មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកសិទ្ធិមនុស្ស បានរិៈគន់ខ្លាំងៗ ទៅលើរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ដោយបានហៅរបាយការណ៍នោះថា ជារបាយការណ៍ដែលមើលរំលងដល់កិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស ដែលបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ ហៅកាត់ថា ASEAN ធ្វើមិនបាននោះ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានថ្លែងការពារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ក្នុងការលើកស្ទួយការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេស ហើយបានបដិសេធចោលរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ដែលបានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃការរំលោភសិទ្ធិមនុស្ស នៅមុនការរៀបចំបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនៅឆ្នាំ ២០១៧ និងឆ្នាំ២០១៨។
លោកកែវ រ៉េមី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទព័ត៌មាន ដែលត្រូវបានធ្វើឡើងនៅទីស្នាក់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងរាជធានីភ្នំពេញថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើកិច្ចការពីរសំខាន់ៗ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស គឺការរំដោះពលរដ្ឋខ្មែរពីរបបប៉ុល ពត និងការកសាងសន្តិភាពពេញលេញនៅក្នុងប្រទេស។
ជាមួយគុណសម្បត្តិពីរនេះ លោក កែវ រ៉េមី ថ្លែងថា លោក ហ៊ុន សែន គួរទទួលបានពានរង្វាន់សន្តិភាព ឬ Nobel Peace Prize។
«ចំណុចពីរនេះ គឺល្មមដល់ពេលដែលទាក់ទងវិស័យសិទ្ធិមនុស្ស ផ្តល់ឲ្យគាត់នូវ គេហៅថា Nobel Peace Prize ពានរង្វាន់សន្តិភាពជូនគាត់ ឬក៏ពានរង្វាន់ផ្នែកវិស័យសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ចំណុចពីរសំខាន់នេះត្រូវបានគេបំភ្លេច ហើយមួលបង្កាច់ បង្អាប់ បន្ទោសធ្វើឲ្យអាដេញគេហៅមនុស្ស ដែលមានគុណសម្បត្តិស្មើមហាមេឃ នៅទទួលគេហៅថា ខ្ញុំមិនដឹងថាតើនិយាយរបៀបម៉េច»។
លោកបានបន្ថែមថា លោក Charlse Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ជាបុគ្គលគឃ្លើន ដែលហ៊ានអះអាងថា ការណ៍ដែលរដ្ឋាភិបាលប្រតិកម្មចំពោះរបាយការណ៍របស់ក្រុមខ្លួន បានបញ្ជាក់ថាអ្វីដែលរៀបរាប់ក្នុងរបាយការណ៍នោះគឺជាការពិត។ លោកមានប្រសាសន៍ថា ប្រទេសកម្ពុជាមានការបើកទូលាយជាងបណ្តាប្រទេសមួយនៅក្នុងអាស៊ាន ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមសង្គមស៊ីវិល សេរីភាពសារព័ត៌មាន និងកិច្ចការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាជាដើម។
របាយកាណ៍មានចំណងជើងថា៖ «ជួងមរណៈសម្រាប់លទ្ធិប្រជាធិបតេយ្យ៖ ការវាយប្រហារតំណាងរាស្ត្រ និងការគំរាមកំហែងស្ថាប័ននៅកម្ពុជា» ឬ «Death Knell for Democracy: Attacks on Lawmakers and the Threat to Cambodia's Institutions» បានឲ្យដឹងថា បីឆ្នាំកន្លងមកនេះ មានតំណាងរាស្ត្រចំនួន ១៥រូប ត្រូវបានរកឃើញថា ជាជនរងគ្រោះនៃបទចោទប្រកាន់បទព្រហ្មទណ្ឌ និងនីតិវិធីរបស់តុលាការ ដែលជាការវាយប្រហារដោយតុលាការទៅលើក្រុម អ្នកប្រឆាំងនៅកម្ពុជា។
របាយការណ៍ក៏បានបញ្ជាក់ថា ការវាយដំលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួនពីររូបដោយក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច បានបង្កើតបរិយាកាសភ័យខ្លាចនៅកម្ពុជា។
របាយការណ៍បន្តថា ការណ៍នេះបញ្ជាក់យ៉ាងច្បាស់ថា កិច្ចខិតខំនានារបស់គណបក្សកាន់អំណាចដើម្បីធ្វើឲ្យគណបក្សជំទាស់ចុះខ្សោយនៅមុនការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំ២០១៨ កំពុងធ្វើឲ្យខូចមុខងារ និងស្ថាប័នគ្រឹះនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ។
ពាក់ព័ន្ធនឹងការវាយដំលើតំណាងរាស្ត្រ លោក កែវ រ៉េមី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សកម្មភាពបែបនេះក៏បានកើតមាននៅប្រទេសផ្សេងទៀតក្នុងប្រទេសជាសមាជិកអាស៊ានផងដែរ។ តែលោកសុំមិនបញ្ចេញឲ្យចំឈ្មោះប្រទេស ហើយប្រាប់អ្នកសារព័ត៌មានឲ្យធ្វើការស្រាវជ្រាវរកព័ត៌មាននោះដោយខ្លួនឯង។
លោក កែវ រ៉េមី ថ្លែងថា លោកធ្លាប់ជាអតីតតំណាងរាស្ត្រផងដែរ។ នៅពេល VOA សួរលោកថា តើលោកយល់ឃើញយ៉ាងដូចម្តេច ប្រសិនបើលោកត្រូវបានគេវាយដំ ក្នុងនាមជាតំណាងរាស្ត្រនោះ លោកមានប្រសាសន៍ថា៖
«អាហ្នឹងវាទាក់ទងរឿងប្រថុយប្រថានដែរ អញ្ចឹងការងារសំខាន់បំផុតអញ្ចេះ ជាទម្លាប់ប្អូនឯងសួរល្អ។ ជាបទពិសោធន៍ កាលណាយើងចុះអន្តរាគមន៍ស្អីមួយ យើងត្រូវនិយាយពី title [មុខងារ] ហ្មង។ អាហ្នឹងជាបទពិសោធន៍បង។ ពេលបងចុះទៅ ខ្ញុំប្រាប់ថា ខ្ញុំ កែវ រ៉េមី តំណាងរាស្ត្រមណ្ឌលភ្នំពេញ ដល់អញ្ចឹងទៅ យើងប្រកាសឲ្យដឹងឲ្យហើយហ្មង។ ពេលដែលយើងចុះទៅក្នុងតំបន់ស្អីមួយ កន្លែងស្អីមួយកំពុងចម្រូងចម្រាស ទាស់ទែងគ្នា ចូលទៅភ្លាមប្រកាសភ្លាមហ្មង ខ្ញុំឈ្មោះអី តំណាងរាស្ត្រមណ្ឌលស្អី នៅក្នុងអាដេញ អញ្ចឹងគេយល់ គេមិនប៉ះពាល់ទេ»។
ក៏ប៉ុន្តែ អ្នកតំណាងរាស្ត្រពីររូបនៃគណបក្សសង្គ្រោះជាតិ ត្រូវបានវាយដំនៅក្រៅរដ្ឋសភាជាតិ ដោយក្រុមបាតុករដែលគាំទ្រគណបក្សកាន់អំណាច នៅពេលពួកគេចាកចេញពីសភា។
បើតាមវីឌីអូឃ្លីបដែលគេចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក តំណាងរាស្ត្រមួយរូប គឺលោក គង់ សភា ត្រូវបានគេអូសចេញពីក្នុងរថយន្តរបស់លោក។ តំណាងរាស្ត្ររូបនោះត្រូវបានគេវាយទាត់ធាក់យ៉ាងដំណំ។ រីឯតំណាងរាស្ត្រមួយរូបទៀត គឺលោក ញ៉យ ចំរើន ត្រូវបានគេវាយឲ្យដួលនៅមុខរថយន្តនៅក្រៅរដ្ឋសភាផងដែរ។
លោក Charlse Santiago ប្រធានក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ email ថា ជារឿងល្អមួយ ដែលរដ្ឋាភិបាលកម្ពុជាជឿថា ការវាយប្រហារលើតំណាងរាស្ត្រ ជាបញ្ហារបស់តំបន់ដែលត្រូវដោះស្រាយជារួម។ លោកឲ្យដឹងថា ការវាយប្រហារលើតំណាងរាស្ត្រមិនបានកើតឡើងតែក្នុងប្រទេសកម្ពុជានោះទេ តែក៏មានការចាប់ចង និងការឃុំខ្លួនតំណាងរាស្ត្រនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសហ្វីលីពីនកាលពីពេលថ្មីៗនេះដែរ។
យ៉ាងណាក៏ដោយ លោកនិយាយថា មិនមានទីណាផ្សេងទៀត ដែលតំណាងរាស្ត្រត្រូវបានគេវាយដំយ៉ាងឃោឃៅដូចនៅប្រទេសកម្ពុជានោះឡើយ។ លោកថ្លែងក្នុងន័យដើមថា៖
«ប៉ុន្តែស្ថានភាពនៅប្រទេសកម្ពុជា គឺជារឿងមួយគួរឲ្យព្រួយបារម្ភ ដោយសារថាតើការវាយប្រហារដ៏ធ្ងន់ធ្ងរ និងរីករាលដាលនេះ វាបានកើតឡើងយ៉ាងដូចម្តេចក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ គ្មានកន្លែងណាផ្សេងទៀត ដែលយើងបានឃើញការវាយដំដ៏ឃោរឃៅ និងចំហរលើតំណាងរាស្ត្រដូចអ្វីដែលបានកើតឡើងកាលពីខែតុលា ឆ្នាំ២០១៥នោះទេ នៅរាជធានីភ្នំពេញ»។
លោកបន្ថែមក្នុងន័យដើមថា៖
«ជារួមមានការធ្លាក់ចុះដុនដាបទៅនៃការការពារសិទ្ធិមនុស្សសម្រាប់សង្គមស៊ីវិល និងសំឡេងជំទាស់ ហើយការណ៍នេះបានគំរាមកំហែងដល់ភាពស្របច្បាប់នៃប្រព័ន្ធនយោបាយកម្ពុជា និងការបោះឆ្នោតដែលកំពុងតែមកដល់»។
លោក Charlse Santiago បានបន្តថា ពានរងា្វន់សន្តិភាព នឹងត្រូវផ្តល់ជូន អ្នកដែលមានប្រវត្តិក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិមនុស្សនៅប្រទេសរបស់ពួកគេ។
លោកថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកចេញមកវិញនូវច្បាប់តឹងរឹងនានា ហើយធានាការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យដែលពិតប្រាកដ និងប្រកបដោយចិរភាពនោះ លោកនឹងក្លាយជាមេដឹកនាំគំរូរបស់អាស៊ាន ហើយអាចជាបេក្ខជនសម្រាប់ពានរង្វាន់សន្តិភាព ដែលអ្នកផ្សេងទៀតចង់បានផងដែរ។
ក្រុមអ្នកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និយាយថា រដ្ឋាភិបាលកម្ពុជា មិនអាចធ្វើការប្រៀបស្ថានភាពគោរពសិទ្ធិមនុស្សរបស់ខ្លួន ទៅនឹងបណ្តាប្រទេសដទៃទៀត ដែលជាសមាជិកនៃសមាគមអាស៊ានបានទេ ដោយហេតុកម្ពុជាបានចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដែលតម្រូវឲ្យប្រទេសនេះ គោរពសិទ្ធិមនុស្ស និងអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញ។ ពួកគេថា រដ្ឋាភិបាលកម្ពុជាមិនដែលទទួលស្គាល់របាយការណ៍របស់អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាក់ទិនការគោរពសិទ្ធិមនុស្សនោះទេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា៖
«យើងឃើញថា ច្រើនតែមានការច្រានចោល និងមានការបដិសេធ ថារបាយការណ៍នឹងមិនអាចទទូលយកបាន មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់សង្គម។ ប៉ុន្តែបើយើងជាសង្គមស៊ីវិល យើងគិតថាបើសិនជារដ្ឋាភិបាលលោកពិនិត្យមើលថា តើវានៅមានចំណុចណាដែលយើងនៅខ្វះខាត ហើយយើងយកមកធ្វើការ កែលម្អ ធ្វើការអភិវឌ្ឍទៅ វាជាជាងដែលយើងប្រតិកម្មបដិសេធចោលទាំងស្រុងៗនោះ»។
របាយការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សស្តីពីការវាយប្រហារតំណាងរាស្ត្រ និងការគំរាមកំហែងស្ថាប័ននៅកម្ពុជា ត្រូវបានចេញផ្សាយ នៅចំពេលដែលមានការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជនការពារដីធ្លី មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្រុមមន្រ្តី សកម្មជន និងតំណាងរាស្ត្រនៃគណបក្សប្រឆាំង។
របាយការណ៍ក៏បានលើកជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែងនានាលើក្រុមអ្នកប្រឆាំង ការពិនិត្យឡើងវិញ និងការធ្វើសេចក្ដីបញ្ជាក់ទៅលើរាល់លក្ខន្តិកពាក់ព័ន្ធ និងកិច្ចខិតខំនានាក្នុងកិច្ចការសិទ្ធិមនុស្ស ត្រូវតែជាកិច្ចការអាទិភាព ដើម្បីធានាឲ្យបានថាគ្រប់ភាគីទាំងអស់ដែលយកចិត្តទុកដាក់នៅក្នុងស្ថិរភាព ភាពចម្រុងចម្រើន និងការទទួលខុសត្រូវនៅកម្ពុជា ធ្វើអ្វីៗឲ្យស្របទៅតាមច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា កាលពីសប្តាហ៍មុន បានចេញសេចក្តីថ្លែងការណ៍ស្នើក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស គោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ាន ហើយបានចាត់ទុកថា ក្រុមនេះជាក្រុមតូចមួយនៃអតីត និងជាសមាជិកសភាបច្ចុប្បន្នរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងពុំត្រូវបានទទួលស្គាល់ ជាអង្គភាពរបស់អាស៊ាននោះទេ៕