ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​កាស៊ីណូ​សេនជូរី​ថា​ក្រុមហ៊ុន​​បង្ខំ​ឲ្យ​ពួក​គាត់​លា​ឈប់​ទាំង​​មិន​ទាន់​ជាដាច់​​ពី​ជំងឺ​កូវីដ​១៩​​​​​​​​​​​​​​​​​​​​​​


កាស៊ីណូ​មួយ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ​នៅ​ឆ្នាំ​២០១៧។
កាស៊ីណូ​មួយ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ​នៅ​ឆ្នាំ​២០១៧។

បុគ្គលិក​កាស៊ីណូ​ដឹសេនជូរី ខេត្ត​ព្រះ​សីហនុ​ចោទ​ថា​ថៅកែបាន​បង្ខំ និង​ដាក់​គំនាប​ឲ្យ​ពួក​គាត់​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​ដោយ​មិន​ធានា​ក្នុង​ការ​មើល​ថែ​ពួក​គាត់​បន្ត​ទៀតប្រសិន​បើរក​ឃើញ​ករណី​វិជ្ជមាន​ជំងឺកូវីដ​១៩​សា​ជាថ្មីស្របពេល​ដែល​ពួក​គាត់​ត្រូ​វធ្វើ​ចត្តាឡីស័ក១៤​ថ្ងៃ​បន្ថែម​ទៀតផងនោះ។

នៅ​ក្នុងលិខិតលា​ឈប់​មួយ​ច្បាប់​របស់​បុគ្គលិកកាស៊ីណូ ដឹសេនជូរី ​ចុះ​ថ្ងៃទី​០៧ ខែ​តុលា​ឆ្នាំ​២០២១ ដែល​វីអូអេទទួលបាន​មាន​ការ​បញ្ជាក់ថាអ្នក​ដែល​លាឈប់​ត្រូវ​«ទៅ​ផ្ទះ​ធ្វើ​ចត្តាឡីស័ក»។​ ក្នុង​លិខិតនោះបាន​ដាក់​លក្ខ​ខណ្ឌ​នៃ​ការលាឈប់​នេះ​ថា​ជា​ការ​ឈប់​ដោយ​ស្ម័គ្រចិត្ត។

លិខិត​ដដែល​បាន​លើក​ឡើងក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​បាទ​ឬ​នាងខ្ញុំ​សុំ​លា​ឈប់​ពីការ​ងារ​ដោយ​ស្ម័គ្រ​ចិត្ត​និ​ងពុំ​មាន​ការ​បង្ខំអ្វី​ឡើយ​មិនព្រម​ទទួល​យក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​ដែល​ក្រុមហ៊ុន​ផ្តល់​ឲ្យ​ហើយ​ចាប់​ពេល​នេះ​តទៅ​យើង​ខ្ញុំ​គ្មានអ្វី​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ទៀត​ឡើយ»។

លិខិត​បន្ត​ថា៖ «យើង​ខ្ញុំ​សូម​សន្យា​ថា មិន​ធ្វើ​ការ​ប្តឹង​តវ៉ា ទាម​ទារ​និង​មិន​បង្ក​ឲ្យ​មាន​បញ្ហាអ្វី​ដែល​ប៉ះពាល់​ដល់ក្រុម​ហ៊ុន​ឡើយ។ ប្រសិន​ជារូប​ខ្ញុំ​មិនគោរព​តាម​ពាក្យ​សន្យានេះ​ខ្ញុំ​បាទ​ឬ​នាង​ខ្ញុំ​សុខចិត្ត​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

កាលពី​ចុង​ខែ​កញ្ញានេះកាស៊ីណូ ដឹសេន​ជូរី ត្រូវ​គេរាយការណ៍​មក​ថា បាន​រក​ឃើញ​វិជ្ជមានជំងឺកូវីដ​១៩​លើ​បុគ្គលិក​របស់​ខ្លួន​ប្រមាណ​៤០០​នាក់​ផងដែរ​ដែល​បុគ្គលិក​ទាំង​អស់​គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល និង​ធ្វើ​ចត្តាឡី​ស័ក​នៅក្នុង​កាស៊ីណូ និងអគារ​ស្នាក់នៅរបស់​បុគ្គលិក​កាស៊ីណូផ្ទាល់​តែម្តង។ បុគ្គលិក​ស្ត្រី​ម្នាក់​បាន​ស្លាប់ តែមិន​មែ​ន​ដោយសារ​ជំងឺកូវីដ​១៩ទេ​គឺ​បណ្តាល​មក​ពី​ការ​ពុល​អាហារ​និង​បាត់បង់​ជាតិ​ទឹក​ច្រើន​ពេក។​

រូប​ឯកសារ៖ គ្រូពេទ្យយកសំណាករបស់កម្មកររោងចក្រ​មួយកន្លែងដែលផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កម្មករ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។ (រូបថតផ្តល់ឲ្យ)
រូប​ឯកសារ៖ គ្រូពេទ្យយកសំណាករបស់កម្មកររោងចក្រ​មួយកន្លែងដែលផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍កម្មករ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១។ (រូបថតផ្តល់ឲ្យ)

បុគ្គលិក​ម្នាក់របស់​កាស៊ីណូ​ដឹសេនជូ​រីអ្នក​ស្រីពេញ​ចាន់នី​ អាយុ​៣០ ឆ្នាំ​បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថា​នៅថ្ងៃទី​០៧​ខែ​តុលា​មាន​បុគ្គ​លិក​ជាច្រើន​នាក់បាន​ដាក់​ពាក្យ​លា​ឈប់​ប៉ុន្តែពួកគេបា​ន​ទៅ​សុំ​ដក​ក្រដាស​លា​ឈប់​នោះ​វិញ ហើយក្រុម​ហ៊ុន​មិន​ទាន់​សម្រេច​ថា​ឲ្យ​ដក​វិញ​នៅ​ឡើយទេ។​

​អ្នកស្រី​ថ្លែង​ថា៖ «ពី​ម្សិល​ឲ្យ​គាត់​លា​ឈប់​តែ​គាត់​សុំ​ទាម​ទារ​ដក​ក្រដាស​ហ្នឹង​វិញ ពី​ព្រោះ​អី​ដោយ​សារ​គាត់​និយាយ​ថា​គាត់​អត់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ​[ដោយ​]បង្ខំ​ឲ្យ​គាត់​ធ្វើ​អីចឹង[ហើយ​]ឥឡូវ​គាត់​សុំ​ដក​វិញ ខ្ញុំ​[គិត]​ថា​ក្រុម​ហ៊ុនគួរ​តែ​បើក​សិទ្ធិ​ឲ្យ​បុគ្គលិក​ដកវិញ ក្នុង​លក្ខខណ្ឌ​ថា​វា​អត់​មាន​ព័ត៌មាន​ពិត​ប្រាកដ​អញ្ចឹង​ក្នុង​អំឡុង​ពេល​ដែល​គេ​សុំ​ដក​ហ្នឹង​យើង​[ក្រុមហ៊ុន]​គួរ​តែ​ឲ្យ​គេ​ដក​វិញ»។

អ្នក​ស្រី​ពេញ​ ចាន់នី ​មាន​ការ​ភ័យ​ខ្លាចប្រសិន​បើ​ករណី​នេះ​ធ្លាក់​មក​លើ​រូប​អ្នក​ស្រី។​អ្នកស្រី​ចង់​ឲ្យ​ក្រុម​ហ៊ុន​បញ្ជាក់​ពី​មូល​ហេតុ​ឲ្យ​បាន​ច្បាស់ ទាក់ទង​នឹង​ករណី​ដែល​តម្រូវ​ឲ្យបុគ្គ​លិក​ដាក់​ពាក្យលា​ឈប់​ពី​ការងារ​នេះ​ព្រោះ​រដ្ឋបាល​ក្រុម​ហ៊ុនធ្លាប់​ប្រកាស​ថា ក្រុមហ៊ុន​អាច​ផ្អាក​មួយ​រយៈ ឬ​ក្រុម​ហ៊ុន​បិទ​ទ្វា​តែ​ម្តង។

អ្នក​ស្រីបញ្ជាក់​ថា៖ «គ្រាន់​តែ​ធ្វើ​តេស្ត​[អ​វិជ្ជ​មាន​កូ​វីដ​១៩​]ហើ​យ រុញ​ឲ្យ​គាត់​ធ្វើ​ក្រដាស​Resign​[លាឈប់​ពី​ការងារ​] ហើយ​ចេញ​ទៅ​ផ្ទះ​អញ្ចឹង​បើ​សម្រាប់​ខ្ញុំ​ដែល​ជាបុគ្គ​លិក​ក្រោយ​បើ​សិន​ជា​គេ​ធ្វើ​ដាក់​ខ្ញុំ​អញ្ចឹងដាក់​ខ្ញុំ​ខ្ញុំ​ក៏​ភ័យ​ខ្លាច​ដែរ ពីព្រោះ​អី​មិនប្រាកដ​ថា​ខ្លួន​ខ្ញុំ​ជា១០០​ភាគ​រយ​ពីព្រោះ​អី​យើង​អត់​ទាន់​បាន​ឆ្លង​កាត់​ការ​ធ្វើ​ចត្តា​ឡីស័ក១៤​ថ្ងៃ​ទេ»។

​បុគ្គលិកកាស៊ីណូដឹ​សេន​ជូរី​ស្ត្រី​ម្នាក់​ទៀត​ដែល​បា​នដាក់​ពាក្យ​លាឈប់កាលពីថ្ងៃទី​០៧​ខែ​តុលា​និង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយភ័យ​ខ្លាច​ក្នុងការនិយាយ​ជាមួយប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រ​នេះ​ថា​បុគ្គ​លិក​ផ្នែក​រៀប​ចំបៀ​មាន​គ្នាប្រ​មាណ​៩​នាក់​ដែល​បា​ន​តេស្ត​អវិជ្ជមាន​កូវីដ​១៩​មុន​គេ ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រាប់​ឲ្យ​ដាក់​ពាក្យ​លា​ឈប់​ពីការ​ងារ។

រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ​មួយ​កន្លែង​ នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ ភ្ញៀវ​ជនជាតិ​ចិន អង្គុយ​នៅ​ជុំវិញ​តុ​លេងល្បែង​មួយ​នៅ​រាត្រី​នៃ​ការចាប់​បើក​ដំណើរការ​កាស៊ីណូ​មួយ​កន្លែង​ នៅ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

បុគ្គលិក​រូបនោះ​បន្តថា​ក្រុម​ហ៊ុន​នឹងមិន​ធានា​ក្នុង​ការ​មើល​ថែអ្នក​បាន​លាឈប់ប្រសិន​បើ​ពួក​គាត់​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​សារ​ជាថ្មីស្របដែល​ពួក​គាត់​ត្រូវ​បន្តធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត។ បុគ្គលិក​ដដែល​ បាន​បន្ថែម​ថា​ការ​លើក​ហេតុ​ផល​របស់​ក្រុម​ហ៊ុន​ជា​ការ​គាប​សង្កត់​ផ្លូវ​ចិត្ត​មួយ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​គ្មាន​ជម្រើស​អ្វីក្រៅតែពី​ការ​ដាក់​ពាក្យ​លា​ឈប់​នោះ​ទេ។

អ្នក​ស្រី​ថ្លែង​ថា៖«គាត់​[ខាង​ក្រុម​ហ៊ុន]​ថា​ប្រសិន​បើ​ពួក​ខ្ញុំអត់​ព្រម​ឈប់ អត់​ព្រមដាក់​Resign ទៅ​ផ្ទះ គាត់[ខាង​ក្រុម​ហ៊ុន​]ថា​ប្រសិន​បើ​ពួកខ្ញុំ​កើត​ឆ្លង​[ជំងឺ​កូវីដ​១៩] មកវិញ​គឺ​ក្រុម​ហ៊ុន​អត់​ធានា​ខុស​ត្រូវ​ទេ ហើយ​ណា​មួយ​លក្ខណៈ​បាយទឹក​អ្វី​ក៏គេ​អត់​ធានា​ដែរ​អញ្ចឹង​»។​

​អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុលោក​ ឃាង​ ភារម្យ​ សុំ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ដោយ​ថាលោក​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ពាក់ព័ន្ធនឹង​ការ​បង្ខំឲ្យ​លាឈប់​ពី​ការងារ​ក្នុងកាស៊ីណូ​ដឹសេនជូវី​នេះ​នៅឡើយ។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​របស់​កាស៊ីណូ​ដឹសេនជូ​រីលោក ​ស សំណាង​ ​បដិសេធ​ផ្តល់ការ​អធិប្បាយ​លើ​ករណី​នេះ​ដូច​គ្នា ដោយ​ហេតុ​ផល​ថា​លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។

លោកថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​បុគ្គលិក​ម្នាក់​ទេ អញ្ចឹង​ខ្ញុំ​អត់​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ហើយ​ក៏​[មិន​]​មាន​សិទ្ធិ​និយាយ​ច្រើន​ជាង​ហ្នឹង​ដែរ»។

មន្ត្រីសម្រប​សម្រួល​របស់​សមា​គម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ​ជៀប សុធារី​យល់​ថា​ការ​តម្រូវ​ឲ្យ​បុគ្គលិក​ឈប់​ធ្វើ​ការ​ភ្លាមៗដោយ​មិន​មាន​ការ​ស្ម័គ្រ​ចិត្ត​ពី​បុគ្គលិក​ក្រោម​រូប​ភាព​បង្ខិត​បង្ខំ​បែប​នេះ​ជា​រឿង​ដែល​មិន​ត្រឹម​ត្រូវតាម​ច្បាប់​ការងារ​នោះ​ទេ។

អ្នក​ស្រី​បានប្រាប់វីអូអេថា​៖ «ជា​ការ​រំលោភ​ទៅ​លើ​ច្បាប់​ការងារ​ផង​ដែរ​ចង់​និយាយ​ថា​ព្រោះ​រឿង​កើត​ជំងឺ​គ្មាន​ណា​គេ​ចង់​បាន​ទេ​ហើយ​វា​ជា​ការ​ទទួល​ខុសត្រូវ​របស់​ពួកគាត់​[ម្ចាស់​ក្រុមហ៊ុន] ដែរ។ ចឹង​បាន​សេចក្តី​ថា​ក្រុម​ហ៊ុន​ដល់​ពេល​យើង​មាន​កម្លាំង​កំហែង​ធ្វើ​ការងារ​សុខភាព​ល្អ​ដល់​ពេល​យើងកើត​ជំងឺ​នឹង​មិន​មែន​ជា​ជំងឺ​ដែល​គាត់​ធ្វើ​ឲ្យ​កើត​ណា​ជា​ធ្វេស​ប្រហែស​របស់​ក្រុម​ហ៊ុនមិន​បាន​យក​ចិត្ត​ទុក​ដាក់»។

អ្នក​ស្រី​បាន​បន្ថែម​ថា​បើក្នុង​ករណី​ក្រុម​ហ៊ុន​មាន​បញ្ហា​ត្រូវ​ក្ស័យ​ធន​គួរ​តែ​ជូន​ដំណឹង​ដល់​កម្មករ​បុគ្គលិក​ដែល​ធ្វើ​ការ​ឲ្យ​បាន​ដឹង​ជា​មុន​សិន។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​លោក ឃុន ថារ៉ូ​និយាយ​ថា​ការ​បញ្ឈប់​បុគ្គលិក​គួរ​ណា​តែ​មាន​ការ​ជូន​ដំណឹង​ជា​មុនដែល​អនុវត្ត​ទៅ​តាម​ថេរវេលា​ដែល​មាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​«ការងារ»​ផ្អែក​តាម​អតីត​ភាព​ការងារ​រៀងៗ​ខ្លួន​របស់​បុគ្គលិក​និយោជិត។

លោក​បាន​ថ្លែង​ថា៖​«ប៉ុន្តែ​ទៀត​សោត​ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​មាន​ឆន្ទៈ​ថា​នឹង​ត្រូវ​តែ​បញ្ឈប់​គាត់​អាច​ធ្វើ​ទៅ​បាន​ប៉ុន្តែ​គាត់​ត្រូវ​តែ​មាន​ការ​ទូទាត់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ។ ក្នុង​ករណី​គាត់​ទូទាត់​សំណង​មិន​ត្រឹមត្រូវ​ហើយ​កម្មករ​និយោជិតគាត់​ប្រើប្រាស់​សិទ្ធិ​របស់​គាត់​ក្នុងការ​ទទួល​យក​អាហ្នឹង​គាត់​មាន​សិទ្ធិ​ទាមទារ​ចូល​ធ្វើ​ការ​ងារ​វិញ»។​

គួរ​បញ្ជាក់​ថា កាល​ពី​ចុងខែ​កញ្ញា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា​នឹងធ្វើ​ការ​អង្កេត​លើ​ការ​ចោទប្រកាន់​របស់​បុគ្គលិក​កាស៊ីណូដឹ​សេនជូរី​មួយ​ចំនួន​ដែល​ថា​មាន​ការ​បង្ខាំង​បុគ្គលិក​ក្នុង​កាស៊ីណូស្ថិត​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយនេះ​ផង​ដែរ។ ប៉ុន្តែ​គេមិន​ទាន់​ដឹង​ថា​ការអង្កេត​នោះ​ចាប់​ផ្តើម​ហើយ​ឬនៅ​និង​ទទួល​បាន​លទ្ធផល​បែបណា​នោះទេ៕​

XS
SM
MD
LG