ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គ្រោះ​ជាតិ​សុំ​ចរចា​ករណី​អ្នក​ការពារ​សិទ្ធិមនុស្ស​ តែ​បក្ស​កាន់​អំណាច​នៅ​រារែក


លោក ស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និងលោក កឹម សុខា ដែល​ទើប​ក្លាយ​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ (ស្តាំ)។ (VOA Khmer)​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កាល​បរិច្ឆេទ​ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​អាច​ធ្វើ​ទៅ​បាន​នោះ ​បាន​ឈាន​មក​ដល់។

គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពន្លឿនការកំណត់​ថ្ងៃ​ជួប​គ្នា​រវាង​គណបក្ស​ទាំង​២ឱ្យ​បាន​ឆាប់​ៗ ​ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ ដែល​ឈាន​ដល់​ការ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស ​និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​កាល​បរិច្ឆេទ​ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​អាច​ធ្វើ​ទៅ​បាន​នោះ ​បាន​ឈាន​មក​ដល់។

កាល​ពី​ថ្ងៃទី​៥ ខែ​មករា ​លោក កឹម សុខា​ អនុ​ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មតិភាគ​តិច​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគ​ច្រើន ​ស្នើ​ឱ្យ​មាន​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំងពីរ​នៅ​ក្នុង​ខែ​មករា​នេះ។

ជា​ការ​ឆ្លើយតប​ លោក​ ស ខេង ​បាន​អះអាង​ថា ​ជំនួប​ពិភាក្សា​ការងារ​រវាង​គណបក្ស​ទាំងពីរ​អាច​កើត​ឡើង​បាន​ក្រោយ​ថ្ងៃ​ទី​១១ ខែ​មករា​ ហើយ​ខុទ្ទកាល័យ​របស់​លោក​នឹង​ជូន​ព័ត៌មានអំពី​ពេល​វេលា​ជាក់លាក់​ទៅ​ខុទ្ទកាល័យ​របស់​លោក​ កឹម សុខា។

លោក យឹម សុវណ្ណ ​អនុប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ ​ប្រាប់ ​VOA ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា ​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ​ខែ​មករា​នេះ ​គណបក្ស​ប្រឆាំង​នៅ​ពុំទាន់​ទទួល​បាន​ព័ត៌មាន​ពី​កាល​បរិច្ឆេទ​ជាក់លាក់​សម្រាប់​ជំនួប​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ​ទេ។

លោក យឹម សុវណ្ណ​ បន្ត​ថា ​កន្លង​ទៅ អ្នក​ជាប់ឃុំ​ដោយសារករណី​ស្រដៀង​គ្នា​នេះ​មាន​លោក ​កឹម សុខា ​និង​មេឃុំ​ ស៊ាង ចែត ​ត្រូវ​បាន​ដោះលែង​រួចហើយ។ លោក​ស្នើ​ឱ្យ​មាន​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​ឆាប់ៗ ​ដើម្បី​រក​ដំណោះស្រាយ​ឈាន​ដល់​ការ​ដោះលែង​អ្នកទាំង​៥​ ដើម្បី​បង្កើត​បរិយាកាស​នយោបាយ​ល្អ​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់ ​និង​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ។

«​យើង​ចង់​ឱ្យ​មាន​ដំណោះស្រាយ​ហ្នឹង​ឱ្យបាន​ឆាប់ ​ពីព្រោះ​អ្នក​ដែល​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​ នៅ​ក្នុង​ពន្ធនាគារ​មួយ​ថ្ងៃ​ដូច​មួយ​ឆ្នាំ​ចឹង។ ហើយ​គាត់​ជា​អ្នក​រងគ្រោះ រងគ្រោះ​ដោយសារ​នយោបាយ​ រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌។ ដូច្នេះ​ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​នយោបាយ​ទាំងអស់​ យើង​គួរ​តែ​ផ្ដល់​យុត្តិធម៌​ទៅ​ឱ្យ​គាត់ ​ហើយ​ដោះលែង​គាត់​ដើម្បី​ឱ្យ​គាត់​បាន​ជួបជុំ​គ្រួសារ​គាត់ ​ហើយ​ដើម្បី​ឱ្យ​គាត់​បាន​បំពេញ​កាតព្វកិច្ច​ជូន​ប្រទេស​ជាតិ​របស់​គាត់»។

រូបឯកសារ៖ លោក នី សុខា (ឆ្វេង) លោកណៃ វង់ដា (កណ្ដាល) និង​លោក យី សុខសាន្ត (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា។
រូបឯកសារ៖ លោក នី សុខា (ឆ្វេង) លោកណៃ វង់ដា (កណ្ដាល) និង​លោក យី សុខសាន្ត (ស្ដាំ) មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធនឹង​ករណី​រឿង​អាស្រូវ​ផ្លូវ​ភេទ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក កឹម សុខា។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ចំនួន​៤​រូប​ដែល​រួម​មាន​លោក នី សុខា ​លោក យី សុខ​សាន លោក​ ណៃ​ វ៉ង់ដា​ និង​អ្នក​ស្រី លឹម មុនី​ ព្រមទាំង​លោក នី​ ចរិយា អគ្គលេខាធិការ​រង​នៃ​គ.ជ.ប ​ដែល​ជា​អតីត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដ៏​លេច​ធ្លោ​ម្នាក់​នៃ​សមាគម​អាដហុក​នេះ​ដែរ ​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៦​មក​ ហើយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ ពួក​គេ​ពី​បទ​សូក​ប៉ាន់​សាក្សី​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ​ ដែល​គេ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​លោក ​កឹម សុខា។

លោក​នាយ​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ និង​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ ស ខេង ប្រាប់​ VOA ថា រហូត​មក​ដល់​ពេល​នេះ​ លោក​ពុំទាន់​ទទួល​បាន​ព័ត៌មាន​ពី​លោក ស ខេង ពាក់ព័ន្ធ​នឹង​កាល​បរិច្ឆេទ​សម្រាប់​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំងពីរ​នៅ​ឡើយ​ទេ។ ទោះយ៉ាងណា​ លោក​ថា ​ជំនួប​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ប្រាកដ។

លោក ​ខៀវ សុភ័គ ​បន្តថា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក សម រង្ស៊ី ​បន្ត​ធ្វើ​ការ​វាយប្រហារ​មក​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា ​ជា​បន្ត​បន្ទាប់។ មុន​ឈាន​ដល់​ការ​ចរចា​គ្នា​ដោយ​ប្រើ​វប្បធម៌​សន្ទនា ​លោក​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ ​រក្សា​បរិយាកាស​នយោបាយ​ឲ្យ​ល្អ ជៀសវាង​ការ​វាយ​ប្រហារ​គ្នា។

លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា គណបក្ស​ទាំងពីរ​មិន​មាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ ដើម្បី​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​និង​មន្ត្រី គ.ជ.ប ​នោះ​ទេ ហើយ​តុលាការ​ក៏​មិន​ទាន់​បាន​បញ្ចប់​នីតិវិធី​កាត់​ទោស​អ្នក​ទាំង​នេះ​នៅ​ឡើយ។

លោក​ សុខ ឥសាន ​បន្ត​ថា ​ករណី​មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី គ.ជ.ប ​មិន​អាច​ប្រៀបធៀប​ជាមួយករណី​របស់​លោក កឹម សុខា ​និង​មេឃុំ​ ស៊ាង ចែត ​នោះ​ទេ ដោយសារ​ករណី​នីមួយៗ​មាន​លក្ខណៈ​ខុស​ពី​គ្នា។

«​ខ្ញុំ​ជម្រាប​ជូន​ខាង​ដើម​ចឹង​ សំណុំ​រឿង​ម្នាក់ៗ​ វា​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ អត់​ដូចគ្នា​ទេ។ បើ​ឃើញ​មួយ​ថា​លែង​បាន មួយ​ថា​ចង់​លែង​ដែរ អា​ហ្នឹង​វា​ម៉េច​ទៅ​រួច។ ឈ្មោះ​ក៏​ខុស​គ្នា ស្ថាន​ទម្ងន់​ទោស​ក៏​ដូច​គ្នា បទ​ល្មើស​ក៏​ខុស​គ្នា»។

លោក អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មាន​មូលហេតុ​ច្រើន​យ៉ាង​ដែល​នាំ​ឱ្យ​គណបក្ស​កាន់​អំណាច​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ជួប​គ្នា។​ ក៏​ប៉ុន្តែ​លោក​ថា​មូលហេតុ​ដែល​ធំជាង​គេ​ គឺ​អាច​មក​ពី​គណបក្ស​ទាំងពីរ​នៅ​មិនទាន់​ចរចា​ត្រូវ​គ្នា។​

លោក អ៊ូ វីរៈ ​បន្ត​ថា មូលហេតុ​ផ្សេង​ទៀត​អាច​មក​ពី​ការ​បញ្ចេញ​លិខិត​ឆ្លើយឆ្លង​គ្នា​រវាង​លោក ​ស ខេង ​និង​លោក​ កឹម សុខា ​ពី​កិច្ច​ប្រជុំ​នេះ ​និង​ការ​វាយប្រហារ​ពី​ក្រៅ​ប្រទេស​ទៅ​លើ​គណបក្ស​កាន់អំណាច​ ដោយ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។ ទោះយ៉ាង​ណា​លោក​ជឿ​ថា ​មន្ត្រី​សិទ្ធិមនុស្ស​ និង​មន្ត្រី​ គ.ជ.ប នឹង​ត្រូវ​ដោះលែង​ក្នុង​ពេល​ឆាប់ៗ។

«បើសិនជា​យើង​មើល​មែនទែន ​ដូច​ខ្ញុំ​និយាយ​ចឹង ពួកគាត់​ជាប់​ជាមួយ​ករណី​លោក​ កឹម សុខា។ ពួកគាត់​មាន[បាន​]​ធ្វើអ្វី​ដែល​វា​មាន​កំហុស​ធ្ងន់ធ្ងរ។ ចឹង​បើ​សិនជា​អត់មាន​ផង ពួកគាត់​មាន​អី​ត្រូវ​ជាប់​យូរ​យ៉ាងហ្នឹង? ខ្ញុំ​មើល​ដោយសារ​ចេះ​ទេ ខ្ញុំ​មើល​ទៅ​ពួក​គាត់​ប្រហែល​ជា​ត្រូវ​ដោះលែង ទោះបី​យើង​មើល​តាម​ផ្លូវ​ច្បាប់​ក៏​ពួកគាត់​មិនគួរ​ជាប់​យូរ​ដល់​ថ្នាក់​រាប់ដល់ខែ​រាប់​ដល់​ឆ្នាំ។ វា​យូរ​ខែ​យូរ​កាល​ហើយ ខ្ញុំ​មើល​ទៅ​គួរ​តែ​ដល់​ពេល​ដែល​ត្រូវ​ដោះលែង​ពួកគាត់​ទាំង​អស់​គ្នា​ហើយ»។

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​មក​ថា​ ការ​អត្ថាធិប្បាយ​របស់​លោក​ សម រង្ស៊ី​ អំពី​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ និង​ការ​វាយប្រហារ​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កម្ពុជា ​អាច​ជា​កត្តា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ចរចា​នយោបាយ​ ដើម្បី​បំបែក​សំណុំរឿង​នានា​ដែល​នៅ​សេសសល់ ​ដែល​រួមមាន​សំណុំរឿង ​មន្ត្រី​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន​ជាង​១០​រូប ​និង​អ្នកស្រី ​ទេព​ វន្នី​ អ្នក​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​តំបន់​បឹងកក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ៕

XS
SM
MD
LG