ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​​បន្ត​នីតិ​វិធី​លើ​បណ្តឹង​ដែល​ចោទ​ថា​ មាន​ការ​កិបកេង​លុយ​ពី​បុណ្យ​សព​លោក​ ​កែម ឡី


រូបថតឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)
រូបថតឯកសារ៖ រូបថតលោក កែម ឡី​ អ្នកវិភាគ​សង្គម​ ដែល​រងការ​បាញ់សម្លាប់​ ដាក់បង្ហាញ​នៅឯ​គេហដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​ នៅថ្ងៃទី២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/ VOA)

នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​និង​ជា​អតីត​គណៈ​កម្មការ​បុណ្យ​សព​លោក​បណ្ឌិត​ ​កែម ឡី​ ​មួយ​រូប​ក្នុង​ចំណោម​បី​រូប​ ​បាន​ចូល​បំភ្លឺនៅ​តុលាការ ​ដោយបដិសេធការ​ចោទ​ប្រកាន់​ក្នុង​បណ្តឹង​របស់​ប្រធាន​គណ​បក្ស​មួយ​ដែល​បាន​ចោទ​ថា លោក​ធ្វើ​ឲ្យ​បាត់​លុយ​បច្ច័យ​បុណ្យ។​ ​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ​បណ្តឹង​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្មភាព​ស្ម័គ្រចិត្ត​ ​និង​អំពើ​មនុស្ស​ធម៌។​

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស។ (រូបថត​ផ្តល់​ឲ្យ​លោក មឿន តុលា)

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់​ ​និង​ជា​សមាជិក​មួយរូប​នៃ​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត​ ​កែម ឡី​ បាន​បដិសេធ​ថា​ ​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កិបកេង​លុយ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ ​កែម ឡី​នោះ​ទេ​ ​ហើយ​ថា​ ​លោក​ស្នើឲ្យ​តុលាការ​តម្កល់​រឿង​ទុក​ឥត​ចាត់​ការ។​

លោក​ ​មឿន តុលា​ ​ថ្លែង​បែប​នេះ​ ​ក្រោយ​បញ្ចប់​ការ​ចូល​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ទៅ​តាម​បណ្តឹង​របស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ដែល​បាន​ប្តឹង​គណៈកម្មការ​បុណ្យ​សព​ចំនួន​បី​រូប​ ​ដែល​ក្នុង​នោះ​មាន​លោក​ ​មឿន តុលា​ ​មួយ​រូប​ផង​ ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា កិបកេង​លុយ​បុណ្យ​សព​របស់​លោក​បណ្ឌិត​ ​កែម ឡី។

លោក​ ​មឿន តុលា​ ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​តុលាការ នៅ​ថ្ងៃអង្គារ​នេះ​ថា​ ​កាល​ពី​ឆ្នាំ​មុន ​លោក​ជា​សមាជិក​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​លោក​ ​កែម ឡី​ ​ដែល​ទទួល​បាន​សិទ្ធិពី​ភរិយា ​និង​ម្តាយ​របស់​លោក​ ​កែម ឡី។​ ​លោក​បន្ត​ថា ​គណៈកម្មការ​រៀបចំ​បុណ្យ​សព​បានជួយ​តែ​ផ្នែក​បច្ចេក​ទេស​ ​សកម្មភាព​ទូទៅ​ ​ប៉ុន្តែមិនមាន​តួនាទី​កាន់​លុយ​ដែល​ជា​បច្ច័យ​បុណ្យ​នោះ​ទេ ​ហើយ​លោក​ថា បណ្តឹង​របស់​លោក​ ពេជ ស្រស់ ​ដែល​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា ក៏​មិនមាន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​លោកថា​ ​សមាជិក​គណៈកម្មការនេះ​បាន​កិបកេង​នោះ​ដែរ។​

លោក​ ​មឿន តុលា​ ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក​ ​ពេជ ស្រស់​ ថា៖​

«ការ​ចោទ​ប្រកាន់​អស់​ហ្នឹង​គឺ​ខ្ញុំ​បដិសេធ​ថា​ វា​អត់​ពិត​ ​ហើយ​ត្រង់​ថា​ ឆន្ទៈ​អ្នក​ប្តឹង​យ៉ាង​ណាៗ​នោះ​ ​ខ្ញុំសុំ​មិន​ធ្វើ​អធិប្បាយ​ទេ​ ​ទុក​ឲ្យ​សាធារណជន​អ្នក​សម្រេច​ចុះ»។

លោក​ ​មឿន តុលា​ ​បន្ថែម​ថា ទាក់ទង​នឹងបណ្តឹង​ដែល​ចោទ​ថា ​មានការបាត់​លុយ​បច្ច័យ​បុណ្យនោះ​ ​លោក​មិន​ទាន់ដឹង​ថា​ តើ​ដើម​បណ្តឹង​ប្តឹង​ចោទ​ប្រកាន់​បាត់​លុយ​ចំនួន​ប៉ុន្មាន​នោះ​ទេ​ ​ហើយ​ថា ព្រះ​រាជ​អាជ្ញា​រង​ក៏​មិន​ទាន់​សម្រេចចោទ​ប្រកាន់​ ឬ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ណា​មួយ​នៅ​ឡើយ​ទេ​ដែរ។​

​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​សារ​អេឡិច​ត្រូនិច​តេលេក្រាមពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នោះ​ ដោយ​សម្រង់​ន័យ​ដើម​ថា៖​ ​«អយ្យការ​អម​សាលា​ដំបូង​នឹង​បន្ត​ចំណាត់​ការ​តាម​នីតិវិធី»។​

លោក​ ​កែម ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ទៅ។​ ​មុន​ការ​ដង្ហែ​សព​លោក​ ​កែម ឡីទៅ​កាន់​ផ្ទះ​កំណើត​របស់​លោក​ក្នុង​ខេត្ត​តាកែវ​ ​គណៈ​កម្មការ​រៀបចំ​បុណ្យ​សព​ត្រូវ​បាន​បង្កើត​ឡើង​ ​ដើម្បី​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឲ្យ​បាន​អធិកអធម​ក្នុង​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ។​

ប៉ុន្មាន​ខែ​ក្រោយ​មក​ ​គ្រួសារ​របស់​លោក​ កែម ឡី​ ​បាន​ប្រារព្ធ​ខួប​បុណ្យ​សព​នៃ​ការ​ស្លាប់​របស់​លោក​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ ​និង​មាន​ព័ត៌មាន​ថា​ ​ពួកគេខ្វះខាត​ថវិកា​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​នោះ។​

កាលពី​ថ្ងៃទី​២២​ ​ខែ​កញ្ញា​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​គឺលោក​ ​គុជ ឡេង​ ​បាន​ចេញ​ដីកា​កោះ​ហៅ​អតីត​គណៈកម្មការ​ចំនួន​៣រូប​ ដែល​រៀបចំ​បុណ្យ​សព​របស់​លោក​ ​កែម ឡី​ ​ឲ្យ​ចូល​បំភ្លឺនៅ​ដើម​ខែ​តុលា​នេះ​ ​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​លើ​សេចក្តីទុក​ចិត្ត។​

លោក​ ​ស៊ឹង សែនករុណា​ ​មន្រ្តី​ផ្នែក​ស៊ើប​អង្កេតនៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ប្រាប់​ ​VOA ថា​ ​ករណី​បណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ដទៃ ​ខណៈ​ក្រុម​គ្រួសារ​អះអាង​ថា​ ពួកគេ​មិនមាន​ខាតបង់​អ្វី​នោះ​ ​គឺ​ជា​ករណី​ចម្លែក​ ​និង​គួរ​ឲ្យ​សង្ស័យ។​ ​លោក​បន្ថែម​ថា​ ​បណ្តឹង​របស់លោក​ ​ពេជ ស្រស់​ ​ដែលប្តឹង​អតីត​គណៈកម្មការ​បុណ្យ​សពលោក​ ​កែម ឡី​ ​ទាំង​បី​រូប​នោះ​ ​អាច​បណ្តាល​មក​ពី​លោក​ ​ពេជ ស្រស់ ​ចង់​ទទួល​បាន​ការ​គាំទ្រ​ក្នុង​នាម​ជា​អ្នក​នយោបាយ​មួយ​រូប។​

លោកស៊ឹង សែនករុណា​ ​មាន​ប្រសាសន៍​ថា៖​

«ធម្មតា​គាត់​អ្នក​នយោបាយ​ ​គាត់​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​បាន​ប្រជាប្រិយ​ភាព​ពី​ការ​គាំទ្រ​អី​ជា​ដើម។​ ប៉ុន្តែ​ចំពោះ​ករណី​នេះ ខ្ញុំ​គិត​ថា​ ​វា​មិនមែន​ជា​ការ​ធ្វើ​ឲ្យ​គាត់​មាន​ប្រជាប្រិយ​ភាព​ទេ​ ​ព្រោះ​វា​អាច​ធ្វើ​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​គាត់​ទៅ​វិញ​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ ​ការ​គាំទ្រ​អី​ផ្សេងៗ​អត់​មាន​ ​មានតែ​ការ​រិះគន់​ ​និង​ការ​ថ្កោល​ទោស​ពី​មហា​ជន​ទៅ​វិញ»។​

លោក​ ​ស៊ឹង សែនករុណា​ ​បន្ថែម​ថា​ ​អតីត​សមាជិក​គណៈកម្មការ​បុណ្យ ដែល​ជា​អ្នក​ធ្វើការ​អង្គការ​ទាំង​បី​រូប​នោះ​ បាន​ស្ម័គ្រចិត្ត​ជួយ​រៀបចំ​ពិធី​បុណ្យ​ ​ដូច្នេះ​លោក​ថា​ ​បណ្តឹង​របស់​លោក​ ពេជ ស្រស់ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពេល​វេលា​ធ្វើការ​របស់​ពួកគាត់​ ​និង​ធ្វើ​ឲ្យ​មាន​ការ​រារែក​ក្នុង​ការ​ស្ម័គ្រ​ចិត្ត​ជួយ​ការងារ​មនុស្សធម៌នៅ​ពេល​ក្រោយ។​ ​លោក​រំពឹង​ថា​ ​តុលាការ​នឹងមិន​ធ្វើ​ការ​ចោទ​ប្រកាន់​ណា​មួយ​លើ​អ្នក​ទាំង​បី​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​លោក ​ពេជ ស្រស់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​ផ្នែក​មនុស្ស​ធម៌​របស់​ពួក​គាត់​ហ្នឹង ​វាធ្វើ​ឲ្យ​អ្នក​ផ្សេង​ទៀត​មើល​ឃើញ​ថា ​អ្វី​ដែល​ជា​ការធ្វើ​របស់​គាត់​ហ្នឹង​វា​មិន​ត្រូវ​មាន​ការ​ឲ្យ​តម្លៃ​ពីកិច្ច​របស់​គាត់ទេ​ ​វា​ទៅ​ជា​មាន​ការ​ប្តឹង​ផ្តល់​បែប​នេះ​ទៅ​វិញ។​ អីចឹងវា​ធ្វើ​ឲ្យ​អំពើ​ល្អក្នុង​សង្គម​ហ្នឹង​ត្រូវ​បាន​មនុស្ស​ ​ឬ​ក៏​ប្រជា​ពលរដ្ឋ​ ​ឬ​អ្នក​ដែល​ចង់ធ្វើ​ហ្នឹង​ ​ទៅ​ជា​មាន​ការ​ព្រួយ​បារម្ភទៅ​វិញ​ ​ហើយ​គាត់​លែង​ចង់​ធ្វើ​អំពើ​បែប​មនុស្ស​ធម៌​អី​ហ្នឹង​ជាដើម»។​

អ្នក​ទាំង​៣​រូប​ដែល​រង​បណ្តឹង​របស់​អ្នក​នយោបាយ​ ​ពេជ ស្រស់​ ​ថា ​បាន​កេងប្រាក់​ពី​បុណ្យ​សព​លោក​ ​កែម ឡី​ ​រួម​មាន​ដូចជា​ ​លោក​ ​ប៉ា ងួនទៀង​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​(CCIM)​ ​និង​លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​ ​ព្រមទាំង​ព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​ ​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ។

រហូត​មក​ដល់ពេល​នេះ ទាំង​លោក​ ​ប៉ា ងួនទៀង​ និង​ព្រះតេជ​គុណ​ ប៊ុត ប៊ុនតិញ ​មិន​ទាន់​បាន​ចូល​បំភ្លឺ​នៅ​តុលាការ ​តាម​ការ​កោះ​ហៅ​នៅ​ឡើយ។​

លោក​ស្រី ​ប៊ូ រចនា ភរិយា​របស់​លោក ​បណ្ឌិត កែម ឡី ​បានបញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​កន្លង​មកថា ​ពុំ​មាន​ការ​បាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

XS
SM
MD
LG