ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ចូល​រួម​វេទិកា​ប្រឆាំង​អំពើ​ពុករលួយសកល ជួប​ជុំ​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


រូបឯកសារ៖ អ្នកស្រី Huguette Labelle ប្រធាន​ក្រុម​ប្រឹក្សា IACC ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០០៧។

ក្រុម​សកម្មជន មន្ត្រី និង​អ្នក​ជំនាញ​រាប់​រយ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​ខែ​ធ្នូ​នេះ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក ដើម្បី​ស្វះស្វែង​រក​របៀប​បញ្ចប់​អំពើ​ពុករលួយ​ដ៏​រ៉ាំរ៉ៃ​ក្នុង​ក្រសួង ស្ថាប័ន​និង​ប្រព័ន្ធ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក។

សន្និសីទរយៈ​ពេល​៥​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​រៀងរាល់​២​ឆ្នាំ​ម្ដង​ដោយ​អង្គការ​ឃ្លាំមើល​អំពើ​ពុករលួយ​អន្តរជាតិ Transparency International និង​ប្រទេស​ម្ចាស់​ផ្ទះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​វេទិកា​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ​ធំ​ជាង​គេ​លើ​ពិភពលោក។

សន្និសីទ​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ ហៅ​កាត់​ថា IACC​នេះ ត្រូវ​បាន​រៀប​ចំ​ឡើងចាប់​ពី​ថ្ងៃ​ទី​៦​ដល់​១០​ខែ​ធ្នូ ដោយ​ផ្ដោត​លើ​ប្រធានបទ​ចំនួន​៧​រួម​មាន សន្តិសុខ​សកល ពូជសាសន៍​និង​ការ​ប្រែប្រួល​អាកាសធាតុ ទីផ្សារ​ងងឹត​និង​បណ្ដាញ​ឧក្រិដ្ឋ​ អំពើ​លួច​ជាតិ និង​ការ​លាង​លុយ​កខ្វក់ ហើយ​និង​សន្តិសុខ​របស់​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ។

ក្រុម​អ្នក​រៀបចំ​និយាយ​ថា​សន្និសីទ​នេះ​ ធ្វើ​ឡើង​នៅ​ចំ​ពេល​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​អំពី​បរាជ័យ​របស់​រដ្ឋាភិបាល​ជាច្រើន​ក្នុង​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ប្រឆាំង​អំពើ​ពុករលួយ​របស់​ពួកគេ។

អ្នកស្រី Huguette Labelle ប្រធាន​ក្រុម​ប្រឹក្សា IACC បាន​ថ្លែង​បើកសន្និសីទ​នេះ​ថា​«អំពើ​ពុករលួយ​បន្ត​បង្ក​ការ​គំរាមកំហែង​ជា​សកល​និង​រារាំង​ជោគជ័យ​នៃ​ដំណោះស្រាយ​នា​ពេល​បច្ចុប្បន្ន​និង​អនាគត​ដែលយើង​តាម​រក។ គេ​ប៉ាន់​ប្រមាណ​ថា​អំពើ​ពុករលួយ​ធ្វើ​ឲ្យ​ខាត​បង់​លុយ​រាប់​លាន​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ»។​

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​អំពើ​ពុករលួយ​ជំរុញ​ឲ្យ​មាន​វិសមភាព​និង​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ឧក្រិដ្ឋកម្ម​ជុំវិញ​ពិភពលោក។

អ្នក​រៀបចំ​សន្និសីទ IACC ពន្យល់​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖​«​អភិបាល​កិច្ច​អន់​បណ្ដោយ​ឲ្យ​មេដឹកនាំ​ផ្ដាច់ការ​ របប​លួច​ជាតិ និង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ជា​ប្រព័ន្ធ ពង្រឹង​ការ​ក្ដោបក្ដាប់​អំណាច​និង​សេដ្ឋកិច្ច​សកល​លោក ដោយ​ធ្វើ​ឲ្យ​ខាត​បង់​ដល់​ប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស និង​សន្តិសុខ​សកល»។

រុស្ស៊ី ចិន អ៊ីរ៉ង់ និង​អាហ្វហ្គានីស្ថាន ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ដែល​មិន​បាន​បញ្ជូន​តំណាង​ចូលរួម​ក្នុង​សន្និសីទ​នេះ​ទេ។

អ្នក​នាំ​ពាក្យ​អង្គការ Transparency International លោក Alejandro Salas និយាយ​ថា សន្និសីទ​នេះ បើក​ចំហ​ដល់​គ្រប់​ប្រទេស​ទាំង​អស់ តែ​ប្រទេស​ខ្លះ មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចូលរួម​ទេ។

លោក Salas ប្រាប់ VOA​ថា៖ «ជា​អកុសល ប្រទេស​ខ្លះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​របប​ផ្ដាច់ការ ឬ​របប​លួច​ជាតិ​ដែល​មាន​ផល​ប្រយោជន៍​យ៉ាង​ជាក់លាក់​ក្នុង​ការ​រក្សា​ការ​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង​លើ​ប្រជាជន​នៃ​ប្រទេស​ទាំង​នោះ ដោយ​បំបិទ​សំឡេង​អ្វីៗ​គ្រប់​យ៉ាង​ដែល​មើល​ទៅ​ទំនង​ដូចជា​សំឡេង​ប្រឆាំង ឬ​ក៏​សង្គម​ស៊ីវិល​សេរី និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

ទីប្រឹក្សា​សន្តិសុខជាតិ​នៅ​សេតវិមាន លោក Jake Sullivan បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​សន្និសីទ​ថា​សហរដ្ឋ​អាមេរិក​ កំពុង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅប្រទេស។

លោក Sullivan និយាយ​ថា៖ «យើង​ត្រូវ​ធានា​ថា​ប្រព័ន្ធ​របស់​យើង ដើរ​តួ​នាទី​ជា​អ្នក​ត្រួត​ពិនិត្យ មិន​មែន​ជា​អ្នក​សម​គំនិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទេ»។ លោក​បន្ថែម​ថា​គោល​នយោបាយ​អាមេរិក ផ្ដោត​សំខាន់​ទៅ​លើ​ការ​គាំទ្រ​សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ រួម​ទាំង​អ្នក​សារព័ត៌មាន​ដែល​លាត​ត្រដាង​អំពើ​ពុករលួយ និង​តាម​រក​ជន​ពុករលួយ​ជាដើម។

លោក​ Sullivan និយាយ​ថា​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​អភិជន​រុស្ស៊ី។

ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ អ្នក​ស្រី Samantha Power បាន​និយាយ​ថា៖

«អំពើពុករលួយ​លែង​គ្រាន់តែ​ជា​រឿង​របស់​ជន​ផ្ដាច់ការ​ម្នាក់ៗ​ដែល​លួច​ទ្រព្យសម្បត្តិ​ជាតិ​ដើម្បី​រស់នៅ​ហ៊ឺហា​ហើយ។​ វា​ក៏ទាក់ទង​នឹង​ការ​កសាង​បណ្ដាញ​អភិបាល​កិច្ច​ទាំង​មូល​ដែល​មាន​អ្នក​ជួយ​រត់ការ​ឆ្លង​ដែន​ផង​ដែរ»។

អង្គការ Transparency International បាន​ឲ្យ​ដឹង​ក្នុងរបាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា​យោង​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើពុករលួយ​សកល​ថ្មី​ចុង​ក្រោយ​បង្អស់ កិច្ច​ប្រឹងប្រែង​ប្រឆាំង​អំពើ​ពុករលួយ គ្មាន​ការ​រីកចម្រើន​ជា​ដុំកំភួន​ទេក្នុង​ពេល​ជាច្រើន​ឆ្នាំ​មក​នេះ។

សន្ទស្សន៍​នេះ​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​នានា​ផ្អែក​តាម​ការ​យល់​ឃើញ​របស់​សាធារណជន​អំពី​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន។ នៅ​ឆ្នាំ​២០២១ សន្ទស្សន៍​នេះ​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​ដាណឺម៉ាក ហ្វាំងឡង់ និង​នូវែលសេឡង់ ជា​ប្រទេស​ពុករលួយ​តិច​ជាង​គេ​ហើយ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ស៊ីរី និង​សូម៉ាលី ជា​ប្រទេស​ពុករលួយ​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​១៨០។

ក្នុង​ពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ ​សន្ទស្សន៍​នៃ​ការ​យល់​ឃើញអំពី​អំពើ​ពុករលួយ​ក្នុងសហរដ្ឋ​អាមេរិក បាន​រីក​ធំ​ឡើង ដោយ​ទម្លាក់​ចំណាត់​ថ្នាក់​ប្រទេស​នេះ​ពី​លេខ​រៀង​ទី​១៦​ក្នុង​ឆ្នាំ​២០១៧​ដល់​លេខ​រៀង​ទី​២៧​នៅ​ឆ្នាំ​២០២១។

ឆ្នាំ​មុន រដ្ឋាភិបាលអាមេរិក បាន​ប្រកាស​យុទ្ធសាស្ត្រ​ប្រឆាំង​អំពើ​ពុករលួយ​ថ្មី​មួយ​ដែល​ចាត់​ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​«‍ផលប្រយោជន៍​ស្នូល​ខាង​សន្តិសុខ​ជាតិ​អាមេរិក»។

អំពើ​ពុករលួយ​ត្រូវ​បាន​ចាត់​ទុកជា​បញ្ហា​ក្នុង​ស្រុកយូរ​មក​ហើយ​ដែល​ទាមទារ​ការ​ដោះស្រាយ​ថ្នាក់​ជាតិ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​រឹបអូស​ទ្រព្យសម្បត្តិ​និង​បណ្ដាញ​ឥទ្ធិពល​របស់​មន្ត្រី​ពុករលួយ​និង​បុគ្គល​មាន​អំណាច​ហួស​ទី​ព្រំដែន​ជាតិ​របស់​ពួកគេ បាន​ជំរុញ​សុទិដ្ឋិនិយម​ខ្លះ​ឡើង​វិញ​ថា​អំពើ​ពុករលួយ​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​របៀបវារៈ​អន្តរជាតិ​កំពូល។

អ្នក​នាំ​ពាក្យ​អង្គការ​ Transparency International ​លោក Salas និយាយ​ថា​«‍ខ្ញុំ​យល់​ថា​មាន​កម្លាំង​នៅ​ក្រោយ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ទាក់ទង​នឹង​ភូមិសាស្ត្រ​នយោបាយ​និង​កិច្ចការ​ដទៃទៀត តែ​តាម​ការ​ដោះស្រាយ​បញ្ហា​គន្លឹះ​ខ្លះៗ​ដូចជា​ការ​លាក់​លុយ និង​របៀប​ដែល​លុយ​កង្វក់​ចរាចរ និង​ក្រុម​អ្នក​រត់ការ​ដែល​អនុញ្ញាត​ឲ្យ​ជន​លួច​លុយ​ទាំង​នោះ​លាក់​លុយ​របស់​ពួកគេ​។ល។ កត្តា​ទាំង​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ប្រទេស​នានា»៕


ប្រែសម្រួល​ដោយ​លោក​សាយ មុន្នី

XS
SM
MD
LG