ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​រិះគន់​ធ្ងន់ៗ​​លើ​របាយការណ៍​អង្គការ​អន្តរជាតិ​អំពី«ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស»


រូបថត​​នៃ​គេហទំព័រ​សិទ្ធិ​មនុស្ស​ Human Rights Watch បង្ហាញ​ពី​​ផ្នែក​កម្ពុជា​នៃ​របាយការណ៍​​ប្រចាំ​​ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​​។ ថត​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (VOA)
រូបថត​​នៃ​គេហទំព័រ​សិទ្ធិ​មនុស្ស​ Human Rights Watch បង្ហាញ​ពី​​ផ្នែក​កម្ពុជា​នៃ​របាយការណ៍​​ប្រចាំ​​ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​​។ ថត​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (VOA)

ក្រុម​មន្ត្រី​កម្ពុជា​​ចាត់ទុកថា​ របាយ​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch​ ថា​មានបំណង​បន្តុះបង្អាប់​ការ​វិវត្ត​វិជ្ជមាន​នៃ​ដំណើរ​ការ​នា​នា​​​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា របាយ​ការណ៍​ស្ដីពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ដោយអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​Human Rights Watch ឬ HRW មាន​ចេតនា​ «បន្ទច់បង្អាក់» ​រដ្ឋាភិបាល​កម្ពុជា និង«មិនឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​វិជ្ជមាន»​របស់​ប្រទេស។

ការ​លើក​ឡើង​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ផ្លូវការ​កម្ពុជា​ កើត​មាន​ឡើង បន្ទាប់​ពី​អង្គការ​ HRWនៅ​ថ្ងៃ​ពុធ​នេះ ​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២០​ ដោយ​បាន​រំឭក​ឡើង​វិញ​នូវ​ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស នា​ឆ្នាំ​កន្លង​មក។

អង្គការ​ HRW​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បញ្ជាក់​ថា ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​«បាន​ធ្លាក់​ដុន​ដាប​ក្នុង​ឆ្នាំ​២០១៩» ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨​ ដែល​នៅ​ពេល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​បក្ស​កាន់​អំណាច​ ទទួល​បាន​អាសនៈ​ទាំង​១២៥​ក្នុង​រដ្ឋសភា​ បន្ទាប់​ពី​តុលាការ​កំពូល«បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ ដែល​បង្កើត​ឲ្យ​មាន​ការ​ដឹកនាំ​បែប​ឯក​បក្ស​ប្រកប​ដោយ​ប្រសិទ្ធភាព»។

របាយ​ការណ៍​បញ្ជាក់​ថា៖ «ចំនួន​អ្នកទោស​នយោបាយ​ក៏បាន​កើន​ឡើង​ផង​ដែរ​ ដោយ​មាន​មន្ត្រី​សំខាន់ៗ​នៃ​គណបក្ស​ប្រឆាំង​ ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ឬ​ត្រូវ​ភៀស​ខ្លួន​ទៅក្រៅ​ប្រទេស​ ដើម្បី​គេច​ផុត​ពី​ការ​តាម​ចាប់​ខ្លួន»។

របាយការណ៍ដដែល​បន្ថែម​ថា៖«ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​សំខាន់​មួយ​ត្រូវ​បាន​អាជ្ញាធរ​ចាត់​ទុក​ជា​អំពើ​ខុសច្បាប់។​ អ្នកនយោបាយ​ជាន់​ខ្ពស់​របស់​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០៧នាក់​ក្នុង​ចំណោម​១១៨​នាក់​ នៅ​តែ​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​រយៈ​ពេល៥ឆ្នាំ»។

លោក​ ជិន ម៉ាលីន​ មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ឆ្លើយឆ្លង​ WhatsApp ​នៅ​ថ្ងៃពុធ​នេះ​ថា របាយការណ៍​របស់​អង្គការ​ HRW​ មាន«ចរិត​បន្ទច់បង្អាក់​ និង​ចង​គំនុំ​មក​លើរដ្ឋាភិបាល​កម្ពុជា»។

លោក​បញ្ជាក់​ថា៖ «យើង​មើល​រាល់​របាយការណ៍​របស់​គាត់​ទៅ គឺ​មិន​ដែល​មាន​ទឡ្ហីករណ៍​ផ្លូវ​ច្បាប់​ណា​លើក​ឡើង​ឲ្យ​បាន​ច្បាស់​លាស់​នោះ​ទេ​ក្រៅ​ពី​លើក​ឡើង​ក្នុង​ន័យ​បន្តុះ តាម​បែប​គំនុំ​គុំកួន​ និង​សង​សឹក​ទៅ​រដ្ឋាភិបាល​ តែ​ប៉ុណ្ណោះ​បាទ»។

បើ​តាម​របាយការណ៍​នោះ អង្គការ ​HRW បាន​កត់​សម្គាល់​ការ​ពិចារណា​ដក​ការ​គាំទ្រ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ឬ​ហៅថា​ EBA (Everything But Arms) ដោយសារ​តែ​ស្ថានភាពនៃ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​ប្រសើរ​ឡើង។

របាយ​ការណ៍​បញ្ជាក់​ថា៖ «ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​ចំពោះ​ទំនិញ​មួយ​ចំនួន​ ដែល​នាំ​ចេញ​ពី​កម្ពុជា​ ដូច​ជា​ផលិត​ផល​វាយនភណ្ឌ​ជាដើម​ កំពុង​ស្ថិត​ក្នុង​ហានិភ័យ»។

លោក​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា យល់​ថា​របាយ​ការណ៍​របស់​ HRW តែង​តែ​មើល​រំលង​ពី​ការ​វិវត្ត​ជា​វិជ្ជមាន​នៅកម្ពុជា។

លោក​ថា​កម្ពុជា​នៅ​បន្ត​ចរចា​ជាមួយ​សហភាព​អឺរ៉ុបអំពី​ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ ដោយ​មិន​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​នេះ៖ «ជា​ទម្លាប់​របស់​អង្គការ Human Rights Watch ហ្នឹង​ហើយ​ កន្លង​មក​ គាត់​ដែល​ មាន​ដែល​និយាយ​ពី​ល្អ​អំពី​យើង​ណា៎។ នេះ​ជា​ទម្លាប់​របស់​គាត់​...ហើយ​ដូច​ខ្ញុំ​បញ្ជាក់​ឡើង​វិញ​ គឺ​តំណាង EU ឯក​អគ្គរដ្ឋទូត​គេ​នៅ​ទីនេះ​ហើយ​ ដូច្នេះ​គេ​បាន​ជ្រាប​ច្បាស់​អំពី​ស្ថានភាព​ជាក់​ស្ដែង​ នៅ​ក្នុង​ប្រទេស​យើង»។

សហភាព​អឺរ៉ុប​បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ជា​បណ្ដោះ​អាសន្ន​ពី​កម្ពុជា ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​ រួម​មាន​ការ​បង្ក្រាប​លើ​គណបក្ស​នយោបាយ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ឆ្នាំ​២០១៩​ សហភាព​អឺរ៉ុប​បាន​បញ្ជូន​របាយការណ៍​វាយ​តម្លៃ​ពី​ស្ថានភាព​ប្រទេស​កម្ពុជា​លើក​ទី​ពីរ​ ក្រោម​ក្របខណ្ឌ​ឋានៈ​អនុគ្រោះ​ពន្ធ ​EBA នេះ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។​ រដ្ឋាភិបាល​កម្ពុជា​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៩ ក៏​បាន​ផ្ញើ​របាយការណ៍​ឆ្លើយតប​មួយ​ទៅ​កាន់​សហភាព​អឺរ៉ុប។

លោក ​ផៃ ស៊ីផាន​ មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នៅ​បន្ត​រក្សា​កិច្ច​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុប។ យ៉ាង​ណា​ក៏ដោយ​ លោក​អះអាង​ថា​ រដ្ឋាភិបាល​នឹង​មិន​ដាក់​ខ្លួន​ធ្វើ​ទៅ​តាម​ការ​បង្គាប់​បញ្ជា​របស់​នរណា​ម្នាក់​នោះ​ទេ។

ចំណែក លោក កុយ គួង បាន​បន្ថែម​ថា​ ​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​គ្រប់​ជ្រុងជ្រោយ​ទៅ​នឹង​ការ​រក​ឃើញ​របស់​សហភាព​អឺរ៉ុប ពាក់​ព័ន្ធ​ស្ថានភាព​ប្រទេស​កម្ពុជា​ ក្រោម​ក្របខ័ណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA​នេះ​ តែ​លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​អំពី​ការ​ឆ្លើយ​តប​សំខាន់ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប។ លោក​បាន​អះអាង​ថា​ របាយការណ៍​របស់​អង្គការ​ HRW នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​កិច្ច​សន្ទនា និង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អឺរ៉ុប​នោះ​ទេ។

លោក អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ (Licadho) ​យល់​ថា​ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​គួរ​ខិតខំ​ស្តារដំណើរការប្រជាធិបតេយ្យ​ឲ្យបាន​ប្រសើរ​ឡើង​វិញ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចង់​ឃើញ​ការ​លំបាក​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​រក​ប្រាក់​ចំណូល​ ដែល​បាន​មក​ពី​ការ​ទ្រទ្រង់​ពាណិជ្ជកម្ម​របស់​សហគមន៍​អឺរ៉ុប​នោះ។

របាយ​ការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​បង្ហាញផង​ដែរ​អំពី​ការ​វាយប្រហារ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ មន្ត្រី សកម្មជន​និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​តាម​ប្រព័ន្ធ​តុលាការ និង​ច្បាប់​ដែល​មាន​លក្ខណៈ​រឹត​ត្បិត​មួយ​ចំនួន​ ដូច​ជា​ច្បាប់​ស្ដីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ច្បាប់​សហជីព និង​ការ​បន្ត​រាំង​ខ្ទប់​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ ​ដែល​មាន​តិចតួច​នៅ​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ២០១៩​ ព្រម​ទាំង​ការ​កាត់​ទោស​«ដែល​មាន​លក្ខណៈ​នយោបាយ»លើ​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ ពីរ​នាក់​គឺ​លោក​យាង​ សុធារិន្ទ​ និង​លោក​ អ៊ួន ឈិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG