ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ការពារ​ការ​បង្កើន​ចំនួន​អភិបាល​រង​រាជ​ធានី​ភ្នំពេញ


រូបឯកសារ៖ អគារធំ​នៃ​សាលា​រាជធានី​ភ្នំពេញ​ បើក​ឱ្យ​សាធារណជនចូល​ទស្សនា​​ នៅ​ទិវា​បេតិកភណ្ឌ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/វីអូអេ)
រូបឯកសារ៖ អគារធំ​នៃ​សាលា​រាជធានី​ភ្នំពេញ​ បើក​ឱ្យ​សាធារណជនចូល​ទស្សនា​​ នៅ​ទិវា​បេតិកភណ្ឌ​ កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/វីអូអេ)

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ថ្លែង​ការពារ​ការ​បង្កើន​ចំនួនអភិបាល​រង​រាជធានី​ភ្នំពេញ​៣​រូប​បន្ថែម​ទៀត ដែល​លោក​ថា​មាន​គោល​បំណង ដើម្បី​បម្រើ​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​នៅ​ក្នុង​ខេត្ត​ក្រុង​រាជធានី មាន​ការងារ​ច្រើន​ណាស់ ដែល​តម្រូវ​ឲ្យ​មាន​អភិបាល​រង​នីមួយៗ​ទទួល​បន្ទុក»។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​តែង​តាំង​អភិបាល​ខណ្ឌ​ចំនួន​២​រូប​ជា​អភិបាល​រង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​រួម​មាន​លោក ឃ្លាំង ហួត ​អតីត​អភិបាល​ខណ្ឌ​ឫស្សីកែវ និងលោក សុខ ពេញវុធ អតីត​អភិបាល​ខណ្ឌ​ដូនពេញ។

លោក ហ៊ុន សែន ក៏​បាន​តែងតាំងលោក ហ៊ុន សុរិទ្ធី ដែល​ជា​អតីត​អគ្គនាយក​រង​អន្តោប្រវេសន៍ ជា​អភិបាល​រង​រាជធានី​ភ្នំពេញ​ផង​ដែរ។ ការ​បន្ថែម​នេះ​ធ្វើ​ឲ្យ​ចំនួន​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ដល់​ទៅ​៩​នាក់។

នៅ​ក្នុង​ការ​ថ្លែង​បើក​សន្និសីទ​ស្តីពី​សមិទ្ធផល​សម្រេច​បាន​៥​ឆ្នាំ​របស់​ក្រសួង​អភិវឌ្ឍ​ជន​បទ នា​ថ្ងៃ​ចន្ទ​នេះ លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា​មាន​ការ​ងារ​ច្រើន​ដែល​ត្រូវ​បំពេញ ដូច្នេះ​វា​តម្រូវ​ឲ្យ​មាន​អភិបាល​រង​ទទួល​បន្ទុក​បន្ថែម​ទៀត។

ប៉ុន្តែ ក្រុម​អ្នក​រិះគន់ បាន​លើកឡើង​ថា ការ​បន្ថែម​ចំនួន​អភិបាល​រង​រាជធានី​នេះ ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់ លោក ផៃ ស៊ីផាន បញ្ជាក់​ថា​ការ​បន្ថែម​ចំនួន​អភិបាល​រង​រាជធានី​ភ្នំពេញ​នេះ មាន​គោល​បំណង​ក្នុង​ធានា​ប្រសិទ្ធភាព​ការងារ និង​ផ្តល់​សេវា​ឲ្យ​កាន់តែ​កៀក​នឹង​ប្រជា​ពលរដ្ឋ៕

XS
SM
MD
LG