បញ្ហាក្នុងស្រុកនិងក្នុងតំបន់នឹងបន្តគ្របដណ្តប់លើឆាកនយោបាយកម្ពុជានៅឆ្នាំ២០១៧នេះ ក្នុងខណៈពេលដែលប្រជាប្រិយភាពនៃស្ថាប័នរាជ្យបល្ល័ង្គនឹងបន្តកើនឡើងស្របគ្នានឹងកំដៅនយោបាយនៅចុងឆ្នាំ។ នេះបើតាមការព្យាករណ៍របស់អ្នកវិភាគនយោបាយ។
លោក អ៊ូ វីរៈ ប្រធានវេទិការអនាគតបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទនេះថា ស្មារតីលើកកម្ពស់មោទនភាពជាតិនិងអត្តសញ្ញាណជាតិដែលកាន់តែកើនឡើងក្នុងចំណោមពលរដ្ឋកម្ពុជាជាពិសេសក្រុមយុវជននឹងធ្វើឱ្យស្ថាប័នព្រះមហាក្សត្រខ្មែរកាន់តែលេចត្រដែតឡើងជាងពេលណាៗទាំងអស់។
លោកបន្ថែមថា៖
«ប្រជាពលរដ្ឋខ្មែរគាត់ចង់បានអត្តសញ្ញាណ។ គាត់ចង់បានមោទនភាពជាតិ បេះដូងខ្មែរអីចឹងហើយដោយសារការកើនឡើងនៃការប្រើហ្វេសប៊ុកខ្ញុំមើលទៅប្រជាប្រិយ៍ភាពព្រះរាជ្យបល្ល័ង្គនឹងកើនឡើងជាងប៉ុន្មានឆ្នាំកន្លងមកនេះ»។
លោកអ៊ូ វីរៈបន្ថែមថាសារព័ត៌មានជាច្រើននិងអ្នកនយោបាយក៏នឹងផ្តោតលើស្ថាប័នរាជ្យបល្ល័ង្គច្រើនជាងមុនដែរដោយឆ្នាំនេះនឹងឆ្នាំ២០១៨គឺជាពេលវេលានៃការបោះឆ្នោត៖
«គណបក្សទាំងអស់នឹងបង្ហាញនូវការគាំទ្ររាជ្យបល្ល័ង្គរបស់ខ្លួនដូច្នេះហើយនឹងជំរុញប្រជាប្រិយ៍ភាពរាជ្យបល្ល័ង្គកាន់តែកើនឡើងហើយ»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៤ខែមិថុនាខាងមុខនេះ។ ការបោះឆ្នោតនេះនឹងមិនមានការផ្លាស់ប្តូរបែបបទនៃការបំពេញការងារបម្រើដល់ពលរដ្ឋប៉ុន្មានទេដោយសារតែស្ថាប័នថ្នាក់មូលដ្ឋាននេះនៅតែត្រូវស្តាប់តាមស្ថាប័នថ្នាក់ជាតិដដែលទេ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ូ វីរៈ ប៉ុន្តែព្យាករណ៍ថាកំដៅនយោបាយនឹងកើនឡើងនៅចុងឆ្នាំ២០១៧នេះដោយសារកំដៅនេះតែងតែកើនឡើងនៅមុនការបោះឆ្នោតថា្នក់ជាតិ។
លោកអ៊ូ វីរៈបានបន្ថែមថា៖
«ការបោះឆ្នោតនៅឆ្នាំ២០១៧នេះម្នាក់ៗសង្កេតចាំមើលថាតើលទ្ធផលនឹងទៅជាយ៉ាងម៉េចដើម្បីជាសញ្ញាមួយដ៏សំខាន់ដើម្បីចង្អុលបង្ហាញពីលទ្ធផលឬមួយក៏ពីការប្រកួតប្រជែងនៅឆ្នាំ២០១៨ដែលជាការបោះឆ្នោតសំខាន់បំផុតនៅថ្នាក់ជាតិហ្នឹង»។
នៅក្នុងជ្រុងសេដ្ឋកិច្ចលោកអ៊ូ វីរៈយល់ថាស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងនៅតែមានកំណើនឋេរក្នុងកម្រិត៧ភាគរយដែលនេះស្របទៅនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃដែរ។
ក្រៅពីនេះការកើនឡើងនៃឥទ្ធិពលចិននិងរុស្ស៊ីក្នុងតំបន់ក៏នឹងមានផលប៉ះពាល់ដល់ប្រទេសកម្ពុជាជាពិសេសលើផ្នែកអចលនទ្រព្យដូចជាដីធ្លីជាដើម៕