ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កាត់​ដី​ពី​ឧទ្យាន​ជាតិ​កែប​ឱ្យ​ក្រុម​ហ៊ុន​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​សមាជិក​ព្រឹទ្ធសភា


រូបឯកសារ៖ ទិដ្ឋភាពនៃការអភិវឌ្ឍឧទ្យាជាតិបុទុមសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។
រូបឯកសារ៖ ទិដ្ឋភាពនៃការអភិវឌ្ឍឧទ្យាជាតិបុទុមសាគរ នៅខេត្តកោះកុង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០១២។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ប្រមាណ​៣០​ហិកតា​ពី​តំបន់​ឧទ្យាន​ជាតិ​កែប​ក្នុង​ខេត្ត​កែប ​ដើម្បី​ផ្តល់​ឱ្យ​ក្រុមហ៊ុន​មួយ​គ្រប់គ្រង​ដោយ​កូនស្រី​របស់​អ្នកស្រី ​ជឹង សុភាព ​ហៅ​យាយភូ ​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ដែល​វីអូអេ​ទទួល​បាន។ ​

អ្នកស្រី ​ជឹង សុភាព ​ជា​ភរិយា​របស់​លោក ​ឡៅ ម៉េងឃីន ​ជា​ឧកញ៉ា​មាន​ឥទ្ធិ​ពល​មួយ​រូប ​និង​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

អនុក្រឹត្យ​ចុះ​ហត្ថ​លេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ចែង​ថា ​ត្រូវ​បាន​កំណត់​ជា​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរភាព ​ផ្ទៃ​ដី​ទំហំ​២៩​ហិកតា ​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​កែប ភូមិសាស្រ្ត​សង្កាត់​ព្រៃ​ធំ ​ក្រុង​កែប ​ខេត្ត​កែប ​សម្រាប់​ផ្តល់​ជូន​ក្រុមហ៊ុន ​វ័ន ម៉រ ​(One More Ltd)​ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​កូន​ស្រី​របស់​អ្នកស្រី ជឹង សុភាព។​

អ្នកស្រី ​ជឹង សុគន្ធាវី ​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ​ដូចជា​ទឹក​សុទ្ធ​វីតាល់ ​និង​មីជាតិ​ជាដើម។​

អនុក្រឹត្យ​បញ្ជាក់​ថា៖ ​«ត្រូវ​បាន​ធ្វើ​អនុប្បយោគ​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ផ្ទៃ​ដី​ទំហំ​២៩​ហិកតា....មក​ជា​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ ​ក្រោម​លក្ខខណ្ឌ​ជួល​ឱ្យ​ក្រុម​ហ៊ុន​វ័ន ម៉រ ​(ONE MORE Ltd.) ​សម្រាប់​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ផ្សា​ភ្ជាប់​នឹង​ធម្មជាតិ ​ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​ចាត់​ចែង​នីតិវិធី​បន្ត​ដោយ​ក្រសួង​បរិស្ថាន ​ជា​អាជ្ញាធរ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​មាន​កិច្ច​សហ​ការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​ជា​អាជ្ញាធរ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ក្រសួង​ពាក់ព័ន្ធ ​ព្រម​ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ស្រប​តាម​ច្បាប់ ​និង​គោល​ការណ៍​របស់​រាជរដ្ឋា​ភិបាល»។​

យោង​តាម​អនុក្រឹត្យ​ស្តីពី​ការ​កំណត់​តំបន់​ឧទ្យាន​ជាតិ​កែប ​ចុះ​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០១០ ​ត្រូវ​បាន​កែ​សម្រួល​ឧទ្យានជាតិ​កែប​ពី​ផ្ទៃ​ដី​ទំហំ​៥ពាន់​ហិកតា ​មក​នៅ​ត្រឹម​ផ្ទៃ​ដី​ទំហំ​១១៥២​ហិកតា។​

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ធ្វើ​បទ​បង្ហាញ​នៅ​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២៣ អំពីប្រភេទត្រីកម្រក្នុងទន្លេមេគង្គ ដែលត្រូវបានពលរដ្ឋយកមកលក់លើទីផ្សារ។ (លាស់ លីបលីប/វីអូអេ)
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា(CYN) ធ្វើ​បទ​បង្ហាញ​នៅ​រាជធានី​ភ្នំពេញកាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២៣ អំពីប្រភេទត្រីកម្រក្នុងទន្លេមេគង្គ ដែលត្រូវបានពលរដ្ឋយកមកលក់លើទីផ្សារ។ (លាស់ លីបលីប/វីអូអេ)

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​លោក​ ហេង គឹមហុង​ ថ្លែង​ថា ​ការ​ទទួល​បាន​ដី​ប្រមាណ​៣០​ហិកតា​នេះ​ជា​ព័ត៌មាន​ថ្មី​មួយ​ទៀត ​ដែល​កូន​ស្រី​របស់​អ្នកស្រី ​ជឹង សុភាព ​ទទួល​បាន​ដី​បន្ថែម​ពី​លើ​ដីជាង​៩០០​ហិកតា ​ដែល​ក្រុមហ៊ុន​បាន​ទទួល​កាល​ពី​មុន។ ​លោក​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្តល់​ដី​នេះ ​និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បក​ស្រាយ​ជា​សាធារណៈ​អំពី​មូល​ហេតុ​នៃ​ការ​ផ្តល់​ដី​ជា​បន្ត​បន្ទាប់​ឱ្យ​ក្រុមហ៊ុន​មួយ​នេះ។​

លោក​បញ្ជាក់​ថា៖ ​«ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ធ្វើការ​ផ្នែក​ធនធាន​ធម្មជាតិ​ បរិស្ថាន ​និង​សិទ្ធិ​មនុស្ស ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ។ ​ព្រួយ​បារម្ភ​ទីមួយ​គឺ​តំបន់​ទាំង​អស់​នោះ​សុទ្ធ​សឹង​តែ​ជា​តំបន់​ធនធាន​ធម្មជាតិ​ដែល​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ក្នុង​កិច្ច​ការពារ​ឱ្យ​មាន​ការ​ថែ​រក្សា​ទេសភាព​ធនធាន​ធម្មជាតិ ​និង​ជីវចម្រុះ​នៅ​តំបន់​នោះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ទីបំផុត​ត្រូវ​បាន​ផ្តល់​ឱ្យ​ឯកជន​យក​ទៅ​អភិវឌ្ឍ​នៅ​ក្នុង​ន័យ​ផ្សេងៗ​គ្នា។​ បើ​ទោះ​បីជា​តំបន់​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តំបន់​ត្រូវ​អភិរក្ស​ពិត​មែន ​ប៉ុន្តែ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ផ្តល់​ប្រយោជន៍​សាធារណៈ ​តាម​រយៈ​ជា​ប្រភព​សេដ្ឋកិច្ច​របស់​សហគមន៍​មូលដ្ឋាន។ ​ផ្ទុយ​ទៅវិញ ​ការ​ផ្តល់​ទៅ​ក្រុមហ៊ុន​ឯកជន​ យើង​មាន​ការ​ព្រួយ​បារម្ភ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​បង្ក​ការ​រំខាន​ទៅ​ដល់​ជីវៈ​ចម្រុះ ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ នៅ​តំបន់​ត្រូវ​តែអភិវឌ្ឍ ​ជា​ពិសេស​សហគមន៍​ហ្នឹង​បាត់​នូវ​ប្រភព​នៃ​សេដ្ឋ​កិច្ច​មូលដ្ឋាន​របស់​ពួក​គេ»។​

លោក​ជំរុញឱ្យរដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​កាត់​ដី​នេះ ​និង​គួរ​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍ ​មុន​នឹង​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន។​

កាល​ពី​កន្លង​ទៅ ​ក្រុម​យុវជន​បរិស្ថាន​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ​និង​ក្តី​ព្រួយ​បារម្ភ​ដែល​រដ្ឋាភិបាល​បាន​កាត់​ដី​ឧទ្យាន​ជាតិ​គិរីរម្យ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ក្នុង​ខេត្ត​កំពង់ឆ្នាំង ​និង​ដី​ដែន​ជម្រក​សត្វព្រៃ​កែវ​សីម៉ា​នៅ​ខេត្ត​មណ្ឌល​គិរី ​សរុប​ទាំង​អស់​ប្រមាណ​៩៥០​ហិកតា ​ផ្តល់​ឱ្យ​ក្រុម​ហ៊ុន​ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​ជា​កូន​ស្រី​របស់​អ្នកស្រី ​ជឹង សុភាព ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​ទេស​ចរណ៍ ​និង​គ្រប់​គ្រង​បែប​ឯកជន។​

កញ្ញា ​មាន លីសា ​អាយុ ​២២ ​ឆ្នាំ ​យុវជន​ចលនា​មាតា​ធម្មជាតិ ​ប្រាប់​វីអូអេ​ថា ​កញ្ញា​នៅ​តែ​មាន​ចម្ងល់​ទៅ​លើ​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​មុន​ពេល​រដ្ឋាភិបាល​សម្រេច​កាត់​ដី​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន។​

ក្រុម​យុវជន​បរិស្ថាន​លើក​បដា​ «បញ្ឈប់​ការ​កាត់​ឧទ្យានជាតិ​នៅ​កម្ពុជា» ក្នុង​ពេល​ដែល​ដង្ហែ​ដាក់​ញតិ្ត​ទៅ​ក្រសួង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្ នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុម​យុវជន​បរិស្ថាន​លើក​បដា​ «បញ្ឈប់​ការ​កាត់​ឧទ្យានជាតិ​នៅ​កម្ពុជា» ក្នុង​ពេល​ដែល​ដង្ហែ​ដាក់​ញតិ្ត​ទៅ​ក្រសួង​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្ នាំ២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)


កញ្ញា​បញ្ជាក់​ថា៖ ​«តម្លាភាព​កន្លែង​នេះ យើងចង់​បញ្ជាក់​បន្ថែមទៀត​ថា​ ដូចជា​ការ​បញ្ចេញ​នូវ​ហេតុ​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​នៅ​ទីនោះ ​ហើយ​មួយ​ទៀត​បង្ហាញ​ថា​ ​បើ​យើង​ចង់​ធ្វើ​គម្រោង​អ្វី​នៅ​ទី​នោះ​គួរ​បង្ហាញ​អំពី​គម្រោង​ក្នុង​ការ​សិក្សា​ទៅ​លើ​ការ​អភិវឌ្ឍ​ទាំង​អស់​ហ្នឹង​ ឱ្យ​យើង​បាន​ដឹង ​កុំ​ឱ្យវា​ជា​រឿង​សម្ងាត់​ទាំង​អស់ ​ដែល​អាច​ប៉ះ​ពាល់​ធនធាន​ធម្មជាតិ ​និង​សិទ្ធិ​មនុស្ស​នៅ​ទី​នោះ»។​

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ ភក្រ្តា ​ប្រាប់​វីអូអេ​ថា ​ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ផ្សេងៗ​របស់​ក្រុម​អ្នក​រិះគន់​គឺ​ជា​សិទ្ធិ​របស់​ពួកគាត់​ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​នេះ​ជា​គម្រោងវិនិយោគ​អេកូទេសចរណ៍​ ហើយ​អាច​ទាញ​យក​ផល​ពី​ធនធាន​ធម្មជាតិ។​

លោក​ថ្លែង​ថា៖ ​«សូម​ឱ្យ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ ​និង​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​លាស់ ​ហើយ​ក្រសួង​បរិស្ថាន​បាន​ធ្វើការ​ពន្យល់​ជាហូរហែ​យ៉ាង​ទូលំទូលាយ ​តាម​រយៈ​កិច្ច​ការងារ​របស់​ខ្លួន ​ដែល​ការ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ទេស​ចរណ៍​ ផ្សារ​ភ្ជាប់ទឹកដី​នេះ ​គឺ​ជា​ផ្នែក​មួយ​ដើម្បី​ចូល​រួម​ការពារ​ និង​អភិរក្ស ​ ហើយ​យើង​មាន​គោល​ការ​ប្រើប្រាស់​ដី​ដោយ​ត្រឹម​ត្រូវ បាទ។​ នេះ​ជា​អ្វីដែល​ខ្ញុំចង់​បញ្ជាក់​ជូន​ បាទ»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​អ្នកស្រី ​ជឹង សុគន្ធាវី ​អគ្គនាយិកា​ក្រុមហ៊ុន ​វ័នម៉រ ​និង​លោក​ ឡៅ ម៉េង​ឃីន ដើម្បី​សុំ​ការ​ឆ្លើយ​តប ​ប៉ុន្តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ទេ។ ​វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​ឡៅ វ៉ាន់ ​ស្វាមី​របស់​អ្នក​ស្រី ​ជឹង សុគន្ធាវី ​បាន​ដែរ។​

គួរ​បញ្ជាក់​ថា ​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០២២ ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​ទំហំ​៦៤៩​ហិកតា ​ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​ឃុំក្តុល​សែនជ័យ ​និងឃុំ​ជៀប​ ស្រុក​ទឹកផុស​ ខេត្ត​កំពង់​ឆ្នាំង ​សម្រាប់​ផ្តល់​ឱ្យ​ក្រុម​ហ៊ុន​វ័ន ហ្វ្រេត​ធើនីធី​ (One Fraternity) ​ដែល​គ្រប់​គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​សម្រាប់​វិនិ​យោគ​លើ​គម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ធម្មជាតិ។ ចំណែក​កាលពី​ខែ​មិថុនា​ ឆ្នាំ២០២៣​ រដ្ឋាភិបាល​ក៏​បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​២២១,៩៤​ហិកតា ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ​គិរីរម្យ ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ ​សម្រាប់​ផ្តល់ឱ្យ​ក្រុម​ហ៊ុនវ័ន ម័រ (One More) ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ជឹង សុគន្ធាវី ​ផង​ដែរ។​

បន្ថែម​ពី​នេះ​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០២២ ​រដ្ឋា​ភិបាល​ក៏​បាន​កាត់​ផ្ទៃ​ដី​ទំហំ​៧០​ហិកតា​ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីម៉ា​ ចំណុច​ទឹកធ្លាក់​ក្បាល​ព្រះ ​ភូមិ​ពូ​ត្រុំ ​សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ​ខេត្ត​មណ្ឌលគិរី​សម្រាប់​ផ្តល់ឱ្យ​ក្រុមហ៊ុន​ One Prosperity ​ដែល​គ្រប់គ្រង​ដោយ​អ្នកស្រី ​ជឹង សុគន្ធាវី ​ដែរ៕​

XS
SM
MD
LG