ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងខេត្តសៀមរាបបានបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមានតែគណបក្សនយោបាយចំនួន២តែប៉ុណ្ណោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើសកម្មភាពឃោសនារបស់ខ្លួនតាមដងផ្លូវនានាក្នុងខេត្ត។
តាំងពីព្រលឹមស្រាងៗ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនពាន់នាក់ បានមកប្រមូលផ្ដុំគ្នានៅផ្លូវ ៦០ម៉ែត្រម្ដុំអង្គរឃ្យុងយូ។ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូប រួមមាន ដូចជាលោក ឃឹម ប៊ុនស៊ុង អភិបាលខេត្តសៀមរាប លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោក សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ក៏មានវត្តមាននៅទីនោះផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឡើងថ្លែងទៅកាន់អ្នកគាំទ្រក្នុងខេត្តសៀមរាបពីការខិតខំយកចិត្តទុកដាក់របស់រដ្ឋាភិបាលមកលើប្រជាពលរដ្ឋ និងសមិទ្ធផលផ្សេងៗរបស់រដ្ឋាភិបាលផងដែរ។
អ្នកគាំទ្រនៅក្នុងខេត្តសៀមរាបទាំងនោះ ក៏បានមើលពីការផ្សាយបន្តផ្ទាល់ពីការថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរាជធានីភ្នំពេញផងដែរ មុននឹងចេញដង្ហែក្បូនតាមដងផ្លូវក្នុងខេត្តសៀមរាប។
ការចូលរួមពីអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងការហែក្បូនតាមដងផ្លូវ ក៏បានធ្វើអោយមានការកកស្ទះចរាចរផងដែរ។
អ្នកស្រី ឡុង សំណាង អាយុ៥៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅសង្កាត់សាលាកំរើក ខេត្តសៀមរាប ដែលបានពាក់អាវស និងមួករបស់គណបក្សប្រជាជនកម្ពុជា បានចូលរួមដង្ហែក្បូនឃោសនានោះដែរ បានអោយដឹងថាទោះបីជាការអភិវឌ្ឍន៍របស់រដ្ឋាភិបាលកន្លងមកមិនទាន់បានគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែអ្នកស្រីគិតថាការដឹកនាំរបស់រដ្ឋាភិបាល ក៏បានជួយដល់ប្រជាពលរដ្ឋអោយមានការរីកចម្រើនជាច្រើនដូចជាលើកស្ទួយផ្នែកជីវភាពប្រជាពលរដ្ឋ ផ្លូវថ្នល់ និងសាលារៀនជាដើម។
អ្នកស្រី មានប្រសាសន៍ថា៖ «មនុស្សយើង មិនបានល្អគ្រប់ដប់ទេ តែគ្រាន់តែថា ពីជំនាន់ប៉ុល ពត អីមក មាននរណាជួយយើង? មានតែគណបក្សហ្នឹងឯងដែលជួយយើង ហើយដូចថាសព្វថ្ងៃជីវភាពពួកខ្ញុំបានធូរធារប៉ុណ្ណឹង ក៏ដោយសារគាត់ដែរ។ យើងគាំទ្រគាត់ ដូចថា គាត់ដឹកនាំប៉ុណ្ណេះ វាគួរសមហើយ វាសមល្មមហើយ មិនចង់ទាមទារហួសហេតុពេកទេអូន»។
ជាមួយគ្នានេះដែរ លោក ហែម សារ៉ាត់ រស់នៅក្រុងសៀមរាប ខេត្តសៀមរាបជាអ្នករត់ម៉ូតូឌុប ដែលកំពុងឈរសម្លឹងមើលការដង្ហែក្បូនរបស់គណបក្សប្រជាជនកម្ពុជានៅម្ដុំរង្វង់មូលឃ្យុងយូ បានទទួលស្គាល់ថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានអ្នកចូលរួមឃោសនាច្រើនជាងគេ។
លោកបានឲ្យដឹងបន្តថាលោកនឹងទៅចូលរួមបោះឆ្នោត ក៏ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទាន់សម្រេចចិត្តបោះឆ្នោតអោយបក្សមួយណានៅឡើយ។
លោក ហែម សារ៉ាត់ មានប្រសាសន៍ថា៖ «បើមានគណបក្សប្រឆាំងទៅ វាមានគណបក្សហែហមច្រើន គណបក្សធំៗ។ តែដល់ពេលនេះ មានតែគណបក្សតូចៗ។ មានតែគណបក្សប្រជាជនមួយដែលធំជាងគេ។ ដល់អត់មានអ្នកប្រកួតអញ្ចឹង ដូចថា វាឈ្នះដាច់បណ្ដោយ។ បើអត់ហែក៏ជាប់ដែរ អត់មានគណបក្សណាធំ គឺមានតែគណបក្សមួយហ្នឹងធំជាងគេ ពេលអត់មានគណបក្សប្រឆាំងហើយ»។
VOA សំឡេងសហរដ្ឋអាមេរិក មិនអាចសុំអត្ថាធិប្បាយបន្ថែមពីមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តសៀមរាបបានឡើយជុំវិញថ្ងៃបិទការឃោសនារកសំឡេងឆ្នោតនេះ។
ដោយឡែកនៅរសៀលថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជួបជុំគ្នានៅក្នុងប្រាសាទបាគងដើម្បីធ្វើពិធីបួងសួងតាមបែបជំនឿសាសនា។
បន្ទាប់មកថ្នាក់ដឹកនាំបក្សនិងសមាជិកអ្នកគាំទ្រប្រមាណជាង១០០នាក់បានដង្ហែក្បូនចេញពីប្រាសាទចូលមកក្នុងក្រុងសៀមរាប។
លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអោយដឹងថាការទទួលស្គាល់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីចំណេះដឹងផ្នែកកសិកម្មរបស់ក្រុមលោក និងគោលនយោបាយរបស់បក្ស លោកមានភាពជឿជាក់ថាគណបក្សរបស់លោកនឹងទទួលបានអាសនៈក្នុងសភា។
លោកមានប្រសាសន៍ថា៖ «សកម្មភាពដែលយើងបានធ្វើគ្រប់កន្លែង ហើយហ្នឹងសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋ យើងគិតថា យើងអាចធ្វើបាន។ ទន្ទឹមនឹង ខ្ញុំក៏ចង់អំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួនដែលមាននិន្នាការចង់បានការផ្លាស់ប្ដូរថា យើងមិនបាច់រារែកអីទៀតទេ គឺយើងរួមគ្នាបោះឱ្យលេខ៧ហ្នឹងទៅ យើងនឹងបានការផ្លាស់ប្ដូរមួយដោយសន្តិភាព ដោយសម្បូរសប្បាយ។ យ៉ាងអន់ណាស់ ក៏យើងអាចរារាំងមិនឱ្យគណបក្សកាន់អំណាចសព្វថ្ងៃហ្នឹង គ្រប់គ្រងប្រទេសតែឯង ជាពិសេសមាន២ភាគ៣នៅសភាជាតិ គឺជារឿងមិនល្អទេ សម្រាប់ប្រទេសជាតិយើងបាទ»។
ជាមួយគ្នានេះដែរលោក ស៊ី ង៉ា ប្រជាពលរដ្ឋរស់នៅស្រុកពួកខេត្តសៀមរាបដែលបានចូលរួមការឃោសនារបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអោយដឹងថាបន្ទាប់ ពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ លោកគិតថាមានតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានតែមួយប៉ុណ្ណោះដែរអាចជួយប្រជាពលរដ្ឋដែលជួបការលំបាកនៅតាមមូលដ្ឋានបាន។
លោកមានប្រសាសន៍ថា៖ «ចំណុចមួយដែលនិយាយអំពីការលើកស្ទួយវិស័យកសិកម្ម ដោយសារតែប្រទេសកម្ពុជារបស់យើង គឺពឹងផ្អែកទៅលើវិស័យកសិកម្ម ហើយវាជាជំនាញរបស់គាត់ផ្ទាល់។ ចំណុចសំខាន់មួយទៀតដែលជាកត្តាជំរុញឱ្យខ្ញុំមកគាំទ្រគឺប្រធានៗទាំងអស់ដែលខ្ញុំធ្លាប់ស្គាល់គាត់ពីមុន។ គាត់គឺជាប្រធានអង្គការធំៗ ដែលតែងតែប្រឈមមុខនឹងបញ្ហាសង្គម។ គាត់ជួយសង្គម គាត់ជួយដោះស្រាយវិបត្តិផ្សេងៗដូចជាសិទ្ធិមនុស្សអីអញ្ចឹង»។
រយៈពេល២១ថ្ងៃនៃយុទ្ធនាការឃោសនា ដើម្បីប្រកួតប្រជែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយចំនួន១៨ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការខេត្តរៀបចំការ បោះឆ្នោតប្រចាំខេត្តសៀមរាបបានអោយដឹងថា រហូតមកដល់ពេលនេះគណៈកម្មាធិការខេត្តរៀបចំការ បោះឆ្នោតគ្មានពាក្យបណ្ដឹងអ្វីពីគណបក្សនយោបាយណាមួយជាផ្លូវការ នៅឡើយជុំវិញបញ្ហាការឃោសនានោះទេ។
លោកបានឲ្យដឹងបន្ថែមថា មានគណបក្សនយោបាយតែ១២ប៉ុណ្ណោះដែលមានសកម្មភាពហែក្បូនឃោសនារបស់ខ្លួនក្នុងរយៈពេលនៃយុទ្ធនាការឃោសនា។
លោកមានប្រសាសន៍ថា៖«មិនមានទទួលពាក្យបណ្ដឹងអីទេ ប៉ុន្តែ គ្រាន់តែថាមានការសំណូមពរអីទៅសន្តិសុខឱ្យជួយរៀបចំចរាចរពេលគាត់ហែអីអញ្ចឹង អាហ្នឹងទី១។ ទី២គាត់ក៏ប្រាប់ដែរថាដូចជាមានការរហែកឬក៏ការបាត់ខិត្តប័ណ្ណគាត់ខ្លះ»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងត្រូវធ្វើឡើងនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅតាមការកំណត់ បើទោះជាគ្មានការចូលរួមពីគណបក្សប្រឆាំង គ្មានការចូលរួមពីអ្នកសង្កេតការណ៍និងគ្មានការទទួលស្គាល់លទ្ធផលបោះឆ្នោតដោយបណ្ដាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕