ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល​សង្គម៖ រដ្ឋាភិបាល​កេង​ចំណេញ​នយោបាយ​លើ​ពិដាន​អត្រា​ការ​ប្រាក់


រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ធនាគារ​អេស៊ីលីដា​បាន​ផ្លាស់ប្តូរ​ស្លាកសញ្ញា​បប្រចាំក្រុមហ៊ុន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ប្រកាស​ថា​ស្លាក​សញ្ញា​របស់​ធនាគារ​នេះ​ស្រដៀង​នឹង​ស្លាកសញ្ញា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុកាល​ពី​ថ្ងៃទី​​១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា​ និយាយ​ថា​ ការ​ចាត់​វិធានការ​ដាក់​ពិដាន​លើ​អត្រា​ការប្រាក់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ។​

ក្រុម​អ្នក​តាម​ដាន​កិច្ច​អភិវឌ្ឍ​សង្គម​កម្ពុជា​បាន​និយាយ​ថា​ ចំណាត់​ការ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នេះ​ អាច​ធ្វើ​ឲ្យ​កិច្ច​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ជួប​វិបត្តិ​ក្នុង​រយៈពេល​យូរ​មួយ​នា​ពេល​ខាងមុខ។

ពួកគេបានថ្លែង​ថា​ ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ អាច​នឹង​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ​ នៅ​គ្រា​ដែល​រដ្ឋាភិបាល​សម្រេច​ការ​ដាក់​ពិដាន​លើ​អត្រា​ការ​ប្រាក់​ក្នុង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​ឯក​រាជ្យ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ។

ពួកគេ​ប្រាប់ VOA ថា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ថា​ សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​លើ​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ដែល​ជា​ឧបករណ៍​មិន​មាន​ប្រសិទ្ធភាព​នេះ​ទំនង​ជា​ធ្វើ​ឡើង​ ដើម្បី​បង្កើន​ប្រជា​ប្រិយ​ភាព​គណបក្ស​កាន់​អំណាច​ នៅ​គ្រា​ដែល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​កំពុង​តែ​ខិត​ជិត​មក​ដល់​នោះ។

កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​ឥណទាន​ត្រឹម​១៨ភាគរយ​ក្នុង​មួយ​ឆ្នាំ។

ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ កើត​ឡើង​តែ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពី​រដ្ឋាភិបាលលោក ​ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​ថា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ពិដាន​នេះ​ មាន​គោលបំណង​ក្នុង​ការ​ការ​ពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ ជាពិសេស​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ការ​ទប់​ស្កាត់​ការ​ជំពាក់​បំណុល​វ័ណ្ឌក​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ការពារ​អតិថិជន​ពី​ការ​គិត​ការ​ប្រាក់​ក្នុង​អត្រា​ខ្ពស់​ពេក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ការ​ជំរុញ​ការ​ប្រើ​ប្រាស់​ឥណទាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

​លោក មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ ប្រាប់ VOA ថា​ ការ​សម្រេច​ភ្លាមៗ​ចំពោះ​ការ​ដាក់​ពិដាន​លើ​អត្រា​ការ​ប្រាក់​នេះ ធ្វើ​ឲ្យ​សាធារណជន​មាន​មន្ទិល​ថា​ ជា​ចេតនា​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បង្កើន​ប្រជាប្រិយភាព​របស់​ខ្លួន​ ឬ​ក៏​ជា​បំណង​ពិតប្រាកដ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​ក្នុង​បំណុល​នោះ។

«ជួនកាល​ការ​សម្រេច​ចិត្ត​ភ្លាមៗ​នៅ​ថ្ងៃ​នេះ​ វា​អាច​ជួយ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​អ្នក​នយោបាយ​កើន​ឡើង​មែន។​ ក៏ប៉ុន្តែ​វា​ទុក​ចោល​នូវ​ស្នាម​ និង​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ​ ទោះបី​ជា​គណបក្ស​នេះ​មិន​បាន​កាន់​អំណាច​ ទៅដល់​គណបក្ស​ក្រោយ​ជួនកាល​គឺ​ជា​បន្ទុក​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ហើយ​និង​គ្រួសារ​នីមួយៗ​នៅ​ក្នុង​រយៈពេល​វែង​នោះ​បាទ។​ អ្វី​ដែល​យើង​ចង់​ឃើញ​ ចង់​ឲ្យ​រដ្ឋាភិបាល​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​ជាង​នេះ មុននឹង​ធ្វើការ​សម្រេច​ចិត្ត​បែបនេះ»។

លោក​បន្ថែម​ថា៖​«បើ​យើង​ចង់​បាន​ប្រជាប្រិយភាព​ ប៉ុន្តែ​សេដ្ឋកិច្ច វា​ត្រូវ​ធ្លាក់​ចុះ​ ក៏​ថ្ងៃ​ក្រោយ​ទៅ​បន្ទុក​ទាំងអស់​ហ្នឹង​វា​នឹង​វិល​មក​រក​រដ្ឋាភិបាល​វិញ​ ដែល​ត្រូវ​ដោះស្រាយ ហើយ​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​ក៏​ត្រូវ​តាម​ហ្នឹង​ដែរ»។

រូបឯកសារ៖ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA​)។
រូបឯកសារ៖ លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA​)។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​ ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការកំណត់​អត្រា​ការប្រាក់​ ក្នុង​ពេល​ប្រទេស​កំពុង​ងាក​ទៅ​រក​ការ​បោះឆ្នោត​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ផល​ចំណេញ​ផ្នែក​នយោបាយ។​ លោក​ថា​ ផល​ចំណេញ​នេះ នឹង​បង្ក​ផល​វិបាក​ដល់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​តូចៗ។

«រឿង​នេះ​ ក៏​វា​អាច​ជា​សញ្ញាណ​នៃ​រឿង​ទាក់ទង​ការ​ពាក់​ព័ន្ធ​នឹង​នយោបាយ​ ព្រោះ​មាន​គណបក្ស​នយោបាយ​ខ្លះ​ ក៏​បាន​យក​រឿង​មីក្រូហិរញ្ញវត្ថុ​នេះ​មក​ជា​សារ​នយោបាយ​ដែរ​ណាស់ បាទ​នៅ​ពេល​កន្លង​មក​ហ្នឹង។ អញ្ចឹង​ជៀស​មិន​រួច​គឺ​អាច​ អាច​ជា​អ្វី​មួយ​ដែល​រដ្ឋាភិបាល​ចង់​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ»។

លោក​បន្ថែម​ថា៖

«ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​ ខ្ញុំ​មើល​ឃើញ​ថា​ ការ​កំណត់​អត្រា​ការ​ប្រាក់​១៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​មីក្រូហិរញ្ញវត្ថុ​ធំៗ​ ដែល​ឲ្យ​កម្ចី​ទៅ​ពលរដ្ឋ​ហ្នឹង​ធំៗ​ ខ្ញុំ​គិត​ថា​មិនសូវ​ជា​បញ្ហា​ទេ​ ក៏ប៉ុន្តែ​បញ្ហា​គឺ​ ពួក​ដែល​ឲ្យ​កម្ចី​ហិរញ្ញវត្ថុ​តូច​ៗ​នេះ​ ដូចជា​ខ្ចី​លុយ​ទៅ​ ឬ​ក៏​ហៅ​ប្រភេទ​ ទិញ​ជំពាក់​ដូចជា​ទិញ​ម៉ូតូ ទិញ​ទូរស័ព្ទ»។

ក៏ប៉ុន្តែ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​បំភ្លឺ​ថា​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​អស់​គឺ​ជា​របស់​ឯកជន​ មិនមែន​ជា​របស់​រដ្ឋ​នោះ​ បាន​ការពារ​វិធានការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​នេះ​ថា ជា​ការ​ជំរុញ​ល្បឿន​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​លឿន​ជាង​មុន។

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ កាល​ពី​ថ្ងៃ​ពុធ​ថា​ ការ​បន្ថយ​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំមក​នៅ​ត្រឹម​១៨ភាគរយ​នេះ​ គឺ​ត្រូវ​បាន​សម្រេច​តាម​ការ​ពិគ្រោះ​យោបល់​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​បាន​ចំអក​ដល់​អ្នក​នយោបាយ​មួយ​ចំនួន​ ដែល​ព្យាយាម​ជំទាស់​ ឬ​ចង់​កេង​ប្រយោជន៍​នយោបាយ​ពី​ការ​កំណត់​នេះ។

«ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​មួយ​អំពាវនាវ​ឲ្យ​ឡើង​ដល់​២២​ភាគរយ​វិញ។ មាន​បក្ស​នយោបាយ​មួយ​ចេញ​សេចក្ដី​ថ្លែងការណ៍​ មក​អញ្ចេះ​ទៅ​ទៀត។​ ប៉ុន្តែ ​មាន​អ្នក​កេង​ចំណេញ​ថា​ អា​ហ្នឹង​ជា​យោបល់​គេ​ ពីរ​ឆ្នាំមុន​ណោះ​ ឱ​ព្រះ​អើយ​ព្រះ!​ ទៅ​រកស៊ី​ឯណា​បាន​ ទៅ​នៅ​ដើម​ពោធិ​ណា ទៅ​នៅ​ដើម​ពោធិ​ហ្នឹង​វិញ​ទៅ»។

លោក​បន្ត​ថា៖

«បាន​សេចក្ដី​ថា​ ខ្ញុំ​ពិគ្រោះ​យោបល់​ចុះឡើង​ រួចហើយ​វាយ​បញ្ចូល​ទៅ​ក្នុង​បណ្ដាញ​នៃ​មេដឹក​នាំ​ទាំង​អស់»។

​ទោះបីជា​មាន​ការ​ពន្យល់​ពី​លោក​នាយក​រដ្ឋមន្ត្រី​យ៉ាង​នេះ​ក្ដី​ អ្នក​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់​កាល​ពី​ពេល​កន្លងមក​ថា​ ការ​ដាក់​ពិដាន​នេះ​នឹង​ជួយ​សម្រួល​បញ្ហា​ដល់​អ្នក​ជាប់​បំណុល​បាន​មួយ​រយៈពេល​ខ្លី តែ​វា​ក៏​នឹង​ផ្ដល់​ឥទ្ធិពល​ជា​អវិជ្ជមាន​ផង​ដែរ​ ទៅ​ដល់​កិច្ច​ប្រតិបត្តិការ​របស់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ខ្នាត​តូច។​

ពួកគេ​បាន​ឲ្យ​ដឹង​ថា ពួកគេ​មិន​បាន​ទទួល​ដំណឹង​ជាមុន​អំពី​ការ​សម្រេច​ដាក់​ពិដាន​លើ​អត្រា​ការ​ប្រាក់​យ៉ាង​តក់​ក្រហល់​នោះ​ឡើយ។

រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)
រូបឯកសារ៖ ប្រជាជន​ខ្មែរ​រាប់​លុយ​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​និង​លុយ​ដុល្លារ​អាមេរិច​នៅ​ឯ​តូប​ដូរ​លុយ​ក្នុង​ស្រុក​មួយ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ​ខែ​មេសា​ ឆ្នាំ២០១៦។​ (​ឡេង ឡែន/VOA)

រីឯ​អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល ​ក៏​ធ្លាប់​បាន​លើក​ឡើង​កាលពី​ពេលមុន​ផង​ដែរ​ថា ការ​ដាក់​ពិដាន​អត្រា​ការ​ប្រាក់​នេះ​ មិន​មែន​ជា​គោល​នយោបាយ​ល្អ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អត្រា​ការប្រាក់​ខ្ពស់​នោះ​ទេ។ ផ្ទុយ​ទៅវិញ​ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ការ​ខ្ចី​ប្រាក់​ដោយ​ខុស​ច្បាប់​ និង​រារាំង​ដល់​លទ្ធភាព​ទទួល​បាន​ឥណទាន​នៅ​ទី​ជនបទ​ និង​តំបន់​ដែល​ងាយ​រងគ្រោះ។

លោក​ ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Markets Consulting (EMC) មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ មាន​មធ្យោបាយ​ផ្សេងទៀត​ ដើម្បី​ដោះ​ស្រាយ​នឹង​វិបត្តិ​អត្រា​ការប្រាក់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ លោក​ពន្យល់​ថា​ ការ​ដាក់​ពិដាន​លើ​អត្រា​ការប្រាក់​ដោយ​ការ​ចាប់​បង្ខំ​ នឹង​ផ្ដល់​ផលវិបាក​ដល់​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​តូចៗ។

លោក​បន្ត​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​លើ​ការ​កាត់​បន្ថយ​កត្តា​ហានិភ័យ​នានា​នៅ​ក្នុង​ប្រទេស​ ដូច​ជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​បាន​ធ្វើឲ្យ​វិយោគិន​ពីក្រៅ​ប្រទេស​រារែក​ក្នុង​ការ​ទម្លាក់​អត្រា​ការប្រាក់។

«រដ្ឋាភិបាល​នៅ​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការ​ពង្រឹង​ផ្នែក​ទាំងអស់​ហ្នឹង​ ដូចជា​ប្រសិទ្ធភាព​ការ​អនុវត្តន៍​ការងារ​របស់​រដ្ឋាភិបាល។ លទ្ធភាព​ក្នុង​ការ​ប្រឆាំង​ឬ​កាត់​បន្ថយ​អំពើ​ពុករលួយ​ទាំងអស់​ហ្នឹង​គឺ​ជា​ឱកាស​ធំ​របស់​រដ្ឋាភិបាល ដើម្បី​ធ្វើ​ម៉េច​អាច​គេ​មើល​មក​ និយាយ​ទៅ​គឺ​ម្ចាស់ ដែល​គាត់​ផ្ដល់​កម្ចី​មក​មីក្រូហិរញ្ញវត្ថុ​ហ្នឹង​ គឺ​មើល​ទៅ​ប្រកប​ដោយ​ភាព​ទុកចិត្ត ប្រកបដោយ​ការ​សហការ​ខ្ពស់​អញ្ចឹង​អត្រា​ការ​ប្រាក់​ប្រហែល​ជា​អាច​ធ្លាក់​ទៅ​តាម​ហ្នឹង»។

អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​ បាន​បញ្ជាក់​ថា​ ពិដាន​ដំបូង​ដែល​រដ្ឋាភិបាល​អាច​ដាក់​បាន​នោះ​ គឺ​ក្នុង​រង្វង់​៣០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​ដំបូង។ លោក​ថា​ ពិដាន​នោះ​អាច​ចុះ​មក​២៥​ភាគរយ​នៅ​ក្នុង​រយៈពេល​២ឆ្នាំ​ក្រោយ​មក​ទៀត​ និង​២ឆ្នាំបន្ទាប់​ទៀត​ ត្រឹម​២០​ភាគរយ​ ដើម្បី​ឈាន​ដល់​ការ​កំណត់​ត្រឹម​១៨ភាគរយ។

លោក​បន្ថែម​ថា​ ការ​បញ្ចុះ​ការ​កំណត់​អត្រា​ការប្រាក់​ដោយ​សន្សឹមៗ​នេះ​ អាច​បង្ក​បរិយាកាស​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តូចៗ​ ធ្វើការ​រៀបចំ​ផែន​ការ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ ដើម្បី​បន្ត​ប្រតិបត្តិ​ការ​ទៅ​មុខ​ទៀត។

ក្នុង​កិច្ច​ខិត​ខំ​បង្ការ​វិបត្តិ​ដែល​អាច​កើតឡើង​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ផ្លាស់ប្ដូរ​ឡូហ្គោ​ដែល​ស្រដៀង​នឹង​ឡូហ្គោ​ ឬ​ស្លាក​សញ្ញា​របស់​ស្ថាប័ន​រដ្ឋ ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​ពី​សាធារណជន​ខ្មែរ​ថា​ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ជា​របស់​រដ្ឋ។ ការ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​នេះ​ បាន​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​មួយ​ចំនួន​ ត្រូវ​ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ៕

XS
SM
MD
LG