ខណៈដែលថៃ្ងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំរកា នឹងខិតជិតចូលមកដល់នៅព្រឹកថ្ងៃសុក្រ សប្តាហ៍នេះ រដ្ឋាភិបាលកម្ពុជារៀបចំវិធានការដើម្បីធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនពលរដ្ឋកម្ពុជា។ រីឯអ្នកជំនាញសុវត្ថិភាពចរាចរណ៍អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរក្នុងឱកាសមមាញឹកនេះ។
រដ្ឋាភិបាលកម្ពុជា បានរៀបចំមន្ត្រីរបស់ខ្លួន ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនពលរដ្ឋកម្ពុជា សម្រាប់ថៃ្ងបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរដែលនឹងត្រូវប្រារព្ធនៅថ្ងៃសុក្រនេះ។ ហើយអ្នកជំនាញសុវត្ថិភាពចរាចរណ៍ អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិ បានរៀបចំកម្លាំងប្រដាប់អាវុធ ដើម្បីការពារ នៅតាមកន្លែងកម្សាន្តនិងរមណីយដ្ឋាននានា ក្នុងពេលបុណ្យចូលឆ្នាំខ្មែរនេះ។
លោកថា រដ្ឋាភិបាលបានរៀបចំមន្ត្រីនគរបាលប្រចាំការយ៉ាងហោចណាស់ចំនួន២ភាគ៣ នៃមន្ត្រីនគរបាលសរុប នៅតាមតំបន់គោលដៅនីមួយៗ ព្រមទាំងមានការផ្លាស់ប្តូរវេនគ្នាដើម្បីឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំដែលមានរយៈពេលបីថ្ងៃខាងមុខនេះ។
«ទី១ គឺក្រើនរំឭកដល់បងប្អូន[អាជ្ញាធរ] គឺថាយកចិត្តទុកដាក់លើវិធានការជំនាញរបស់នគរបាល ដើម្បីក្តាប់បានអំពីសភាពការណ៍ ឬព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធដល់សន្តិសុខ យាយីរំខាន បង្កបញ្ហាផ្សេងៗក្នុងពេលចូលឆ្នាំ។ ទី២ ប្រមូលផ្តុំការគ្រប់គ្រងមុខសញ្ញាសង្ស័យទាក់ទងនឹងការប្រព្រឹត្តបទល្មើស»។
លោកបន្តថា អាជ្ញាធរមានសមត្ថកិច្ច ក៏បានចុះតាមមូលដ្ឋាន ដើម្បីរំឭកដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ និងយកចិត្តទុកដាក់ចំពោះអគ្គីភ័យផងដែរ។
«ទី១ គឺរំឭកអំពីការពាក់មួកសុវត្ថិភាព និងបើកបរដោយសុវត្ថិភាព។ ទី២ រំឭកពីការបង្ការ ប្រុងប្រយ័ត្នអគ្គីភ័យឆេះ មុនទៅណាមកណា ឲ្យគាត់បិទកុងតាក់ភ្លើង ពន្លត់ចង្ក្រាន និងទៀនធូបជាដើម។ ទី៣ ឲ្យបងប្អូនមើលផ្ទះសម្បែងណាដែលពលរដ្ឋចេញទៅបិទទ្វារចាក់សោ ក្រែងលោមានចោរលួចគាស់ផ្ទះសម្បែងគាត់»។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ឲ្យដឹងថា មន្ត្រីនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ ចំនួនប្រមាណ៥.០០០នាក់ បានត្រៀមខ្លួនដើម្បីសម្រួលចរាចរណ៍ និងត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវនានាក្នុងរាជធានី និងតាមបណ្តាខេត្តនានា។
បើតាមលោក រុន រ័ត្នវាសនា ថ្លែងប្រាប់ VOA ថា ការបើកបរល្បឿនលឿន ការបើកបរវ៉ា ឬជែងគ្នា និងការផឹកគ្រឿងស្រវឹងរួចបើកបរ គឺជាមូលហេតុចម្បងៗដែលបង្កឲ្យមានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នាពេលបុណ្យទាន។
លោកថ្លែងថា៖
«យើងឃើញថា កន្លងមក ឲ្យតែមានបុណ្យទាន ការស្លាប់ និងរបួសច្រើនជាងថ្ងៃធម្មតា។ ចំពោះកិច្ចការងារចរាចរណ៍ យើងបានត្រៀមលក្ខណៈជាមុន បានន័យថា ធ្វើការផ្សព្វផ្សាយឲ្យបានទូលាយ ធ្វើការត្រួតពិនិត្យដើមទី ចុងទី និងតំបន់កម្សាន្តផ្សេងៗ ដូចជា វត្តអារាម ដើម្បីឲ្យអាជ្ញាធរជួយសម្រួលលំហូរចរាចរណ៍ ដើម្បីឲ្យបងប្អូនយើងធ្វើដំណើរទៅស្រុក។ ហើយជាពិសេស គឺធ្វើការពិនិត្យល្បឿនតាមផ្លូវជាតិ»។
យ៉ាងណាក៏ដោយ លោក អ៊ា ចរិយា អ្នកប្រឹក្សាឯករាជ្យ ផ្នែកសុវត្ថិភាពចរាចរណ៍ បង្ហាញក្តីបារម្ភចំពោះ ចំនួនអ្នកសេពគ្រឿងស្រវឹងរួចបើកបរដែលអាចមានចំនួនកើនឡើងខ្ពស់ នាឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
លោកបញ្ជាក់ប្រាប់ VOA ថា៖
«ខ្ញុំសុំឲ្យអាជ្ញាធរធ្វើការផ្សព្វផ្សាយ និងអប់រំ នៅតាមមូលដ្ឋានឲ្យបានច្រើន ជួយដាស់តឿនពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ពេលបើកបរកុំបើកបរហួសល្បឿនកំណត់ ហាមឃាត់កុំឲ្យមានការប្រើប្រាស់គ្រឿងស្រវឹង រួចបើកបរ ដាក់កន្លែងត្រួតពិនិត្យឲ្យបានច្រើនកន្លែង ដើម្បីបញ្ចៀសការបើកបរក្រោយឥទ្ធិពលគ្រឿងស្រវឹង»។
អ្នកជំនាញចរាចរណ៍ និងអាជ្ញាធរកម្ពុជា អំពាវនាវឲ្យពលរដ្ឋកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពចរាចរណ៍ និងខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ ជាពិសេសចំពោះការធ្វើដំណើរអំឡុងពេលចូលឆ្នាំខ្មែរនេះ។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ បង្ហាញថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៦ រយៈពេល៥ថ្ងៃ (១៣-១៧ មេសា ២០១៦) មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន១១៣ករណី។ ក្នុងនោះមាន មនុស្សជាង៥០នាក់ស្លាប់ និងជាង២០០នាក់ទៀតរងរបួស។ ចំនួននេះ មានការថយចុះ បើធៀបនឹងឆ្នាំមុនៗ បន្ទាប់ពីមានការរឹតបណ្តឹង និងអនុវត្តច្បាប់ចរាចរណ៍ថ្មី៕