ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ឃាតកម្ម​​លើ​​លោក ​​កែម ឡី


រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ និង​ឯករាជ្យ​អំពី​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ នៅ​ម៉ោង​ជិត​៩​ព្រឹក​ នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៧០​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១​ ខែ​កក្កដា​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​ឃាតកម្ម​ដ៏យង់​ឃ្នង​ទៅ​លើ​លោក ​កែម ឡី​ អ្នក​វិភាគ​សង្គម​ឯករាជ្យ​ដ៏​លេចធ្លោ​មួយ​រូប​ ដែល​បាន​និយាយ​រិះគន់​ខ្លាំងៗ​ទៅ​លើ​ចំណុច​ខ្សោយ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ដែល​មិន​ទាន់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅឡើយ​នោះ​បាន​បាញ់​លោក កែម ឡី​ ចំនួន​ពីរ​គ្រាប់​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ​ដែល​ស្ថិ​តនៅ​ក្បែរ​ភ្លើង​ស្តុប​បូកគោ​ ក្នុង​ខណ្ឌ​ចំការមន។​

អ្នក​ស្រឡាញ់​គាំទ្រ​លោក​កែម ឡី​ ហែរ​សព​លោក​ទៅ​កាន់​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្ដដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)
អ្នក​ស្រឡាញ់​គាំទ្រ​លោក​កែម ឡី​ ហែរ​សព​លោក​ទៅ​កាន់​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​ក្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅថ្ងៃ​អាទិត្យ​ ទី​១០ ខែ​កក្ដដា​ ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​ប្រកប​ដោយ​ភាព​ហ្មត់ចត់​ និង​ឯករាជ្យ​អំពី​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ នៅ​ម៉ោង​ជិត​៩​ព្រឹក​ នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

លោក​ស្រី​ ទេព​ វន្នី​ ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹកនាំ​របស់​អង្គការ​ Vital Voices ​របស់​ស.រ.អា.​ និង​ជា​អ្នក​តំណាង​នៃ​សហគមន៍​តំបន់​បឹងកក់​ ត្រូវ​បាន​ដកស្រង់​សម្តីដើម​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ «យើង​មាន​ការ​តក់​ស្លុត​ និង​សោក​សង្រេងទៅ​នឹង​ឃាតកម្ម​ចំពោះ​លោក​ កែម ឡី»។​

លោក​ស្រី​បន្ត​ថា៖ «គាត់​បាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស​ និង​យុត្តិធម៌​ និង​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ ហើយ​ឥឡូវ​យើង​ដល់​ពេល​ត្រូវ​ទាមទារ​យុត្តិធម៌​ចំពោះ​គាត់​ គ្រួសារ​គាត់​ និង​ប្រជាជន​ខ្មែរ​ទាំង​មូល»។​

លោក​ កែម ឡី​ ត្រូវ​គេ​ស្គាល់​ថា ​ជា​អ្នក​វិភាគ​ឯករាជ្យ​អំពី​កិច្ចការ​សង្គម ​និង​នយោបាយ ​ដែល​រិះគន់​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល ​និង​គណបក្ស​ប្រឆាំង​ ​ជាពិសេស​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។​

របាយ​ការណ៍​របស់​អង្គការ ​Global Witness​ ដែល​មាន​ចំណង​ជើង​ថា «ការ​គ្រប់គ្រង​ដែលមាន​ប្រទូសសារ៉ាយ»​ ត្រូវ​គេ​រាយ​ការណ៍​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋម​ន្ត្រី​ ហ៊ុន សែន​ ​និង​ក្រុម​គ្រួសារ​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ក្រុមហ៊ុន​និង​សេដ្ឋកិច្ច​ប្រទេស​ដែល​មាន​ទឹក​ប្រាក់​ជាង​២០០​លាន​ដុល្លារ។​

របាយ​ការណ៍​នោះ​មិន​បាន​រួម​បញ្ចូល​អចលនទ្រព្យ​របស់​ក្រុម​គ្រួសារ​នេះ ដែល​មាន​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ​ ប៉ុន្តែ​របាយ​ការណ៍​នោះ​បាន​ដកស្រង់​សម្តី​របស់​អ្នក​ជំនាញ​ការ​នានា​ដែល​ថា​ ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​នេះ​អាច​មាន​តម្លៃ​ពី​៥០០​លាន​ដុល្លារ​ទៅ​១​ពាន់​លាន​ដុល្លារ។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)
រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

នេះ​គឺ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ​បើ​ក្រឡេក​មើល​ទៅ​លើ​ការ​អះអាង​របស់​លោក​ ហ៊ុន សែន ​ដែល​ថា ​លោក​មាន​ចំណូល​ត្រឹមតែ​ប្រមាណ​១៣៨០០​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។​ ប្រជាជន​កម្ពុជា​ប្រហែល​៤០​ភាគរយ​រស់នៅ​ក្បែរ​ ឬ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ។​ កុមារ​៤០​ភាគរយ​ ខ្វះ​អាហារូបត្ថម្ភ ​ហើយ​ការ​បែង​ចែក​រវាង​អ្នក​មាន ​និង​អ្នកក្រ​កំពុង​តែ​លេច​ឡើង​ជា​បញ្ហា​សង្គម​ដ៏​ធំ​មួយ។​

លោកស្រី​ Naly Pilorge​ នាយិកា​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ត្រូវ​បាន​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិលដង​ស្រង់​សម្តី​ផង​ដែរ​ថា​ ប្រជាជន​កម្ពុជា​ត្រូវ​តែ​មាន​សេរីភាព​អំពី​ការ​ចូលរួម​ក្នុង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដោយ​គ្មាន​ការភ័យ​ខ្លាច។​ លោកស្រី​បន្ថែម​ថា ឃាតកម្ម​ទៅ​លើ​លោក​ កែម ឡី​ គឺ​ជា​ការ​បាត់បង់​ដ៏​ធំ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​ការ​បាញ់​ស្លាប់​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ជា​បឋម​ថា​ ជន​សង្ស័យ​ ដែល​ជា​ឃាតករ​បាន​សារភាព​ថា​ ខ្លួន​មាន​ឈ្មោះ​ ជួប សម្លាប់​ ហើយ​ថា ខ្លួន​បាញ់​លោក​ កែម ឡី​ គឺ​ដោយសារ​លោក​ កែម ឡី​ បាន​ជំពាក់​លុយ​ខ្លួន​ចំនួន​៣០០០​ដុល្លារ។​

យ៉ាង​ណាក៏ដោយ​ លោក​នាយ​ឧត្តម​សេនីយ៍​ ជួន សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា​ សមត្ថកិច្ច​មិន​អាច​ជឿ​បាន​ទេ​ថា​ ជន​សង្ស័យ​ដែល​ជា​ឃាតករ​នេះ​ពិត​ជា​មាន​ឈ្មោះ ដូច​ដែល​បាន​សារភាព​នោះ​ទេ។​

ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
ជន​សង្ស័យ​ជា​ឃាតករ​សម្លាប់​លោក​កែម ឡី​ ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកសារព័ត៌មាន បន្ទាប់​ពី​ជន​សង្ស័យ​នេះ​បាន​បាញ់​ប្រហារ​លោក​កែម ឡី​ ជាមួយ​នឹង​អាវុធ​ម៉ាក Glock កាល​ពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក​ក៏មិន​ទាន់​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​អត្ត​សញ្ញាណ​ពិតប្រាកដ​នៃ​ជន​សង្ស័យ​នេះទាក់​ទង​នឹង​ទី​កន្លែង​ស្នាក់​នៅ​និង​មុខ​របរ​ទេ។​ លោក​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាត់​ទុក​ថា ជន​សង្ស័យ​នេះ​គឺជា​ឃាតករ​ពិតប្រាកដ​ និង​បន្ត​ធើ្វការ​ស៊ើប​អង្កេត​ រក​អ្នក​នៅ​ពីក្រោយ​ខ្នង​ ឬ​ជន​សម​គំនិត​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ដែល​បាន​កើត​ឡើង​កណ្តាល​រាជធានី​ភ្នំពេញ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ​បាន​ឲ្យ​ដឹង​ថា​ អង្គការ​អន្តរជាតិ​ជាច្រើន​ រួម​ទាំង​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​ផង បាន​ធើ្វ​ការ​ថ្កោល​ទោស​ឃាតកម្ម​នេះ។​ ក្រសួង​មហា​ផ្ទៃ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពីថ្ងៃម្សិលមិញ​ ព្រមាន​មិន​ឲ្យ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ផ្តល់​ព័ត៌មាន​ ដែល​មិន​មាន​ការ​បញ្ជាក់​ច្បាស់លាស់​ ដើម្បី​ចៀស​វាងកុំឲ្យ​សាធារណជន​ មាន​ការ​យល់​ខុស។​ រី​ឯ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ​ បាន​ទទូច​ឲ្យ​សាធារណជន​ កុំ​ចាត់​ទុក​ករណី​ឃាតកម្ម​នេះ​ថា​ជា​រឿង​នយោបាយ​នោះ៕

XS
SM
MD
LG