ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ទទួល​យក​ការពន្យល់​របស់​អង្គការ​លីកាដូ​អំពី​របាយការណ៍​មីក្រូ​ហិរញ្ញវត្ថុ


រូបឯកសារ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

រដ្ឋាភិបាល​និង​អង្គការ​លីកាដូ​ រួម​ជាមួយ​សមាគម​ធាង​ត្នោត​បាន​បញ្ចប់​​ភាព​ចម្រូង​ចម្រាស​​ពាក់ព័ន្ធ​នឹង​​របាយការណ៍​ស្តី​ពី​ការ​សិក្សា​នៃ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​កម្ចី​ខ្នាត​តូច​របស់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ។

រដ្ឋា​ភិបាល​និង​តំណាង​ស្ថាប័ន​ហិរញ្ញវត្ថុសាធារណៈ​និងឯក​ជន បាន​ទទួល​យក​ការ​ពន្យល់​របស់អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​ពីរ​ស្តី​ពី​របាយការណ៍​មីក្រូ​ហិរញ្ញវត្ថុ​ដ៏​ចម្រូង​ចម្រាស។

កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះតំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ចំនួន​បី​រូប​និង​តំណាង​សមាគម​ធាង​ត្នោត​ចំនួន​ពីរ​រូបបាន​ចូល​បំភ្លឺដល់​តំណាង​សមាគម​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​និង​តំណាង​ធនាគារ​ជាតិ​នៃ​កម្ពុជា រួម​ទាំង​ភាគី​រដ្ឋា​ភិបាលអំពីរបាយ​ការណ៍បំណុល​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ចេញ​ផ្សាយ​ដោយអង្គការ​ទាំង​ពីរ​។ ​របាយ​ការណ៍​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត។

លោក ផៃ ស៊ីផាន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ដែល​បាន​កោះ​ប្រជុំ​ជាមួយ​តំណាង​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ភាគី​រដ្ឋាភិបាល​និង​តំណាង​ធនាគារ​កណ្តាល​ព្រម​ទាំង​តំណាង​សមាគម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​បាន​ទទួល​យក​ការ​ពន្យល់​របស់​តំណាង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ទាំង​ពីរ។ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ការ​ទទួល​យក​ការ​ពន្យល់​នេះ​មិនមែន​មាន​ន័យថា​ រដ្ឋាភិបាល​ទទួល​ស្គាល់​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ​ទេ។

«ទទួល​យក​បាន​ពីព្រោះ​ទី​មួយ NGO នោះនិយាយថា​នេះ​ជាការ​បារម្ភ​ដែល​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​។​ដូច្នេះ​ចំពោះ​ជំហររដ្ឋា​ភិបាល​ យើង​មិន​ទទួល​យក​របាយការណ៍ហ្នឹង​ទេ។ ហើយ​ក៏​មិន​តម្រូវ​ឲ្យកែអ្វីដែរ»។

កាល​ពីដើម​ខែ​សីហា អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​រួម​គ្នាដោយ​បាន​លើក​ឡើងថា ​«ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​បាន​កើន​កាន់​តែ​ខ្លាំង​ឡើងៗ​ ដែល​អាច​បណ្តាល​ឱ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មានការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សារបំណុល​និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល»។

នៅ​ក្នុង​កិច្ច​ប្រជុំរយៈ​ពេល​ជាង​ពីរម៉ោង​ដើម្បី​បំភ្លឺ​លើ​របាយការណ៍​របស់​ខ្លួន​តំណាង​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោត​បាន​គូស​បញ្ជាក់​ថា​ខ្លឹម​សារ​ក្នុង​របាយការណ៍​នេះ​បង្ហាញ​ពី«​កង្វល់​របស់​ពួកខ្លួន​អំពី​បញ្ហា​បំណុល​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ប៉ុន្តែ​វា​មិនមែន​ជា​របាយការណ៍​ដែល​លើក​ឡើង​ដើម្បី​ធ្វើ​ជា​សំណាក​រួម​សម្រាប់​បញ្ហា​ដែលបង្ក​ឡើង​ដោយការ​ខ្ចីបុល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នោះ​ទេ»។

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ពន្យល់​ទៅ​កាន់​តំណាង​រដ្ឋា​ភិបាល​និង​ភាគី​ពាក់​ព័ន្ធថា​ គោល​ដៅ​នៃ​ការ​ធ្វើ​របាយការណ៍​គឺ​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ផល​ប៉ះពាល់​ផ្នែក​សិទ្ធិ​មនុស្ស​តាម​រយៈ​កម្ចី​ខ្នាត​តូច​នេះ។

«វា​មិនមែន​ជា​សំណាក​តំណាង​ឲ្យ​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស​ឬ​ជា​សំណាក​តំណាង​ឲ្យ​អតិថិជន​របស់​មីក្រូ​ហិរញ្ញវត្ថុ​ទូទាំង​ប្រទេស​ទេ។ យើង​ស្រាវជ្រាវ​ទៅ​លើ​វិស័យ​នៃការ​គោរព​សិទ្ធិ​មនុស្ស​ដែល​កើត​ចេញ​ពី​ភាគ​ខ្លះ​នៃ​មីក្រូ​ហិរញ្ញវត្ថុ»។

​លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត ​បន្ត​ការពារ​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ។

«អ្វី​ដែល​យើង​បាន​លើក​ឡើង​នេះ គឺ​ជា​អ្វីដែល​យើង​បានទទួល​ភស្តុតាងជាក់​ស្តែងពី​ប្រជាពល​រដ្ឋ​ទូទៅ»។

របាយការណ៍​ស្តីពី«មីក្រូហិរញ្ញវត្ថុ​និង​ផល​ប៉ះ​ពាល់»​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ ​ដូចជា ខេត្ត​កំពង់ចាម កណ្ដាល ព្រៃវែង ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ។ របាយការណ៍​បាន​ធ្វើ​ការ​សម្ភាសន៍​ពលរដ្ឋចំនួន​ ២៨ ​ដែល​ធ្លាប់​រងគ្រោះ​ពី​អំពើ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដោយសារ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ។​

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ក្រោយ​ពីកិច្ច​ប្រជុំ​បិទទ្វារ​កាល​ពី​ម្សិលមិញ អង្គភាព​អ្នក​នាំពាក្យរដ្ឋា​ភិបាល បាន​ហៅកិច្ច​សម្ភាសន៍​លើ​មនុស្ស​ចំនួន​២៨​នាក់​នេះ ​មិន​អាច​តំណាង​ឲ្យ​«តម្លៃ​ជា​សកល»​នៃ​ប្រតិបត្តិការណ៍​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​និង​ក៏មិន​អាច​បង្ហាញ​ពី​«ការ​ជាប់​បំណុល​វ័ណ្ឌ​ក»​របស់​ប្រជាពល​រដ្ឋនោះ​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG