ខណៈដែលទិន្នន័យថ្មីបង្ហាញថាការជក់បារីនៅទូទាំងពិភពលោកកំពុងធ្លាក់ចុះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ដំណឹងដ៏ល្អនេះកំពុងត្រូវបានបន្ទច់បង្អាក់ដោយសារការកើនឡើងគួរឱ្យព្រួយបារម្ភនៃការជក់បារីអេឡិចត្រូនិកនិងការប្រើឧបករណ៍ជក់បារីអេឡិចត្រូនិក ជាពិសេសក្នុងចំណោមកុមារ។
លោក Ruediger Krech ប្រធានផ្នែកលើកកម្ពស់សុខភាពនៅអង្គការសុខភាពពិភពលោក បាននិយាយថា៖ «វាជាការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះ។ នោះហើយជាមូលហេតុដែលយើងប្រកាសអំពីរឿងដែលគួរឱ្យព្រួយបារម្ភនេះ»។
លោក Krech បានថ្លែងបន្តថា៖ «នៅក្នុងប្រទេសមួយចំនួន យើងឃើញថា ការជក់បារីអេឡិចត្រូនិកនិងការប្រើឧបករណ៍ជក់បារីអេឡិចត្រូនិកមានការកើនឡើងយ៉ាងខ្លាំង។ យើងឃើញថា នៅចក្រភពអង់គ្លេសនិងនៅសហរដ្ឋអាមេរិកមានការកើនឡើងចំនួន ១៥០%។ យើងក៏ឃើញផងដែរថា ការប្រើឧបករណ៍ជក់បារីអេឡិចត្រូនិកក្នុងចំណោមកុមារមានការកើនឡើងរាប់សិបដង»។
លោក Krech បានចោទឧស្សាហកម្មផលិតថ្នាំជក់ថាបានប្រើល្បិចបោកបញ្ឆោតដើម្បីឱ្យយុវជនជំនាន់ក្រោយជក់ចិត្តនឹងថ្នាំជក់ដោយណែនាំពួកគេឱ្យស្គាល់ផលិតផលថ្មី «ដែលពួកគេព្យាយាមអូសទាញកុមារតាំងពីអាយុ ៨ ឆ្នាំឡើងទៅឱ្យជក់បារីអេឡិចត្រូនិកឬប្រើឧបករណ៍ជក់បារីអេឡិចត្រូនិក»។
លោក Krech បានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើអ្នកដឹងថា សកម្មភាពរបស់អ្នកនឹងបណ្តាលឱ្យមានមនុស្សស្លាប់នោះ … សម្រាប់ខ្ញុំផ្ទាល់ជឿថានោះគឺជាអំពើឧក្រិដ្ឋ»។
ការស្ទង់មតិជាតិបានបង្ហាញថា កុមារដែលមានអាយុពី ១៣ ដល់ ១៥ ឆ្នាំ នៅក្នុងប្រទេសភាគច្រើនបានប្រើប្រាស់ថ្នាំជក់និងផលិតផលដែលមានសារធាតុញៀននីកូទីនផ្សេងទៀត។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា កុមារយ៉ាងតិច ៣៧ លាននាក់ដែលមានអាយុពី ១៣ ដល់ ១៥ ឆ្នាំកំពុងប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងទម្រង់ណាមួយ ហើយ «ប្រទេសជាច្រើនបានរកឃើញថាការជក់បារីអេឡិចត្រូនិកក្នុងចំណោមមនុស្សវ័យជំទង់ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ»។
និន្នាការនេះកំពុងកើនឡើងនៅចំពេលដែលព័ត៌មានថ្មីបង្ហាញថាវិធានការគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់រយៈពេលជាច្រើនឆ្នាំមកនេះកំពុងទទួលបានជោគជ័យ។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សពេញវ័យចំនួន ១ ពាន់ ២ រយ ៥០ លាននាក់នៅទូទាំងពិភពលោកជាអ្នកប្រើប្រាស់ថ្នាំជក់។
ការប៉ាន់ប្រមាណចុងក្រោយបំផុតនៅក្នុងរបាយការណ៍សាកលរបស់អង្គការសុខភាពពិភពលោកស្តីពីនិន្នាការនៃអត្រាប្រេវ៉ាឡង់នៃការប្រើប្រាស់ថ្នាំជក់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០៣០ ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅនេះបានរកឃើញថា អត្រាប្រើប្រាស់ថ្នាំជក់នៅជុំវិញពិភពលោកបានធ្លាក់ចុះជាបន្តបន្ទាប់។ ទិន្នន័យបានបង្ហាញថា ក្នុងឆ្នាំ ២០២២ មនុស្សពេញវ័យម្នាក់ក្នុងចំណោម ៥ នាក់នៅទូទាំងពិភពលោកបានប្រើប្រាស់ថ្នាំជក់ បើធៀបទៅនឹងម្នាក់ក្នុងចំណោម ៣ នាក់កាលពីឆ្នាំ ២០០០។
លោក Krech បាននិយាយថា៖ «ក្នុងរយៈពេលត្រឹមតែពីរឆ្នាំចុងក្រោយនេះ យើងឃើញថាចំនួនអ្នកប្រើប្រាស់ថ្នាំជក់បានធ្លាក់ចុះប្រហែល ១៩ លាននាក់នៅទូទាំងពិភពលោក ទោះបីជាមានកំណើនជាបន្តនូវចំនួនប្រជាជនក្នុងពិភពលោកដែលមនុស្សពេញវ័យបានកើនប្រហែល ១៤៩ លាននាក់ក្នុងរយៈពេលដូចគ្នានេះក៏ដោយ»។
លោក Krech បានថ្លែងទៀតថា៖ «សរុបមក ក្នុងពេលឥឡូវនេះ ប្រទេសចំនួន ១៥០ កំពុងស្ថិតក្នុងនិន្នាការដែលការប្រើប្រាស់ថ្នាំជក់បានធ្លាក់ចុះ ដោយប្រទេសចំនួន ៥៦ ក្នុងចំណោមនោះកំពុងដើរឆ្ពោះទៅរកការសម្រេចគោលដៅជាសាកលនៃការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យបាន ៣០% នៅត្រឹមឆ្នាំ ២០២៥»។
អង្គការសុខភាពពិភពលោកបានរាយការណ៍ថា អត្រាប្រេវ៉ាឡង់ខ្ពស់បំផុតនៃអ្នកប្រើប្រាស់ថ្នាំជក់គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានចំនួន ២៦,៥% ហើយបន្ទាប់មកគឺនៅតំបន់អឺរ៉ុបដែលមានចំនួន ២៥,៣%។ អង្គការនេះបានកត់សម្គាល់ថា អត្រាស្ត្រីដែលប្រើប្រាស់ថ្នាំជក់នៅក្នុងតំបន់អឺរ៉ុបគឺច្រើនជាងទ្វេដងនៃចំនួនជាមធ្យមរបស់ស្រ្តីដែលប្រើប្រាស់ថ្នាំជក់នៅលើពិភពលោក។
បច្ចុប្បន្ននេះ របាយការណ៍របស់អង្គការសុខភាពពិភពលោកនេះបានរកឃើញថា អត្រានៃអ្នកប្រើប្រាស់ថ្នាំជក់កំពុងធ្លាក់ចុះលឿនបំផុតនៅក្នុងក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ដោយអត្រាប្រេវ៉ាឡង់ទាបបំផុតគឺនៅក្នុងទ្វីបអាហ្រ្វិក ដែលការជក់បារីបានថយចុះពីចំនួនប្រហែល ១៨% ក្នុងឆ្នាំ ២០០០ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០២២។
លោក Krech បានបញ្ជាក់ថា៖ «យើងមើលឃើញថា ឧស្សាហកម្មផលិតថ្នាំជក់ផ្តោតលើទ្វីបអាហ្រ្វិកច្រើនជាងគេបង្អស់ ដោយសារនៅទ្វីបនោះមានអត្រាប្រេវ៉ាឡង់ទាបបំផុត ហើយឧស្សាហកម្មនេះកំពុងព្យាយាមបង្កើន [ការផលិតថ្នាំជក់] របស់ពួកគេ។ ដូច្នេះ ពួកគេកំពុងព្យាយាមជ្រៀតជ្រែកក្នុងកិច្ចការរបស់រដ្ឋាភិបាលនិងគោលនយោបាយនៅក្នុងប្រទេសនានានៅទ្វីបនោះ»។
លោក Krech បានបន្ថែមថា៖ «ទ្វីបអាហ្រ្វិកគឺជាទ្វីបដែលមានមនុស្សវ័យក្មេងច្រើន ដូច្នេះឧស្សាហកម្មផលិតថ្នាំជក់ដឹងថាពួកគេអាចមានវត្តមាននៅទីនោះបានយូរអង្វែង»។
អង្គការសុខភាពពិភពលោកកំពុងជំរុញឱ្យប្រទេសនានាប្រយុទ្ធប្រឆាំងនឹងការជ្រៀតជ្រែករបស់ឧស្សាហកម្មផលិតថ្នាំជក់តាមរយៈការអនុវត្តគោលនយោបាយគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់ដូចជាការយកពន្ធលើថ្នាំជក់ ការហាមឃាត់ការផ្សាយពាណិជ្ជកម្មថ្នាំជក់ និងការធ្វើនិយតកម្មលើការលក់ជាដើម។
លោក Krech បាននិយាយថា វាគឺជារឿងសំខាន់យ៉ាងខ្លាំងដែលបណ្ដាប្រទេសដែលមិនបានហាមឃាត់ការជក់បារីអេឡិចត្រូនិកត្រូវចាត់វិធានការតឹងរ៉ឹងដើម្បីធានាថាកុមារមិនអាចជក់បារីអេឡិចត្រូនិកបាន។
លោកបានព្រមានថា ឧស្សាហកម្មផលិតថ្នាំជក់កំពុងធ្វើឱ្យការជក់បារីអេឡិចត្រូនិកមានភាពទាក់ទាញខ្លាំងដើម្បីធ្វើឱ្យយុវវ័យជក់ចិត្តនឹងសារធាតុនីកូទីនដែលជាសារធាតុមានភាពញៀនខ្លាំង។
លោកបានបញ្ជាក់ដូច្នេះថា៖ «បារីអេឡិចត្រូនិកដែលមានរសជាតិនៅលើទីផ្សារមានចំនួនរាប់ពាន់ ដែលក្នុងនោះរួមមានទាំងរសជាតិដូចការ៉េមវ៉ានីឡានិងដូចស្ករគ្រាប់ជូរអែមផងដែរ ដែលទាក់ទាញកុមារយ៉ាងខ្លាំង»។
លោក Krech បានបន្ថែមថា៖ «យើងសូមស្នើឱ្យបានម៉ឺងម៉ាត់ថាបារីអេឡិចត្រូនិកគ្រប់រសជាតិទាំងអស់គឺត្រូវតែហាមឃាត់»។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការជក់បារីគឺជាមូលហេតុនាំមុខគេដែលនាំឱ្យមានការស្លាប់និងការកើតជំងឺដែលអាចការពារបាននៅទូទាំងពិភពលោក។ អង្គការនេះបានបន្ថែមថា ថ្នាំជក់បណ្តាលឱ្យមនុស្សប្រមាណ ៨ លាននាក់ស្លាប់មុនអាយុក្នុងមួយឆ្នាំៗ ហើយការជក់បារីក៏អាចបណ្តាលឱ្យកើតជំងឺមហារីក ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺសួត និងជំងឺទឹកនោមផ្អែមផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
វេទិកាបញ្ចេញមតិ