ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ច្រាន​ចោល​សំណើ​អ្នក​បញ្ជា​ទិញ​ដែល​សុំ​លុប​ច្បាប់​ស្តី​ពី​អង្គការ​សមាគម​និង​ពង្រឹង​សិទ្ធិ​ការងារ


រូបឯកសារ៖ សហជីព​កម្មករ​រាប់រយ​នាក់​លើក​ស្លាក​ទាមទារ​សិទ្ធិ​ផ្សេងៗ​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល នា​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ភ្នំពេញ កាលពី​​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ សហជីព​កម្មករ​រាប់រយ​នាក់​លើក​ស្លាក​ទាមទារ​សិទ្ធិ​ផ្សេងៗ​ ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​របស់​អង្គការ​សង្គម​ស៊ីវិល នា​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី​១៣៣ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ភ្នំពេញ កាលពី​​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ​ បាន​បដិសេធ​ មិន​ទទួល​យក​ការ​ស្នើសុំ​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​ពី​ប្រទេស​កម្ពុជា​ ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និងបន្តកែ​សម្រួល​លក្ខខណ្ឌ​ផ្សេង​ទៀត​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​ក្នុង​ឧស្សាហកម្មកាត់​ដេរ។

កាលពី​ថ្ងៃ​ទី​២២ ខែ​មករា​ ក្រុម​តំណាង​ក្រុមហ៊ុន និង​អ្នក​បញ្ជាទិញ​ផលិត​ផល​កាត់​ដេរ​ចំនួន​ជាង​ ២០​បាន​ស្នើ​ចំៗ​ក្នុង​លិខិត​ផ្លូវការ​មួយ​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ឲ្យ​រដ្ឋាភិបាល​កម្ពុជាលុប​ចោល​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬហៅ​កាត់​ថា​ (LANGO)។

ក្រុម​តំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជាទិញ​ បាន​និយាយ​ថា​ ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ បង្ក​ឲ្យ​មាន​បរិយាកាស​នៃ​ការ​យាយី​ និង​ការ​គាប​សង្កត់​លើ​អង្គការ​សង្គម​ស៊ីវិល។

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ VOA ​ថា​ គ្មាន​ការ​លុប​ចោល​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ​ ព្រោះ​កម្ពុជា​ត្រូវ​ការ​ច្បាប់​នេះ​ ដើម្បី​កសាង​ប្រទេស​ឲ្យ​មាន​របៀប​រៀបរយ​ និង​សន្តិសុខ​ពេញ​លេញ​។

«បើ​ចង់​ឲ្យ​ប្រទេស​អត់​ច្បាប់​ ទាល់​តែ​រស់​នៅ​ឋានសួគ៌ទៅ​ អត់​មាន​ច្បាប់​ទេ។​ បើ​ថា​នៅ​មាន​ប្រទេស​ គឺ​មាន​ច្បាប់​ហ្នឹង​ហើយ​ សុំ​ឲ្យ​លុប​ច្បាប់ អី​ចោល​គឺមិន​អាច។ សូម្បី​នៅ​សហរដ្ឋ​អាមេរិក​ ក៏​គេ​មាន​ច្បាប់​ដែរ​ ច្បាប់​សមាគម​ហ្នឹង​ ប្រទេស​ណា​ក៏​មាន​ដែរ​ ទាមទារ​ហួសហេតុទៅ​មិន​រួច​ទេ​ ទៅ​រស់​នៅ​លើ​ឋានសួគ៌​ម្នាក់​ឯង​ចុះ»។

​តំណាង​ក្រុមហ៊ុន​ និង​អ្នក​បញ្ជា​ទិញ​ ដែល​រួម​មាន​ក្រុមហ៊ុន​ផលិតផល​សម្ភារៈ​កីឡា​ Adidas ​និង ​Puma ​ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា «ធ្វើ​ជា​បន្ទាន់​នូវ​វិសោធនកម្ម​ច្បាប់​ស្តី​សហជីព»​ ដោយ​សារ​តែ​វិសោធនកម្ម​ដែល​បាន​ធ្វើ​ឡើង​នៅ​ដើម​ខែ​មករា​នេះ​ «មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​ការងារ​អន្តរ​ជាតិ»។

ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​ទម្លាក់​ចោល​«បទ​ឧក្រិដ្ឋ​ដែល​នៅ​មាន​ប្រឆាំង​មេ​ដឹក​នាំ​សហជីព»​ ហើយ​ត្រូវ​ «គោរព​ និង​លើក​តម្កើង​តួនាទី​ដ៏​សំខាន់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួងការ​ងារ​ បាន​ប្រកែក​នឹង​ការ​ទាមទា​របស់​ក្រុម​តំណាង​អ្នក​បញ្ជា​ទិញ ហើយ​ថា​ រដ្ឋាភិបាល​បាន​កែសម្រួល​ជា​ច្រើន​ហើយ ​ដើម្បី​ឆ្លើយតប​នឹង​ក្តី​កង្វល់​ដែល​បាន​លើក​ឡើង​កន្លង​មក។ ចំណែក​បទចោទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព​នោះ​ ក្រុម​ការងារ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ការងារ​បាន​រួម​គ្នា​ ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់​មេដឹកនាំ​សហជីព​ទាំងនោះ​ ហើយ​ករណី​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​ជា​បន្ត​បន្ទាប់។

លោក​ហេង​ សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ថា ​ការ​ទាមទារ​របស់​ក្រុម​អ្នក​បញ្ជា​ទិញទាំង​នោះ​ គ្រាន់​តែជា​«សំឡេង​រំខាន»​ដល់​ភាព​ចម្រើន​ទៅមុខ​នៃ​វិស័យ​ការងារ​កម្ពុជា​ប៉ុណ្ណោះ។

«អ្វីដែល​ជា​ការ​សម្តែង​មតិ​មកនេះ ដូច​ខ្ញុំ​បាន​បញ្ជាក់​ជាច្រើន​លើក​ហើយ​ថា​ វា​ជា​សំឡេង​រំខាន​ច្រើន​ជាង​ សំឡេង​ស្ថាបនា​ ពីព្រោះ​អ្វី​ដែល​ក្រសួង​បាន​ផ្តល់​ជូន​កន្លង​មក​នេះ​ វា​បាន​បញ្ជាក់​នូវ​គ្រប់​ចំណុច​ដែល​គេ​បាន​លើក​ឡើង​មក​នោះ​អស់​ហើយ»។

ទីស្នាក់ការកណ្តាលរបស់សភាសហភាពអឺរ៉ុប នៅទីក្រុងប៊្រុចសែល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។
ទីស្នាក់ការកណ្តាលរបស់សភាសហភាពអឺរ៉ុប នៅទីក្រុងប៊្រុចសែល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។

លិខិត​របស់​ក្រុម​តំណាង​ក្រុម​ហ៊ុន​ និង​អ្នក​បញ្ជា​ទិញ​កើត​មាន​ឡើង​ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​លើ​ការ​បន្ត​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា​នូវ​ប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ​ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើក​លែង​សព្វាវុធ»​ ឬ​ហៅ​ថា​ Everything But Arms​ (EBA) ដោយ​សារ​តែ​ដំណើរ​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នានា។ សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជា​ច្រើន​នាក់​ក៏​បាន​ស្នើ​ច្បាប់​ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ពិនិត្យ​ឡើងវិញ​ប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ​ទូទៅ​ ឬ​ហៅ​ថា ​GSP សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​កុយ គួង​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ឃើញ​លិខិត​របស់​ក្រុម​អ្នក​បញ្ជាទិញ​នោះ​ទេ។ នៅ​ក្នុង​បញ្ហា​ EBA ​លោក​ថា ​មិន​មាន​ការ​ពិភាក្សាបន្ថែម​ទៀត​ទេ​រវាង​កម្ពុជា​ និង​សហគមន៍​អឺរ៉ុប ​ដោយ​ត្រូវ​រង់​ចាំ​សេចក្តី​សម្រេច​ចិត្ត​របស់​ភាគី​សហភាព​អឺរ៉ុប។

«ដំណាក់​កាល​នេះ​ យើង​អត់​មាន​ត្រូវ​ជជែក​អី​ រឿង​ពាក់​ព័ន្ធ EBA ​តទៅ​ទៀត​ទេ​ អារឿង​ហ្នឹង​ ដំណាក់​កាល​នេះ​ គឺ​យើង​គ្រាន់តែ​ ដំណាក់​កាល​រង់ចាំ​មើល​ការ​សម្រេច​របស់​គាត់​តើ»។

សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​ថា​នឹង​ទុក​កម្ពុជា​ក្នុង​ប្រព័ន្ធ​ឋាន:​អនុគ្រោះ​ពន្ធ ​EBA ទៀត​ឬ​យ៉ាងណា ​នៅ​ថ្ងៃទី​១២​ ខែ​កុម្ភ:​ខាង​មុខ​ ក្រោយការ​វាយ​តម្លៃ​របស់ខ្លួន​លើ​ការ​ស្តារ​ឡើង​វិញ​នៃ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លិខិត​របស់​ក្រុម​តំណាង​អ្នកបញ្ជា​ទិញ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា វិស័យ​ផលិត​សម្លៀក​បំពាក់ ​ស្បែក​ជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់។

ពួក​គេ​បាន​ថ្លែង​ដោយ​សង្កត់​ធ្ងន់​ថា៖​ «យើង​មាន​ការ​បារម្ភ​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​បាត់បង់​ឋាន:​អនុគ្រោះ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កម្ពុជា»។

ក្រុម​តំណាង​អ្នកបញ្ជា​ទិញ​ បាន​អំពាវនាវ​ឲ្យ «រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ជា​សាធារណៈ​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ឲ្យ​មាន​យន្តការ​ត្រីភាគី​កម្រិត​ថ្នាក់​ជាតិ​រួម​មួយ​ ដែល​នឹង​កំណត់​ ហើយ​អនុវត្ត​ជំហាន​ដែល​ទាន់​ពេល​ ជាក់លាក់​ និង​មាំទាំ​ ដើម្បី​នាំ​យក​កម្ពុជា​ឲ្យ​មក​ត្រូវ​តាម​បន្ទាត់​នៃ​បទដ្ឋាន​អន្តរជាតិដូច​ដែល​បាន​លើក​ឡើង​ខាង​លើ»។

មួយ​សប្តាហ៍​ក្រោយ​ការ​ចេញលិខិត​របស់​ក្រុម​តំណាង​អ្នក​បញ្ជា​ទិញ​នោះ​ ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា​ (GMAC)​ បាន​ប្រតិកម្ម​ខ្លាំងៗ​ថា​ ការ​កត់​សម្គាល់​របស់​ក្រុមអ្នក​បញ្ជា​ទិញ​អំពី​ចំណុច​អវិជ្ជមាន​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​សហជីព​ ប្រាស​ចាក​ការណ៍​ពិត​នៅ​កម្ពុជា។

លិខិត​របស់​ GMAC​ ចុះ​ថ្ងៃ​ទី​២៨ ​ខែ​មករា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ជាទូទៅ​ យើង​ឃើញ​ថាលិខិត​នេះ​បង្ក​ឲ្យ​មាន​ការ​ខកចិត្ត​ និង​មិន​បង្ហាញ​ពី​ការណ៍​ពិត​នោះ​ទេ»។​

GMAC ​បាន​ថ្លែង​បន្ថែម​ថា៖ ​«ជា​ការណ៍​ពិតសិទ្ធិ​សហជីព​ត្រូវបាន​គោរព​ដោយ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ហើយ​សិទ្ធិ​ទាំងនោះ​ត្រូវបាន​ស្ថាបនា​ឡើង​យ៉ាង​ល្អផង​ដែរ»។

លោក​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​អះអាង​ថា​ ការ​អនុវត្ត​សិទ្ធិ​សហជីព​មិន​ត្រូវ​បាន​បើក​ទូលាយ​តាម​ច្បាប់​ស្តីពី​សហជីព​នោះ​ទេ។​ លោក​ថា គួរមាន​ការកែ​ប្រែ​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ​អាច​ចង​ក្រង​សហជីព​ដោយ​គ្មាន​ការ​គំរាមកំហែង​។

លោក​ពន្យល់​ថា៖​ «ទីមួយ​សហជីព​ត្រូវ​មាន​សិទ្ធិ​នៅ​ក្នុង​ការ​តាក់​តែង​លក្ខន្តិកៈ​ ហើយ​បង្កើត​សហជីព​ហ្នឹង​ គឺ​ថា​ដោយ​ស្រួល​ ដោយ​មិន​មាន​ការ​ គំរាម​កំហែង​បិទ​អង្គភាព​សហជីព​ ឬ​ក៏​លក្ខខណ្ឌ​ស្មុគស្មាញ។ ហើយ​ទីពីរ​នៅ​ពេល​ដែល​បង្កើត​ហើយ​ សហជីព​ត្រូវ​តែ​ធ្វើ​ជា​តំណាង​ឲ្យ​កម្មករ​ ដោយ​មិន​ថា​ កម្មករ​មិន​ទាន់​មាន​សហជីព​ ឬ​ក៏​មាន​សហជីព​ទេ​ ពួកគេ​អាច​ធ្វើ​តំណាង​ឲ្យ​កម្មករ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​បាន»។

ដោយ​ឡែក​ ​លោក​កន សាវាង្ស​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) ​បាន​ថ្លែង​ថា​ ក្រុម​អង្គការ​សង្គមស៊ីវិល នឹង​មាន​ការ​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ​ខាង​មុខនេះ​ ដើម្បី​ពិនិត្យ​លើ​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូបនេះយល់​ថា​ ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ មិនទាន់​ស្រប​នឹង​ស្ថានភាព​ប្រទេស​កម្ពុជា ​ដែល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ទន់​ខ្សោយ​នៅឡើយ។

«ពីព្រោះ​ដំណើរ​ការ​របស់​យើង​ មិន​ទាន់បាន​មាន​គេ​ហៅ​ គណបក្ស​នយោបាយ​ពហុបក្ស​ទេ​ ហើយ​ប្រជាធិបតេយ្យ​យើង​ហ្នឹង​ក៏​មិន​ទាន់​បាន​រឹងមាំ​ ឲ្យ​បាន​ល្អប្រសើរ​ដែរ។ ​ចំណុច​មួយ​ទៀត​ ការ​ប្រជា​ពលរដ្ឋ​ អា​ដេញ​ការ​អនុវត្ត​នៅ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​ ក៏​មិន​ទាន់​បាន​ គោរព​ទៅ​តាម​គោល​ការណ៍​នៃ​ច្បាប់​ឲ្យ​បាន​ជាក់​លាក់​ដែរ»។ ​

​លោក​កន សាវាង្ស​ បានបន្ថែមថា​ នៅ​កម្ពុជា​ អាជ្ញាធរ​រមែង​ងាក​ទៅ​ស្តាប់​តាម​បទបញ្ជា​ថ្នាក់​លើ ជាង​ការ​ដើរ​តាម​បន្ទាត់​របស់​ច្បាប់។

VOA ​មិនទាន់​អាច​ទទួល​បាន​ការ​អត្ថាធិប្បាយ​ពី​តំណាង​ម៉ាក​យីហោ​ល្បីៗ​ ដូចជា​ក្រុមហ៊ុន​ ​Adidas និង​ H&M​ បាន​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ក្រុម​តំណាង​ក្រុមហ៊ុន ​និង​អ្នកបញ្ជា​ទិញ​ដែល​បាន​ផ្ញើ​លិខិត​ជូនលោក​ហ៊ុន សែន​ បាន​អះអាង​ថា​ ការ​ងារ​របស់​ពួកគេ​ជាមួយ​អ្នក​ផ្គត់ផ្គង់​នៅ​កម្ពុជា​ បាន​រួម​ចំណែក​ផ្តល់​ទឹកប្រាក់​ ៩,៥ពាន់​លាន​ដុលា្លរអាមេរិកលើ​ទំនិញ​កាត់​ដេរ​ ស្បែក​ជើង​ និង​ផលិតផល​ធ្វើដំណើរ​ដែល​បាន​នាំចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG