នាយករដ្ឋមន្ត្រីថៃលោក Prayuth Chanocha បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុមបាតុករ«ធ្វើហួសហេតុពេក» បន្ទាប់ពីពួកគេស្នើឲ្យមានផែនការមួយដែលមាន ១០ ចំណុចសម្រាប់ធ្វើកំណែទម្រង់របបរាជានិយម។ របបរាជានិយមថៃជារឿយៗត្រូវបានគេចាត់ទុកថា គឺជាស្ថាប័នដ៏វិសិដ្ឋ(ឬពិសិដ្ឋ) នៅក្នុងប្រទេសថៃ។
បាតុករចំនួនប្រមាណពី ៣.០០០ ទៅ ៤.០០០ នាក់ ដែលភាគច្រើនគឺជានិស្សិតបាននាំគ្នាឈរនៅក្នុងសាកលវិទ្យាល័យ Thammasat ដែលស្ថិតនៅជាយក្រុងបាងកក កាលពីយប់ថ្ងៃច័ន្ទ និងបានស្រែកឃ្លាថា «ជយោ! លទ្ធិប្រជាធិបតេយ្យ»។
និស្សិតមួយចំនួនបានថ្លែងសុន្ទរកថា ហើយនិស្សិតជាច្រើនទៀតបានទាមទារឲ្យលោក Prayuth ចុះចេញពីតំណែង។ លោក Prayuth បានក្លាយជានាយករដ្ឋមន្ត្រីតាមរយៈការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ ហើយមនុស្សជាច្រើនចាត់ទុកលោកថា ជានិមិត្តរូបនៃការក្តោបក្តាប់អំណាចរបស់យោធានៅក្នុងនយោបាយថៃ។
ក្រុមបាតុករមកពីក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនៃសាកលវិទ្យាល័យ Thammasat ស្នើឲ្យមានផែនការមួយដែលមាន ១០ ចំណុច ដើម្បីធ្វើកំណែទម្រង់របបរាជានិយម។
ផែនការនោះរួមមានការដកបទបញ្ជាឆ្នាំ២០១៩ ដែលបានផ្ទេរការិយាល័យយោធាចំនួនពីរទៅឲ្យស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីព្រះមហាក្សត្រ ក៏ដូចជាច្បាប់មួយកាលពីឆ្នាំ២០១៧ ដែលផ្ដល់សិទ្ធិពេញលេញដល់ព្រះមហាក្សត្រថៃក្នុងការត្រួតត្រាទាំងស្រុងនូវទ្រព្យសម្បត្តិរបស់រាជវង្សផងដែរ៕