ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មិន​ទាន់​ឯករាជ្យ​ និង​ទាម​ទារ​ឲ្យ​មាន​ការ​កែទម្រង់


រូបឯកសារ៖ នៅមុខក្រសួងយុត្តិធម៌ កូនៗរបស់ស្ត្រីសកម្មជនបឹងកក់ប្រមូលផ្តុំគ្នាទាមទាររកយុត្តិធម៌ និងការដោះលែងសកម្មជនបឹងកក់១៥នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២។
រូបឯកសារ៖ នៅមុខក្រសួងយុត្តិធម៌ កូនៗរបស់ស្ត្រីសកម្មជនបឹងកក់ប្រមូលផ្តុំគ្នាទាមទាររកយុត្តិធម៌ និងការដោះលែងសកម្មជនបឹងកក់១៥នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​បាន​និយាយ​ថា​ ស្ថាប័ន​តុលាការ​នៅ​ក្នុង​ប្រទេស​នេះ​បន្ត​រួមរឹត​ដោយ​អំពើ​ពុករលួយ​ និង​មិន​ទាន់​ឯករាជ្យ​នៅ​ឡើយ​ ដែល​បង្ក​​ឲ្យ​មាន​ការ​កើត​ឡើង​ជា​បន្ត​បន្ទាប់​នូវ​អយុត្តិធម៌​សង្គម​ តួ​យ៉ាងដូច​ជា​ ​អ្នកមាន​អំណាច​តែង​តែ​ឈ្នះ​ក្តី​ ឯ​អ្នក​ក្រ​ត្រូវ​ជាប់​គុក។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជាបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​មួយដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នោះ​ កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ ​ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណាឲ្យ​ប្រព័ន្ធ​នេះមាន​ភាព​អព្យាក្រឹត្យ​ និង​មិន​លម្អៀង​ទៅរក​ក្រុម​ណា​មួយ​នោះ។​

ការ​ស្នើ​របស់​ពួក​គេ​បាន​ធ្វើ​ឡើង នៅ​ចំពេល​ប្រទេស​កម្ពុជាប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិលើក​ទី​៧០​ កាលពី​ថ្ងៃ​ទី១០ធ្នូ​កន្លង​ទៅ​នេះ។​

ថ្លែង​អបអរ​ខួប​លើក​ទី​៧០​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​សាកល​ឆ្នាំ​២០១៨​ តាម​ខែ្ស​អាត់​វីដេអូ​មួយ​ពី​ប្រទេស​កាណាដា​ លោក​ធន សារាយ​ ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដហុក​ ​(Adhoc)​ ​មាន​ប្រសាសន៍​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​មិន​ទាន់​អាចកាន់​ជំហរ​មិន​លម្អៀង​បាន​នៅ​ឡើយ ដែល​ការណ៍​នេះបាន​ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​ធ្លាក់​ខ្លួន​កាន់​តែ​ក្រ​ទៅ។​

លោកធន សារាយ មាន​ប្រសាសន៍ថា៖​

«នៅ​ប្រទេស​យើង​ នៅ​មាន​បញ្ហារឿង​តុលាការ​នេះ។​ ប្រព័ន្ធ​តុលាការ​នេះ​ ដែល​យើង​ដឹង​ល្អូងល្អាម​ទាំង​អស់​គ្នា​ថា​ ជា​ប្រព័ន្ធ​តុលាការ​មួយ​ដែលមិន​ឯករាជ្យ​ មិន​បាន​ផ្តល់​នូវ​យុត្តិធម៌​ត្រឹមត្រូវ​ជូន​ដល់​ប្រជា​ពលរដ្ឋ​យើង​ដែល​ជា​អ្នក​ក្រីក្រ។​ អ្នក​ដែល​គ្មាន​អំណាច​ ត្រូវ​អ្នក​មាននិង​អ្នកមាន​អំណាចនេះគឺ​ថា​ ​រំលោភ​បំពាន​ហើយបាន​ផ្តល់​នូវ​យុត្តិធម៌​តែ​ទៅ​លើ​ ឲ្យ​ត្រូវ​តែ​ទៅ​លើ​អ្នក​មាន​ ​និង​អ្នក​មាន​អំណាច​ ​ហើយ​អ្នក​ខុសគឺ​អ្នក​ដែល​ក្រីក្រ​ និង​អ្នក​គ្មាន​អំណាច​នេះ។​ ហើយ​យើង​ឃើញ​ថា​ ​ប្រជា​ពលរដ្ឋ​យើង​កន្លង​មក​ មាន​ការ​បាត់​បង់​ដីធ្លី​របស់​គាត់​ ហើយ​ត្រូវ​គេ​យក​ទៅ​ដាក់​ពន្ធនាគារ​ថែម​ទៀត​ ​ហើយ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ខ្សត់ខ្សោយ​ទៅ​ថែម​ទៀត​ ដោយ​សារ​តែ​នៅពេល​ដែល​ជាប់​ពន្ធនាគារ​ គាត់​អត់​មាន​ឱកាស​នៅ​ក្នុង​ការ​រក​ទទួល​ទាន​អាហារ​បន្ថែម​ មើល​កូន​ មើល​ចៅ​បន្ថែម​ ធ្វើ​ឲ្យមាន​ការ​ធ្លាក់​ចុះ​ដុន​ដាប​ថែម​ទៀត​នូវ​ស្ថានភាព​ក្រីក្ររបស់​ពួក​គាត់»។​

កាលពី​ឆ្នាំ​២០១៤​ ​រដ្ឋសភា​របស់​ប្រទេស​កម្ពុជា​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដែល​រង​នូវ​ការ​រិះគន់​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​គឺ​«សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ ចៅក្រម​ និងព្រះរាជ​អាជ្ញា​ និង​សេចក្តី​ព្រាងច្បាប់ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ»។​

មួយ​ឆ្នាំ​ក្រោយ​ការ​អនុម័ត​ច្បាប់​នេះ​ ក្រុម​អ្នក​ការពារ​ក្តី​អន្តរជាតិ​មួយ​ក្រុម​បាន​និយាយ​ថា​ ​ច្បាប់​បី ​ដែល​អនុម័ត​ដោយ​តំណាងរាស្រ្ត​នៃ​គណបក្ស​កាន់​អំណាច​សម្រាប់​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នេះ មិន​បាន​ធានា​ដល់​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ហើយ​ត្រូវ​តែ​ធ្វើ​វិសោធនកម្ម ​ព្រោះ​ច្បាប់​ទាំង​បី​នេះ​បាន​ផ្តល់​សិទ្ធិ​អំណាច​យ៉ាង​ធំធេង​ទៅ​ដល់​ក្រសួង​យុត្តិធម៌។​

កាលពី​ខែ​តុលាឆ្នាំ​២០១៥​ ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈ​មេធាវី​អន្តរជាតិ​ ​(International Bar Association Human Rights Institute)​ ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ដែល​បាន​ធ្វើ​ការ​វិភាគ​លម្អិត​ទៅ​លើ​ច្បាប់​ថ្មី​បី​ស្តីពី​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជាដើម្បី​ស្វែង​យល់ថា ​តើ​ច្បាប់​ទាំង​បី​នោះ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​មាន​ឯករាជ្យ​ភាព​ ឬ​ក៏​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​អង្គ​នីតិ​ប្រតិបត្តិ។​

របាយ​ការណ៍​ដែល​ធ្វើ​ឡើង​តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​ ​ការ​ស្រាវជ្រាវ​ ​និង​បទ​សម្ភាសន៍​ជា​បន្ត​បន្ទាប់​ បាន​ពិនិត្យ​ជា​ដំបូង​លើ​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ ហើយ​បាន​សនិ្នដ្ឋាន​ថា៖​

«រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​នឹង​មាន​ឆន្ទានុ​សិទ្ធិ​ និង​ឥទ្ធិពល​លើ​ផែ្នក​ស្ទើរ​តែ​ទាំង​អស់​របស់​ចៅក្រម។​ បច្ចុប្បន្ន​ វិសាល​ភាព​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លើ​ប្រព័ន្ធ​តុលាការ​ ដូច​ជា​ឥទ្ធិពល​ផ្លូវការ​យ៉ាង​ច្រើន​លើ​ផ្នែក​ថវិកា​ ធនធាន​ ការ​បណ្តុះ​បណ្តាល​ ការ​តែង​តាំង​ ការ​ដំឡើង​តំណែង​ រយៈពេល​កាន់​តំណែង​ និងការ​ដក​ចេញនៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ត្រូវ​បាន​ចែង​ក្នុង​ច្បាប់​ថ្មី​ទាំង​បី ​ដែល​គ្មាន​សង្គតិ​ភាព​ជាមួយ​បទដ្ឋាន​អន្តរ​ជាតិ​ឡើយ»។​

អ្នកស្រី​ ​Brenda Lee Edwards​ ​មេធាវី​មក​ពី​ប្រទេស​កាណាដា​ ​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ចំណែក​ក្នុង​ការ​ស្រាវជ្រាវ​របាយ​ការណ៍​របស់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​គណៈមេធាវី​អន្តរ​ជាតិ​នោះ​ ​បាន​ឲ្យ​ដឹង​ថា​ របាយ​ការណ៍​ ដែល​អ្នកស្រី​បាន​ទទួលក្នុង​ពេលស្រាវជ្រាវ ​បាន​រក​ឃើញ​នូវ​ការ​ស៊ី​សំណូក​សូក​ប៉ាន់ ​និង​អំពើ​ពុករលួយនៅ​ក្នុង​តុលាការ​នៃ​ប្រទេស​កម្ពុជា។​

អ្នក​ស្រី​បាន​លើក​ឧទាហរណ៍​មួយ​ថា​ នៅ​ពេល​រៀប​នឹង​ចេញ​ទៅ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ ចៅក្រម​ដែល​ត្រូវ​ការការ​បណ្តុះ​បណ្តាល​ត្រូវ​បាន​សួរ​ និង​ប្រាប់​ឲ្យ​សូក​សំណូក​ជា​ថ្នូរ​ទៅ​នឹង​ការ​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ ​ហើយ​ថា ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អ្នកស្រី​ក៏ត្រូវ​បាន​ប្រាប់​ថា ​បុគ្គល​ដែល​ជា​សមាជិក​នៃ​គណបក្សប្រជាជន​កម្ពុជាមាន​លទ្ធភាព​ច្រើន​ក្នុង​ការទទួល​បាន​ការ​តែង​តាំង​ និង​ការដំឡើង​តំណែង​នៅ​ពេល​ណា​ដែល​ពួក​គេ​ត្រូវ​បាន​តែង​តាំង។​

លោកធន សារាយ ថ្លែង​ថា ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​នៅ​បន្ត​កើត​មាន​ដដែល​ ​ហើយដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​អយុត្តិធម៌​សង្គម​ជា​ច្រើន​នៅ​កម្ពុជា។​

«ដោយ​សារ​តុលាការ​ និង​អំពើ​ពុក​រលួយ​នេះ​ឯង​ ដែល​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ​យើង​មាន​គន្លាត​ មាន​ការណ៍ មាន​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម។​ អយុត្តិធម៌​ក្នុង​សង្គម​គឺ​ថា​ អយុត្តិធម៌​ក្នុង​ការ​បែង​ចែកធនធាន​របស់​ជាតិ​ ការ​បែង​ចែក​នូវ​គេ​ហៅ​ថា​ ការ​លូត​លាស់​សេដ្ឋកិច្ច​ មិន​មាន​សមធម៌​ មិន​បាន​ត្រឹម​ត្រូវ​ជា​មួយ​ហ្នឹង​ ​រវាង​ប្រជា​ពលរដ្ឋ​យើង​ជា​ទូទៅ​ ជាពិសេស​ដល់​អ្នក​ក្រីក្រ និង​អ្នក​ដែល​នៅ​ចុង​កាត់​មាត់​ញក​ ​ដែល​គ្នា​បាន​ផល​តិច​អំពី​ការ​លូត​លាស់​សេដ្ឋកិច្ច​នេះ»។​

លោក​អំ សំអាត​ ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ​ថ្លែង​ថា ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ក៏​បន្ត​ស្ថិត​នៅ​ក្រោម​ការ​រិះគន់ពី​អ្នក​ជំនាញ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ផង​ដែរ។​

«បច្ចុប្បន្ន​យើង​ឃើញ​ហើយ​ មិនមែន​តែ​សហគមន៍​ជាតិ​ទេ​ មិន​មែន​តែអង្គការ​សង្គម​ស៊ីវិល​ ឬ​សហគមន៍​ជាតិ​មើល​ឃើញ​ទេ​ សូម្បីតែ​សហគមន៍​អន្តរ​ជាតិ​ ជាពិសេស​គឺ​អ្នក​រាយ​ការណ៍​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិក៏​លើក​ឡើង​ ស្នើ​ឲ្យ​រដ្ឋាភិបាលធ្វើ​ការ​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ ឲ្យ​ប្រព័ន្ធ​តុលាការ​នេះទៅ​ជា​ប្រព័ន្ធ​ឯករាជ្យ​ ​ដើម្បី​ធានា​អំពី​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ ធានា​អំពី​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទូទៅ​នោះ​បាទ»។​

VOA​ ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ ​ជិន ម៉ាលីន​ ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​ទេ ​នៅថ្ងៃ​អង្គារ​នេះ។​ ​លោក​កឹម​ សន្តិភាព​ អ្នក​នាំពាក្យ​មួយ​រូប​ទៀតរបស់​ក្រសួង​យុត្តិធម៌បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ។​ ​VOA​ ​ក៏បាន​ព្យាយាមទាក់​ទងមន្ត្រី​តុលាការ​មួយ​ចំនួន​ទៀត​ ​តាំង​ពី​តុលាការ​ជាន់​ទាប​ដល់​កំពូល​ តែ​មិន​ទាន់​អាចទាក់​ទង​បាន​នៅ​ឡើយទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។​ ​ក្រុម​មន្ត្រី​ទាំង​នោះ​មាន​លោកលី សុផាណា​ អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ ​និង​លោក​អ៊ុក គឹមសិទ្ធិ​ ​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល។​

មាត្រា​៥១​ថ្មី​នៃ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា៖​

«ព្រះ​រាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ ​អំណាច​ទាំង​អស់​ជា​របស់​ប្រជា​ពលរដ្ឋ។ ​ប្រជា​ពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​រដ្ឋសភា​ ព្រឹទ្ធ​សភា​ រាជ​រដ្ឋាភិបាល​ និង​សាលា​ជម្រះ​ក្តី។ ​អំណាច​បែង​ចែក​ដាច់​ពី​គ្នា​រវាង​អំណាច​នីតិ​ប្បញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​អំណាច​តុលាការ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG