ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ទទួល​បណ្ណ​ក្រីក្រ​អាច​កើន​ជាង​៣​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ក្នុង​គម្រោង​ទទួល​សាច់​ប្រាក់​ពី​រដ្ឋា​ភិបាល


ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យដើរចេញពីកន្លែង ដែលបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យដើរចេញពីកន្លែង ដែលបុគ្គលិកប្រចាំអង្គការមូលនិធិកុមារកម្ពុជា (CCF) កំពុងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី នៅតំបន់ស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

មន្រ្តី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ ចំនួន​អ្នក​ទទួល​បាន​បណ្ណ​ក្រីក្រ​អាច​នឹង​ឡើង​ទៅ​ដល់​ជាង​៣​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ ដែល​នឹង​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ក្នុង​ជុំ​ទីពីរ​ខណៈ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រួស​រាន់​ទៅ​បើក​ប្រាក់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៤​ ខែ​កក្កដា​នេះ។​

មន្រ្តី​រដ្ឋាភិបាល​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​វិធាន​ការ​ទ្រទ្រង់​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

លោក​ វង្សី វិស្សុត ​រដុ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ មាន​ប្រសាសន៍​ថា​ ចំនួន​គ្រួសារ​ក្រីក្រ​បន្ត​កើន​ឡើង ​ហើយ​មន្រ្តី​រដ្ឋាភិបាល​នឹង​ចុះ​បញ្ជី​ពួកគេ​ឲ្យ​បាន​ត្រឹម​ត្រូវ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ចំនួន​ឡើង​រហូត! យើង​អត់​ខ្វល់​ទេ​ ឡើង​ចុះព្រោះ​យើង​ត្រូវ​ជួយ។ ​ប៉ុន្តែ​ត្រូវ​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​យុត្តិធម៌»។​ លោក​បន្ត​ថា​ ការ​ផ្តល់​ប្រាក់​នៅ​ពេល​នេះ ​គឺ​ដើម្បី​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​កុំ​ឲ្យ​អត់​បាយ​ហូប​ក្នុង​គ្រា​វិបត្តិ​ជំងឺ​កូវីដ​នេះ ​គឺ​មិន​មែន​ជួយ​រហូត​នោះ​ទេ។​

បើ​តាម​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ​រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​៣០០​ លាន​ដុល្លារ​អាមេរិក​ ហើយ​ក្នុង​មួយ​ខែៗ ​រដ្ឋាភិបាល​ចំណាយ​យ៉ាង​តិច ​២៥ ​លាន​ដុល្លារ។​

កាល​ពី​ខែ​មិថុនា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ប្រកាស​កម្មវិធី​ជំនួយ​សង្គម​ពិសេស​ដែល​នឹង​ជួយ​ប្រជាជន​ក្រីក្រ ​ដែល​មាន​បណ្ណ​ក្រីក្រ​១​ និង ​២។​ ពី​ដើម​ឡើយ​ ចំនួន​នេះ​មាន​រហូត​ទៅ​ដល់​ ៥៦​ ម៉ឺន​គ្រួសារ​ដែល​ស្មើ​ប្រជា​ពលរដ្ឋ​ប្រមាណ​ ២ ​លាន ៣ សែននាក់។​

ក្នុង​សន្និសីទ​នេះ​ដែរ ​លោក​សំហេង បុរស ​អនុរដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច ​អតីត​យុទ្ធជន​និង​យុវនីតិ​សម្បទា ​ មាន​ប្រសាសន៍​ថា​ គ្រួសារ​ប្រមាណ​៩០​ភាគ​រយ​ទទួល​បាន​ប្រាក់​ គឺ​នៅ​សល់​ប្រមាណ​៦​ម៉ឺន​គ្រួសារ​ទៀត​ដែល​មិន​ទាន់​បើក​ប្រាក់។​លោក​អំពាវនាវ​ឲ្យ​ពួកគេ​ប្រញាប់​មក​បើក​ប្រាក់​ឧបត្ថម្ភ​តាម​រយៈ​វីង​ ដែល​នៅ​ជិត​ពួក​គេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ៊ីចឹង​ទេ​ជុំ​នេះ​ត្រូវ​ចប់​នៅ​ថ្ងៃ​ទី​២៤ ​ខែ​៧។​អ៊ីចឹង​ប្រជាជន​ដែល​នៅ​សេស​សល់​សុំ​អនុញ្ញាត​ទៅ​បើក​ឲ្យ​បាន​មុន​ហ្នឹង។​ដោយ​ឡែក​ប្រជា​ពលរដ្ឋ​ដែល​បាន​បើក​ហើយ ​សូម​អញ្ជើញ​ទៅ​បើក​នៅ​ថ្ងៃ​ទី​២៥ ​ខែ​៧ ​រហូត​ដល់​ថ្ងៃ​ទី​២៤ ​ខែ​៨»។​

លោក​ក៏​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​ក្រីក្រ​ពិត​ប្រាកដ​ដាក់​ពាក្យ​ ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​ទៅ​វាយ​តម្លៃ។​ លោក​បន្ត​ថា​ ចំនួន​គ្រួសារ​ដែល​ទទួល​បាន​បណ្ណ​អាច​នឹង​កើន​ឡើង​ទៅ​ដល់​ចន្លោះ​ ៣ ​ទៅ ​៤​ ម៉ឺន​គ្រួសារ​ទៀត​ គឺស្មើ​នឹង​ប្រជាជន​ជាង​ ១០​ ម៉ឺន​នាក់​ទៀត​សម្រាប់​ជុំ​ទី​ពីរ។​

លោក ​សំហេង បុរស ​ឲ្យ​ដឹង​ទៀត​ថា ​កន្លង​ទៅ ​ក៏​មាន​ការ​ប្តឹង​តវ៉ា​ច្រើន​ពី​ប្រជា​ពលរដ្ឋ​ផង​ដែរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​ទទួល​បាន​ប្រាក់​ពី​កម្មវិធី​ជំនួយ​សង្គម​នេះ។​ប៉ុន្តែ​មន្រ្តី​របស់​ក្រសួង​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ផ្ទាល់ ​ហើយ​ឃើញ​ថា​ ស្ថានភាព​ជាក់​ស្តែង ​ពួកគេ​មិន​មែន​ក្រ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ក្រុម​ការងារ​របស់​យើង​ចុះ​ទៅ​តាម​ផ្ទះ​ទាំង​អស់។​យើង​ទៅ​ដល់​ឃើញ​ស្ថាន​ភាព​របស់​គាត់​អ្នក​ខ្លះ​មាន​ផ្ទះ​ថ្ម។​អ្នក​ខ្លះ​មាន​ម៉ូតូ អ្នក​ខ្លះ​មាន​អី។​ហើយ​គាត់​តែង​តែ​លើក​ឡើង​ថា​ គាត់​ហ្នឹង​ពិបាក​ណាស់។​ប៉ុន្តែ​នៅ​ពេល​គាត់​ដាក់​គ្រួសារ​គាត់​ ប្រៀប​ធៀប​ជា​មួយ​អ្នក​ទទួល​ផល ​គាត់​ថា​គាត់​អត់​យក​ក៏​បាន​ដែរ»។​

បើ​តាម​តារាង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ គ្រួសារ​ក្រីក្រ​នៅ​ទី​ប្រជុំ​ជន​នៅ​ភ្នំពេញ​និង​នៅ​ទី​ប្រជុំ​ជន​តាម​ខេត្ត​នានា ​នឹង​ទទួល​បាន​ ១២​ ម៉ឺន​រៀល ​ក្នុង​មួយ​គ្រួសារ។ ​បន្ថែម​ពី​នេះ​ទៀត​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​៤ ​ម៉ឺន​រៀល​ ហើយ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ​ នឹង​ទទួល​បាន ​៤​ម៉ឺន​រៀល ​ក្នុង​មួយ​នាក់។ ​ចំណែក​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​នៅ​តាម​ជន​បទ​ក្នុង​បណ្តា​ខេត្ត​នានា ​មួយ​គ្រួសារ​នឹង​ទទួល​បាន​ចំនួន​ ៨ ​ម៉ឺន​រៀល។​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​២៤.០០០​ រៀល​ និង​កុមារ​អាយុ​ក្រោម ​៥ ​ឆ្នាំ ​ទទួល​បាន ​២៤.០០០​ រៀល។

អ្នកស្រី ​សេង លុយ​ អាយុ​៦៦​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​ស្ពាន ​ឃុំ​គាស់​ក្រឡ ​ស្រុក​គាស់​ក្រឡ​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា អ្នកស្រី​មាន​បណ្ណ​ក្រីក្រ​កម្រិត​ពីរ​ហើយ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា ​អ្នកស្រី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ១៥​ម៉ឺន​រៀល ​ប៉ុន្តែ​អ្នកស្រី​មិន​ដឹង​ថា​ តើ​ការ​គណនា​បែប​ម៉េច​នោះ​ទេ។ អ្នកស្រី​បន្ត​ថា ​អ្នកស្រី​មាន​កូន​៤​នាក់ ​ហើយ​ក្នុង​នោះ​៣​នាក់​បាន​បាត់បង់​ការងារ​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ។​

អ្នកស្រី​ដែល​កូន​នៅ​ប្រទេស​ថៃ​ធ្លាប់​ផ្គត់​ផ្គង់​ប្រាក់​ជាង​ ៧០​ ម៉ឺន​រៀល​ក្នុង​មួយ​ខែ ​ មាន​ប្រសាសន៍​ថា៖​ «បាន​លុយ​នេះ ​គ្រាន់​ទិញ​ម្ហូប​ហូប។ ​បាន​ទិញ​ម្ហូប ​ទិញ​អង្ករ​ទៅ​ព្រោះ​យើង​អត់។ ​បាន​គេ​ឲ្យ​ អរ​ចង់​ងាប់​ហើយ​អូន​អើយ!​សម្រាប់​យើង​អត់​បើ​រដ្ឋាភិបាល​គាត់​ជួយ​រហូត​ទៅ​អរ។​បើ​ថា​ គាត់​ជួយ​ត្រឹម​ណា ​អរ​ត្រឹម​ហ្នឹង​ទៅ»។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ​កូនស្រី​របស់​អ្នកស្រី​ម្នាក់​ដែល​រៀប​ការ​ហើយ​បាន​ទទួល​បណ្ណ​ក្រីក្រ​នេះ​កាល​ពី​ពេល​ថ្មីៗ​ហើយ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នៅ​ជុំ​ទីពីរ។​ អ្នកស្រី​មិន​ធ្វើ​ការងារ​អ្វី​នោះ​ទេ ​ក្រៅ​ពី​ជួយ​មើល​ចៅ​ពីរ​នាក់ ​ដែល​កូន​ទុក​ឲ្យ​មើល ​ ខណៈ​ស្វាមី​របស់​អ្នកស្រី​អាយុ​ ៧១​ ឆ្នាំ ​ជា​អ្នក​មើល​ថែ​គោ​ឲ្យ​គេ​ចំនួន ​១៥ ​ក្បាល​ដែល​ក្នុង​មួយ​ក្បាល​លោក​ទទួល​បាន​ប្រាក់៣ ​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។​

កាល​ពី​ខែ​មិថុនា ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​អចិន្រ្តៃយ៍​នោះ​ទេ ​ហើយ​រដ្ឋាភិបាល​នឹង​បន្ត​តាម​ដាន ​និង​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ១៩​ ជាក់​ស្តែង ​រៀង​រាល់​ពីរ​ខែ​ម្តង។​ លោក ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រក​ការងារ​ធ្វើ​ឲ្យ​បាន​ឆាប់ ​និង​ត្រូវ​ចៀសវាង​បង្កើត​ទម្លាប់​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ។​

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​ឧសភា ​ឲ្យ​ដឹង​ថា​ដោយ​សារ​ជំងឺ​កូវីដ១៩​ ​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ ​២០២០ ​អាច​នឹង​កើន​ឡើង​ពី ​៣ ​ទៅ ​១១​ភាគ​រយ​ ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បាត់បង់​ចំណូល​អស់​ ៥០​ភាគ​រយ​ក្នុង​រយៈ​ពេល ​៦ ​ខែ ​ជាប់​គ្នា។ ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា ​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ជាង ​១០​ភាគ​រយ។

បើ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក ​ជំងឺ​កូវីដ​នេះ​ធ្វើ​ឲ្យ​ការងារ​របស់​ប្រជាពលរដុ្ឋ​កម្ពុជា​យ៉ាង​តិច​ ១,៧៦​ លាន​នាក់​ស្ថិត​ក្នុង​ហានិភ័យ៕

XS
SM
MD
LG