ជនជាតិចិនចំនួន៣១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់អ្នករស់នៅប្រទេសចិនតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្ពុជា ជាទីតាំងក្នុងការប្រព្រឹត្តបទល្មើស។ នេះបើតាមការឲ្យដឹងពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់ VOA នាព្រឹកថ្ងៃចន្ទនេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៣១នាក់នៅតាមតំបន់ចំនួនបីផ្សេងគ្នា ដែលលោកអះអាងថា ពួកគេជាអ្នកដែលប្រព្រឹត្តបទល្មើសឆ្លងដែន។ លោកឃុន សំបូរ មិនបានឆ្លើយនឹងសំណួរបន្តទៀតរបស់ VOA ពាក់ព័ន្ធនឹងដំណើរនៃការប្រព្រឹត្តរបស់ជនជាតិចិនទាំង៣១នាក់នោះថា តើសមត្ថកិច្ចនឹងមានចំណាត់ការបន្តបែបណានោះទេ ដោយលោកប្រាប់ថា លោកមិនបានចុះបង្រ្កាបផ្ទាល់ និងកំពុងជាប់ប្រជុំ។
មុនបដិសេធ មិនឆ្លើយសំណួររបស់ VOA លោក ឃុន សំបូរ មានប្រសាសន៍ថា៖
«បាទ! នៅបឹងកេងកង១ នៅជ្រោយចង្វា ហើយនិងអូរឫស្សី។ ពួកគាត់នេះមានអ្នកខ្លះជាមុខសញ្ញាដែលយើងតាមរកពាក់ព័ន្ធនឹងការជំរិតទារប្រាក់ឆ្លងដែន»។
ទោះជាយ៉ាងណា លោក ឃុន សំបូរ បានឲ្យសួរទៅលោក អ៊ុក ហៃសីឡា ដែលជាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងសួរលោក កែម សារិន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ និងចុចបិទទូរស័ព្ទ។
ទោះជាយ៉ាងណា គេហទំព័ររបស់សារព័ត៌មានហ្វ្រេសញូវ ដែលមានភាពជិតស្និតនឹងរដ្ឋាភិបាល និងគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រង់សម្តីរបស់លោក អ៊ុក ហៃសីលា នៅព្រឹកថ្ងៃចន្ទនេះថា កម្លាំងនគរបាលបើកប្រតិបត្តិការចុះបង្ក្រាបក្រុមជនជាតិចិនជំរិតទារប្រាក់តាមអ៊ីនធឺណិតចំនួន៣គោលដៅធំៗ ក្នុងនោះរួមមាន ខណ្ឌចំការមន ខណ្ឌជ្រោយចង្វារ និងខណ្ឌ៧មករា ដោយឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣១នាក់ និងដកហូតវត្ថុតាងជាឧបករណ៍អេឡិចត្រូនិចពាក់ព័ន្ធនឹងអំពើជំរិតមួយចំនួនធំ។
គេហទំព័រស្រង់សម្តីរបស់លោក អ៊ុក ហៃសីលា ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនោះ ពុំមែនជាការឃាត់ខ្លួនជនជាតិចិនពាក់ព័ន្ធនឹងការចូលមកធ្វើការ ឬរស់នៅដោយខុសច្បាប់ឡើយ តែគឺជាការបង្ក្រាបក្រុមជនជាតិចិនដែលជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ដែលពួកគេយកប្រទេសកម្ពុជាធ្វើជាកន្លែងស្នាក់អាស្រ័យ ហើយបញ្ជាតាមប្រព័ន្ធអ៊ីនធឺណិតចេញពីកម្ពុជាទៅជំរិតទារប្រាក់ពីពលរដ្ឋចិនដូចគ្នានៅឯប្រទេសរបស់ពួកគេ។ លោកបន្ថែមថា ជនជាតិចិនទាំង៣១នាក់នោះត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការបន្ត។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ការកើនឡើងនូវចំនួនជនបរទេសយកកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើសកាន់តែច្រើននេះបង្ហាញថា កម្ពុជាមានការខ្វះខាតក្នុងការគ្រប់គ្រងជនបរទេស។ លោកបន្ថែមថា ករណីនេះនឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់ និងបង្រ្កាបឲ្យបានតឹងរ៉ឹង។
លោក សន ជ័យ មានប្រសាសន៍ថា៖
«វាមិនមែនជាលើកទីមួយទេដែលរឿងនេះកើតឡើងនៅកម្ពុជា។ អីចឹង សមត្ថកិច្ចរបស់កម្ពុជាគួរតែកំណត់មុខសញ្ញាជាអាទិភាពក្នុងការត្រួតពិនិត្យរដ្ឋបាលទៅលើជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។ ជាពិសេសទាក់ទងទៅលើបទល្មើស ឬបទឧក្រិដ្ឋអនឡាញហ្នឹង គួរតែមានការត្រួតពិនិត្យ គឺពិនិត្យទៅលើការរស់នៅកម្ពុជា និងការប្រកបមុខរបររបស់ជនជាតិចិននៅកម្ពុជា ហើយនិងអាចជនបរទេសផ្សេងៗទៀតដែលមានការពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋហ្នឹងដែរ ដូចជាជនជាតិនីហ្សេរីយ៉ាមួយចំនួនហ្នឹង»។
កាលពីដើមខែកក្កដានេះ កម្លាំងនគរបាលអន្តោប្រវេសន៍បានបណ្តេញជនជាតិចិនជាង៧០នាក់ ដែលពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិត ឲ្យត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ហើយកាលពីចុងឆ្នាំ២០១៥ សមត្ថកិច្ចក៏បានបណ្តេញជនជាតិចិនចំនួន១៦៨នាក់ ដែលប្រព្រឹត្តបទល្មើសដូចគ្នានេះ ព្រមទាំងបង្រ្កាបបានករណីដូចគ្នានេះជាច្រើនទៀតក្នុងឆ្នាំកន្លងៗទៅ៕