ ដែលនឹងឈានដល់ការកែទម្រង់ ដើម្បីធានាថា ស្ថាប័នព្រះមហាក្សត្រជាស្ថាប័នថ្មីមួយ ដែលគ្មានតួនាទីនៅក្នុងការកាន់អំណាច ឬក៏នយោបាយ។
លោក Phil Robertson មិនប្រាកដថា ការតវ៉ានៅប្រទេសថៃអាចនឹងជះឥទ្ធិពលត្រឹមកម្រិតណាមកលើប្រទេសកម្ពុជាទេ ប៉ុន្តែលោកថា យុវជននិងនិស្សិតនៅកម្ពុជាទំនងជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីអ្វីដែលបានកើតឡើង នៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យនៅប្រទេសថៃ។
លោកបានអធិប្បាយតាមន័យដើមថា៖ «ទោះបីជាយ៉ាងណាក៏ដោយ និស្សិតនៅប្រទេសកម្ពុជាប្រឈមនឹងការលំបាកនិងគ្រោះថ្នាក់ច្រើន ដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេដឹកនាំផ្តាច់ការចាក់ឫសដោយមានប្រវត្តិនៃការប្រើប្រាស់អំពើហិង្សា ដើម្បីក្រាញមិនចោលអំណាចរបស់គាត់»។
លោកបន្ថែមថា៖ «នៅប្រទេសថៃ មានបញ្ហាសិទ្ធិមនុស្សជាក់ស្តែង នៅចំពោះមុខជាច្រើន ដែលត្រូវដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានបែបផែននៃការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យទាំងស្រុង ដូចដែលបានកើតឡើងនៅកម្ពុជាទេ»។
លោកបន្ថែមថា តួនាទីរបស់ប្រទេសចិនក៏ជា «ជន្ទល់» សម្រាប់រដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបណ្ឌិត មាស នី អ្នកនយោបាយកម្ពុជា និយាយថា ស្ថានភាពនៅថៃអាចលេចចេញជារូបរាងនៅកម្ពុជាបាន ឬមិនបានអាស្រ័យលើបែបផែននៃការដឹកនាំ ពាក់ព័ន្ធនឹងការគោរពសិទ្ធិពលរដ្ឋនិងការដើរតាមបន្ទាត់នៃដំណើរការប្រជាធិបតេយ្យ។
«បញ្ហាស្រុកខ្មែរវាដូចថៃ ឬមិនដូច វាអាស្រ័យទៅលើរដ្ឋាភិបាលទេ។ បើសិនជាអត្តចរិតរបស់រដ្ឋាភិបាល គាត់មិនមានច្រកអីផ្សេងទេ មានតែការគាបសង្កត់បន្ថែម មានតែការគំរាមអីនោះ អាហ្នឹងវាពិបាកទស្សន៍ទាយណាស់អារឿង។ មនុស្សមនុស្សរស់នៅជាប់ព្រំដែនគ្នា»៕