ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Human Rights Watch ​ថា ​រដ្ឋាភិបាល​ធ្វើ​បាប​បក្ស​ប្រឆាំង​និង​អ្នក​រិះគន់​ដោយ​ខ្លាច​ចាញ់​ឆ្នោត


រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។ (AP Photo/Heng Sinith)

អង្គការ​ Human Rights Watch ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា៖ «ការ​រំលោភ​បំពាន​ទាំង​នេះ​កើត​ឡើង​ទំនង​ជា​ ដោយសារ​តែ​ដើម្បី​រារាំង​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​ ឬ​ក៏​ដើម្បី​បង្កើត​នូវ​លេស​ ដើម្បី​បដិសេធ​ចោល​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង‍»។

ឆ្នាំ​២០១៦​កន្លង​មក​នេះ​ជា​ឆ្នាំ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ បង្កើន​ការធ្វើ​ទុក្ខ​បុកម្នេញ​ខាង​ផ្នែក​នយោបាយ​មក​លើ​គណបក្ស​ប្រឆាំង​ អ្នក​ការពារ​សិទ្ធិមនុស្ស​ សកម្មជន​សង្គម​ និង​បញ្ញវ័ន្ត​ខ្មែរ ​ដោយ​សារតែ​សង្ស័យ​ថា​ពួកគេ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ថ្នាក់​ដឹក​នាំ​ប្រទេស។​ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

អង្គការ​ Human Rights Watch ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា៖

«ការ​រំលោភ​បំពាន​ទាំង​នេះ​កើត​ឡើង​ទំនង​ជា​ ដោយសារ​តែ​ដើម្បី​រារាំង​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​ ឬ​ក៏​ដើម្បី​បង្កើត​នូវ​លេស​ ដើម្បី​បដិសេធ​ចោល​ជ័យជម្នះ​របស់​បក្ស​ប្រឆាំង‍»។

របាយការណ៍​សង្ខេប​ដែល​មាន​៥ទំព័រ​នេះ​បាន​លើកឡើង​ពី​ករណី​សម្លាប់​អ្នក​វិភាគ​សង្គម​លោក​បណ្ឌិត ​កែម ឡី ​ដែល​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ ហើយ​មិន​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពិតប្រាកដ​ ក្នុងការ​ស្វែងរក​អ្នក​បញ្ជា​ឃាតករ​សម្លាប់​ឡើយ ហើយ​ក៏បាន​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​មក​លើ​លោក ​រ៉ុង ឈុន ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ និង​សមាជិក​សហជីព​ល្បីៗ​ចំនួន​១២នាក់​ផ្សេងទៀត​ថា​ គ្មាន​មូលដ្ឋាន​អ្វី​ពិត​ប្រាកដ​ទេ​ដោយ​សារ​តែ​កម្មករ​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​ប៉ុណ្ណោះ។

រីឯ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រារាំង​ឱ្យ​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ដោយ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​ការ​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ ព្រោះ​តែ​ការ​ចោទ​ប្រកាន់​នានា​ដែល​គេ​បង្កើត​ឡើង។ ហើយ​លោក​កឹម សុខា ​អនុប្រធាន​គណបក្ស​បាន​ត្រូវ​កាត់​ទោស​ក្នុង​សំណុំ​រឿង ​ដែល​គេ​បង្កើត​ឡើង​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ​ Human Rights Watch។

របាយការណ៍​នេះ​បន្ថែម​ថា ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​មិន​បាន​ស៊ើបអង្កេត​ករណី​ពុក​រលួយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ទេ ​បែរ​ជា​មក​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នយោបាយ​ដែល​ធ្វើ​បាប​បក្ស​ប្រឆាំង ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទៅវិញ។ រីឯ​អ្នក​ប្រព្រឹត្ត​ល្មើស ​ដូចជា​មន្ត្រី​បីនាក់​នៃ​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ​ដែល​វាយ​អ្នក​តំណាង​រាស្ត្រ​យ៉ាង​ឃោរឃៅ​បែរ​ជា​ជាប់​ទោស​តែ​មួយ​ឆ្នាំ​ ហើយ​ព្យួរទោស​ទៅ​វិញ​ដែល​នេះ នាំ​ឱ្យ​មាន​និទណ្ឌភាព​ក្នុង​ប្រទេស​កម្ពុជា។

ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា​ ដូច​ជា​សហគមន៍​អឺរ៉ុប​ ជប៉ុន​ និង​ចិន​ជាដើម ​មិន​បាន​ចាត់​វិធានការ​ណា​ជាក់​លាក់​ក្នុងការ​ដោះស្រាយ​ស្ថានភាព​សិទ្ធិ​មនុស្ស​ ដែល​កាន់​តែ​ធ្លាក់​ចុះ​នោះ​ទេ។ នេះ​បើ​តាម​ការ​សង្កេត​របស់​អង្គការ Human Rights Watch៕

XS
SM
MD
LG