ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ពាណិជ្ជកម្ម​បដិសេធ​ព័ត៌មាន​ដែល​ថា ក្រុមហ៊ុន​ចិន​ប្រើប្រាស់​កម្ពុជា​នាំ​ទំនិញ​គេច​ពន្ធ​​ទៅ​អាមេរិក


រូបឯកសារ៖ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន អំឡុង​ការសម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក Arend Zwartjes មន្រ្តី​ទំនាក់ទំនង​កិច្ច​ការ​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន អំឡុង​ការសម្ពោធ​មជ្ឈមណ្ឌល​អាមេរិកាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA)

ក្រោយពី​មន្រ្តី​ជាន់ខ្ពស់​របស់​ស្ថានទូត​ស.រ.អា​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ Reuters​ ថា​ ចិន បាន​នាំ​ចូល​ទំនិញ​ទៅ​កាន់​ស.រ.អា​តាម​រយៈ​កម្ពុជា​ដើម្បី​គេច​ពន្ធ ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បដិសេធ​ការ​លើក​ឡើង​នេះ​ដោយថា​ ការអះអាង​នេះ​មិន​មាន​ការមូលដ្ឋាន​ច្បាស់លាស់។

ក្រសួង​ពាណិជ្ជកម្មកម្ពុជា​បាន​បាន​ប្រកាសបដិសេធ​ការ​ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​បាន​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​នាំ​ចេញ​ចិន​ទំនិញ​គេច​ពន្ធ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។​ នេះបើ​តាម​ព័ត៌មាន​ដែល​ VOA ​បានទទួល។​

​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ Arend Zwarjes​ បាន​ផ្តល់​ព័ត៌មាន​ដល់​បណ្តាញ​សារព័ត៌មាន​របស់​អង់គ្លេស​ ​Reuters​ ​ថា​នាយក​ដ្ឋាន​សន្តិសុខ​ជាតិ (Department of Homeland Security)​ ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ធ្វើ​ការ​ផាក​ពិន័យ​ក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​គេច​ពន្ធ​ទំនិញ​នាំចូល​ទៅ​កាន់​សហរដ្ឋ​អាមេរិក​តាម​កម្ពុជា។​ ​មន្រ្តី​ទំនាក់​ទំនង​សាធារណៈ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ដដែល​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ទាំង​នោះ​ ​មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះ​សីហនុ។​

​ឆ្លើយ​តប​នឹងព័ត៌មាន​ ​និង​ការ​លើក​ឡើង​ដូច្នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ចេញ​ប្រកាសសេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​

«ការលើកឡើង​របស់​មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ឡើយ​ពោល​គឺ​ផ្ទុយ​ពី​ការ​អនុវត្ត​ជាក់​ស្តែង»។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ​ស៊ាង ថៃ​ ​បាន​ប្រាប់​ VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថាយោង​តាម​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​ពាណិជ្ជ​កម្ម​ មិន​មាន​សកម្មភាព​កើត​ឡើង​ដូច​ដែល​មន្ត្រី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​នោះ​ឡើយ។​

លោក​ ស៊ាង ថៃ ​បាន​និយាយ​ថា៖​

«នាំ​មក​យ៉ាង​ម៉េច​បើសិន​ជា​គាត់​អត់​មាន​ធ្វើ​នៅ​ក្នុង​ហ្នឹង​នាំ​មក​ម៉េច​កើត យើង​ម៉េច​ចេញ​ក្រដាស​ស្នាម​អី​ ព្រោះ​ការ​ដែល​វិនិយោគ​នៅ​តំបន់​ត្រូវ​មាន​បែប​បទ​អី​ត្រឹម​ត្រូវ អ្នក​នាំ​ចូល​វត្ថុ​ធាតុ​ដើម​យក​មក​ធ្វើជា​ផលិត​ផល​ហ្នឹង​ត្រូវ​តែ​មានការ​កត់ត្រា​អី​ត្រឹមត្រូវ មិនមែន​ឲ្យ​ចូល​ហើយ​យក​ចេញ​ទៅវិញ​អ៊ីចឹង​យើង​ម៉េច​ឲ្យ»។​

យ៉ាងណា​ក៏​ដោយ​ អ្នក​នាង​ Emily Zeeberg អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ថា​ស្ថានទូត​សហរដ្ឋ​អាមេរិក​មិន​មាន​ការ​អត្ថាធិប្បាយ​បន្ថែម​នោះ​ឡើយ​និង​សុំ​ឲ្យ​ VOA ទាក់ទង​ទៅ​នាយកដ្ឋាន​សន្តិសុខ​ជាតិ​អាមេរិក​ដើម្បី​មាន​ព័ត៌មាន​បន្ថែម។

អ្នក​នាង​ Emily Zeeberg​ ​បាន​សរសេរ​នៅ​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​ VOA ​ថា៖​«ពេល​ខ្លះ​ក្រុម​ហ៊ុន​ព្យាយាម​គេច​ពន្ធ​និង​នាំ​ចូល​ទំនិញ​មក​កាន់​សហរដ្ឋ​អាមេរិក​តាម​រយៈ​នាំ​ទំនិញ​មក​សំចត​នៅ​ប្រទេស​កណ្តាល​មួយ​មុន​នឹង​នាំ​ទៅ​ប្រទេស​គោលដៅ។​ នាយកដ្ឋាន​សន្តិសុខជាតិ​បាន​ធ្វើ​ការ​ស៊ើបអង្កេត​និង​ផាក​ពិន័យ​ក្រុម​ហ៊ុន​ជាច្រើន​ដែល​បាន​គេច​ពន្ធ​នាំ​ចូល​តាម​រយៈ​ប្រទេស​កម្ពុជា​ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​គឺ​មាន​ទីតាំង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ»។

​យោង​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិកកាល​ពី​ចុងឆ្នាំ​២០១៧​ គេ​បាន​រក​ឃើញ​ថា​ក្រុមហ៊ុនចិន​ ​Ceka Nutrition, Inc.​ បាន​នាំ​អាមីណូ​អាស៊ីត​ចូល​ទៅ​សហរដ្ឋ​អាមេរិក​តាម​រយៈប្រទេស​កម្ពុជា​ ហើយ​រោងចក្រ​នៅ​កម្ពុជា​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​ដើម្បី​ផលិត​អាមីណូ​អាស៊ីត​នោះឡើយ​គឺ​គ្រាន់តែ​ធ្វើការ​កែតម្រូវ​បន្តិច​ប៉ុណ្ណោះ។

តំបន់សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​ក៏​បាន​ចេញ​ផ្សាយ​ការ​បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្រ្តី​ស្ថានទូត​សហរដ្ឋ​អាមេរិកនៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន ​ដោយ​បាន​អះអាង​ថា​ក្រុម​ហ៊ុន​អាជីវកម្ម​ចំនួន​២៩​ក្រុម​ហ៊ុន​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែល​មាន​ផលិតផល​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ឬ​ដាក់​ទណ្ឌកម្ម​ពី​នាយកដ្ឋាន​គយ​របស់​សហរដ្ឋ​អាមេរិក​ឡើយ។​

នៅ​ក្នុងសេចក្តីប្រកាស​ព័តមាន​ដែល​មាន​ចំណង​ជើង​ថា ​«តំបន់សេដ្ឋកិច្ច​ពិសេស​ប្រឆាំង​នឹង​គ្រប់សកម្ម​ភាព​ដែល​បំផ្លាញ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន» បាន​រ៉ាយរាប់ជា​ភាសា​អង់គ្លេសយ៉ាង​ដូចច្នេះ​ថា៖

«យើង​តែង​តែ​ទាមទារ​ឲ្យ​មាន​ការ​គោរព​ច្បាប់ វិន័យ​និង​តែងតែ​ប្រឆាំង​រាល់​សកម្មភាព​ណា​ដែល​ល្មើស​ច្បាប់។ នៅពេល​អនាគត​យើង​នឹង​នៅ​តែ​បន្ត​ប្រតិបត្តិ​ការ​ដោយ​គោរព​ទៅតាម​ច្បាប់​វិន័យ និង​ពង្រឹង​បន្ថែម​លើការ​គ្រប់គ្រង​ក្រុម​ហ៊ុន អាជីវ​កម្ម​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុឲ្យ​បាន​ប្រសើរ»។​

ទោះ​យ៉ាង​ណា​លោក​ លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​ឬហៅ​ថា​ Central ​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​លើក​ឡើង​នេះ។

លោក​បាន​ប្រាប់ ​VOA ​កាលពី​រសៀល​ថ្ងៃ​ចន្ទ​នេះថា៖​

«​នៅពេល​ដែលស្ថានទូត​អាមេរិក​លើកឡើង​ពីការ​ពិន័យ​ទៅដល់​ក្រុមហ៊ុន​ចិន​ដែល​បាន​នាំទៅ​ទីផ្សារ​អាមេរិកក្រោម​ផ្លាក​កម្ពុជាទៀត​ហ្នឹង​វា​ធ្វើ​ឲ្យ​ពាក្យ​ចចាមរ៉ាម​ដែល​យើង​សង្ស័យ​កន្លង​មក​ធ្វើ​ឲ្យ​យើង​កាន់តែ​សង្ស័យ​ថែម​ទៀត​ ​ហើយ​វា​ធ្វើ​ឲ្យ​យើង​គិតដែរ​ ព្រោះ​ថា​ចង់មិនចង់​ក្រសួង​សន្តិសុខ​របស់​អាមេរិក​គេ​លើកឡើង​គេ​ប្រាកដ​ជា​មាន​របាយ​ការណ៍​អី​របស់​គេ​ឬក៏​មាន​ភស្តុតាង​អី​ច្បាស់​លាស់​របស់​គេ​ដែរ»។​

លោក​បាន​បន្ថែម​ថា​ បើសិន​ជា​ករណី​នេះ​ពិត​ជា​កើត​មាន​ឡើង​មែន​ ​វា​នឹង​ប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​ក្នុង​វិស័យ​នាំ​ចេញ​នាំ​ចូល​ ទៅកាន់​ប្រទេស​ដៃ​គូ​នា​នា៕​

XS
SM
MD
LG