ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បដិសេធ​​សំណើ​របស់​អ.ស.ប​ឲ្យ​ផ្តល់​សេរីភាព​ដល់​អង្គការ​សង្គមស៊ីវិល


រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស​​ ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​​ដែល​ថា​ មានការ​គំរាម​កំហែង​ទាំង​​នោះ​ ​ព្រមទាំង​បដិសេធ​មិន​ដោះ​លែង​សកម្មជន​​ផ្សេងៗ​ដែល​កំពុង​ជាប់​ឃុំ​ តាម​ការ​អំពាវនាវ។​

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មន្ត្រី​រដ្ឋាភិបាល​និង​គណបក្ស​កាន់​អំណាច​ ​ទាត់ចោលការ​អំពាវ​នាវ​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជា​ជាតិ ​(អ.ស.ប)​ ​ដែល​សុំ​ឲ្យ​មាន​ការដោះលែង​សកម្មជនដែល​កំពុង​ជាប់​ឃុំ​ ​មុនការ​បោះ​ឆ្នោតឆ្នាំ​២០១៨ ដោយ​លើក​ហេតុផល​ថាជា​ ​«ការ​លូកលាន់​ផ្ទៃក្នុង​ដែន​អធិបតេយ្យ​ភាព» ​និង ​ជា​ការ​«ឈ្លានពាន​ការ​សម្រេច​ចិត្ត​របស់កម្ពុជា»។​

កាលពី​ថ្ងៃពុធ​កន្លង​ទៅ​ ​ការិយាល័យ​ឧត្តម​ស្នងការ​ពិសេស​ទទួល​បន្ទុក​ផ្នែក​ ​សិទ្ធិ​មនុស្ស​ ​របស់​ អង្គការ​សហប្រជាជាតិ​ ​(អ.ស.ប)​ ​ក្នុង​តំបន់​អាស៊ាន​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ អំពាវនាវ​ឲ្យ​មាន​ការ​បើក​សិទ្ធិ​សេរីភាព​ឲ្យ​បាន​ទូលាយ​ឡើង​វិញ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។​

ក្នុង​សេចក្តី​ថ្លែងការណ៍​ ​ដែល​សរសេរ​ដោយ​ ​លោកស្រី​ ​កាទីយ៉ា​ ​ស៊ីរីហ្ស៊ី​ តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជា​ជាតិ​ក្នុង​តំបន់​អាស៊ាន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​ទោះ​ជា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​អាណត្តិ​នេះ​មាន​ភាព​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​អាណត្តិ​មុនៗ​ ​ប៉ុន្តែ​មាន​របាយការណ៍​ដែល​ទទួល​បានជា​ច្រើន​មុន​ការ​បោះឆ្នោតបង្ហាញ​ថា​ ​មាន​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​មួយ​ចំនួនរង​ការគំរាម​កំហែង​ ​និង​រារាំង​មិន​ឲ្យធ្វើ​យុទ្ធនាការ​បោះឆ្នោត​ ​ហើយ​ថា​មាន​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ចំនួន​ ​ក៏​បាន​រងការ​បំភិត​បំភ័យ​ ​និង​យាយី​រំខាន​ផងដែរ។​

លោកស្រី​ Katia Chirizzi ​តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ របស់​អ.ស.ប​ក្នុង​តំបន់​អាស៊ាន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​ (រូបថត​ពី​ហ្វេសប៊ុក​ Katia Chirizzi)
លោកស្រី​ Katia Chirizzi ​តំណាង​រង​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​ របស់​អ.ស.ប​ក្នុង​តំបន់​អាស៊ាន​ប្រចាំ​នៅ​ក្នុង​ទីក្រុង​បាងកក​ (រូបថត​ពី​ហ្វេសប៊ុក​ Katia Chirizzi)

យ៉ាងណា​ក៏​ដោយ​ មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើងដែល​ថា​ មានការ​គំរាម​កំហែង​ទាំងនោះ​ ​ព្រមទាំង​បដិសេធ​មិន​ដោះ​លែង​សកម្មជនផ្សេងៗ​ដែល​កំពុង​ជាប់​ឃុំ​ តាម​ការ​អំពាវនាវ។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ ​ប្រាប់ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​លើក​ឡើង​ពី​ភាព​អវិជ្ជមាន​នៅកម្ពុជា​ ​គឺ​ជា​ការ​តាក់តែង​សេចក្តី​ថ្លែងការណ៍​ដោយ​គ្មាន​មូល​ដ្ឋាន​ការ​ពិត។​ ​លោក​បន្ថែម​ថា​ ​ការ​លើកឡើង​ទាំង​នោះ​ ​គឺ​ជា «​ការ​លូកលាន់​ផ្ទៃក្នុង​ដែន​អធិបតេយ្យ​ភាព» ​និង​ជា​ ​«ការ​ឈ្លានពាន​ការ​សម្រេច​ចិត្ត​របស់កម្ពុជា»។

លោក​បញ្ជាក់​ថា៖​

«ជន​ដែល​ជាប់​ពិរុទ្ធ​ ​គឺ​ថា​ជាប់​បន្ទុកតុលាការ​ ​អាហ្នឹង​ជា​ការងារ​យុត្តិធម៌​ដែល​ទាំង​អស់គ្នា​រួមគ្នា​ប្រឆាំង​នឹង​និទណ្ឌភាព។​ ​ហើយ​គួរ​តែ​គាត់​រៀបចំ។​ ​និទណ្ឌភាព​នោះ​ហើយ​ដែល​ធានា​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សណ្តាប់ធ្នាប់​ស្ថិរភាព​សង្គម​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​តទៅ​ទៀត។​ ​អ្វី​ដែល​គាត់​និយាយ​មិន​ជា​ឆន្ទៈ​របស់​គាត់​ផ្ទាល់ទេ​ ​ប៉ុន្តែ​នីតិរដ្ឋ ​តុលាការ​ជា​ស្ថាប័ន​មួយ​ដែល​មាន​សមត្ថកិច្ច​ ​ដែល​ឈរ​ទៅ​លើ​អង្គការ​ហេតុ​អង្គច្បាប់​ហើយ​និង​នីតិវិធី»។

រូបឯកសារ៖ លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។
រូបឯកសារ៖ លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។

ស្រដៀង​គ្នា​នេះ​ដែរ​ ​លោក​ ​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ ​ប្រាប់​ ​VOA​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គាប​សង្កត់​ ​ឬ​គំរាម​កំហែង​ជន​ណាម្នាក់​នោះ​ទេ។​ ​លោក​បន្ថែម​ថា​ ​អង្គការ​សហប្រជាជាតិ​គួរ​ណែនាំ​ដល់​សកម្មជនគណ​បក្ស​ប្រឆាំង​ ​ឬ​សង្គម​ស៊ីវិល​ផ្សេងៗ​ឲ្យ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖

«គាត់​គួរ​ណែនាំ​សកម្មជន​គណបក្ស​ប្រឆាំង​ហ្នឹង​កុំ​ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ​ ​ជៀសវាង​កុំ​ឲ្យ​មានជាប់​ទោសទណ្ឌ​ហ្នឹង។​ ​មិនមែន​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​អនុវត្តច្បាប់​ហ្នឹង​ទៅ​ដោះ​លែង​អ្នក​មាន​ពិរុទ្ធភាព​នោះ​ទេ។​ ​វាត្រូវ​តែអំពាវ​នាវ​ឲ្យ​អ្នកប្រព្រឹត្ត​ល្មើស​ច្បាប់​នឹង​កុំ​ឲ្យ​បន្ត​អនុវត្ត​ប្រព្រឹត្ត​ល្មើស​ច្បាប់​តទៅ​ទៀត ​តែ​ប៉ុណ្ណឹង​ទេ»។​

រហូត​មក​ដល់​ពេល​នេះ​ ​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ​ជា​១៦​នាក់​ ​មន្រ្តី​ ​និង​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​៥​នាក់ រួម​ទាំង​អ្នកស្រី​ ​ទេព វន្នី​ ​សកម្មជន​បឹងកក់​ម្នាក់​ ​កំពុង​ជាប់​ឃុំឃាំង​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា។​ ​រដ្ឋាភិបាល​អះអាង​ថា​ ​ទោស​កំហុស​របស់​ពួកគេ​ម្នាក់ៗ​សុទ្ធ​តែជាការ​បង្ក​ឲ្យ​មាន​អសន្តិ​សុខ​ក្នុង​សង្គម​ ​ស្រប​ពេល​ដែល​មជ្ឈ​ដ្ឋានជាតិ​និង​អន្តរជាតិ​មួយ​ចំនួន​លើកឡើង​ថា ​ពួកគេ​រង​ការ​ចាប់​ឃុំ​ខ្លួន​ដោយ​មូលហេតុ​នយោបាយ​ ​និង​បានអំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ជាច្រើន​ដង។​

រូបឯកសារ៖ លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា។
រូបឯកសារ៖ លោក នី សុខា (ឆ្វេង) និង​លោក ណៃ វង់ដា (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា។

លោក​ ​អំ សំអាត​ ​ប្រធានការិយាល័យបច្ចេកទេសស៊ើប​អង្កេតនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ​ លើក​ឡើង​ថា​ ​លោក​គាំ​ទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្សអង្គការ​សហ​ប្រជា​ជាតិ​ដែល​បាន​អំពាវ​នាវ​ឲ្យ​មានការ​ដោះ​លែងសកម្មជន​សិទ្ធិមនុស្ស ​និង​បញ្ឈប់​ការ​គំរាម​កំហែង​លើ​សកម្ម​ជនផ្សេងៗ​ទៀត​មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ។​ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរ​តែ​ដោះ​លែង​សកម្មជន​ទាំង​នោះ​ឲ្យ​មានសេរី​ភាព​ ​ដើម្បី​បង្ហាញ​ថាការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ ​និង​ជៀសវាង​ការ​រិះគន់​ពី​អន្តរជាតិ​ជា​បន្តបន្ទាប់។​

លោក​ ​អំ សំអាត​ ​បន្ថែម​ថា៖​

«វា​អាច​នឹង​មាន​ការ​រិះគន់​ជា​បន្តបន្ទាប់​ ​ហើយ​ជាពិសេសអង្គការ​អន្តរ​ជាតិ​ ​សហគមន៍អន្តរជាតិ​គេនៅ​តែ​រិះគន់​ថា វា​ជា​សម្ពាធ​មួយ​នៃការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​ហ្នឹង»។​

កម្ពុជា​ទើប​តែ​បញ្ចប់ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ​កាលពី​ថ្ងៃទី៤​ ​ខែមិថុនា​ ​កន្លង​ទៅ។​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​នៅ​តែ​ឈ្នះ​នាំ​មុខ​ ​ដោយ​បាន​ប្រកាស​ថា​ ​ខ្លួនទទួល​បានសំឡេង​មេឃុំ​-សង្កាត់​ ​ដល់​ទៅ​១.១៥៨។​ ចំណែកគណបក្សសង្គ្រោះ​ជាតិ​របស់​លោក​ ​កឹម សុខា​ ​ទទួល​បាន​សំឡេង​ ​ជា​មេឃុំ-​សង្កាត់​ជិត​៥០០ ​នៅ​ទូទាំង​ប្រទេស​ ក្នុង​ចំណោម​ឃុំ​-សង្កាត់​សរុបចំនួន​១.៦៤៦៕

XS
SM
MD
LG