អត្ថាធិប្បាយរបស់លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google បានកើតមានឡើងនៅពេលដែលមហាក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការជជែកដេញដោលផ្ទៃក្នុងដ៏សំខាន់អំពីចំនួន និងបុគ្គលិកស្ត្រីដែលមានឥទ្ធិពល។ កាលពីឆ្នាំទៅ ក្រុមហ៊ុនបានរាយការណ៍ថា ស្ត្រីបានតំណាងឲ្យ៣១ភាគ រយនៃបុគ្គលិករបស់ក្រុមហ៊ុន Google ហើយចំនួន២៤ភាគរយមានតួនាទីជាថ្នាក់ដឹកនាំ។ កិច្ចផ្តួចផ្តើមជាច្រើនកំពុងធ្វើឡើងដើម្បីបង្កើនចំនួនស្ត្រីក៏ប៉ុន្តែការខំប្រឹង ប្រែងទាំងនោះឥឡូវនេះផ្តោតទៅលើការរិះគន់ខ្លះ។
កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមហ៊ុននេះបានបណ្តេញលោក James Damoren ជាវិស្វករដែលបានសរសេរអំពីតូនាទីរបស់ស្ត្រីនៅក្នុងវិស័យបច្ចេកវិទ្យាហើយបានរិះគន់ការប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការយកស្ត្រីកាន់តែច្រើនឡើងចូលបម្រើការងារ។
យោងតាមរបាយការណ៍នោះបានប្រាប់ឲ្យដឹងថា នៅសប្តាហ៍នេះ អ្នកសរសេរអនុសាសន៍រូបនេះបានដាក់ពាក្យប្តឹងទៅក្រុមប្រឹក្សានាយកការងារជាតិ។ក្រុមហ៊ុននេះបានបញ្ឈប់ជំនួបរបស់បុគ្គលិកពីព្រោះតែការរិះគន់នៅលើប្រព័ន្ធអ៊ីនធឺណិតមុនពេលជំនួបនោះ។
ក៏ប៉ុន្តែ ការប្រកួតប្រជែងសរសេរកូដកុំព្យូទ័រដែលហៅថា Technovation បានស្តារមុខមាត់ឡើងវិញទៅលើអត្ថាធិប្បាយរបស់លោក Pichai។
ដោយមានក្មេងស្រីៗគ្រវីទង់ជាតិដែលតំណាងឲ្យប្រទេសរបស់ពួកគេហើយធ្វើបទបង្ហាញអំពីផលិតផលរបស់ពួកគេ លោក Pichai បានបង្ហាញវត្តមាន និងលើកឡើងពីភាពចម្រូងចម្រាសនោះដោយមិនបាននិយាយអំពីបញ្ហានោះចំៗ។
លោក Pichai និយាយថា៖ «ខ្ញុំចង់ឲ្យអ្នកដឹងថា មានទីកន្លែងសម្រាប់អ្នកនៅក្នុងឧស្សាហកម្មនេះ។ មានទីកន្លែងសម្រាប់អ្នកនៅឯក្រុមហ៊ុន Google នេះ។ ចូរកុំឲ្យជនណាប្រាប់អ្នកផ្សេងពីនេះ។ អ្នកជារបស់ក្រុមហ៊ុននេះហើយ។ យើងត្រូវការអ្នក»។ ក្មេងស្រីៗទាំងនោះបានប្រកួតប្រជែងគ្នាអស់រយៈពេលជាច្រើនខែ ជារឿយៗបានរៀនដោយខ្លួនឯងដើម្បីសរសេរកូដ ហើយបានទៅប្រកួតផ្តាច់ព្រាត់នៅទីក្រុង Mountain View នៃរដ្ឋកាលីហ្វ័រញ៉ា។ ពួកគេបានរៀនពីរបៀបសាកល្បងផលិតផលរបស់ខ្លួនក្នុងទីផ្សារ ហើយនិងធ្វើបទបង្ហាញជាភាសាអង់គ្លេស។
ក្រុមមួយមកពីប្រទេសកាហ្សាក់ស្ថានបានឈ្នះនៅក្នុងក្រុមក្មេងស្រីធំៗដោយបង្កើតកម្មវិធី Appឈ្ មោះ QamCare ដែលបានជួយអ្នកប្រើប្រាស់តាមដានគ្នាទៅវិញទៅមកក្នុងករណីដែលមានអាសន្ន។ ពួកគេនឹងទទួលបានប្រាក់១ម៉ឺន៥ពាន់ដុល្លារ។
ក្មេងស្រីធំៗ៥ក្រុមទៀតដែលទទួលបានចំណាត់ថ្នាក់បន្ទាប់មកពីប្រទេសកេនយ៉ា អាមeនី ឥណ្ឌានិងកាហ្សាក់ស្ថាននឹងទទួលបានប្រាក់១ម៉ឺនដុល្លារក្នុងក្រុមនីមួយៗ។
នៅក្នុងក្រុមក្មេងស្រីតូចៗក្រុមមកពីក្រុងហុងកុងបានឈ្នះដោយបង្កើតកម្មវិធី App មានឈ្មោះថា Dementia Care Companion។ ក្រុមនោះប្រើប្រាស់ Games និងសញ្ញាដើម្បីជួយមនុស្សវិកលចរិកទាក់ទងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ។ ពួកគេទទួលបានប្រាក់១ម៉ឺនដុល្លារ។
ក្រុមដែលទទួលបានចំណាត់ថ្នាក់បន្ទាប់មកពីប្រទេសកម្ពុជា ឥណ្ឌា កាណាដានិងសហរដ្ឋអាមេរិក ដែលនឹងទទួលបានប្រាក់៥ពាន់ដុល្លារក្នុងក្រុមនីមួយៗ។
លោកស្រី Tara Chklovski ស្ថាបនិក និងនាយកប្រតិបត្តិរបស់អង្គការ Iridescent ដែលជាអង្គការមិនស្វែងរកកម្រៃដែលគាំទ្រការប្រកួតប្រជែងនោះនិយាយថា ក្នុងការប្រកួតប្រជែងរយៈពេល៨ឆ្នាំ ក្មេងស្រីចំនួន១ម៉ឺន៥ពាន់នាក់មកពីប្រទេសជាងមួយរយបានបញ្ចប់កម្មវិធីនេះ។
លោកស្រីនិយាយថា «ទំហំនៃការចូលរួមដែលរីកកាន់តែធំឡើងជាការរំភើបមួយ។ ក្មេងស្រីទាំងនោះជាច្រើនបន្តឈ្នះនៅក្នុងការប្រកួតប្រជែងការបង្កើតសហគ្រាសនឹងទៅសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ។ កាសែតសរសេរអំពីពួកគេ។ ប្រមុខរដ្ឋអញ្ជើញពួកគេឲ្យទៅជួប៕
ប្រែសម្រួលដោយជឹង ប៉ូជីន