ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អូស្រ្តាលី​ធ្វើ​កាសែត​វីដេអូ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ដល់​ពួក​អ្នកសុំសិទ្ធិ​ជ្រកកោន

  • Steve Herman

ផែនទី​បង្ហាញ​ទីតាំង​កោះ​ Nauru ដែល​នៅ​ជិត​ប្រទេស​អូស្ត្រាលី

កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋ​មន្រ្តី​ក្រសួង​អន្តោប្រវេសន៍​អូស្រ្តាលី ​បាន​ធ្វើ​កាសែតវីដេអូ​ដោយ​និយាយ​ចំៗដល់​ពួក​អ្នក​ស្វះស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​លើកោះ Nauru ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិកឲ្យ​សុខចិត្ត​ទទួល​យកសំណើ​តាំង​ទី​លំនៅ​ថ្មី​ ហើយ​ឲ្យ​ពួកគេ​បំភ្លេច​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី។

ពួក​អ្នក​សុំសិទ្ធិ​ជ្រក​កោនរាប់​រយ​នាក់​ដែល​ចង់​ទៅ​ប្រទេស​អូស្រ្តាលី ​ក៏ប៉ុន្តែ ​បាន​ត្រូវ​ខកខាន​ហើយត្រូវ​បាន​បញ្ជូន​ទៅកាន់​ជំរំ​ឃុំ​ឃាំងនៅ​កោះ Nauru បាន​ត្រូវ​គេ​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ​នូវ​អ្វីដែល​ជា​សារ​ផ្តាច់​ព្រាត់​ដ៏​សំខាន់​នៅ​ក្នុង​កាសែត​វីដេអូ​របស់​លោក Peter Dutton ​រដ្ឋ​មន្រ្តី​ក្រសួង​អន្តោ​ប្រវេសន៍​អូស្រ្តាលី។

«ខ្ញុំ​ចង់​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ពួកជន​ភៀស​ខ្លួន​និង​ពួកអ្នក​ផ្លាស់​ទី​លំនៅ​នៅ​កោះ Nauru ​ថា ​នៅ​ក្រោម​កាលៈ​ទេសៈ​ណា​ក៏ដោយ អស់​លោក អ្នក ​នឹង​មិន​អាច​តាំង​ទី​លំនៅនៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ។នេះ ​មិន​មែន​ជា​ជម្រើសដែល​រដ្ឋាភិបាល​អូស្រ្តាលី ​នឹង​ផ្តល់​ឲ្យ​អស់​លោក​អ្នក​ទេ‍»។

កម្ពុជា ​បាន​យល់​ព្រម​យក​ជន​ភៀសខ្លួន​ជាង​១​ពាន់​នាក់នៅ​ក្នុង​ការ​ដោះ​ដូរ​នឹង​អ្វី​ដែល​គេពណ៌​នាថា ​ជា​កម្មវិធីជំនួយ​ដែល​មាន​ទឹក​ប្រាក់​៣០​លាន​ដុល្លារ​ពី​ប្រទេស​អូស្រ្តាលី។

កិច្ច​ព្រម​ព្រៀង​នោះ បាន​ទទួល​រង​ការ​រិះគន់​ដោយ​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្សមួយ​ចំនួន​ដែល​អះអាងថា ​វា បាន​រំលោភ​អនុ​សញ្ញា​ជន​ភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ។

ក៏ប៉ុន្តែ ​អូស្រ្តាលី​និង​កម្ពុជា ​មិន​បាន​រុញ​រា​ទេ ​ដូចដែល​លោក Dutton ​បានប្រាប់​ជន​ភៀស​ខ្លួន។

«រដ្ឋាភិបាល​កម្ពុជា ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​រដ្ឋាភិបាល​អូស្រ្តាលីថា ​ខ្លួន ចង់​ឲ្យ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ទទួល​ជោគជ័យ។ កម្ពុជា ​មើលឃើញតម្លៃ​ដ៏​ធំ​ធេង​នៅ​ក្នុង​ការ​តាំង​ទី​លំនៅរបស់​ជន​ភៀសខ្លួន​ហើយ​ស្វាគមន៍​បទពិសោធន៍​និង​ថាម​ពលដែល​អស់​លោក អ្នក ​អាច​ផ្តល់ឲ្យ​ប្រទេស​នោះ‍»។

រដ្ឋ​មន្រ្តី​អន្តោប្រវេសន៍​អូស្រ្តាលី បាន​សរសើរកម្ពុជាដែល​បាន​ផ្តល់ឱកាស​ដ៏មាន​តម្លៃ​ដល់​ជន​ភៀស​ខ្លួន ​ដោយ​ពណ៌​នា​ប្រទេស​ក្រីក្រ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ថា​ នឹង​រីកចម្រើន​ដ៏​ឆាប់​រហ័ស​ហើយ​នឹង​មាន​ជាតិ​សាសន៍​ចម្រុះ។

ជាការពិត ​ជន​ជាតិ​ខ្មែរ ​មាន​៩០​ភាគរយនៃ​ប្រជា​ពលរដ្ឋ​១៥​លាន​៥សែននាក់ ​ខណៈ​ដែលចំនួន​ពាក់​កណ្តាល​នៃ​ចំនួន​សេសសល់​១០​ភាគរយ​ទៀត ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម។

៩៧​ភាគរយនៃ​ប្រជា​ពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

ពួក​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ជាង​៧​រយនាក់ ​ដែល​បាន​ឃុំ​ខ្លួន​នៅ​កោះ Nauru ​មក​ពី​ទ្វីប​អាហ្វ្រិក ​មជ្ឈិមបូព៌ារនិង​អាស៊ី​ខាង​ត្បូង។ជិត​៥រយនាក់ ​បាន​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ជន​ភៀស​ខ្លួន​ពិតប្រាកដ ​ជាង​៨០​នាក់ មាន​ការទាម​ទារ​ជាឋានៈ​ភាព​ជន​ភៀសខ្លួន ​បាន​ត្រូវ​បដិសេធ ​ហើយ​១៥០​នាក់​ផ្សេង​ទៀត ​មិនទាន់​បានត្រូវគេ​វាយ​តម្លៃ​ពី​ឋានៈ​ភាព​ជន​ភៀសខ្លួន​ទេ។

គេសង្ឃឹម​ថា ​ជន​ភៀស​ខ្លួន​លើកទី​មួយ ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​ទៅ​ ក៏ប៉ុន្តែ ពួកគេមាន​ការ​ស្ទាក់​ស្ទើរ។

កាល​ពី​ថ្ងៃ​ច័ន្ទ ​អ្នកគាំទ្រ​ជន​ភៀស​ខ្លួន ​បាន​និយាយ​ថា ​ពួក​អ្នក​សុំ​សិទ្ធិជ្រកកោន​៥​នាក់ ​បាន​ត្រូវ​គេពណ៌​នា​ថា ​៣​នាក់​ជាជន​ជាតិ​ភាគ​តិចខ្លាតាមីលមក​ពី​ប្រទេស​សេរីលង្កា ​ម្នាក់​ជា​ជន​ជាតិ​ភាគ​តិចRohingya ​កាន់​សាសនា​អ៊ីស្លាមមក​ពី​ប្រទេស​ភូមា ​ហើយ​នឹង​ម្នាក់​ទៀតជា​ជន​ជាតិ​អ៊ី​រ៉ង់ ​បាន​យល់​ព្រមស្ថិតក្នុង​ចំណោម​ជន​ភៀស​ខ្លួន​លើក​ដំបូង​ដែល​សុខ​ចិត្ត​ទទួល​សំណើ​របស់​កម្ពុជា។

នៅ​ក្នុង​ការ​អំពាវនាវ​តាមកាសែត​វីដេអូ ​លោក Dutton ​បាន​កត់សម្គាល់​ថា ​ជន​អន្តោ​ប្រវេសន៍​ដែល​ទៅប្រទេស​កម្ពុជា ទទួលរង​ការ​ដាក់​សម្ពាធ​ពីក្រុម​ផ្សេង​មិនឲ្យទៅ​កាន់​ទី​នោះ​ទេ។

«សូម​ កុំ​ឲ្យពួក​អ្នកនាំការ​រំជើប​រំជួល​ ​បំផ្លាញឱកាសរបស់​អស់​លោក ​អ្នក‍»។

អង្គការ The Refugee Action Coalition ​ដែល​ជាអង្គការ​សិទ្ធិ​មនុស្ស​មាន​ទីតាំង​ក្នុង​ប្រទេស​អូស្រ្តាលី ​និយាយ​ថា ​ពួក​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន ​បាន​ត្រូវ​គេ​ផ្តល់​ប្រាក់​ពី​៧​ពាន់​៨រយ​ដុល្លា​ទៅ​ដល់​១ម៉ឺន១ពាន់​៧រយ​ដុល្លារ​ដើម្បី​ទៅ​តាំង​ទី​លំនៅនៅ​ប្រទេស​កម្ពុជា។

កាល​ពី​សប្តាហ៍​មុន ​មាន​សេចក្តី​រាយការណ៍​ថា ​ពួក​មន្រ្តី​អន្តោប្រវេសន៍​អូស្រ្តាលី ​បាន​វាយ​តម្លៃហើយ​នឹង​បដិសេធ​ការសុំសិទ្ធិ​ជ្រកកោន​របស់​ជន​ជាតិវៀត​ណាម​៤៦​នាក់​នៅ​លើ​កប៉ាល់​អូស្រ្តាលីមួយ​គ្រឿងមុនពេល​ពួកគេ​ទាំងអស់ ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀត​ណាម​វិញ។

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន​

XS
SM
MD
LG