ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សេដ្ឋវិទូ មើល​ឃើញ​ផ្សេង​គ្នា​អំពី​បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា


រូបឯកសារ៖ អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​​ទូរ​ដាក់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខាង​ត្បូង​វិមាន​ឯក​រាជ្យ កាល​ពី​ថ្ងៃទី ៨ សីហា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)
រូបឯកសារ៖ អតិថិជន​ម្នាក់​ដើរ​ចេញ​ពី​​ទូរ​ដាក់​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ ដែល​មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​នរោត្តម ខាង​ត្បូង​វិមាន​ឯក​រាជ្យ កាល​ពី​ថ្ងៃទី ៨ សីហា ឆ្នាំ២០១៥។ (អ៊ុច នីដា/VOA)

ក្រៅពី​ចំណុច​វិជ្ជមាន​នេះ​ អ្នក​ជំនាញ​​មើល​ឃើញ​ពី​បញ្ហា​ប្រឈម​ជាច្រើន​ដែរ​ ទាក់ទង​នឹង​​ការ​ចុះ​បញ្ជី​​ធ្វើ​ពាណិជ្ជកម្ម​ ការ​អនុវត្ត​កិច្ច​សន្យា​ធ្វើ​ពាណិជ្ជកម្ម​ ការ​ដោះ​ស្រាយ​បំណុល​ដែល​មិន​ទាន់​ទូទាត់​ និង​ការ​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ការ​អនុញ្ញាត​សាង​សង់​កន្លែង​ធ្វើ​អាជីវកម្ម។​

សេដ្ឋ​វិទូ​និង​អ្នក​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា​ ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពីស្ថាន​ភាព​នៃ​ការ​ធ្វើ​ការ​ជំនួញ​ ក្រោយ​ការ​ចេញ​របាយ​ការណ៍​ស្ដីពី​បរិយាកាស​ពាណិជ្ជ​កម្មដោយ​ធនាគារ​ពិភព​លោក​ ដែល​បាន​វាយ​តម្លៃ​ថា​ មាន​ភាពប្រសើរ​ឡើងក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នា​ឆ្នាំ​២០១៧។

របាយការណ៍​ស្ដីពី​បរិយាកាស​ពាណិជ្ជ​កម្ម​នៅ​ឆ្នាំ​ ២០១៧​ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ បាន​បង្ហាញ​ថា​ បរិយាកាស​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ បាន​ប្រសើរ​ឡើង​បន្តិច​បន្តួច ដោយ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ពិន្ទុ​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ធ្វើ​ជំនួញ​របស់​ខ្លួន​កើន​ឡើងពី​៥៤.៥៤ពិន្ទុ​ នៅ​ឆ្នាំ​ ២០១៦​ ដល់​ ៥៤.៧៩​ពិន្ទុនា​ឆ្នាំ​២០១៧។

ក្នុង​ចំណោម​ប្រទេស​ចំនួន​ ១៩០​ កម្ពុជា​ឈរ​នៅ​លំដាប់​ទី១៣១​ ​ពាក់​ព័ន្ធ​នឹងបរិយាកាស​ធ្វើ​ជំនួញ​ ដោយ​នាំ​មុខ​ប្រទេស​ឡាវ​ ដែល​ឈរ​នៅ​លំដាប់​ទី​ ១៣៩​ និង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ឈរនៅ​លំដាប់​ទី​១៧០។​

អ្នក​ជំនាញ​ខាង​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​នៃ​ធនាគារ​ពិភពលោក​ បាន​ថ្លែង​ថា​ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​ធ្វើ​ពាណិជ្ជកម្មនៅ​ប្រទេស​កម្ពុជា​ បាន​មក​ពី​កត្តា​សំខាន់ៗ​បី ​គឺ​ការ​ផ្ដល់​ឥណទាន​មាន​ភាព​ងាយ​ស្រួល​ច្រើន​ និង​ជាក់​លាក់​ជាង​មុន​ ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​នឹង​ការ​បង់​ពន្ធ​មាន​លក្ខណៈ​ប្រែប្រួល​ច្រើន​ ដោយ​សារ​ការ​កែ​ទម្រង់​នៃ​របៀប​របប និង​វិធី​សាស្ត្របង់​ពន្ធ។​

ក្រៅពី​ចំណុច​វិជ្ជមាន​នេះ​ អ្នក​ជំនាញមើល​ឃើញ​ពី​បញ្ហា​ប្រឈម​ជាច្រើន​ដែរ​ ទាក់ទង​នឹងការ​ចុះ​បញ្ជីធ្វើ​ពាណិជ្ជកម្ម​ ការ​អនុវត្ត​កិច្ច​សន្យា​ធ្វើ​ពាណិជ្ជកម្ម​ ការ​ដោះ​ស្រាយ​បំណុល​ដែល​មិន​ទាន់​ទូទាត់​ និង​ការ​ផ្ដល់​ដំណោះ​ស្រាយ​ដល់​ការ​អនុញ្ញាត​សាង​សង់​កន្លែង​ធ្វើ​អាជីវកម្ម។​

អ្នកស្រី​ Joana Nasr អ្នកឯក​ទេស​ការ​អភិវឌ្ឍ​វិស័យ​ឯក​ជន​នៃ​ធនាគារ​ពិភពលោក​ បាន​ថ្លែង​តាមសន្និសីទ​ព័ត៌មាន​ដោយ​វីដេអូ​ កាល​ពី​ថ្ងៃ​ពុធថា​ នីតិ​វិធី​ច្រើន​លើ​ដំណើរ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ បាន​ធ្វើ​ឲ្យខូច​ដល់បរិយាកាស​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ផង​ដែរ​ ដោយ​សារ​មាន​ការ​ដាក់​ចេញ​នូវនិយ័តកម្ម​ថ្មីៗ​ ដូច​ជា​ការ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ចុះបញ្ជី​រួច​ហើយ​ត្រូវ​ចុះ​បញ្ជី​ម្ដង​ទៀត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​បង្ហាញ​ភស្តុតាង​នៃ​ការ​តម្កល់​ដើម​ទុន​ជាដើម។

«ក្រោយ​ការ​ចុះ​បញ្ជី​ ​មាន​ការ​តម្រូវ​ឲ្យ​ដាក់​ភស្តុតាង​នៃ​ដើមទុន​ ក៏​ដូច​ជា​ស្ថានភាព​នានា។​ ទាំងអស់នេះ​ ត្រូវ​តែ​ដាក់​ចូល​ទៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ នៅ​ពេល​ណា​ការ​ចុះបញ្ជី​បាន​បញ្ចប់។​ ​ការណ៍​នេះ​ ​បាន​បន្ថែម​នីតិវិធី​បន្ថែម​ទៀត​លើ​ដំណើរ​ការ​បើក​អាជីវកម្ម»។

លោក ​ចាន់​ ​សុផល​ ​នាយក​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ ប្រាប់​ VOA ​នា​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ចុះបញ្ជី​ពាណិជ្ជ​កម្ម​ នៅ​បន្ត​ជា​រនាំង​មួយ​ ​ដែល​បាន​បន្ទច់បង្អាក់ដល់​ការ​ផ្ដើម​សកម្មភាព​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថា​ រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ កាល​ពី​ពីរឆ្នាំ​មុន​ ក៏ប៉ុន្តែវិធី​សាស្ត្រ​ថ្មី​នេះ​ មិន​បាន​ដំណើរ​ការ​ទៅមុខ​ដោយ​រលូន​នោះ​ទេ ដោយ​នាំ​ឲ្យបញ្ហា​ចុះបញ្ជី​នេះ​ នៅ​បន្ត​ជា​ការ​ប្រឈម​មួយ​ក្នុង​ការ​ផ្ដើម​អាជីវកម្ម។​ ​

«កាល​ពី​ពីរ​ឆ្នាំ​កន្លង​មក​ឃើញ​ថា​ ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ហ្នឹង​ គេ​នឹង​ខិតខំ​ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស​តាម​រយៈ​ការ​ធ្វើ​តាម​ គេ​ហៅ​ online នោះ​ណា៎​ បាទ​តាម​អ៊ីនធឺណិត​ហ្នឹង​ ហើយ​ក្រោយ​មក​ក៏​ឃើញ​ថា​ សកម្មភាព​ហ្នឹង​ធាក់​ថយ​ទៅវិញ​ ដូច​ជា​មិន​ដំណើរ​ការ​បាន។ អញ្ចឹង​ទៅ​អាច​ថា​ បញ្ហា​ដដែល​ឡើង​វិញ​ ហ្នឹង​យើង​មិន​បាន​ពិន្ទុ​ច្រើន​ នៅ​ក្នុង​ផ្នែក​ហ្នឹង​បាទ»។

របាយការណ៍​ស្ដីពី​បរិយាកាស​ពាណិជ្ជកម្ម​ឆ្នាំ​ ២០១៧ របស់​ធនាគារ​ពិភពលោក​ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធ បាន​បង្ហាញ​ថា​ ក្នុង​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ ប្រទេស​ចំនួន​បួន ទទួល​បានចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ក្នុងចំណោម​ប្រទេស​ចំនួន​១០​លើ​គេ​នៅ​លើ​ពិភពលោក។

ប្រទេស​ទាំង​នោះ​ រួម​មាន​ ប្រទេស​នូវែលហ្សេឡង់​ ស្ថិត​ក្នុង​លំដាប់​ទី​មួយ​ ប្រទេស​សិង្ហបុរី​ ស្ថិត​ក្នុង​លំដាប់​ទីពីរ​ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ ចិន​ ស្ថិត​ក្នុង​លំដាប់​ទី​ ៤​ និង​សាធារណរដ្ឋ​កូរ៉េ​ ស្ថិត​ក្នុង​លំដាប់​ទី៥។​

ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ពីរ​នៅ​ក្បែរ​កម្ពុជា​គឺ​ ថៃ​ និងវៀតណាម​ ក៏ទទួលបាន​ចំណាត់ថ្នាក់នាំ​មុខ​កម្ពុជា​ផងដែរ។

ប្រទេសថៃ ឈរ​នៅលំដាប់​ទី​ ៤៦​ ក្នុង​ចំណោម​ ១៩០​ប្រទេស​ ដោយ​ទទួលបាន​ពិន្ទុ​ ៧២.៥៣​ និង​ប្រទេស​វៀត​ណាម​ឈរនៅ​លំដាប់​ទី​ ៨២​ ដោយ​ទទួលបាន​ពិន្ទុ​ ៦៣.៨៣។​

លោក​ គី សេរីវឌ្ឍន៍​ សាស្រា្តចារ្យ​សេដ្ឋកិច្ច​ បាន​ចាត់​ទុក​ថា​ ភាព​យឺតយ៉ាវ​ក្នុង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ នៅ​តែ​ជាចលករ​ដែល​ធ្វើឲ្យបរិយាកាសធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ​មិន​មាន​ភាព​ទាក់​ទាញ​ បើ​ធៀប​នឹង​ប្រទេសក្បែរ​ខាង​និង​នៅ​ក្នុង​តំបន់​អាស៊ី។

«ពិតប្រាកដ​ហើយ​ ព្រោះ​អី​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ​ដែរ​ ដែល​ការ​ចុះ​បញ្ជី​ហ្នឹង​នៅ​ស្រុក​យើង​ ចំណាយ​ពេល​២២ថ្ងៃ​ ដែល​នៅ​ស្រុក​គេ​ ចំណាយ​ត្រឹម​១០​ថ្ងៃ​ទេ។ នៅ​កូរ៉េ​តែ​១០​ថ្ងៃ​ទេ​ នៅ​វៀតណាម​ តែ​១៥​ថ្ងៃ​ទេ​ ហើយ​នៅ​ស្រុក​ខ្មែរ​យើង​ខ្មែរ​គឺ​២២ថ្ងៃ​ សម្រាប់​ការ​ចុះ​បញ្ជី​ ពាណិជ្ជកម្ម​អី​ជាដើម​ហ្នឹង​អ្ហា៎ បាទ។ ដូច្នេះ វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដដែល​ហ្នឹង​ គ្រាន់​ថា​ កិច្ច​ការ​ទាំង​អស់​នេះ​ត្រូវ​បាន​កាត់បន្ថយ​មួយ​ចំនួន​ហើយ»។

ក្រុម​អ្នកជំនួញ​ បាន​យល់ស្រប​ទៅ​នឹង​ចំណុច​មួយចំនួន​នៃ​ការ​ចង្អុល​បង្ហាញ​របស់​ធនាគារ​ពិភព​លោក​តាម​រយៈរបាយការណ៍​ស្ដី​ពី​បរិយាកាស​នៃ​ការ​ធ្វើ​ជំនួញ​ ពាក់​ព័ន្ធ​នឹង​កំណែទម្រង់​នានា​ក្នុង​វិស័យ​ពន្ធដារ​ និង​ការ​ផ្ដល់​ឥណទាន​ដែល​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ និង​ប្រាកដប្រជា​ជាង​មុន។​

ក៏ប៉ុន្តែ​ ពួក​គេ​ ក៏បាន​មើល​ឃើញ​ផ្ទុយ​គ្នា​ ពាក់​ព័ន្ធ​នឹង​ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​នេះ​ដែរ។

លោក​ តាន់ មុន្នីវណ្ណ​ អគ្គ​នាយក​រង​នៃ​ក្រុម​ហ៊ុន​ ម៉ុង​ ឬទ្ធី​គ្រុប​ ​ប្រាប់​VOA​ថា​ ការ​ចុះ​បញ្ជី​ ហាក់​មាន​ភាព​ប្រសើរ​ ​រហ័ស និង​ធូរ​ថ្លៃជាង​មុន​ ជាមួយ​នឹង​ការ​ណែនាំ​ពី​រដ្ឋាភិបាល ឲ្យ​ធ្វើ​ការ​ចុះបញ្ជីពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត។

«សម្រាប់​ខ្ញុំ​ថា​ ដូច​ជា​មិន​មាន​ការ​លំបាក​ផង។ បើ​យើង​និយាយ​ពី​ការ​ចុះ​បញ្ជី​ ឥឡូវ​យើង​ដឹង​ហើយ​ យើង​ចុះ​តាម​អនឡាញ​(Online)​ តាម​អី​អញ្ចឹង​ទៅ​ណា៎​ ហើយ​ខ្ញុំ​គិត​ថា​ នីតិវិធី​ស្រួល​ជាង​មុន​ដោយ​សារ​យើង​មាន​ដៃ​គូ​ co-chair [សហប្រធាន​] រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ជាមួយstakeholders [ភាគី​ពាក់ព័ន្ធ] ជាមួយ​គ្រប់​ក្រសួង​ទាំងអស់​អញ្ចឹង​ទៅ​ណា៎ ហើយ​បញ្ហា​ទាំង​អស់​ហ្នឹង​ខ្ញុំ​គិត​ថា​ ​ធ្វើ​បាន​លឿន​ជាង​មុន​ ហើយ​និង​តម្លៃ​ថោក​ជាង​មុន។​ អា​ហ្នឹង​អ្វី​ដែល​ខ្ញុំ​ជួប​ប្រទះ។​ ប៉ុន្តែ​ការណ៍​ដែល​ជួប​ឧបសគ្គ​ហ្នឹង​ទាល់​តែ​គាត់​បង្ហាញ​ថា​ គាត់​ជួប​ឧបសគ្គ​ទៅ​លើ​រឿង​អី​អញ្ចឹង​ អា​ហ្នឹង​បាន​ខ្ញុំ​អាច​បកស្រាយ​បាន។ ប៉ុន្តែ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ វា​ដូច​ជា​មិន​ជួប​ការ​លំបាក​ទេ»។​

លោក តាន់​ មុន្នី​វណ្ណ​ ​ថ្លែង​បន្ត​ថា​ រដ្ឋាភិបាល​បាន​បន្ត​បង្កើត​និយ័តកម្ម​ ឬ​បែប​បទ​ថ្មីៗ​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​បរិយាកាស​ធ្វើ​ជំនួញ​នេះ​ដែរ​ តែ​ដោយ​សារ​ក្រុម​អ្នកជំនួញ​មួយ​ចំនួន​មិន​អាច​តាម​ទាន់​អំពី​និយ័តកម្ម​ទាំង​នោះ​ ពូក​គេ​ក៏​យល់ថា​ និយ័តកម្ម​ទាំងនោះ​គឺ​ជា​ឧបសគ្គ​នៃ​ការ​ផ្ដើម​របរ​រកស៊ី​របស់​ពួកគេ។

ថ្វី​ដ្បិតតែ​ ​រដ្ឋាភិបាល​ព្យាយាម​ កែ​លម្អ​បទ​បញ្ញត្ត​ជាច្រើន​ ដូច​ជា​ការ​សម្រួល​ប្រព័ន្ធ​ពន្ធដារ លោក ​តាន់​ មុន្នី​វណ្ណ​ ឲ្យ​ដឹង​ថា​ កម្ពុជា​នៅ​ប្រឈម​នឹង​កង្វះខាត​ ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​ ដែល​ធ្វើ​ឲ្យ​កម្ពុជាពិបាក​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ក្បែរ​ខាង។

​លោក ​អ៊ិន​ ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិធនាគារ​អេស៊ីលីដា​ ភី​អិល​ស៊ី​ ប្រាប់​ VOA ​ថា​ ​ការ​ផ្ដល់​ឥណ​ទាន​ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​គឺ​មាន​លក្ខណៈ​កាន់​តែ​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ ដោយ​សារ​ការដាក់​ឲ្យ​ធ្វើ​ប្រតិបត្តិ​ការ​ការិយាល័យ​ឥណទាន​ ដែល​ជា​ភ្នាក់​ងារ​តាម​ដាន​ប្រវត្តិ​នៃ​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​នៃ​អ្នក​ដែល​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថានហិរញ្ញ​វត្ថុ​ដើម្បី​ធ្វើ​អាជីវកម្ម​ ឬ​ក៏​ពង្រីក​អាជីវកម្ម​ដែល​មាន​ស្រាប់។​

លោក​ អ៊ិន​ ចាន់នី​ ក៏​មិន​បាន​មើល​រំលង​ពី​ឧបសគ្គ​វិនិយោគិន​ ក្នុង​ការ​បោះ​ទុន​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​ផង​ទេ​ដែរ។​ អ្វី​ដែល​លោក​ បារម្ភ​ដែរ​នោះ​ គឺ​ភាព​យឺតយ៉ាវ​នៃ​ការ​ឆ្លើយ​ត​ប​របស់​ភាគី​ពាក់​ព័ន្ធ​របស់​ស្ថាប័ន​រដ្ឋទៅ​នឹង​សំណើ​សុំ​បើក​អាជីវកម្ម​នេះ។

«តាម​ធម្មតា​សហគ្រាស​ ក៏​ដូច​ជា​ឯកត្តជន​ដែរ​ ពេល​វេលា​ជា​មាស​ប្រាក់។​ កាល​ណា​គាត់​ចាំ​កាន់​តែ​យូរ​ គឺ​គាត់​បាត់​បង់​ឱកាស​កាន់​តែ​ច្រើន។​ អញ្ចឹង​ពេល​ដែល​គាត់​ដាក់​ពាក្យ​សុំ​បើក​មុខ​របរ​គ្រប់​ធុន​ទាំង​អស់​បាទ​ ត្រូវ​តែ​ជួយ​សម្រួល​ឲ្យគាត់​ ឲ្យ​គាត់​ទទួល​បាន​ការ​អនុញ្ញាត​ ឲ្យបាន​ឆាប់​រហ័ស។ បើ​មិន​អញ្ចឹង​ទេ​ គាត់​ខាត​បង់​ពេលវេលា​ ហើយ​ខាត​បង់​ពេល​វេលា​ គឺ​ខាត​បង់​លុយកាក់​នោះ​ឯង​ ហើយ​បាត់​បង់​ឱកាស​ ហើយ​អាច​អ្នក​ដទៃ​ ឬ​ក៏​វិនិយោគិន​នៃ​ប្រទេស​ដទៃ​ហ្នឹង​ ដណ្ដើម​យក​ឱកាស​របស់​គាត់បាទ»។​

របាយការណ៍​ស្ដីពី​ការ​ធ្វើ​ធុរកិច្ច​ ឬ​ជំនួញ​របស់​ធនាគារ​ពិភពលោក​ដដែល​នេះ​ បាន​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​ ឈរ​នៅ​លំដាប់​ទី​ ១៣៦​ ក្នុង​ចំណោម​១៩០ប្រទេស នៃ​ការ​ទទួល​បាន​អគ្គិសនី ដោយ​ទទួល​បាន​ ៥៦​ពិន្ទុ។

កម្ពុជា​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​ទាប​ក្នុង​ការ​ផ្ដល់​ការ​អនុញ្ញាត​លើ​ការ​សាងសង់​ ដោយ​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​ ១៨៣​ ​ជាមួយ​ពិន្ទុ​ ៣៨.៦៤។

តែ​ទោះ​យ៉ាង​ណា​ក៏ដោយ កម្ពុជា​ទទួល​បាន​ពិន្ទុ​ច្រើន​ក្នុង​ការ​ផ្ដល់​ឥណទាន គឺ​កម្ពុជា​ឈរ​ក្នុង​លំដាប់​ទី​៧ ក្នុង​ចំណោម១៩០ប្រទេស​ ដោយ​ទទួល​បាន​ ៨៥​ពិន្ទុ។

ក្រុមអ្នក​សេដ្ឋកិច្ច បាន​យល់ឃើញ​ថា​ ការ​ផ្គត់​ផ្គង់​អគ្គិសនី​ គឺ​នៅតែ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា​ ដោយសារ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ពុំ​ទាន់​ធានា​បាន​សន្តិសុខ​ថាមពល​ និង​បន្ត​ពឹង​ផ្អែក​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ប្រទេស​ក្បែរ​ខាង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG