ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គុណភាព​វិស័យ​សុខាភិបាល​ទាក់​ទាញ​ការ​ពិភាក្សា​ និង​ការ​រិះគន់


រូបឯកសារ៖ គ្រូពេទ្យ​ពិនិត្យ​សំពាធ​ឈាម​អ្នក​ដែល​រងរបួស​ក្នុង​​ហេតុការណ៍​​នៅ​លើ​​ស្ពាន​​កោះពេជ្រ។
រូបឯកសារ៖ គ្រូពេទ្យ​ពិនិត្យ​សំពាធ​ឈាម​អ្នក​ដែល​រងរបួស​ក្នុង​​ហេតុការណ៍​​នៅ​លើ​​ស្ពាន​​កោះពេជ្រ។

ការ​ប្រើ​ប្រាស់​សេវា​សុខភាព​នៅ​ក្រៅ​ប្រទេស​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​កម្ពុជា​​បាន​ទទួល​ការ​រិះ​គន់​ជា​ច្រើន​ពី​ប្រិយ៍​មិត្ត​VOA។

ប្រធាន​បទ​ទាក់ទិន​នឹង​វិស័យ​សុខាភិបាល​ និង​សីលធម៌​របស់​ក្រុម​គ្រូពេទ្យ​កម្ពុជា​ ​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​យ៉ាង​ផុសផុល​សារជា​ថ្មី​នា​ថ្ងៃ​ច័ន្ទ​នេះ បន្ទាប់​ពីលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សឹង្ហបូរី​ដើម្បី​ពិនិត្យ​សុខភាព។​

កាលពី​សប្តាហ៍​កន្លង​ទៅ​ ​ប្រធានបទសុខាភិបាល​ និង​ភាព​ជឿជាក់​លើ​វិស័យ​នេះ​បាន​ក្​លាយ​ជា​ប្រធាន​បទ​ក្តៅ​ ​ក្រោយ​ពេលដែល​មាន​ការ​រិះគន់​របស់​លោក​វេជ្ជបណ្ឌិត​ និង​អ្នក​ជំនួញ​ដ៏​មាន​ទ្រព្យធន​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក​ ​គឺ​លោក​ គួច ម៉េងលី។​ ​លោក​បាន​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​ក្នុង​កិច្ច​សម្ភាស​ដែល​ផ្សាយ​កាល​ពី​ដើម​ខែ​មករា​ថា៖ ​លោក​មាន​សេចក្តី​រន្ធត់​ដែល​ «ឃើញ​ឥរិយាបថ​របស់​គ្រូពេទ្យ​ខ្មែរ​មួយ​ចំនួន​គ្មាន​សីលធម៌​ ​គ្មាន​ក្ដីមេត្ដា​ ​និង​គ្មាន​ក្ដី​សណ្តោស​ដល់​អ្នកជំងឺ​ក្រីក្រ»។​

សារព័ត៌មាន​ដដែល​បាន​ដក​ស្រង់​សម្តី​ដើម​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖ «វិស័យ​សុខាភិបាល​យើង​បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី​១​ដល់​១០ ខ្ញុំ​ឲ្យ​២ពិន្ទុ។ បើ​អ្នក​ក្រ​ទៅ​ពេទ្យ​ ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្រី​សម្រាល​កូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​បើ​គ្មាន​លុយ​វះ។​ ​សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេល​នេះ​ គឺ​ថា​ក្នុង​សតវត្សរ៍​ទី​២១​ ​តើ​កម្ពុជាយើង​ត្រូវ​ឆ្លង​កាត់​ភាព​វេទនា​នេះ​បន្ដ​ទៀត​ឬ​យ៉ាង​ណា​? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ ​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»។

ស្រប​គ្នា​នោះ​ដែរ​ ​គណៈវិជ្ជា​ជីវៈ​សុខាភិបាល​កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​លោក ​គួច ម៉េងលី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ​ ​ដែល​ស្នើ​ឲ្យ​លោក​ធ្វើ​ការ​សុំទោស​ និង​«សុំឲ្យ​លោក​ធ្វើការ​កែ​តម្រូវ ​និង​សុំ​ទោស​ជា​សាធារណៈ​ ចំពោះ​ពាក្យ​សម្តី​របស់​លោក»។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ថា​ ការ​លើក​ឡើង​របស់​លោក​គឺ​តាម​ជា​«បទ​ពិសោធន៍​ និង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន»​របស់​លោក​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ ​លោក​លើក​ឡើង​ថា ​ការ​ពិភាក្សា​ដ៏​ផុសផុល​លើ​រឿង​សុខាភិបាល​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ដ៏​វិជ្ជមាន​មួយ​ ​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​សង្ឃឹម​ថា​ ការ​ពុះ​កញ្ជ្រោល​នូវ​ការ​ប្រតិកម្ម​ទាក់​ទិន​នឹងការ​លើក​ឡើង​នៃ​ពាក្យ​សម្តី​ខ្ញុំ​នេះ​ ខ្ញុំសង្ឃឹម​ថា ​វា​នឹង​ក្លាយ​ជា​វេទិកា​វិជ្ជមាន​មួយ ​ដើម្បី​នាំ​មក​ការ​ដាស់​តឿន។​ ដាស់​តឿន​ទី​មួយ ​គឺ​ដល់​ក្រុម​ពេទ្យ​ដែល​ថា ​មិន​អាច​អនុវត្ត​បាន​តាម​ក្រម​ ​និង​ពេញ​លក្ខណៈ​របស់​វិជ្ជាជីវៈ​របស់​ពេទ្យ។​ ពញ្ញាក់​ទី​ពីរ គឺ​ឲ្យ​ប្រជា​ពលរដ្ឋ​របស់​យើង​ស្គាល់​នូវ​តម្លៃ​របស់​ខ្លួន​ឯង។ ដឹង​ថា​ខ្លួន​យើង​ ឥឡូវ​នេះ​ប្រឈម​មុខ​អី​ ហើយ​ពេល​ទៅ​ពេទ្យ​ត្រូវ​ការ​អី។ ហើយ​កាត្វកិច្ច​អ្វី ​ប្រភេទ​អ្វី​ ​ឲ្យ​គាត់​ហ៊ាន។ គាត់​យល់។ ​គាត់​ដឹង​ថា ​ខ្វះ​ខាត​កន្លែង​ណា»។​

លោក​បន្ត​ថា​ តាម​បទ​ពិសោធន៍​របស់​លោក ​គណៈវិជ្ជា​ជីវៈ​សុខាភិបាល​គឺ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ ត្រួត​ពិនិត្យ​លើ​ការ​ប្រព្រឹត្តិ​របស់​គ្រូពេទ្យ​ និង​ការ​បង្កើន​សមត្ថភាព​របស់​គ្រូពេទ្យ ទាក់ទិន​នឹង​ការ​វិវឌ្ឍថ្មី​នៃ​ជំងឺ​ការងារ​ក្នុង​វិស័យ​ដ៏​មាន​សារៈ​សំខាន់​នេះ។ ក៏ប៉ុន្តែ​លោក​ថា ​លោក​មិន​បាន​ឃើញ​ទង្វើ​បែប​នេះ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

VOA ​មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រសួង​សុខាភិបាល​ ​ឬ​គណៈវិជ្ជា​ជីវៈ​សុខាភិបាល​បាន​ទេ​ នា​ថ្ងៃ​ច័ន្ទ​នេះ។ លោក​វេជ្ជបណ្ឌិត​ លី សុវណ្ណ​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​សុំ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​លើ​ប្រធាន​បទ​នេះ​ទេ ដោយ​បង្វែរ​សំណួរ​ទៅ​កាន់​ ​លោក​ ​ធា គ្រុយរដ្ឋ​លេខាធិការ​ក្រសួង​សុខា​ភិបាល​។ ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​នៅ​ពេល​ VOA ​ព្យាយាម​ទាក់ទង។

ចម្ងល់ ​និង​មន្ទិល​ទាក់​ទិន​នឹង​សេវា​សុខភាព​នៃ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវបាន​គេ​ពិភាក្សា​ជាថ្មី​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ក្រោយ​ពេល​លោក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ពី​អវត្តមាន​របស់​លោក​រយៈពេល​បី​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ទៅ​ទទួល​ការ​ពិនិត្យ​សុខភាពនៅ​ប្រទេស​ សឹង្ហបូរី។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖​«ពេល​នេះ​ ខ្ញុំ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៃ​ប្រទេស​សឹង្ហបូរី។ ពុំ​មាន​ជំងឺ​អ្វី​ធ្ងន់​ធ្ងរ​ដែល​ត្រូវ​ព្យាបាល​នោះ​ទេ​ ​តែ​នេះ​ជា​ការ​តម្រូវ​របស់​គ្រូ​ពេទ្យ​ ​ដែល​កំណត់​ឱ្យ​ត្រួត​ពិនិត្យ​សុខ​ភាព​ប្រចាំ​ឆ្នាំ​មួយ​ឆ្នាំ​ម្តងៗ។ ម្យ៉ាង​ទៀត​ការងារ​ចុង​ឆ្នាំ​២០១៥​ ​និង​ដើម​ឆ្នាំ ​២០១៦​ ​នេះ​ពិតជា​ច្រើន​ ​ដែល​ខ្ញុំ​ខិត​ខំ​ដោះ​ស្រាយ​ទាំង​យប់​ទាំង​ថ្ងៃ ​រក​ពេល​សម្រាក​ស្ទើរ​មិន​បាន»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ថា​ ការ​ដែល​ទៅ​ពិនិត្យ​សុខភាព​នៅ​សិង្ហបូរី​«មិន​មាន​ន័យ​ថា​ ខ្ញុំ​មិន​ទុក​ចិត្ត​គ្រូ​ពេទ្យ​កម្ពុជា​យើង​នោះ​ទេ»។​ ​ហើយ​លោ​កក៏​បាន​ប្រើ​សេវា​ពិនិត្យ​សុខភាព​ជា​ប្រចាំ​ខែ​ ​ប្រចាំ​ត្រី​មាស​ ​ប្រចាំ​ឆមាស​ ​និង​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​ដោយ​គ្រូពេទ្យ​ខ្មែរ​យើង។​ ​ក៏​ប៉ុន្តែ​ដោយ​មាន​ការ​ណែ​នាំ​របស់​គ្រូពេទ្យ​កម្ពុជា​បាន​ស្នើ​ឱ្យ​ខ្ញុំ​ពិនិត្យ​នៅ​ក្រៅ​ប្រទេស​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ​ដែល​យើង​ខ្វះ​ឧបករណ៍‍»។​

ការ​ប្រើ​ប្រាស់​សេវា​សុខភាព​នៅ​ក្រៅ​ប្រទេស​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​កម្ពុជា​រូបនេះ​បាន​ទទួល​ការ​រិះ​គន់​ជា​ច្រើន​ពី​ប្រិយ៍​មិត្ត​VOA។ យោង​តាម​យោបល់​របស់​ប្រិយ៍មិត្ត​ដែល​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​ VOA ​Khmer រិះគន់​ចំៗ​លើ​សេវា​សុខាភិបាល​កម្ពុជា ​និង​ឆ្លើយ​ថា​ វា​មិន​មាន​សេវា​ល្អ​នោះ​ទេ។​

យ៉ាង​ណា​ក៏ ​ដោយ​លោក​ កែម ឡី​ អ្នក​ស្រាវជ្រាវ​សង្គម​ម្នាក់ ​យល់​ថា ប្រទេស​កម្ពុជា​គួរ​តែ​«ធ្វើ​បដិវត្តន៍​សុខា​ភិបាល»​មួយ​កែប្រែ​ប្រព័ន្ធ​ដ៏​មាន​សារៈ​សំខាន់​នេះ​ឡើង​វិញ។ លោក​ថា ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ប្រទេស​កម្ពុជា​ និង​អ្នក​មាន​ឋានៈ​ខ្ពស់​ គួរតែ​បែរ​មក​ប្រើ​សេវា​សុខា​ភិបាល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ជំនឿ​ដល់​ការ​ប្រើប្រាស់​សេវា​នេះ​ឡើង​វិញ។

«ជំនឿ​ដែល​អាច​កសាង​ឲ្យ​មាន​ជំនឿ​ចិត្ត​វិញ​ គឺ​វា​ទាល់តែ​ថ្នាក់​ដឹក​នំា​នឹង​ប្រើប្រាស់​សេវា​នឹង​ដូច​ជា​ព្រះ​មហាក្សត្រ​ ​នាយក​រដ្ឋមន្ត្រី​ ឬក៏​ថ្នាក់​ដឹក​នាំធំៗ​ចាប់​ផ្តើម​ប្រើប្រាស់​សេវា​ នៅ​តាម​ថ្នាក់​ជាតិ​ ថ្នាក់​ខេត្ត​និង​ទៅ​ វា​ធ្វើឲ្យ​ប្រជាជន​សាមញ្ញ​ អ្នក​មាន​ អ្នក​ក្រីក្រ​អី​ គាត់​អាច​ចាត់​ទុក​ថា​ សូម្បីតែ​ព្រះ​មហា​ក្សត្រ​ នាយក​រដ្ឋមន្ត្រី​ក៏​ប្រើប្រាស់​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​ដែរ។​ គាត់​ឈឺ​អ្វី​ក៏​ដោយ​ កូន ​ប្រពន្ធ​ក៏​ដោយ​ ​ក៏​ប្រើ​ប្រាស់​សេវា​ហ្នឹង​ដែរ​ ហើយ​ខ្ញុំ​ក៏​មិន​ចាំបាច់​ទៅ​ប្រទេស​ផ្សេង​នោះ​ទេ‍»។

លោក​បន្ថែម​ថា ដូច​លោក​ ហ៊ុន សែន​ ​ថ្ងៃ​នេះ​ធ្វើ​ដំណើរ​ទៅ​សឹង្ហបុរី ​ដើម្បី​ពិនិត្យ​សុខភាព​គឺ​មិន​អាច​ផ្តល់​ភាព​ជឿ​ជាក់​ដល់​ប្រជា​ពលរដ្ឋ​បាន​នោះ​ទេ។ ​

លោក​ កែម ​ឡី​ ថ្លែង​ថា ​សេវា​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​គឺ​នៅ​ទាប​នៅ​ឡើយ។​

«តាម​ពិត​ទៅ​សេវា​សុខភាព​ស្រុក​ខែ្មរ​យើង​ហ្នឹង​ គឺ​វា​ទាប។ គុណភាព​ហ្នឹង​គឺវា​ទាប។ គុណភាព​ទាប​ហ្នឹង​ ​ប្រសិន​បើ​យើង​យក​កត្តា​វាស់​វែង​ ​ដែល​គេ​ហៅ​ថា​ EFQM​ ឬ ​European Foundation for Quality Management ​ដែល​គេ​មើល​ទៅ​លើ​កត្តា​យ៉ាង​ហោច​ណាស់​៥»។​

តាម​លោក​ កែម ​ឡី ​បន្ថែម​ថា កត្តា​ទាំង​៥នោះ​រួម​មាន​គុណភាព​ថ្នាំ​ ​ការ​បែក​ចែក​គ្រូពេទ្យ​ទៅ​ទី​ជន​បទ​ ​កត្តា​សម្ភារៈ​ នីតិវិធី​ក្នុង​ការ​ព្យា​បាល​ និង​ការ​ទំនាក់​ទំនង​រវាង​គ្រូ​ពេទ្យ​និង​អ្នក​ជំងឺ។

គេ​ដឹង​ថា​សេវា​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ជារឿយ​ៗ​ ​តាម​សារ​ព័ត៌មាន និង​បណ្តាញ​សង្គម​ ​ជា​ពិសេស​ទាក់​ទិន​នឹង​សីលធម៌​ និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ។ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​មាន​អ្នក​ជំងឺ​កម្ពុជា​ជា​ច្រើន​ ​ដែល​មាន​ទ្រព្យធន​ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដើម្បី​ប្រើ​ប្រាស់​សេវា​សុខាភិបាល​នេះ៕

XS
SM
MD
LG