ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ហាម​មិន​ឲ្យ​អ្នក​ជាប់ឃុំ​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ពន្ធនាគារ


រូបឯកសារ៖ ស្ត្រីអ្នកទោសម្នាក់កំពុង​បីកូន​នៅមន្ទីរឃុំឃាំង​ព្រៃស ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្ត្រីអ្នកទោសម្នាក់កំពុង​បីកូន​នៅមន្ទីរឃុំឃាំង​ព្រៃស ភ្នំពេញ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

ការ​ហាម​ឃាត់​នេះ​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ព្រមាន​ជាថ្មី​ដល់​មន្ត្រី​ពន្ធនាគារ​ ឲ្យ​ហាម​ការ​ប្រើ​ប្រាស់​ទូរសព្ទ​នៅ​ក្នុង​ពន្ធនាគារ​នេះ។

នៅ​សប្ដាហ៍​នេះ​ ​ស្ថាប័ន​គ្រប់គ្រង​ពន្ធនាគារ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​បម្រាម​មួយ​ ហាម​មិន​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរសព្ទ​នៅ​តាម​មណ្ឌល​អប់រំ​កែ​ប្រែ​ និង​មន្ទីរ​ឃុំ​ឃាំង​រាជធានី​ ខេត្ត​នៅ​ទូទាំង​ប្រទេស។ ​នេះ​បើ​យោង​តាម​សេចក្ដី​ណែនាំ​មួយ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ។​

សេចក្ដី​ណែនាំ​ដែល​បាន​ចេញផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Fresh News នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បញ្ជាក់​ថា​ បម្រាម​នេះ​ បាន​ធ្វើ​ឡើង​ដោយ​យោង​តាម​បទបញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លងទៅ​នេះ​ បាន​ចេញ​ការ​ព្រមាន​ជាថ្មី​មិន​ឲ្យ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​តាម​ទូរសព្ទ​នៅ​ក្នុង​ពន្ធនាគារ។

សេចក្ដី​ណែនាំ​របស់​លោក​ ចាន់ គីមសេង​ អគ្គនាយក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ចុះ​ថ្ងៃ​ទី៤​ ខែ​មីនា​ ឆ្នាំ​២០១៩ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា​ អនុវត្ត​បទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​របស់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ […] ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​សូម​ធ្វើ​ការ​ណែនាំ​ដល់​ឯកឧត្ដម​ អស់​លោក​ប្រធាន​មណ្ឌល​អប់រំ​កែ​ប្រែ​ និង​ពន្ធនាគារ​រាជធានី​ ខេត្ត៖

«​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរសព្ទ​ ដែល​ដាក់​ឲ្យ​ជន​ជាប់​ឃុំ​ប្រើ​ប្រាស់​ ​ចាប់​ពី​ថ្ងៃ​ទី៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី»។

លោក ​ចាន់​ គីមសេង​ ក៏​បង្គាប់​មេ​ឆ្មាំ​ពន្ធនាគារ​ បង្កើន​ការ​បង្ការ​ទប់​ស្កាត់​រាល់​ការ​លួចលាក់​នាំ​ទូរសព្ទ​ចល័ត​ចូល​មណ្ឌល​អប់រំ​កែប្រែ​ និង​ពន្ធនាគារ​ និង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ ឆែកឆេរ​ ដក​ហូត​ទូរសព្ទ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ និង​ពន្ធនាគារ។

សេចក្ដី​ណែនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដដែល​បាន​បន្ត​ថា​ ក្នុង​ករណី​ឃើញ​ទូរសព្ទ​ដែល​បម្រុង​នាំចូល​ ឬ​រក​ឃើញ​ទូរសព្ទ​ក្នុង​ពន្ធនាគារ​ ត្រូវ​ធ្វើ​កំណត់​ហេតុ​ដក​ហូត​រក្សា​ទុក។​ ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ ក្នុង​មាត្រា​៥៧១ និង​មាត្រា​៦៧២​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ និង​ដាក់​វិន័យ​តាម​បទបញ្ជា​ផ្ទៃក្នុង​របស់​ពន្ធនាគារ។

មន្ត្រី​ពន្ធនាគារ​ ក៏​ត្រូវ​រាយការណ៍​អំពី​សភាព​ការណ៍​ និង​លទ្ធផលនៃ​ការ​ចាត់​តាំង​អនុវត្ត​សេចក្ដី​ណែ​នាំ​នេះ​ តាម​រយៈ​របាយការណ៍​ប្រចាំ​ថ្ងៃ​មក​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ។

កាលពី​ថ្ងៃ​ទី៤ ខែ​មីនា​ ឆ្នាំ​២០១៩​ លោក​ហ៊ុន សែន​ ដែល​បាន​ចូល​រួម​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​អំពាវនាវ​ម្ដង​ទៀត​ ដល់​ឆ្មាំ​គុក​ ឲ្យ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ ដើម្បី​រត់​ការ​ដោះស្រាយ​ក្ដី​នៅ​តុលាការ។

លោក​បាន​ថ្លែង​ដល់​ករណី​ហិង្សា​មួយ​ ដែល​លោក​អះអាងថា​ មាន​ស្ត្រី​ម្នាក់​បាន​ព្យាយាម​ប្រើ​ប្រាស់​ទូរសព្ទ​ ដើម្បី​រត់​ការ​ដោះស្រាយ​ករណី​នេះ​ចេញ​ពី​ពន្ធនាគារ។

«អា​រឿង​ប្រើប្រាស់​ប្រព័ន្ធ​ចេញ​ពី​ពន្ធនាគារ​នេះ​ វា​នៅ​តែ​មាន​បន្ត​ ហើយ​រត់​ការ​ដើម្បី​យក​រួច​ខ្លួនតើ​សូកប៉ាន់​អ្នកណា​? វាយ​ក្បាល​អា​អ្នក​ហ្នុង​ វាយ​ក្បាល​អា​អ្នក​ហ្នុង​ រត់​ការ​អា​ហ្នឹង​ដូច​ជា​ បទ​ល្មើស​ហិង្សា​ស្អី​នោះ​ វាយ​គេ​ វាយ​គេ​ មក​ជាប់​គុក​ ហើយ​ឥឡូវ​កំពុង​រត់​ការ​ ហើយ​កូន​នោះ​ប្រាប់​ថា​ ម៉ាក់​ កុំ​និយាយ​តាម​ទូរសព្ទ​ គាត់​មិន​ជឿ​កូន​ថា​ អញ​នៅតែ​និយាយ វា​គ្មាន​អាណា​ចាប់​អញ។​ ចាប់​បាន​ទេ»។

VOA មិនទាន់​អាច​សុំ​ការ​អធិប្បាយ​ភ្លាមៗ​ពី​លោក ​នុត សវនា​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​លោក​អះអាង​ថា​លោក​ជាប់​មានរវល់​ក្នុង​កិច្ចប្រជុំ។

​លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ ការ​ហាម​មិន​ឲ្យ​ប្រើ​ប្រាស់​ទូរសព្ទ​ចល័ត​ក្នុងបន្ទប់​ពន្ធនាគារ​ គឺ​អាច​ជា​ការ​អនុវត្ត​ទូទៅ​នៅ​តាម​ពន្ធនាគារ​របស់​ប្រទេស​មួយ​ចំនួន។

​យ៉ាង​ណា​ក្ដី​ លោក​ថា​ ការ​ប្រើប្រាស់​ទូរសព្ទ​សាធារណៈ​នៅ​ក្នុង​ពន្ធនាគារ​ មិន​អាច​ត្រូវ​បាន​ហាម​ឃាត់​នោះ​ទេ​ ព្រោះ​ការ​ហាម​នេះ អាច​បំពាន​សិទ្ធិ​របស់​អ្នក​ជាប់ឃុំ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ក្រុម​គ្រួសារ​សាច់​ញាតិ។

«ទាក់​ទង​នឹង​ទូរសព្ទ​សាធារណៈ​របស់​ពន្ធនាគារ​វិញ​ដែល​ដាក់​សម្រាប់​ឲ្យ​អ្នក​ទោស​គាត់​ អ្នក​ជាប់​ឃុំ​ហ្នឹង​គាត់​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ ឬក៏​អី​ហ្នុង​ អា​ហ្នុង​ខ្ញុំ​គិត​ថា​ មិន​គួរ​នឹង​ត្រូវ​មាន​ការ​ទេ​អា​ហ្នុង​ ព្រោះ​អា​ហ្នុង​វា​គ្រាន់​តែថា​ដាក់​ជា​សាធារណៈ​ហើយ​ មន្ត្រី​ពន្ធនាគារ​ហ្នឹង​ គាត់​នៅ​ហ្នឹង​ទៀត។ អ៊ីចឹង​បើ​សិន​ជា​អ្នក​ដែល​ជាប់​ឃុំ​ហ្នឹង​គាត់​និយាយ​អី​ខុស​ មន្ត្រី​ពន្ធនាគារ​ហ្នឹង​ហាម​ហើយ​ មិន​ឲ្យ​ប្រើ​ប្រាស់​បាន។ អា​ហ្នុង​ព្រោះ​ កាលណា​បើ​គាត់​ត្រូវ​ការ​ទាក់​ទង​ទៅ​សាច់​ញាតិ​ឲ្យ​មក​សួរ​សុខទុក្ខ​ ឬ​ក៏​គាត់​ត្រូវការ​អី​មួយ​ចាំបាច់​សម្រាប់​គាត់​ ឬ​ក៏​គាត់​ជូន​ដំណឹង​ពី​អី​មួយដែល​ជា​រឿង​ផ្ទាល់​ខ្លួនរបស់​គាត់​ ដែល​សុំ​ឲ្យ​គ្រួសារ​ជួយ​អី​ បើ​យើង​បិទ​ទៅ​ តើ​គាត់​ទាក់​ទង​គ្រួសារ​តាម​វិធី​ណា?»។

ទាក់ទិន​ការ​ប្រើ​ប្រាស់​ទូរសព្ទនៅ​ក្នុង​ពន្ធនាគារ​នេះ​ លោក​ហ៊ុន សែន ​ក៏​ធ្លាប់​ប្រតិកម្ម​ខ្លាំងៗ​កាល​ពី​ឆ្នាំ​២០១៨​ ទៅ​នឹង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​មួយ​រូប​គឺ​លោក​ មាជ សុវណ្ណារ៉ា ដែល​ជា​ប្រធាន​ផ្នែក​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ដែល​ត្រូវ​បាន​តុលាការ​ខ្មែរ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧។

នាគ្រានោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​ដក​ហូត​ទូរសព្ទ​ពី​លោក ​មាជ សុវណ្ណារ៉ា ភ្លាមៗ​ ​បន្ទាប់​ពី​លោក​បាន​ចោទ​លោក​ ​មាជ សុវណ្ណារ៉ា​ ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា​ ​បាន​ប្រើប្រាស់​ទូរសព្ទ​ធ្វើ​នយោបាយ​ចេញ​ពី​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG