មានក្មេងស្រីអាយុក្រោម ១៨ ឆ្នាំ ប្រមាណ ២ ម៉ឺននាក់ រៀបការដោយខុសច្បាប់ជារៀងរាល់ថ្ងៃ។
ឧទាហរណ៍ដូចជាករណីក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ ត្រូវបានបងប្អូនជីដូនមួយរបស់នាងចាប់រំលោភ និងត្រូវបានមីងរបស់នាងបង្ខំឲ្យរៀបការជាមួយនឹងបងប្អូនជីដូនមួយនោះ។ នេះបើយោងតាមរបាយការណ៍ខាងលើ។
ការសិក្សាស្រាវជ្រាវនេះត្រូវបានចេញផ្សាយចំទិវាក្មេងស្រីអន្តរជាតិកាលពីថ្ងៃទី ១១ ខែតុលាកន្លងទៅនេះ។ អាពាហ៍ពិពាហ៍កុមារគឺជាការរំលោភសិទ្ធិមនុស្ស និងជាទម្រង់មួយនៃអំពើហិង្សាលើក្មេងស្រី។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Save the Children និងធនាគារពិភពលោក។
ក្មេងស្រីអាយុ ១២ ឆ្នាំដែលរៀបរាប់ខាងលើបាននិយាយថា៖ «ខ្ញុំយំនៅពេលពួកគេរៀបចំពិធីមង្គលការ។ មីងរបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យធ្វើតាមអ្វីដែលប្តីរបស់ខ្ញុំប្រាប់»។ ប្ដីរបស់នាងមានអាយុ ២៣ ឆ្នាំ។
«អាពាហ៍ពិពាហ៍កុមារជាការអនុវត្តបង្កឲ្យមានគុណវិបត្តិមួយ ដែលប៉ះពាល់មិនស្មើភាពគ្នាចំពោះក្មេងស្រីរាប់លាននាក់ជារៀងរាល់ឆ្នាំ។ វាប៉ះពាល់ជាអវិជ្ជមានដល់សុខភាព ការអប់រំ និងឱកាសនៅក្នុងជីវិតរបស់ក្មេងស្រីទាំងនោះ»។
របាយការណ៍ខាងលើបានបញ្ជាក់ថា ក្មេងស្រី និងក្មេងប្រុស ដែលរៀបការក្រោមអាយុ ១៨ ឆ្នាំ មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបការ ការរួមភេទ ឬការបន្តពូជនោះទេ ហើយពួកគេកម្របានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យណាស់។ ជារឿយៗ អាពាហ៍ពិពាហ៍កុមារជាការចាប់បង្ខំ និងកើតឡើងចំពោះកុមារីវ័យក្មេងៗ និងបុរសចាស់ៗ ដោយមិនមានការយល់ព្រមពីសាម៉ីខ្លួន។
ប្រទេសភាគច្រើនបានកំណត់យកអាយុ ១៨ ឆ្នាំ ជាអាយុទាបបំផុតសម្រាប់ក្មេងស្រីដែលអាចរៀបការបាន ប៉ុន្តែរដ្ឋាភិបាលនៅតែមានឧបសគ្គក្នុងការអនុវត្តច្បាប់នេះ ដោយសារតែវាមានលក្ខណៈខុសគ្នាពីច្បាប់វប្បធម៌ និងសាសនា។ នៅតាមបណ្ដាប្រទេសជាច្រើនក្នុងពិភពលោក ក្មេងស្រីអាចរៀបការក្រោមអាយុ ១៨ ឆ្នាំ បាន ប្រសិនបើឪពុកម្ដាយរបស់ពួកគេ ឬតុលាការយល់ព្រម។
អ្នកស្រី Carolyn Miles នាយិកាអង្គការ Save the Children បាននិយាយថា នេះជាកត្តាចម្បងដែលជំរុញឲ្យមានអាពាហ៍ពិពាហ៍កុមារខុសច្បាប់។
អ្នកស្រី Carolyn Miles បានប្រាប់កម្មវិធី VOA Student Union ថា កត្តាមួយទៀតដែលជំរុញឲ្យមានអាពាហ៍ពិពាហ៍កុមារកើតឡើង គឺផ្នត់គំនិតរបស់ឪពុកម្ដាយចំពោះកូនស្រីរបស់ពួកគេ។
អ្នកស្រីបាននិយាយថា ការណ៍ដែលឪពុកម្ដាយរៀបការកូនស្រីរបស់ខ្លួនមុនពេលដែលកូនរីខ្លួនអាចត្រៀមខ្លួនរួចរាល់សម្រាប់ការរៀបការ គឺដោយសារតែស្ត្រីត្រូវបានគេឲ្យតម្លៃផ្នែកសេដ្ឋកិច្ចទាបជាងបុរស។ ឪពុកម្តាយជាទូទៅវិនិយោគលើការអប់រំរបស់កូនប្រុសជាងកូនស្រី ដោយធ្វើឲ្យមានការគាបសង្កត់លើស្ត្រីដដែលជាដដែល។
នៅតំបន់ខ្លះនៃប្រទេសអេត្យូពី ការអនុវត្តនូវការច្រឹបស្បែកប្រដាប់ភេទក្មេងស្រី ឬហៅកាត់ជាភាសាអង់គ្លេសថា FGM/C គឺជារឿងសាមញ្ញមួយ ដើម្បីធ្វើឲ្យក្មេងស្រីមានភាពគ្រប់គ្រាន់អាចរៀបការបាន។
«ការអនុវត្ត FGM/C ត្រូវបានគេមើលឃើញថា ជាលក្ខខណ្ឌតម្រូវឲ្យធ្វើមុននឹងអាចរៀបអាពាហ៍ពិពាហ៍បាន ដែលការអនុវត្តនេះមិនត្រឹមតែដើម្បីការពារព្រហ្មចារីយ៍នោះទេ ក៏ប៉ុន្តែដើម្បីបង្កើនគុណធម៌ដែលអ្នកអភិរក្សនិយមចាត់ទុកថាមានលក្ខណៈជាមនុស្សស្រីពិតប្រាកដ ដែលគេនិយមទូទៅផងដែរ។ គុណធម៌ទាំងនេះគឺលក្ខណៈសម្បត្តិក្នុងនាមជាភរិយា និងជាម្តាយ»។ នេះបើយោងតាមការបញ្ជាក់របស់អង្គការ Girls Not Brides ដែលជាកិច្ចសហប្រតិបត្តិការសាកលមួយរបស់អង្គការជាង៨០០ មកពីប្រទេសចំនួនជាង ៩៥ «ដែលប្ដេជ្ញាបញ្ចប់អាពាហ៍ពិពាហ៍កុមារ និងជំរុញឲ្យក្មេងស្រីបំពេញសក្តានុពលរបស់ពួកគេ»។
អ្នកស្រី Carolyn Miles បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងមួយថា៖ «យើងនឹងមិនអាចឃើញពិភពលោកមួយ ដែលក្មេងប្រុស និងក្មេងស្រីមានឱកាសទទួលបានជោគជ័យនៅក្នុងជីវិតដូចគ្នានោះទេ ដរាបណាយើងលុបបំបាត់អាពាហ៍ពិពាហ៍កុមារចោល។ នៅពេលក្មេងស្រីរៀបការនៅអាយុក្មេងពេក តួនាទីរបស់គេក្នុងនាមជាភរិយា និងជាម្តាយម្នាក់នឹងដាក់បន្ទុកលើរូបគេ។ នាងទំនងជានឹងឈប់រៀន ហើយអាចនឹងមានផ្ទៃពោះ និងរងការរំលោភបំពានផងដែរ»។
ប៉ុន្តែ អ្នកស្រីបានបន្ថែមថា មិនត្រឹមតែផ្នត់គំនិតរបស់ឪពុកម្ដាយចំពោះកូនស្រីរបស់ពួកគេនោះទេដែលត្រូវផ្លាស់ប្តូរនោះ ភាពលម្អៀងដែលក្មេងប្រុសមានចំពោះមិត្តភ័ក្ដិស្រីៗរបស់ពួកគេ និងចំពោះសមាជិកគ្រួសារត្រូវតែផ្លាស់ប្តូរឲ្យបានប្រសើរជាងនេះផងដែរ។
បើយោងតាមការស្ទង់មតិរបស់អង្គការ Save the Children ២ ភាគ ៣ នៃក្មេងប្រុសថ្នាក់ទី៤នៅតាមតំបន់ខ្លះនៃប្រទេសសេរ៉ាឡេអូន និងកូឌីវ័រ បាននិយាយថា ពួកគេជឿថា ក្មេងប្រុសមានភាពឆ្លាតវៃជាងក្មេងស្រី។ ក្មេងប្រុសថ្នាក់ទី ៤ ជិត ៤០ ភាគរយ នៅក្នុងសហរដ្ឋអាមេរិកក៏យល់ដូចគ្នានេះដែរ។ឪពុកម្តាយរបស់សិស្សថ្នាក់ទី ៤ នៅក្នុងសហរដ្ឋអាមេរិកបាននិយាយថា ឪពុកគឺជាមេគ្រួសារ។
អ្នកស្រី Carolyn Miles បាននិយាយថា អាពាហ៍ពិពាហ៍កុមារអាចកាត់បន្ថយបាន ប្រសិនបើច្បាប់ត្រូវបានគេអនុវត្ត និងរឹតបន្តឹង។ ឪពុកម្ដាយនានាគួរតែលើកទឹកចិត្តកូនស្រីរបស់ខ្លួនឲ្យទទួលបានឱកាសអប់រំ និងឱកាសសេដ្ឋកិច្ច។
ក្មេងស្រីអាយុ ១២ ឆ្នាំដែលបានរៀបរាប់ខាងលើ បានរត់គេចពីការបង្ខាំងធ្វើបាបរបស់ប្ដី និងមីងរបស់នាង ដោយមានការជួយពីពូរបស់នាង។ នៅទីបំផុត នាងបានទៅរស់នៅក្នុងផ្ទះសុវត្ថិភាពមួយដែលឧបត្ថម្ភដោយអង្គការ Save the Children នៅក្នុងទីក្រុងដាកា ប្រទេសសេណេហ្គាល់ ដែលមានទីតាំងនៅតំបន់ភាគខាងលិចនៃទ្វីបអាហ្វ្រិក។
នាពេលនោះ នាងមានអាយុ ១២ ឆ្នាំ និងមានផ្ទៃពោះ ៥ ខែ។
ឥឡូវនេះ នាងមានកូនម្នាក់ឈ្មោះ Aida។ នាងបានបញ្ចប់វគ្គសិក្សាផ្នែកកាត់ដេរ ដោយមានជំនួយពីអង្គការ Save the Children នេះ។
ការលុបបំបាត់អាពាហ៍ពិពាហ៍កុមារឲ្យបានត្រឹមឆ្នាំ ២០៣០ គឺជាគោលដៅមួយក្នុងចំណោមគោលដៅទាំងអស់នៃការអភិវឌ្ឍប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ