ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ក្រុម​ប៉ូលិស​ដក​ថវិកា​សាលា​ឃុំ ពេល​ធ្វើ​សវនកម្ម


សកម្មភាពសាកសួរ​ឧត្តមសេនីយ៍ កែវ សារ៉ាវុធ ដែលជាប្រធានក្រុមការងារចុះទៅធ្វើសវនកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Ministry of Interior)
សកម្មភាពសាកសួរ​ឧត្តមសេនីយ៍ កែវ សារ៉ាវុធ ដែលជាប្រធានក្រុមការងារចុះទៅធ្វើសវនកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។ (Facebook / Ministry of Interior)

ក្រសួង​មហាផ្ទៃ​បាន​ដាក់​មន្រ្តី​សវនកម្ម​ចំនួន​ ៧ ​នាក់​ ក្នុង​ក្របខណ្ឌ​ក្រសួង​ឱ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ បន្ទាប់​ពីមាន​ការ​សង្ស័យ​ថា ​មន្ត្រី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដក​យក​ថវិកា​ពី​ឃុំ​មួយ​ចំនួន​ ​អំឡុង​ពេល​ចុះ​បំពេញ​ការងារ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ និង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង។​

ចំណាត់​ការ​របស់​ក្រសួង​មហាផ្ទៃ​កើត​ឡើង​ ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ទាំង​ ៧ ​នាក់​នោះ​ ដែល​ក្នុង​នោះ​មាន​ឧត្តម​សេនីយ៍ ​កែវ សារ៉ាវុធ ដែល​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ទៅ​ធ្វើ​សវនកម្ម​ក្នុង​ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ស្ពឺ។​ ភាព​មិន​ប្រក្រតី​នោះ​សំដៅ​លើ​ការ​ដក​យក​ប្រាក់​ពី​សាលា​ឃុំ​ក្នុង​មួយ​ឃុំ​ចំនួន​ ១​លាន​រៀល​ ពេល​ក្រុម​ការងារ​លោក ​កែវ សារ៉ាវុធ​ ចុះ​ធ្វើ​សវនកម្ម​នៅ​ការិយាល័យ​សាលា​ឃុំ។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ទូច សុខៈ ​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ពុធ​ថា ​បច្ចុប្បន្ន​ដំណើរ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​ និង​សិក្សា​ស្រាវ​ជ្រាវ​បន្ត​ ព្រោះ​សមាស​ភាព​ក្រុម​ការងារ​របស់​លោក ​កែវ សារ៉ាវុធ​ មាន​ច្រើន​នាក់។​ ទោះ​យ៉ាង​ណា​ ​លោក​ថា​ ពួក​គេ​បាន​ទទួល​ស្គាល់​កំហុស​ថា ​បាន​ទទួល​យក​លុយ​នោះ​មែន ​ហើយ​លុយ​ដែល​ទទួល​បាន​ពី​បណ្តា​ឃុំ​ទាំង​នោះ​ គឺ​ជា​ទឹក​ចិត្ត ​និង​ការ​រាប់​អាន​គ្នា​មិន​មែន​ជា​ថ្នូរ ​ឬ​ការ​គាប​សង្កត់ ​ឬ​ក៏​ការ​ដាក់​សម្ពាធ​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ក្នុង​នោះ​គឺ​លោក​បញ្ជាក់​ថា​ វា​មិន​មែន​ជា​ការ​ដាក់​នូវ​កំណត់ ​ឬ​ក៏​ការ​ទាមទារ​នោះ​ទេ។​ វា​គឺ​ជា​ការ​រៀប​ចំ​ទទួល​អាហារ​ហូប​ចុក​ក្នុង​ន័យ​ថា​ ជា​ម្ចាស់​ផ្ទះ​នៅ​មូលដ្ឋាន​ទទួល​ភ្ញៀវ​ឬ​ក៏​ទទួល​ថ្នាក់​លើ​ជា​ដើម​ ឬ​ក៏​ក្នុង​ន័យ​មនោ​សញ្ចេតនា​អី​ផ្សេងៗ​នៅ​ក្នុង​ការ​ជូន​ជា​សាំង ​ជូន​ជា​ស្អីៗ​អ៊ីចឹង​ជា​ដើម​នោះ​ទេ​បាទ»។​

លោក​បន្ថែម​ថា ​នេះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​ក្រុម​មន្ត្រី​ទាំង​នោះ​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ដឹង​ច្បាស់​ជាង​នេះ ​គឺ​ការ​ស៊ើប​អង្កេត​បន្ថែម​របស់​ក្រសួង​ដែល​កំពុង​ខិតខំ​ស្រាវជ្រាវ​រក​ថា​ ​អ្វី​ទៅ​ជា​មូលហេតុ​ឱ្យ​ពិត​ប្រាកដ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ភាគី​ពាក់​ព័ន្ធទាំង​អស់។​

នៅ​ក្នុង​សារ​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ក្រសួង​មហាផ្ទៃ​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​ឧសភា ​ឆ្នាំ​ ២០២៤ ​នេះ​ ឧត្តម​សេនីយ៍​ត្រី​ កែវ សារ៉ាវុធ ​ដែល​មាន​តួនាទី​ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​ក្រសួង​មហាផ្ទៃ​និង​មន្ត្រី​ ៦ ​នាក់​ទៀត​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​ថវិកា​មួយ​ឃុំ​ចំនួន​ ១​លាន​រៀល ​ពី​ឃុំ​ចំនួន​ ១០​ ក្នុង​ស្រុក​សាមគ្គី​មានជ័យ ​ខេត្ត​កំពង់ស្ពឺ។​

បើ​តាម​សារ​ដដែល​ ក្រសួង​មហា​ផ្ទៃ​បាន​អញ្ជើញ​លោក ​កែវ សារ៉ាវុធ ​ចូល​មក​បំភ្លឺ​ក្នុង​អគ្គ​នាយកដ្ឋាន​កាល​ពី​ថ្ងៃ​ទី ​២១ ​ខែ​ឧសភា​នេះ​ ហើយ​លោក​ព្រម​ទទួល​ស្គាល់​កំហុស​ថា​ ខ្លួន​បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ធ្វើ​សវនកម្ម​នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​សាមគ្គី​មានជ័យ​ពិត​ប្រាកដ​មែន។​ ក្រុម​ការងារ​របស់​លោក ​កែវ សារ៉ាវុធ ​ក៏​បាន​ចុះ​ធ្វើ​សកម្ម​ភាព​នៅ​ស្រុក​ចំនួន ​៣​ ទៀត​របស់​ខេត្ត​កំពង់ស្ពឺ។​

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា៖​ «ជា​លទ្ធផល​លោក​ឧត្តម​សេនីយ៍​ត្រី ​កែវ សារ៉ាវុធ ​ទទួល​ស្គាល់​ករណី​នេះ​ និង​ថា​ ពិត​ជា​បាន​ដឹកនាំ​ក្រុម​ការងារ ​៧ ​រូប​ ធ្វើ​សវនកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ​ ចាប់​ពី​ថ្ងៃ​ទី ២៤​ ខែ​មេសា ​ឆ្នាំ​ ២០២៤​ ដោយ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ផ្ទាល់​ខ្លួន​ចំនួន ​២ ​គ្រឿង​ និង​ទើប​តែ​ធ្វើ​សវនកម្ម​បាន​ចំនួន​ ៤ ​ស្រុក​ប៉ុណ្ណោះ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី ​លោក ​វ៉ី សំណាង​ អភិបាល​ខេត្ត​កំពង់ស្ពឺ​ តាម​ទូរស័ព្ទ​បាន​ទេ​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ ​លោក ​សេក សុជាតិ ​យល់​ថា ​ការ​កិប​កេង​ថវិកា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ជា​បញ្ហា​ដ៏​ធំ ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស។

លោក​ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​នឹង​បញ្ហា​នឹង​ដែរ​ យើង​ក៏​ឃើញ​ថា​ វា​មាន​ភាព​មិន​ស្មើ​គ្នា​ហើយ​នឹង​កង្វះ​ការ​គ្រប់គ្រង​ការ​ចាត់ចែង​និង​គាំទ្រ​ទៅ​ដល់​សហគមន៍ ​ជា​ពិសេស​គឺ​ការ​រំលោភ​អំណាច​ដោយ​សារ​តែ​ប្រើ​ប្រាស់​នូវ​ឥទិ្ធពល​និង​កិត្តិយស​ខុស​គោល​ការណ៍​ដែល​វា​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​អនា​ធិបតេយ្យ​ឬ​ក៏​ធ្វើ​ឱ្យ​អំពើ​ពុក​រលួយ​វា​អាច​រីក​រាល​ដាល​បាន​នៅ​ក្នុង​សង្គម​កាន់​តែ​ខ្លាំង»។​

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ត្រួត​ពិនិត្រ​ឡើង​វិញ​ទៅ​លើ​បញ្ហា​ទាំង​អស់​នេះ ​ហើយ​ដាក់​ចេញ​គោល​ការណ៍​អនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌​ព្រម​ទាំង​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ផ្សេងៗ​ ជុំវិញ​កិច្ចការ​សវនកម្ម​ស្ថាប័ន​រដ្ឋ​ ដើម្បី​កុំ​ឱ្យ​រឿង​ស្រដៀង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ខេត្ត​កំពង់ស្ពឺ​នោះ​ អាច​កើត​ឡើង​ជា​ថ្មី​ទៀត៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG